ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ខេត្ត​ស្វាយរៀង​បាន​ឃុំ​ខ្លួន​លោក​ឈូក​ ​បណ្ឌិត​ បន្ទាប់​ពី​ទណ្ឌិត​រូបនេះ​​បាន​ប្រគល់​ខ្លួន


លោក​​ឈូក បណ្ឌិត​​​ អតីត​​អភិបាល​​ក្រុង​​បាវិត​​ត្រូវ​​អ្នក​សារ​ព័ត៌មាន​​តាមសួរ​នៅ​​សាលាឧទ្ធរណ៍ឆ្នាំ​២០១៣ (រូបថត៖ ហេង រស្មី)
លោក​​ឈូក បណ្ឌិត​​​ អតីត​​អភិបាល​​ក្រុង​​បាវិត​​ត្រូវ​​អ្នក​សារ​ព័ត៌មាន​​តាមសួរ​នៅ​​សាលាឧទ្ធរណ៍ឆ្នាំ​២០១៣ (រូបថត៖ ហេង រស្មី)

តុលាការ​ខេត្ត​ស្វាយរៀង​បាន​សម្រេចឃុំ​ខ្លួនលោក​ឈូក​ បណ្ឌិត​ដាក់​ក្នុង​ពន្ធនាគារ​ទៅ​តាម​បទចោទ​ប្រកាន់​លើ​សំណុំ​រឿង​បាញ់​ឲ្យ​របួស​កម្មការិនី​ចំនួន​៣នាក់​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​បង្រ្កាប​ការ​តវ៉ា​របស់​ក្រុម​កម្មករ​ ដែល​បាន​ធ្វើ​បាតុកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​ឲ្យ​ប្រសើរ​ឡើងនៅ​ក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស​ ខេត្តស្វាយរៀង​ ​កាល​ពីបី​ឆ្នាំ​មុន។​

ការ​សម្រេច​ឃុំខ្លួន​លោក​ឈូក បណ្ឌិត​ធ្វើ​ឡើងក្រោយ​ពេល​ដែលទណ្ឌិត​រូប​នេះ​បាន​ចូលខ្លួន​ទទួល​កំហុស​នៅ​ស្នងការដ្ឋាន​នគរ​បាល​ជាតិ​កាល​ពី​ថ្ងៃសៅរិ៍​ម្សិល​មិញ​នេះ។ ​ការ​បង្ហាញ​ខ្លួនរបស់​លោក​ឈូក បណ្ឌិត​បាន​កើត​មាន​ឡើងតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែនប្រកាស​ថា​ កម្លាំង​ប៉ូលិសនឹង​មាន​កំហុស​ ​ប្រសិន​ជា​លោក​ឈូក បណ្ឌិត​មិន​ត្រូវ​បាន​ចាប់​ខ្លួន។​

លោក​ផាន់ រតនា​ ព្រះ​រាជ​អាជ្ញារង​សាលា​ដំបូង​ខេត្ត​ស្វាយរៀង​ មាន​ប្រសាសន៍​ប្រាប់​វីអូអេថា​ លោក​ឈូក បណ្ឌិត​ត្រូវ​បាន​បញ្ជូន​ពី​ស្នងការដ្ឋាន​នគរបាលជាតិ​នៅ​រាជធានី​ភ្នំពេញ​មក​ដល់​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​នាល្ងាចថ្ងៃ​សៅរិ៍​ ហើយ​លោក​បញ្ជាក់​ថា ទណ្ឌិត​រូប​នេះ​ត្រូវ​បាន​បញ្ជូន​ទៅពន្ធនាគារ​ខេត្ត​ស្វាយរៀង​ហើយ។​

«ខាង​កម្លាំង​ស្នង​ការ​ខេត្ត​បញ្ជូន​គាត់​ពី​តុលាការ​យក​ទៅ​ពន្ធនាគារ​ ប៉ុន្តែ​ពេល​មក​ពី​ភ្នំពេញ​ ខាង​កម្លាំង​ប៉ូលិស​ភ្នំពេញ»។​

លោកបន្ត​ថា​ ការ​ចូល​ខ្លួន​ទទួល​ទោសរបស់​លោក​ឈូក បណ្ឌិត​មិន​មាន​ការ​ធ្វើ​អន្តរាគមន៍​ពី​មន្ត្រី​រូបណា​ទេ ហើយ​ថា ​លោក​ឈូក បណ្ឌិត​ពុំ​មាន​ខ្នង​បង្អែក​ដែល​អនុញ្ញាត​ឲ្យ​លោក​បាន​គេច​ខ្លួន​ជិត​ពីរ​ឆ្នាំ​ ក្រោយ​ពី​តុលាការកាត់ទោស​ឱ្យជាប់​ក្នុងពន្ធនាគារ​នោះ​ទេ។

«ទេ នេះ​គាត់​ចូល​មក​បញ្ចប់​អាការ​យល់​ច្រឡំ​របស់​ប្រជា​ពលរដ្ឋ​មកលើ​ថ្នាក់​ដឹក​នាំ​ហ្នឹង​ណ៎ា។​ ខ្ញុំ​សួរ​ថា ​មាន​ថ្នាក់​ដឹកនាំ​ណា?​ លោក​មាន​លាក់​ខ្លួន​នៅ​ផ្ទះ​អ្នក​ធំណា​ដូចព័ត៌មាន​និយាយ​អី?​ គាត់​ថា​ អត់​មាន​ទេ​ គឺ​អត់មាន​នៅ​ផ្ទះ​អ្នក​ធំណា​ អត់​មាន​គេជួយ​គាត់​ទេ»។​

ក្នុង​ពិធី​ដាក់​ឲ្យ​ប្រើ​ប្រាស់​ស្ពាន​ឆ្លង​ទន្លេ​បាសាក់​ក្នុង​ខេត្ត​កណ្តាល​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ប្រកាស​បញ្ជាឲ្យ​កម្លាំង​ប៉ូលិស​តាម​ចាប់​ជន​សង្ស័យ​ដែលជាប់​ពាក់​ព័ន្ធ​ក្នុង​ព្រឹត្តិ​ការណ៍​ប៉ះទង្គិច​ហិង្សា​មួយនៅ​ក្បែរ​ស្ពាន​នាគ​ កាល​ពី​ថ្ងៃ​ទី​១៥​ខែ​កក្កដា​ឆ្នាំ​២០១៤ រវាង​ក្រុម​បាតុករ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​កង​កម្លាំង​សន្តិសុខ​ជួលដោយ​សាលា​ខណ្ឌ​ដូនពេញ។​ នៅ​ក្នុង​ពេលនោះ ​លោក​ក៏​បាន​រំឮក​ដល់​ទណ្ឌិត​ឈូក បណ្ឌិត​ផង​ដែរ។​

«ឥឡូវ​សន្ទនា​នៅ​តែ​សន្ទនា​ ប៉ុន្តែ​រឿង​ច្បាប់​ទាក់​ទង​នឹង​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ អត់​សន្ទនា​ជាមួយ។​ បិទ​ផ្លូ​វ​តវ៉ា។​ អាហ្នឹង​ ខ្ញុំ​អត់​មាន​សិទ្ធិ។​ ហើយ​បញ្ជា​តាម​ចាប់​ខ្លួន​ ចេះ​តែ​តាម​ចាប់​ខ្លួន​ ព្រោះ​អាហ្នឹង​វា​រឿង​ព្រហ្ម​ទណ្ឌ។​ ​លោក​ឯង​មិន​តាម​ចាប់!​ ប៉ូលិស​ខុស!​ សូម្បី​តែ​រឿង​ឈូក បណ្ឌិត​ មិន​តាមចាប់​ខ្លួន​គឺ​ប៉ូលិសខុស។​ ទើប​ដល់​ឥឡូវ​ទើប​ឮអី​ចេញ​អា​ដែង​ស្អី​អាំង​តែ​ប៉ូល​ ចេញ​តាម​ចាប់។​ ឥឡូវ​អា​បទ​ល្មើសនៅថ្ងៃ​១៥​កក្កដា​ លោក​ឯង​មិន​តាម​ចាប់​ បន្តិច​ទៀត​លោក​ឯង​នឹង​ខុស។ ​ខ្ញុំ​អត់​ដាក់​បញ្ជា​ជា​ថ្មី​ទេ​ តែ​ខ្ញុំ​ថ្ងៃ​មុន​គ្រាន់​តែ​រំឭក»។​

លោក​ឈូក បណ្ឌិត ​អតីត​អភិបាល​ក្រុង​បាវិត​នៃ​ខេត្ត​ស្វាយរៀង​ដែល​មក​ពី​កូតា​គណបក្ស​ប្រជាជន​កម្ពុជា​ ត្រូវ​បាន​តុលាការ​កាត់​ទោស​នៅ​ថ្ងៃ​ទី​២៥​ខែមិថុនា​ឆ្នាំ​២០១៣​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១៨​ខែ​ដោយ​សារ​បាន​បាញ់​ឱ្យ​របួស​កម្មការិនី​ចំនួន​៣នាក់​ក្នុង​ពេល​ដែល​ពួកគេ​តវ៉ា​សុំ​ដំឡើង​ប្រាក់​ខែកាល​ពីឆ្នាំ​២០១២។​

លោក​នី ចរិយា​ ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​ និង​ជំនួយ​ច្បាប់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ មាន​ប្រសាសន៍​ថា ​លោក​ទទួល​បាន​ដំណឹង​ពី​ការ​ចូល​ខ្លួន​ទទួល​ទោស​របស់​លោក​ឈូក បណ្ឌិត​នេះ​តាម​រយៈ​បណ្តាញ​សង្គម។​ លោក​យល់​ថា​ ការ​ចូល​ខ្លួន​ទទួល​ទោស​របស់​លោក​ឈូក​ បណ្ឌិត​នេះ​គឺ​ដោយ​សារ​តែ​ឥទ្ធិពលរបស់​លោក​នាយករដ្ឋ​មន្ត្រី​ ដោយ​លោក​បានបន្ថែម​ថា ​ករណី​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​គ្មាន​ម្ចាស់ការ​លើខ្លួន​ឯង​របស់​តុលាការ។​

«ត្រង់​ហ្នឹង​ហើយ​ដែល​មាន​ការ​ទិតៀន​ពីបណ្តា​អង្គការ​អន្តរជាតិ​ ដែល​មាន​ការ​ទិតៀនថា​ តុលាការ​មិន​ឯករាជ្យ​ តុលាការ​គឺ​ស្ថិត​នៅ​ក្នុង​អំណាច​នៃនីតិ​ប្រតិបត្តិ​ហ្នឹង»។​

​កាល​ពី​ចុង​ខែ​កក្កដា​កន្លងទៅ​ ជន​រងគ្រោះ​ទាំង​បី​នាក់​ដែល​រង​ការ​បាញ់​ប្រហារ​ពី​លោក​ឈូក បណ្ឌិត​បាន​ដាក់​ពាក្យ​ប្តឹង​មក​រដ្ឋ​សភា​ជាតិ​ដើម្បី​សុំ​អន្តរាគមន៍​តាម​ចាប់​ខ្លួន​លោក​ឈូក បណ្ឌិត ​និង​ទាមទារ​យុត្តិធម៌។ ​ពួកគេ​បាន​ប្រៀបធៀប​សំណុំ​រឿង​របស់​ពួកគេ​ជាមួយ​នឹង​សំណុំ​រឿង​កញ្ញា​ឯក សុជាតា​ ​ហៅ​សាសា ​អតីត​ពិធីការិនី​ទូរទស្សន៍​ដែល​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​ថ្នាក់​ដឹកនាំ​របស់​រដ្ឋាភិបាល​ នៅ​ពេល​ដែល​នាង​ត្រូវ​ឧកញ៉ាសុខ ប៊ុន​វាយ​តប់​ធ្វើ​បាប​យ៉ាង​សាហាវ​ឃោរឃៅ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG