ភ្នំពេញ៖ សាលាឧទ្ធរណ៍នៅថ្ងៃចន្ទនេះបានសម្រេចចោទប្រកាន់លោកឈូកបណ្ឌិត អតីតអភិបាលក្រុងបាវិតពីបទបង្ករបួសស្នាមដោយអចេតនាជាប់ពាក់ព័ន្ឋនឹងការបាញ់កម្មការិនីចំនួនបីនាក់ឲ្យរងរបួសនៅក្រុងបាវិតខេត្តស្វាយរៀងកាលពីឆ្នាំ២០១២។ នេះបើតាមការបញ្ជាក់របស់មន្ត្រីតុលាការ។
សភាព្រហ្មទណ្ឌរបស់សាលាឧទ្ធរណ៍បានប្រកាសសាលក្រមដោយគ្មានវត្តមានលោក ឈូក បណ្ឌិតនិងមេធាវីការពារក្តីទេ។ ក៏ប៉ុន្តែមានវត្តមានជនរងគ្រោះចំនួនបីនាក់គឺអ្នកស្រីកែ នា នុត សាខន និងប៊ុន ចិន្តា។
ការប្រកាសសាលក្រមរបស់សាលាឧទ្ធរណ៍បានធ្វើឡើងជាអសារធារណៈ។ ក្រុមអ្នកយកព័ត៌មាននិងអ្នកអង្កេតការណ៍អង្កការក្រៅរដ្ឋាភិបាលមិនត្រូវបានអនុញ្ញាតឲ្យចូលស្តាប់សាលក្រមទេ។ ពួកគេបានត្រឹមតែមើលតាមកញ្ចក់ទ្វាររបស់សាលាឧទ្ធរណ៍តែប៉ុណ្ណោះ។
លោកឈុន លាងម៉េង ប្រធានក្រុមប្រឹក្សាជំនុំជម្រះបាននិយាយប្រាប់ក្រុមអ្នកយកព័ត៌មានបន្ទាប់ពីប្រកាសសាលក្រមថា «បាទ បានសម្រេចចោទប្រកាន់ពីបទបង្ករបួសស្នាមដោយអចេតនា ហើយបញ្ជូនរឿងទៅតុលាការស្វាយរៀងដើម្បីជំនុំជម្រះតាមច្បាប់»។
កម្មការិនីដែលជាជនរងគ្រោះទាំងបីនាក់បានដើរចេញពីបន្ទប់អគាររបស់តុលាការសាលាឧទ្ធរណ៍ដោយមានទឹកមុខញញឹមញញែម។
អ្នកស្រី ប៊ុន ចិន្តាបាននិយាយថា ការសម្រេចរបស់សាលាឧទ្ធរណ៍ពិតជាបានផ្តល់យុត្តិធម៌ដល់ពួកគេពិតប្រាកដមែន។
«ពេញចិត្តមែនទែន។ ដូចថាស្តាប់មកដូចថា គាត់មានយុត្តិធម៌សម្រាប់ពួកយើងទាំងបីនាក់ ហើយគាត់បញ្ជូនទៅស្វាយរៀងឲ្យសើរើឡើងវិញ»។
ពាក់អាវពណ៌លឿងលាយជាមួយនឹងទឹកមុខរីករាយដោយបាត់អស់នៅស្នាមឈឺចាប់ត្រង់ដើមដៃខាងស្តាំ។ អ្នកស្រីកែ នា ដែលជាជនរងគ្រោះម្នាក់ទៀតបាននិយាយថា អ្នកស្រីទទួលយកបានចំពោះសេចក្តីសម្រេចនេះ។
«បើសិនជាគាត់សម្រេចដោយអចេតនាហើយ ខ្ញុំមិនហ៊ានប្រកែកទេពីព្រោះបើសិនជាគាត់សម្រេចថា មិនអាចជំនុំជម្រះថា រឿងឲ្យលោកឈូក បណ្ឌិតជាប់ទោសដែរ អារឿងហ្នឹងក៏ខ្ញុំហ៊ានសន្និដ្ឋានដែរ តែដល់ពេលគាត់សម្រេចអញ្ចឹងគឺខ្ញុំមានអារម្មណ៍ថា អរសប្បាយខ្លាំងណាស់ពេលដែលគាត់សម្រេចអញ្ចឹង»។
កញ្ញា ម៉ៅ សំវុទ្ឋាវី មេធាវីការពារក្តីលោក ឈូក បណ្ឌិត បានជំទាស់នឹងការសម្រេចរបស់សាលាឧទ្ធរណ៍។
កញ្ញាបាននិយាយថា បើសភាព្រហ្មទណ្ឌបើកសិទ្ធិឲ្យប្តឹងជំទាស់ កញ្ញានឹងប្តឹងដើម្បីរកយុត្តិធម៌នៅតុលាការកំពូលទៀត។
«អ្វីដែលសាលាឧទ្ធរណ៍សម្រេចឲ្យទៅខាងក្រោមវិញគឺខ្ញុំសុំប្តឹងជំទាស់ទាំងស្រុង ហើយខ្ញុំអត់អាចទទួលយកបានទេ។ មួលហេតុគឺខ្ញុំសុំឲ្យតុលាការតម្កល់ដដែលពីព្រោះការលើកឡើងនៅក្នុងតុលាការស្វាយរៀងគឺមានលក្ខណៈគ្រប់គ្រាន់អស់ហើយ។ ការដែលបដិសេធរបស់សាលាឧទ្ធរណ៍គឺគ្មានហេតុផលគ្រប់គ្រាន់»។
សាលាដំបូងខេត្តស្វាយរៀងកាលពីខែធ្នូ ឆ្នាំ២០១២ បានលើកលែងការចោទប្រកាន់ពីបទឧក្រិដ្ឋលើសំណុំរឿង ព្រហ្មទណ្ឌដ៏ល្បីល្បាញមួយរបស់អតីតអភិបាលក្រុងបាវិតគឺលោកឈូក បណ្ឌិត មកចោទប្រកាន់ត្រឹមតែការបង្ករបួសស្នាមដោយអចេតនាតែប៉ុណ្ណោះ ហើយក្រោយមកបានទម្លាក់ចោលការចោទប្រកាន់ទាំងស្រុង។
លោកអាត់ ធន ប្រធានសហភាពការងារកម្ពុជាបាននិយាយថា ការសម្រេចរបស់សាលាឧទ្ធរណ៍មានលក្ខណៈល្អប្រសើរជាងសាលាដំបូងខេត្តស្វាយរៀង ក៏ប៉ុន្តែមិនទាន់មានការពេញចិត្តទាំងស្រុងទេ។
«ពីព្រោះយើងចង់បានអ្វីដែលជាអំពើដែលធ្វើវាគួរតែជាមនុស្សឃាតដោយចេតនា»។
លោកឈូក បណ្ឌិតមិនអាចស្នើសុំសេចក្តីអត្ថាធិប្បាយបំភ្លឺបានទេដោយទូរសព្ទរបស់លោកត្រូវបានបិទ។
កាលពីខែកុម្ភៈ ឆ្នាំ២០១២ មានកម្មករប្រមាណ១.០០០នាក់នៅរោងចក្រកៅវ៉េ ដែលមានទីតាំងនៅក្រុងបាវិតខេត្តស្វាយរៀង បានតវ៉ាទាមទារលក្ខខណ្ឌការងារល្អប្រសើរក្នុងរោងចក្រ។ ក្នុងពេលនោះកម្មការិនីវ័យក្មេងចំនួនបីនាក់ត្រូវខ្មាន់កាំភ្លើងបានបាញ់ពីក្រោយខ្នងក្រុមបាតុករ។
កម្មការិនីចំនួនបីនាក់បានរងរបួស ក្នុងនោះពីរនាក់របួសធ្ងន់ដោយត្រូវគ្រាប់ពីខាងក្រោយខ្នងធ្លាយមកទ្រូងនិងម្នាក់ទៀតបានធ្លាយទៅដៃខាងស្តាំ។ ក្រោយមកលោក ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានប្រាប់ អ្នកយកព័ត៌មានថា ខ្មាន់កាំភ្លើងគឺជាអភិបាលក្រុងបាវិតនៅពេលនោះគឺលោកឈូក បណ្ឌិត៕