អ្នកស្រីនុត សាខន នៅពេលរំឭកដល់ករណីបាញ់ប្រហារមកលើក្រុមកម្មករ អ្នកស្រីនៅមានអារម្មណ៍ឈឺចាប់នៅឡើយ ទាំងមុខរបួស និងរបួសផ្លូវចិត្ត។ ក៏ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកស្រីឈឺចាប់ថែមទៀតគឺអ្នកស្រីមិនមានជំនឿថា ក្រុមសមត្ថកិច្ចហ៊ានចាប់ខ្លួនជនជាប់ចោទមកផ្តន្ទាទោសតាមច្បាប់ទេ។
អ្នកស្រីបានបញ្ជាក់ថា ស្នាមរបួសដែលអ្នកស្រីបានរងគ្រោះដោយគ្រាប់កាំភ្លើងខ្លី ថ្វីត្បិតតែបានជាសះស្បើយក៏ពិតមែន តែការឈឺចាប់ខាងក្នុងមិនទាន់រលុបបាននៅឡើយ។
អ្នកស្រីនិយាយថា៖ «ប៉ុន្មានឆ្នាំមិនទាន់ជាសះស្បើយផង»។
លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ត្រូវបានតុលាការកំពូលដែលជាតុលាការចុងក្រោយបង្អស់ សម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ ពោលគឺលោកត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំកន្លះ និងបង្គាប់ឲ្យស្វែងរកចាប់ខ្លួនជនជាប់ចោទមកផ្តន្ទាទោសតាមច្បាប់។
តុលាការក៏បានបង្គាប់ឲ្យបង់សំណងជាប្រាក់ដល់ជនរងគ្រោះទាំងបីនាក់ដែលរួមមាន៖ នាងប៊ុន ចិន្តា នាងនុត សាខន និងនាងកែវ នាពី២០០០ ដុល្លារទៅ៥០០០ដុល្លារសហរដ្ឋអាមេរិកក្នុងម្នាក់ៗ។
អ្នកស្រីនុត សាខន ដែលតុលាការបានកាត់ឲ្យទទួលសំណងចំនួន២៥០០ដុល្លារនោះ មិនទាន់ទទួលបានសំណងនេះនៅឡើយ។ អ្នកស្រីបានបញ្ជាក់ថា បើទោះបីជាតុលាការបានតម្រូវឲ្យលោកឈូក បណ្ឌិតផ្តល់សំណងក៏ដោយ ក៏អ្នកស្រីមិនរំពឹងថា នឹងបានសំណងទាំងនោះឡើយ។
អ្នកស្រីបានបញ្ជាក់ថា ប្រព័ន្ធតុលាការនៅកម្ពុជាមានភាពលម្អៀងទៅលើអ្នកមានអំណាច និងបក្ខពួកនិយម។
អ្នកស្រីនិយាយថា៖ «ពួកគាត់អត់មានភាពយុត្តិធម៌ដល់ពួកខ្ញុំបន្តិចទេបង។ ចេញពីស្វាយរៀងដល់សាលាឧទ្ធរណ៍ ចេញពីឧទ្ធរណ៍ដល់សាលាកំពូលហើយ។ បងឯងមើល នៅតែអត់មានចាប់ជនល្មើសមកផ្តន្ទាទោសផង ហើយលុយក៏អត់សង»។
លោកនាយឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមានប្រសាសន៍ថា សមត្ថកិច្ចមិនទាន់បានបិទបញ្ចប់សំណុំរឿងករណីលោកឈូក បណ្ឌិតនៅឡើយទេ។ លោកបានបញ្ជាក់ថា ប្រសិនណាបើប្រជាពលរដ្ឋគ្រប់រូបមានដំណឹង និងរាយការណ៍មកជូនសមត្ថកិច្ចពីករណីលោកឈូក បណ្ឌិត នោះសមត្ថកិច្ចនឹងអនុវត្តដីកាចាប់ខ្លួនភ្លាម។
លោកនិយាយថា៖ «តែបើមហាជនមិនជួយទៅទៀត យើងក៏មិនដឹងធ្វើយ៉ាងម៉េច។ សមត្ថកិច្ចមិនមានអ្នកណាទៅដឹងទាំងអស់ ហើយបើមាន ដូចបានជម្រាបជូនអញ្ចឹង យើងរីករាយណាស់ ដែលបានទទួលព័ត៌មាន»។
លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត បានរត់គេចខ្លួន បន្ទាប់ពីបានបាញ់កម្មការិនីចំនួនបីនាក់រងរបួស នៅក្នុងព្រឹត្តិការណ៍បង្រ្កាបការតវ៉ារបស់ក្រុមកម្មករ ដែលបានដឹកនាំធ្វើបាតុកម្មដើម្បីទាមទារលក្ខខណ្ឌការងារនៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តស្វាយរៀង កាលពីថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០១២។
លោក មឿន តុលា មន្ត្រីកម្មវិធីអប់រំច្បាប់នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍មានប្រសាសន៍ថា តាមព័ត៌មានដែលលោកទទួលបានគឺមានអ្នកខ្លះនិយាយថា លោកឈូក បណ្ឌិតបានលាក់ខ្លួនក្នុងប្រទេសវៀតណាម ហើយមួយចំនួនទៀតថា លោកបានសម្ងំលាក់ខ្លួនក្នុងផ្ទះមន្ត្រីមានអំណាចម្នាក់។
លោកបានបញ្ជាក់ថា សមត្ថកិច្ចមិនមានចេតនាចាប់ខ្លួនលោកឈូក បណ្ឌិតទេ ទើបបណ្តាលឲ្យជនជាប់ចោទរត់រួចពីសំណាញ់ច្បាប់៕