ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​យឺតយ៉ាវ​ក្នុង​ការ​ចាប់​ខ្លួន​ឈូក បណ្ឌិត​


ឈូក​ បណ្ឌិត​បង្ហាញ​ខ្លួន​នៅតុលាការ​សាលា​ឧទ្ធរណ៍​​មុន​ពេលគេច​ខ្លួន។​រូបភាព​របស់អង្គការ CLEC។
ឈូក​ បណ្ឌិត​បង្ហាញ​ខ្លួន​នៅតុលាការ​សាលា​ឧទ្ធរណ៍​​មុន​ពេលគេច​ខ្លួន។​រូបភាព​របស់អង្គការ CLEC។
មន្ត្រី​ជាន់​ខ្ពស់​យុត្តិធម៌​របស់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​អះអាង​ថា​គ្មាន​ផែន​ការ​ណា​មួយ​ដើម្បី​ជំរុញ​ដល់​នគរបាល​យុត្តិ​ធម៌​ចាប់​ខ្លួន​លោក​ឈូក បណ្ឌិត​ អតីត​អភិបាល​ក្រុង​បាវិត​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​បាញ់​កម្មករ​បី​នាក់​ឱ្យរង​របួស​កាល​ពី​ឆ្នាំ​២០១២។​

ក្នុង​ពេល​ផ្តល់​បទ​សម្ភាសន៍​ដាច់​ដោយ​ឡែក​ៗ​ពី​គ្នា​ក្នុង​ពេល​ចូលរួម​ក្នុង​កម្មវិធីសន្និសីទ​ថា្នក់ជាតិ​ស្តីពី​ការ​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ដែល​រៀប​ចំឡើង​ដោយ​ការិយាល័យ​ឧត្តម​ស្នង​ការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្សមន្ត្រី​យុត្តិ​ធម៌ទាំង​នោះ​រួម​មាន​អគ្គ​ព្រះ​រាជ​អាជ្ញា​ និង​ ប្រធាន​សាលា​ឧទ្ធរណ៍​បាន​អះអាង​ដូចៗ​គ្នា​ថា​គ្មាន​ផែនការ​ជំរុញ​ឱ្យមាន​ការ​ចាប់​ខ្លួន​លោក​ឈូក បណ្ឌិត​ទេ។​

លោក​ យូ ប៊ុនឡេង​ ប្រធាន​សាលា​ឧទ្ធរណ៍​មាន​ប្រសាសន៍​ថា​តុលាការ​មាន​ទំនាក់​ទំនង​ជាប់​ជានិច្ច​ជាមួយ​សមត្ថកិច្ច​ក្នុង​ករណី​លោក​ឈូក បណ្ឌិតក៏ប៉ុន្តែ​គ្មាន​ផែន​ការ​ជំរុញ​ឱ្យចាប់​ខ្លួន​ទេ។​

លោក​និយាយ​ថា៖​«​សូម​អធ្យាស្រ័យ​ខាង​ខ្ញុំ​តុលាការ​បាន​សម្រេច​ថា​ចេញ​ដីកា​ស្វែង​រក​ចាប់​ខ្លួន​ហើយ​ភារកិច្ច​នេះ​ជាភារកិច្ច​របស់​ប៉ូលិស។ ​ហេតុ​ដូច្នេះ​ហើយ​យើង​បាន​បញ្ជូន​ទៅ​សមត្ថកិច្ច​ប៉ូលិស​ហើយ។​ប៉ូលិស​ជាអ្នក​ចាត់​ការ។ ​ខ្ញុំ​អត់​មាន​សមត្ថកិច្ច​អ្វី​ដើម្បី​ស្វែង​រក​ចាប់​ទេ»។​

លោក​ ឈូក បណ្ឌិត​ អតីត​អភិបាល​ក្រុង​បាវិត​ត្រូវ​បាន​សាលា​ឧទ្ធរណ៍សម្រេច​តម្កល់​សាលដីកា​របស់​សាលា​ដំបូង​ខេត្ត​ស្វាយរៀង​ដោយ​សម្រេច ​ផ្តន្ទា​ទោសឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១​ឆ្នាំ៦​ខែ​ពី​បទ​បង្ក​របួស​ស្នាម ​ដោយ​អចេតនា។

សាលា​ឧទ្ធរណ៍​ក៏​បាន​សម្រេច​ពិន័យ​ជា​ប្រាក់​សរុប​៣៨​លាន​រៀល​ គឺ​ប្រមាណ​ជិត​មួយ​ម៉ឺន​ដុល្លារ​ជា​សំណង​ទៅ​ឱ្យ​ជន​រងគ្រោះ​ដែល​ជា​ កម្មការិនី​ចំនួន​បី​រូប។ ​ការ​សម្រេច​នេះ​បាន​ធ្វើ​ឡើង​ដូច​សាលក្រម​របស់​តុលាការ​ខេត្ត​ស្វាយរៀង​កាល ​ពី​ថ្ងៃ​ទី២៥​ ខែ​មិថុនា។​

តុលាការ​ក៏​បាន​ចេញ​ដីកា​បង្គាប់ឱ្យ​តាម​ចាប់​លោក ​ឈូក បណ្ឌិត ​ដែល​កំពុង​រត់​គេច​ខ្លួន​យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់​ក្រោយ​ពី​បាន​បាញ់​ កម្មករ​បី​នាក់​ឱ្យ​រង​របួស។​

លោក​ អ៊ុក សាវុធ​ អគ្គព្រះ​រាជ​អាជ្ញា​អម​សាលា​ឧទ្ធរណ៍​បាន​បញ្ជាក់​ថា​ករណី​ចាប់​ខ្លួន​ជាកាតព្វកិច្ច​របស់​សមត្ថកិច្ច។​

លោក​និយាយ​ថា៖​«​ការងារ​ដាច់ៗ​គ្នា​ណាស់​។​ខ្ញុំ​ធ្វើ​ការ​ងារ​ខ្ញុំ​។​សួរ​ឯក​ឧត្តម​ មួង ឃីម​ ពីព្រោះ​គាត់​ទទួល​បន្ទុក​ខាង​អាជ្ញាធរ»។​

លោក​មួង ឃីម​ អនុ​ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិធម៌​បាន​ឱ្យដឹង​ថា​សំណុំ​រឿង​លោក​ឈូក បណ្ឌិត​មិន​ទាន់​បាន​បិទ​បញ្ចប់ទេ។ ​លោក​បាន​បញ្ជាក់​ទៀត​ថា​សមត្ថកិច្ច​នៅ​តែ​បន្ត​ស្រាវ​ជ្រាវ​ករណី​នេះ​នៅ​ឡើយ​ក៏ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា​លោក​ឈូក​ បណ្ឌិត​កំពុង​លាក់​ខ្លួន​នៅ​ទីណា​ទេ។​

លោក​និយាយ​ថា៖​«​សំខាន់​យើង​ធ្វើ​យើង​ស្រាវជ្រាវ​តែគ្រាន់​តែថា​ដូច​ខ្ញុំ​និយាយ​អញ្ចឹង។ ​ករណី​ផ្សេងៗ​ក៏ដូច​តែគ្នា​ដែរ។ ​ករណី​ខ្លះ​យើង​រក​ទៅ​ឃើញ​ភ្លាម​ ករណី​ខ្លះ​យើង​រក​ពិបាក។ ​វាគ្រាន់​តែ​ប៉ុណ្ណឹង​ទេ​អត់​មាន​រឿង​និយាយ​ថា​សមត្ថកិច្ច​មិន​ធ្វើ​មិន​អី​ទេ។​គឺសុទ្ធតែ​រឿង​ចោទ​ប្រកាន់ទេ»។

មន្ត្រី​នគរបាល​ជាតិ​ធ្លាប់​បាន​អះអាងថា​ លោក​ ឈូក បណ្ឌិត​ កំពុង​សំងំ​លាក់​ខ្លួន​ក្នុង​ប្រទេស​ជិត​ខាង​កម្ពុជា។

មក​ទល់​ពេល​នេះ​មាន​រយៈ​ពេល​ជិត​ពីរ​ឆ្នាំ​ ហើយលោក​ ឈូក បណ្ឌិត​អតីត​អភិបាល​ក្រុង​បាវិត​នៅ​តែ​មិន​ទាន់​ចាប់​ខ្លួន​មក​ផ្តន្ទា​ទោស​ បាន​នៅ​ឡើយ​ក្រោយ​ពី​លោក​បាន​បាញ់កម្មការិនី​បី​នាក់​ឈ្មោះ​ កែវ នា​ នុត​ សាខន​ និង​ ប៊ុន​ចិន្តា​ ឱ្យ​រង​របួស​កាល​ពី​ថ្ងៃ​ទី​២០​ខែកុម្ភៈ​ឆ្នាំ​២០១២៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG