ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កាត់​ទោស​ឈូក បណ្ឌិត​ឱ្យ​ជាប់​គុក​១៨​ខែ​ក្នុង​ការបាញ់​កម្មករ​បីនាក់


នេះ​ជា​ទិដ្ឋភាព​​តុលាការ​​ខេត្ត​ស្វាយ​រៀង​​ ពេល​មិនមាន​សវនាការ។
នេះ​ជា​ទិដ្ឋភាព​​តុលាការ​​ខេត្ត​ស្វាយ​រៀង​​ ពេល​មិនមាន​សវនាការ។
តុលាការ​ខេត្ត​ស្វាយរៀង​នៅថ្ងៃ​អង្គារ​នេះ​បាន​សម្រេច​ផ្តន្ទាទោស​លោក​ ឈូក បណ្ឌិតឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១ឆ្នាំ៦ខែ​ពីបទ​ហិង្សា​ដោយ​អចេតនា​និង​ពិន័យ​ជាប្រាក់​សរុប​ជិត​៤០​លាន​រៀល​គឺ​ប្រមាណ​ជិត​មួយម៉ឺន​ដុល្លារ​ទៅ​ឱ្យជន​រងគ្រោះ​ចំនួន​បីរូប។​ នេះ​បើ​តាម​ការបញ្ជាក់​ពីមន្ត្រី​សិទ្ធិមនុស្ស​ដែល​តាម​ដាន​ឃ្លាំមើល​ដំណើរការ​របស់​តុលាការ។​

លោក​ លាង សួរ​ ប្រធាន​ចៅក្រម​ជំនុំជម្រះ​ក៏បាន​ចេញ​ដីការ​បង្គាប់​ឱ្យ​ចាប់​ខ្លួន​លោក​ឈូក​បណ្ឌិត​យកមក​ដាក់​ពន្ធនាគារ​ដើម្បី​ផ្តន្ទាទោស​បន្ទាប់​ពី​ការ​ប្រកាស​សាលក្រម។​

លោក​ ឈូក បណ្ឌិត​អតីត​អភិបាល​ក្រុង​បាវិត​ដែល​កំពុង​រត់​គេច​ខ្លួន​មិនបាន​បង្ហាញ​មុខ​ក្នុង​អង្គ​សវនាការ​ទេ​តាំងតែ​ពី​ថ្ងៃ​បើក​សវនាការ​កាលពី​ដើម​ខែ​មិថុនា​រហូត​ដល់​ថ្ងៃ​ប្រកាស​សាលក្រម។​

លោក​ ជិន លីដា​ មេធាវី​ការពារ​ក្តី​ជនរងគ្រោះ​បាន​និយាយ​ថា​សាលក្រម​នេះ​លោក​មាន​ការពេញចិត្ត​ខ្លះ​និង​មិនពេញ​ចិត្ត​ខ្លះ​ដោយ​សារ​តែការ​កាត់ក្តី​នេះ​មិនទាន់​ដល់​រឿង​ពិតនៃ​ការបាញ់​កម្មករឱ្យ​រងរបួស​ទេ។​

លោក​និយាយ​ថា៖​«ឃើញ​តែគាត់​ជាប់​មែន​តែមិនទាន់​ដល់​រឿង​ពិត​ដែល​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​ឱ្យ​របួស។​វាមិនមែន​ជា​រឿង​បង្ករបួស​ស្នាម​ ។អញ្ចឹង​យុត្តិធម៌​វាមាន​ពាក់​កណ្តាល​ហើយ​តែមិន​ទាន់​បានពេញ​លេញ»។​

តុលាការ​ខេត្ត​ស្វាយរៀង​កាល​ពី​ថ្ងៃទី​១២ ខែ​មិថុនា​បាន​ចាប់​ផ្តើម​បើក​សវនាការ​ជំនុំជម្រះ​លើ​ករណី​លោក​ឈូក​បណ្ឌិត​ដោយ​ប្រើពេល​វេលា​អស់​ចំនួន​បី​ថ្ងៃ​និង​បាន​សាក​សួរ​ដេញ​ដោល​សាក្សី​ប្រមាណ​២០​នាក់។​

លោក​ជិន លីដា​បាន​បញ្ជាក់​ថា​ឆ្លង​តាម​សវនាការ​កន្លងមក​ ​លោក​ឈូក បណ្ឌិត​ សមនឹង​ទទួល​ទោស​ឱ្យ​បាន​ធ្ងន់ជាង​នេះ​ពីព្រោះ​សាក្សី​ជាច្រើន​បាន​និយាយ​ថា​ជនជាប់​ចោទ​មិន​បាន​បាញ់​កាំភ្លើង​ទៅ​លើ​មេឃទេ​គឺបាន​បាញ់​សំដៅទៅ​ជនរងគ្រោះ​តែ​ម្តង។​

យ៉ាង​តិច​មាន​កម្មការិនី​ចំនួន​បីនាក់​ត្រូវបាន​បាញ់​ឱ្យ​រងរបួស​គឺអ្នក​ស្រី​កែ នា​ ប៊ុន ចិន្តា​និង​នុត​ សាខន។ នៅ​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​ដោយ​អំពើ​ហិង្សា​មួយ​ទៅ​លើក្រុម​កម្មករ​កាល​ពី​ថ្ងៃទី​២០​ខែកុម្ភៈ​ឆ្នាំ​២០១២​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ស្វាយរៀង។​

លោក​ ឈូក បណ្ឌិត​ ដែលជាប់​ចោទ​ពី​ការ​បាញ់​ប្រហារ​នេះ​ត្រូវ​បាន​ដកហូត​ចេញពី​មុខ​តំណែង​ជា​អភិបាល​ក្រុង​បាវិត​មក​កាន់​មុខ​តំណែង​ថ្មី​មួយ​ទៀត​នៅក្នុង​សាលាខេត្ត​ស្វាយរៀង​វិញ។​

អ្នកស្រី ឈន សុខា​ មន្ត្រី​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំច្បាប់​សម្រាប់​សហគមន៍​បាន​និយាយ​ថា​ការ​កាត់​ទោស​លោក​ ឈូក បណ្ឌិត​មិនបានពេញ​ចិត្ត​១០០​%​ហើយ​វានៅ​តែ​ឆ្លុះ​បញ្ចាំង​ពី​វប្បធម៌​និទណ្ឌភាព​ក្នុង​ប្រទេស​កម្ពុជា។​

អ្នកស្រី​និយាយ​ថា៖ «ដោយ​សារ​ទីមួយ​យើង​ឃើញថា​បទចោទ​វាស្រាល​និយាយ​រួមទៅ​ក៏ប៉ុន្តែ​អ្វីដែល​ជាសំខាន់​យើង​មាន​ការ​ចាប់​អារម្មណ៍​មួយគឺ​ដោយ​សារ​តែការ​ចេញ​ដីការ​ចាប់​ខ្លួន»។​

តុលាការ​ក៏បាន​បង្គាប់​ឱ្យ​លោក​ឈូក បណ្ឌិត​ផ្តល់​ចំណង​ជំងឺចិត្ត​ចំនួន​២០​លាន​រៀល​ដល់​ជន​រងគ្រោះ​ ប៊ុន ចិន្តា​ ១០​លានរៀល​ជូន​ នុត សាខន​ និង​៨លាន​រៀល​ជូន​ កែវ នា។​

ជនរងគ្រោះ​មួយរូប​ក្នុង​ចំណោម​ជនរងគ្រោះទាំង​បីរូប​គឺ​អ្នកស្រី​ នុត សាខន​ អាយុ​២៤ឆ្នាំ​បាន​និយាយ​ថា​សំណង​ជំងឺចិត្ត​ចំនួន​១០លាន​រៀល​គឺមិន​គ្រប់​គ្រាន់ទេ។ ​អ្នកស្រី​បាន​និយាយ​ថា​ថ្លៃ​ព្យាបាល​មុខ​របួស​អ្នកស្រី​បាន​ចំណាយ​ជិតបីពាន់​ដុល្លារ​ហើយ​តែ​ទោះជា​យ៉ាង​ណាក៏ដោយ​ក៏អ្នក​ស្រី​សប្បាយ​ចិត្ត​ដែល​តុលាការ​រកយុត្តិធម៌​ដល់​ពួកគេ។​

អ្នកស្រី​និយាយ​ថា៖​«ខ្ញុំសប្បាយ​ចិត្តដែរ​តែ​ខ្ញុំ​គិត​ថាបើ​សិនជា​ចេញ​ដីការ​ចាប់​ហ្នឹង​បាន​ចាប់​ខ្លួន​ជន​ល្មើស​ភ្លាម​ខ្ញុំ​គិតថា​ខ្ញុំ​សប្បាយ​ចិត្ត។ ប៉ុន្តែ​ដល់​ពេល​អូស​បន្លាយ​ពេល​វេលា​ខ្ញុំ​ខ្លាច​ថា​គាត់​មាន​លុយ​អញ្ចឹង​ដល់​ពេល​គាត់​ចេញ​គាត់​នឹង​ធ្វើបាប​ពួក​ខ្ញុំ»។​

លោក​ ឈូក បណ្ឌិត​ មិនអាច​ស្នើសុំ​ដើម្បី​ទំនាក់​ទំនង​បានទេ។ ​ចំណែក​លោក​ ស៊ុន ប៊ុណ្ណារិទ្ធ​មេធាវី​ការពារក្តី​លោក​ឈូក បណ្ឌិត​បានបដិសេធមិនបាន​ធ្វើ​អត្ថាធិប្បាយ​ដោយ​សារតែ​លោក​មិន​បាន​ចូលរួម។

ដោយឡែក​លោក ស ចន្ថា ​មន្ត្រី​ប៉ូលិស​មួយ​រូបដែល​រងការចោទប្រកាន់​ពី​បទបង្ក​របួស​ស្នាម​ដោយ​ចេតនា​លើ​កម្មករ​ទាំងបី​រូប​ត្រូវបាន​តុលាការ​ប្តូរ​មក​ចោទ​តែ​ពី​បទប្រើ​ប្រាស់​អាវុធ​ដោយខុសច្បាប់​វិញ​ហើយ​មិន​មាន​ដាក់​ទោស​ទណ្ឌ​អ្វី​ទេ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG