ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សវនាការ​ពីបទ​បាញ់​កម្មករ​បាន​បញ្ចប់ ​តែ​មិនទាន់​មាន​សាលក្រម


កម្មករ​បី​នាក់​ត្រូវ​បាញ់​ឱ្យ​របួស​ក្នុង​ការ​តវ៉ា​រឿង​ប្រាក់​ឈ្នួល​ពលកម្ម។
កម្មករ​បី​នាក់​ត្រូវ​បាញ់​ឱ្យ​របួស​ក្នុង​ការ​តវ៉ា​រឿង​ប្រាក់​ឈ្នួល​ពលកម្ម។
សវនាការ​រយៈពេល​បី​ថ្ងៃ​លើ​ករណី​លោក​ឈូក បណ្ឌិត ​អតីត​អភិបាល​ក្រុង​បាវិត​បាន​បិទ​បញ្ចប់​ហើយ​នៅថ្ងៃ​សុក្រនេះ​ តែ​តុលាការ​មិន​ទាន់​បាន​ប្រកាស​សាល​ក្រម​ភ្លាមៗ​ទេ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​ដែល​តាម​ឃ្លាំ​មើល​ដំណើរ​ការ​របស់​តុលាការ។​

លោក​លាង សួរ​ ប្រធាន​ចៅ​ក្រម​ជំនុំ​ជម្រះ​នៃ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង​ បាន​និយាយ​ថា​ សាលក្រម​សំណុំ​រឿង​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃទី​២៥​ ខែ​មិថុនា​ខាង​មុខ។​

សវនាការ​ចំនួន​បី​ថ្ងៃនេះ​ លោក​ឈូក បណ្ឌិត​ ដែល​ជាជន​សង្ស័យ​ដ៏​សំខាន់​មួយ​រូប​នៅ​តែ​មិន​បង្ហាញ​មុខ​ក្នុង​អង្គ​សវនាការ។ តុលាការ​បាន​បញ្ចប់​ការ​សាកសួរ​ទៅលើ​សាក្សី​ចំនួន​២០​នាក់​ទាំង​សាក្សី​ដើម​ចោទ​និង​ចុង​ចោទ។​ បន្ទាប់​មក​តុលាការ​បាន​ហៅ​សាក្សី​ទាំង​សង​ខាង​សួរ​ត​ទល់​គ្នា។​

លោក​ស្រី​ ឈន សុខា​ មន្ត្រីកម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឃមណ្ឌល​អប់រំច្បាប់​សម្រាប់សហគមន៍ បាន​និយាយ​ថា​ បើ​តាម​ចម្លើយរបស់​សាក្សី​ លោកស្រី​ជឿថា​ លោក​ឈូក បណ្ឌិត​នៅតែ​ជា​ជនសង្ស័យ​ដែល​បាន​បាញ់​មក​លើ​កម្មករ​ គឺ​មិន​មែន​លោក​ស ចន្ថាទេ។​

អ្នកស្រី​និយាយថា៖«​សវនាការ​បីថ្ងៃតាម​ការ​បំភ្លឺ​របស់​សាក្សី​ ហើយ​ទាំង​ការ​សន្និដ្ឋាន​របស់​មេធាវី​ការពារ​ជន​រងគ្រោះ​ក៏​ដូចជា​មេធាវី​ការពារ​ជន​ជាប់​ចោទ​ស ចន្ថាគឺសន្មត់​ថា ជន​ដៃដល់​គឺ​ជា​លោក​ឈូក បណ្ឌិត​ ហើយ​សុំ​ឲ្យ​មាន​ការ​ផ្តទ្ទាទោស​ ហើយ​និង​ផ្តល់​សំណង​រដ្ឋប្បវណី​ដល់​ជន​រងគ្រោះ​តាម​ការទាម​ទារ​របស់​ជន​រងគ្រោះ»។​

លោក​ឈូក បណ្ឌិត​ត្រូវបាន​ដក​ហូត​តំណែង​ពី​អភិបាល​ក្រុង​បាវិត​ បន្ទាប់​ពី​លោក​ត្រូវ​បាន​សង្ស័យ​ថា​ ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​ប្រហារ​ដោយ​អាវុធ​ខ្លី​ទៅលើ​ក្រុម​កម្មករ​ចំនួន​បី​នាក់​ឲ្យ​រង​របួស។​

លោក​ឈូក បណ្ឌិត​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​បង្ករបួស​ស្នាម​ដោយ​អចេតនា​តែប៉ុណ្ណោះ។​ ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​និង​ជន​រងគ្រោះ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​និង​បានរិះគន់​ទៅ​លើ​ឯករាជ្យ​ភាព​របស់​តុលាការ​ដោយលើកឡើង​ថា​ មាន​ភាព​លំអៀង​និង​បក្ខពួក​និយម។​

សំណុំ​រឿង​បាញ់​កម្មករ​មាន​ជន​ជាប់​ចោទ​ចំនួន​ពីរ​រូប​គឺលោក​ឈូក បណ្ឌិត ​អតីត​អភិបាល​ក្រុង​បាវិត​និង​លោក​ស ចន្ថា​ មន្ត្រី​ប៉ូលិស​ក្រុង​បាវិត​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​ចេតនា។​

មាន​កម្មការិនី​នៃ​រោង​ចក្រ​កៅវ៉េ​ចំនួន​បី​នាក់​ ឈ្មោះ​កែវ នា​ ប៊ុនចិន្តា​ និង​នុត សាខន​ត្រូវ​បាញ់​ឲ្យ​រង​របួស​កាល​ពី​ថ្ងៃទី២០​ ខែ​កុម្ភៈ ​ឆ្នាំ​២០១២ ​ក្នុង​ខណៈ​ពេល​មាន​កម្មករ​រាប់​ពាន់​នាក់​ធ្វើបាតុកម្ម​តវ៉ា​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៃ​ខេត្ត​ស្វាយរៀង។​

អ្នកស្រី​ប៊ុន ចិន្តា​ អាយុ​២៤​ឆ្នាំ​ជនរងគ្រោះ​មួយ​រូប​ បាន​និយាយ​ថា​ ឆ្លងតាម​ការ​ស្តាប់​សវនាការ​ចំនួន​បី​ថ្ងៃ​នេះ​ ជនសង្ស័យ​មាន​តែ​លោក​ឈូក បណ្ឌិត​តែម្នាក់​គត់​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​ប្រហារ​នេះ។​

អ្នក​ស្រី​បាន​សំណូម​ពរ​ឲ្យ​តុលាការ​លើកលែង​ការ​ចោទ​ប្រកាន់​ទៅលើ​លោក​ ស ចន្ថា​ដោយ​សារ​តែ​លោក​មិន​បាន​នៅ​ក្នុង​កន្លែង​កើត​ហេតុ​ទេ។​

អ្នក​ស្រីនិយាយ​ថា៖«​ពីព្រោះ​ចម្លើយសាក្សី​ទាំង​អស់​សុទ្ធតែ​បាន​ឃើញ ​ហើយ​គេអត់​បានឃើញ​ថា​ មាន​ស ចន្ថចូល​រួម​ក្នុង​ហ្នឹង​ផង។ ​សាក្សី​ដែល​បាន​ឆ្លើយ​សុទ្ធតែ​បាន​ឃើញ​លោក​ឈូក​បណ្ឌិត​ពិត​មែន»។​

លោកស ចន្ថា ​មន្ត្រី​ប៉ូលិស​បាន​និយាយ​ប្រាប់​តុលាការ​ថា ​លោកបាន​ចម្ងាយ​ប្រមាណ​៥០០ម៉ែត្រ​ពី​ន្លែង​កើត​ហេតុ​ ​ហើយ​លោក​ក៏មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​កាំភ្លើង​ក្នុង​ពេល​បាតុកម្ម​នោះ​ដែរ។​

មេធាវីការ​ពារជន​រងគ្រោះ​គឺអ្នក​ស្រី សារី ​បុត្រ​ចរិយា​មិនបាន​ធ្វើ​អត្ថាធិប្បាយ​ទេ​បន្ទាប់​ពី​បញ្ចប់​សវនាការ៕
XS
SM
MD
LG