ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​ឧទ្ធរណ៍​សម្រេច​ថា​ ឈូក បណ្ឌិត​ បាញ់​កម្មករ​ដោយ​អចេតនា


លោក​ឈូក ​បណ្ឌិត​មាន​ទោស​បាញ់​លើ​ស្ត្រី​ទាំង​បី​នាក់​ដោយ​កាំភ្លើង​ខ្លី​ក្នុង​ពេល​ដែល​ពួក​នាង​និង​កម្មករ​ជាង​១.០០០​នាក់​ផ្សេង​ទៀត​កំពុង​ធ្វើ​បាតុកម្ម​កាល​ពី​ថ្ងៃ​ទី​២០​ខែ​កុម្ភៈ​ឆ្នាំ​២០១២​ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៃ​ខេត្ត​ស្វាយរៀង​ដើម្បី​តវ៉ា​ឲ្យ​មាន​ការ​គោរព​លក្ខខណ្ឌ​ការងារ​ក្នុង​រោងចក្រ។​ (រូបថត៖ ហេង រស្មី)
លោក​ឈូក ​បណ្ឌិត​មាន​ទោស​បាញ់​លើ​ស្ត្រី​ទាំង​បី​នាក់​ដោយ​កាំភ្លើង​ខ្លី​ក្នុង​ពេល​ដែល​ពួក​នាង​និង​កម្មករ​ជាង​១.០០០​នាក់​ផ្សេង​ទៀត​កំពុង​ធ្វើ​បាតុកម្ម​កាល​ពី​ថ្ងៃ​ទី​២០​ខែ​កុម្ភៈ​ឆ្នាំ​២០១២​ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៃ​ខេត្ត​ស្វាយរៀង​ដើម្បី​តវ៉ា​ឲ្យ​មាន​ការ​គោរព​លក្ខខណ្ឌ​ការងារ​ក្នុង​រោងចក្រ។​ (រូបថត៖ ហេង រស្មី)
សាលា​ឧទ្ធរណ៍​ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ ​បាន​តម្កល់​សាល​ក្រម​តុលាការ​ខេត្ត​ស្វាយរៀង ​ដោយ​សម្រេច​ផ្តន្ទា​ទោស​លោក​ឈូក ​បណ្ឌិត​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១​ឆ្នាំ៦​ខែ​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា។ ​សាលា​ឧទ្ធរណ៍​ក៏​បាន​សម្រេចពិន័យ​ជា​ប្រាក់​សរុប​៣៨លាន​រៀល​គឺ​ប្រមាណ​ជិត​មួយ​ម៉ឺន​ដុល្លារ​ទៅ​ឱ្យ​ជន​រងគ្រោះ​ដែល​ជា​កម្មការិនី​ចំនួន​បី​រូប​នោះ​ ដូច​សាលក្រម​របស់​តុលាការ​ខេត្ត​ស្វាយរៀង​កាល​ពី​ថ្ងៃ​ទី២៥​ ខែ​មិថុនា​ដែរ។ ​ហើយ​តុលាការ​ដដែលនេះ​ក៏​បាន​ចេញ​ដីកា​បង្គាប់ផង​ដែរ​ឱ្យ​តាម​ចាប់​លោក​ឈូក បណ្ឌិត ​ដែល​កំពុង​បន្ត​គេច​ខ្លួន​និង​មិន​ទាន់​ត្រូវ​បាន​នាំ​យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់​នៅ​ឡើយ។​

សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​សវនាការ​របស់​ខ្លួន​លើ​ករណី​លោក​ឈូក បណ្ឌិត ​អតីត​អភិបាល​ក្រុង​បាវិត​កាល​ពី​សប្តាហ៍​មុន។​

លោក​តាំង ស៊ុនឡាយ​ ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍​ បាន​បកស្រាយ​ថា​ តាម​ការ​ត្រិះរិះ​របស់​អង្គ​ជំនុំ​ជម្រះ​ឲ្យ​ដឹង​ថា​ លោក​ឈូក បណ្ឌិត​គ្មាន​ចេតនា​បាញ់​កម្មករ​ទេ ​ប៉ុន្តែ​កាំភ្លើង​លោក​បាន​រាលកៃ​ បន្ទាប់​ពី​ខ្លួន​បាន​ប្រវាយ​ប្រតប់​ជាមួយ​ហ្វូង​បាតុករ​ប៉ុណ្ណោះ។​

លោក​ឈូក ​បណ្ឌិត​មាន​ទោស​បាញ់​លើ​ស្ត្រី​ទាំង​បី​នាក់​ដោយ​កាំភ្លើង​ខ្លី​ក្នុង​ពេល​ដែល​ពួក​នាង​និង​កម្មករ​ជាង​១.០០០​នាក់​ផ្សេង​ទៀត​កំពុង​ធ្វើ​បាតុកម្ម​កាល​ពី​ថ្ងៃ​ទី​២០​ខែ​កុម្ភៈ​ឆ្នាំ​២០១២​ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៃ​ខេត្ត​ស្វាយរៀង​ដើម្បី​តវ៉ា​ឲ្យ​មាន​ការ​គោរព​លក្ខខណ្ឌ​ការងារ​ក្នុង​រោងចក្រ។​ ចៅ​ក្រម​ជំនុំ​ជម្រះ​ក៏​បាន​ចេញ​ដីកាភ្លាមៗ​បង្គាប់​ឱ្យ​ចាប់​ខ្លួន​លោក​ឈូក បណ្ឌិតក្រោយ​ពី​ការ​សម្រេច​ទោស​នោះ​ដែរ។​

លោក​អំ សំអាត​ ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​ថ្លែង​ថា​ ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​នេះ​មិន​បាន​ផ្តល់​យុត្តិធម៌​ពេញ​លេញ​ដល់​ជន​រងគ្រោះ​ទេ។​

«បើ​យើង​ពិនិត្យ​មើល​ភាព​អត្តនោម័ត ​សត្យានុម័ត​របស់​លោក​ឈូក បណ្ឌិត​គួរ​ណាស់​តែ​ចោទ​ពី​បទ​ប៉ុនប៉ង​មនុស្ស​ឃាត ពី​ព្រោះ​យើង​ឃើញ​ថា ​ជន​រងគ្រោះ​បី​នាក់​នៅ​កន្លែងផ្សេង​គ្នា​ ហើយ​ត្រូវ​បាញ់​ឱ្យ​របួស​ធ្ងន់ធ្ងរ​ទាំង​បី។​ ដូច្នេះ​បើ​ថា​ ជា​ការ​បង្ក​របួស​ស្នាម​ដោយ​អចេតនា ​ទាល់​តែ​កាំភ្លើង​របស់​គាត់​នៅ​ហ្នឹង​ចង្កេះ​ ក្នុង​ស្រោម​មិន​បាន​ដក​យក​មក​បាញ់​ ហើយ​វា​រៀល​កៃ។​ ប៉ុន្តែ​នេះ​គាត់​ដក​យក​មក​បាញ់​គេ​មនុស្ស​បី​នាក់​នៅ​កន្លែងផ្សេង​គ្នា ​ហើយ​បាញ់​ត្រូវ​ទាំង​អស់។ ​វា​ជា​បទ​ប៉ុនប៉ង​មនុស្ស​ឃាត។ ​ដូច្នេះ​យុត្តិធម៌​មិន​ពេញ​លេញ​ទេ​សម្រាប់​ជនរងគ្រោះ​ នៅ​ពេល​នេះ»។​

លោក​ជិន លីដា ​សហ​មេធាវី​ការពារ​ជន​រងគ្រោះ​ ថ្លែង​ថា​ កូន​ក្តី​របស់​លោក​បាន​សម្តែង​ការ​ខកចិត្ត​និង​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ ក្រោយ​ពី​ការ​ប្រកាស​សាល​ដីកា​នេះ។​

«គាត់​ដូចជា​មិន​សប្បាយចិត្ត​នឹង​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ទេ​ ដោយ​សារ​សំណង​ហ្នឹង​វា​តិច​ ហើយ​ម៉្យាងទៀត​ ជនល្មើស​គេ​ចាប់​មិន​ទាន់​បាន​ ហើយ​កំពុង​នៅ​ក្រៅ​ឃុំ។ គេ​ជា​អ្នក​មាន​អំណាច​ ដូច្នេះ​គាត់​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ដែរ»។​

ដោយ​ឡែក លោក​កៃ វិសាល​ មេធារី​ការពារ​ជនជាប់​ចោទ​លោក​ឈូក បណ្ឌិត​ នៅ​តែ​ទាមទារ​ឱ្យ​កូនក្តី​ខ្លួន​រួច​ទោស​ដដែល។​ លោក​ថ្លែង​ថា៖ «ខ្ញុំ​អត់​ហ៊ាន​និយាយ​ថា​ ម៉េច​ទេ។​ ប៉ុន្តែ​ការ​ការពារ​ក្តី​ឱ្យ​ជនជាប់​ចោទ ​យើង​លើក​ទឡ្ហីករណ៍​ណា​មួយ​ដែល​ធ្វើ​ឱ្យ​កូន​ក្តី​យើង​រួច​ទោស។​ ដូច្នេះ​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​មាន​ភាព​អត់​សមស្រប​ណា​មួយ​ចំពោះ​គាត់»។​

មេធាវី​ភាគី​ទាំង​សងខាង​នៅ​មិន​ទាន់បញ្ជាក់​ពី​គម្រោង​ប្តឹង​សារ​ទុក​ទៅ​តុលាការ​កំពូលនៅ​ឡើយ​ទេ ​ដោយ​ចាំ​ពិភាក្សា​ជា​មួយ​កូន​ក្តី​របស់​ខ្លួន​សិន។

នៅ​ថ្ងៃ​ជាមួយ​គ្នា​នេះ ​ក្រុម​អ្នក​ភូមិ​បឹងកក់​ប្រហែល​៣០​នាក់​ក៏​បាន​មក​ស្រែក​ធ្វើ​បាតុកម្ម​ខាង​មុខ​សាលា​ឧទ្ធរណ៍​ដើម្បី​ទាមទារ​ឱ្យអាជ្ញាធរ​ពន្លឿន​ការ​ចាប់​ខ្លួន​លោក​ឈូក បណ្ឌិត​យក​មក​ផ្តន្ទា​ទោស ​និង​ទាមទារ​ឱ្យ​ដោះលែង​អ្នកស្រី​យ៉ោម បុផ្ផា​ដោយ​ឥត​លក្ខខណ្ឌ។ អ្នកស្រី​គឺជា​សកម្មជន​ការពារ​ដី​ធ្លី​ដ៏​លេច​ធ្លោ​ក្នុង​សហគមន៍​របស់​ពួកគេ។​ ពួកគេ​អះអាង​ថា​ ករណី​ទាំង​ពីរ​នេះ​ឆ្លុះ​បញ្ចាំង​ពីអយុត្តិធម៌​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG