ភ្នំពេញ៖សាលាឧទ្ទរណ៍នៅថ្ងៃពុធនេះបានចាប់ផ្តើមបើកសវនាការជំនុំជម្រះលើបណ្តឹងសារទុករបស់លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចរបស់សាលាដំបូងខេត្តស្វាយរៀងលើករណីលោកឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត។
សាលាដំបូងខេត្តស្វាយរៀងកាលពីខែធ្នូ ឆ្នាំ២០១២បានលើកលែងការចោទប្រកាន់ពីបទឧក្រិដ្ឋលើសំណុំរឿងព្រហ្មទណ្ឌដ៏ល្បីល្បាញមួយរបស់អតីតអភិបាលក្រុងបាវិតលោកឈូក បណ្ឌិត មកចោទប្រកាន់ត្រឹមតែការបង្ករបួសស្នាមដោយអចេតនាតែប៉ុណ្ណោះ។
មានជនសង្ស័យចំនួនពីរនាក់គឺលោក ស ចន្ថាមន្ត្រីនគរបាលក្រុងបាវិត និង លោកឈូក បណ្ឌិត ត្រូវបានតុលាការចោទប្រកាន់ពីបទបង្ករបួសស្នាមដូចគ្នាក៏ប៉ុន្តែក្រោយមកតុលាការបានទម្លាក់ចោលការចោទប្រកាន់ទាំងស្រុងប្រឆាំងនឹងលោកឈូក បណ្ឌិតនៅសល់តែលោកស ចន្ថាតែម្នាក់ប៉ុណ្ណោះ។
លោក ស ចន្ថា មន្ត្រីនគរបាលក្រុងបាវិតបានបង្ហាញមុខក្នុងសវនាការនៅថ្ងៃនេះក្នុងនាមជាសាក្សីតែប៉ុណ្ណោះ។ ក៏ប៉ុន្តែកន្លងមកលោកបានបដិសេធថា មិនបានបាញ់កម្មករបីនាក់ឲ្យរងរបួសទេ។សភាព្រហ្មទណ្ឌសាលាឧទ្ធរណ៍បានចាប់ផ្តើមលើកយកករណីនេះមកជំនុំជម្រះក្រោយពីសាលាដំបូងខេត្តស្វាយរៀងបានទម្លាក់ចោលករណីចោទប្រកាន់លើលោកឈូក បណ្ឌិត។
នៅក្នុងបន្ទប់សវនាការមានវត្តមានជនជាប់ចោទលោកឈូក បណ្ឌិត លោក ស ចន្ថា និងជនរងគ្រោះកម្មការីនីចំនួនបីនាក់គឺ នុត សាខន កែវ នា និងប៊ុន ចិន្តា ព្រមទាំងសាក្សីសរុបចំនួន២៥នាក់។
បន្ទាប់ពីបានបើកសវនាការរយៈពេលមួយព្រឹកនៅថ្ងៃពុធនេះ លោកឃុន លាងម៉េង ប្រធានក្រុមប្រឹក្សាជំនុំជម្រះរបស់សាលាឧទ្ធរណ៍បានប្រាប់វីអូអេថា សវនាការនឹងបន្តនៅថ្ងៃព្រហស្បតិ៍ស្អែកទៀត។
«កំពុងតែសួរដេញដោលហើយផ្អាកសវនាការហើយបន្តនៅថ្ងៃស្អែកម៉ោង៨ព្រឹកពីព្រោះបន្តនៅថ្ងៃនេះក៏មិនអាចបញ្ចប់បានដែរគឺសួរជនជាប់ចោទ។ សាក្សីមិនទាន់បានសួរទេ។ សួរជនរងគ្រោះអស់ហើយ។ ស្អែកនឹងបន្តសាក្សី»។
លោក ឈូក បណ្ឌិត មិនធ្វើអត្ថាធិប្បាយជាមួយអ្នកយកព័ត៌មានទេនៅពេលដែលលោកត្រូវបានមន្ត្រីនគរបាលដើរហែរហមចេញពីបន្ទប់សវនាការរបស់សាលាឧទ្ធរណ៍។ លោក ឈូក បណ្ឌិត បានដើរទៅឡើងជិះរថយន្តដែលមានតម្លៃជាង១០ម៉ឺនដុល្លារយ៉ាងប្រយាប់ដោយមិនមានភាពតក់ស្លុតចំពោះសំណុំរឿងរបស់លោកទេ។
«ចាំបន្តិចទៀតគេចេញមកហើយ។ សវនាការគេចេញយ៉ាងម៉េចយើងចាំមើលតាមហ្នឹងទៅ»។
អ្នកស្រី កែវ នា អាយុ១៩ឆ្នាំ ដែលជាជនរងគ្រោះដោយការបាញ់ប្រហារនេះបាននិយាយនៅក្នុងបន្ទប់សវនាការថា លោក ឈូក បណ្ឌិត បានឆ្លើយដោះសារប្រាប់តុលាការថា លោកបានបាញ់ឡើងទៅលើមេឃ ក៏ប៉ុន្តែក្នុងពេលនោះនៅពេលដែលមានក្រុមកម្មករមកដណ្តើមកាំភ្លើងពីលោកទើបបណ្តាលឲ្យរាលកៃគ្រាប់កាំភ្លើងទៅត្រូវកម្មការីទាំងបីនាក់ឲ្យរងរបួស។
អ្នកស្រីបាននិយាយថា អ្នកស្រីមិនបានឃើញលោកឈូក បណ្ឌិតបាញ់ដោយផ្ទាល់ទេក៏ប៉ុន្តែតាមសាក្សីជាច្រើនថា លោក ឈូក បណ្ឌិត ជាអ្នកប្រព្រឹត្ត។
«ខ្ញុំចង់ឲ្យតុលាការកាត់ទោសតាមផ្លូវច្បាប់ ហើយឲ្យគាត់ជាប់គុគ ហើយម៉្យាងឲ្យគាត់សងថ្លៃជំងឺចិត្តដល់ពួកខ្ញុំខ្លះ ពីព្រោះបើសិនជាគាត់មិនជាប់គុកថ្ងៃមុខថ្ងៃក្រោយអាងតែខ្លួនគាត់ធំគាត់នៅតែធ្វើអញ្ចឹងដដែល»។
លោក ឡុង ភន នាយរងប៉ុស្តិ៍រដ្ឋបាលសង្កាត់ប្រាសាទដែលមកធ្វើជាសាក្សីបាននិយាយថា លោកឃើញលោក ឈូក បណ្ឌិត ជាអ្នកបាញ់កម្មករដោយផ្ទាល់ដៃពីព្រោះលោកនៅចម្ងាយប្រមាណ ប្រាំពីរម៉ែត្រពីកន្លែងកើតហេតុតែប៉ុណ្ណោះ។
«កម្មករកំពុងតែច្រើន ខ្ញុំងាកមកឃើញដួលក្មេងស្រី។ រួចទៅកម្មករគប់ទាំងប៉ូលីស ទាំងអី។ ខ្ញុំក៏រត់គេចតាមចន្លោះរោងចក្រទៅ។ ឈូក បណ្ឌិតជាអ្នកបាញ់»។
នៅខាងក្រៅបរិវេណសាលាឧទ្ធរណ៍ ក្រុមកម្មកររោងចក្រនិងអ្នករងគ្រោះដោយសារការរំលោភដីធ្លីនៅតំបន់បឹងកក់បានមកស្រែកតវ៉ាទាមទារឲ្យតុលាការផ្តន្ទាទោសលោកឈូក បណ្ឌិត។
«ឈូក បណ្ឌិត ជាប់គុកៗៗ»។
កាលពីខែកុម្ភៈ ឆ្នាំ២០១២ មានកម្មករប្រមាណ១.០០០នាក់នៅរោងចក្រកៅវ៉េ ដែលមានទីតាំងនៅក្នុងខេត្តស្វាយរៀង។ បានតវ៉ាទាមទារលក្ខខណ្ឌការងារល្អប្រសើរក្នុងរោងចក្រ ក្នុងពេលនោះកម្មការិនីវ័យក្មេងចំនួនបីនាក់ត្រូវខ្មាន់កាំភ្លើងបាន បាញ់ពីក្រោយខ្នងក្រុមបាតុករ។ កម្មការិនីចំនួនបីនាក់បានរងរបួសក្នុងនោះពីរនាក់របួសធ្ងន់ដោយត្រូវគ្រាប់ពីខាងក្រោយខ្នងធ្លាយទៅទ្រូងនិងម្នាក់ទៀតបានធ្លាយទៅដៃខាងស្តាំ។ ក្រោយមកលោក ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានប្រាប់ អ្នកយកព័ត៌មានថា ខ្មាន់កាំភ្លើងគឺជាអភិបាលក្រុងបាវិតនៅពេលនោះគឺលោកឈូក បណ្ឌិត៕