ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្តី​លោក​ឈូក ​បណ្ឌិត​បង្ហាញ​ថា​​ពលរដ្ឋ​គ្មាន​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌


លោក​ ឈូក បណ្ឌិត ​អតីត​អភិបាល​ក្រុង​បាវិត​
លោក​ ឈូក បណ្ឌិត ​អតីត​អភិបាល​ក្រុង​បាវិត​
ទោះជា​សាលា​ឧទ្ធរណ៍​បាន​តម្កល់​សាលក្រម​តុលាការ​សាលា​ដំបូង​ឲ្យ​លោក​ ឈូក បណ្ឌិត ​អតីត​អភិបាល​ក្រុង​បាវិត​ជាប់ឃុំ​មួយឆ្នាំ​និង​ពិន័យ​ជា​ទឹកប្រាក់​ខ្លះ​ ពី​បទ​បាញ់​ប្រហារ​កម្មករ​បីនាក់​ឲ្យ​រង​របួស​ធ្ងន់​មែន​ តែ​ក្រុម​មន្ត្រី​សិទ្ធិ​បាន​ដាក់​ សំណួរ​ទៅ​លើ​ការ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​កម្ពុជា​ ដោយសារ​តែ​គ្មាន​ការ​ចាប់​ខ្លួន​ គ្មាន​ការ​ចោទ​ប្រកាន់​ថ្មី​ និង​គ្មាន​ការ​ដាក់ទោស​បន្ថែម​ទៅ​លើ​បទ​ល្មើស​ធ្ងន់ធ្ងរ​នេះ។ ​

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ​ខ្លះ​បាន​អះអាង​ថា​ សាលា​ឧទ្ធរណ៍​គួរ​ចោទ​ប្រកាន់​ឈូក​ បណ្ឌិត​ពី​បទ​ប៉ុនប៉ង​មនុស្ស​ឃាត​ និង​គួរ​ចាប់ខ្លួន​ឈូក​ បណ្ឌិត​ មក​កាត់​ទោស​ចំពោះ​ការ​បាញ់​កម្មករ​រោងចក្រ​បី​នាក់​ឲ្យ​របួស​ធ្ងន់ធ្ងរ​នោះ ​ដោយ​និយាយ​ថា​ ការ​បណ្តោយ​ឲ្យ​ឈូក​ បណ្ឌិត​គេច​ខ្លួន​ ហើយ​នៅ​តែ​សម្រេច​ថា​ ជា​ការ​រាកៃ​កាំភ្លើង​នោះ​គឺ​ជា​សញ្ញា​ដែល​ការពារ​ជនល្មើស​មិន​ឲ្យ​មាន​ទោស​និង​ជា​ សញ្ញា​ដែល​គ្មាន​ឆន្ទៈ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ដែល​ត្រូវ​គេ​ចាត់​ទុក​ថា​ គ្មាន​ទំនុកចិត្ត​ពី​ប្រជាពលរដ្ឋ។​

លោក​ហ៊្វីល រ៉ប៊ឺតសុន​ នាយក​រង​អង្គការ​សិទ្ធិ​មនុស្ស​យូមែនរ៉ៃវ៉ច​ប្រចាំ​តំបន់​អាស៊ី ​បាន​ថ្លែង​ថា​ ជា​រឿង​ជាក់ស្តែង​ណាស់​ដែល​ថា ​ទំនាក់​ទំនង​របស់​ឈូក​ បណ្ឌិត​និង​មន្ត្រី​រដ្ឋាភិបាល​ធ្វើ​ឲ្យ​គាត់​រួច​ខ្លួន​ពី​ផ្លូវ​ច្បាប់។​

«ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​និង​ប្រព័ន្ធ​នយោបាយ​កម្ពុជា​បាន​ធ្វើ​ឲ្យ​ឈូក ​បណ្ឌិត​រួច​ ខ្លួន​ស្ងាត់ៗ​ តាម​វិធី​សមរម្យ​មួយ។ ​រឿងនេះ​បង្ហាញ​ឲ្យ​ឃើញថា ​វប្បធម៌​គ្មាន​ទោស​ពៃរ៍​កំពុង​រស់រាន​ក្នុង​ប្រទេស​កម្ពុជា​យ៉ាង​ល្អ។ ​រឿង​នេះ​លើក​ឡើង​អំពី​សំណួរ​ជា​មូលដ្ឋាន​នានា​អំពី​នីតិរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ថា​ ប្រសិន​បើ​ ខ្ញុំ​ជា​រដ្ឋាភិបាល​ផ្តល់​ជំនួយ​កម្ពុជា ​ខ្ញុំ​បារម្ភ​ណាស់​អំពី​ករណី​នេះ​ ដែល​គ្មាន​លទ្ធភាព​ផ្តល់​យុត្តិធម៌​ជូន​ដល់​ពលរដ្ឋ​នៅ​ឯ​ជនបទ»។​

ប្រតិកម្ម​ដូចនេះ​កើត​ឡើង​ក្រោយ​ពេល​ដែល​សាលា​ឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ច័ន្ទ​បាន​តម្កល់​សាលក្រម​តុលាការ​ខេត្តស្វាយរៀង​ឲ្យ​ឈូក​ បណ្ឌិត​ជាប់​គុក​១​ឆ្នាំ​ពីបទ​ថា​ រាល​កៃ​កាំភ្លើង​ធ្វើ​ឲ្យ​របួស​កម្មករ​បីនាក់ ​និង​ពិន័យ​ជាបា្រក់​ជិត​១ម៉ឺន​ដុល្លារ។​

លោក​រ៉ុប៊ឺតសុន​បាន​ស្តី​បន្ទោស​ថា​ ការ​សន្យា​របស់​រដ្ឋាភិបាល​ក្នុង​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ ដែល​ក្រុម​ប្រទេស​ផ្តល់​ជំនួយ​និង​ចង់បាន​យ៉ាង​ខ្លាំង​នោះ​ គឺ​បង្ហាញ​ ថា​ គ្មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​កែ​ទម្រង់​ទេ ​ជាក់ស្តែង​ការ​កាត់ទោស​ឈូក​ បណ្ឌិត​នេះ។​

«រដ្ឋាភិបាល​កម្ពុជា​ម្តង​ហើយ​ម្តងទៀត​បង្ហាញ​ពី​ការ​គ្មាន​ការ​ចាប់​អារម្មណ៍​អំពី​ការ​កែ​ទម្រង់​ទេ។ ​តែ​រដ្ឋាភិបាល​ចាប់​អារម្មណ៍​ក្នុង​ការ​រក្សា​អំណាច​ដល់​ក្រុម​មន្ត្រី​ខ្លះ​ ហើយ​មន្ត្រី​ទាំងនោះ​កាន់តែ​មាន​ឆន្ទៈ​ក្នុងការរំលោភ​សិទ្ធិ​មនុស្ស។​ រឿង​នេះ​មាន​ន័យ​ថា​ ពួក​នៅ​តែ​កាន់​អំណាច​ដដែល»។​

លោក​នី ចរិយា ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​អង្គការ​សិទ្ធិ​មនុស្ស​អាហុក​ បាន​អះអាង​ ថា​ សាលា​ឧទ្ធរណ៍​ខកខាន​ក្នុង​ការ​បំពេញ​កិច្ចការ​របស់​ខ្លួន។​

«ទី១​គឺ​ទាក់ទង​ទៅនឹង​រឿង​ដែល​ថា ​ថ្វី​បើ​សាលា​ឧទ្ធរណ៍​បាន​ដឹង​ជាមុន​ថា ​ឈូក បណ្ឌិត​ប្រាកដ​ជា​មាន​បទល្មើស ​បាន​ប្រព្រឹត្ត​បទល្មើស​ តែ​សាលា​ឧទ្ធរណ៍​នៅតែ​សម្រេច​បង្វិល​ឲ្យទៅ​សាលា​ដំបូង​វិញ​ហ្នឹង។ ការ​សម្រេច​បែបនេះ​បាន​បង្ហាញ​ច្បាស់​ហើយ​ថា​ សាលា​ឧទ្ធរណ៍​ហ្នឹង​រក​ឃើញ​បទល្មើស​ថា​ ឈូក បណ្ឌិត​បាន​ប្រព្រឹត្ត​បទល្មើស​ តែ​នៅ​ពេលនោះ​សាលា​ ឧទ្ធរណ៍​បាន​ខកខាន​មិនបាន​ធ្វើការ​ឃុំខ្លួន​ឈូក ​បណ្ឌិត​ដើម្បីឲ្យ​មាន​លទ្ធភាព​ឲ្យ​មាន​ការ​នាំខ្លួន​ឈូក​ បណ្ឌិត​យកមក​បើក​សវនាការ​ទេ។ ​នេះ​ចំណុច​ទី១។ ​ចំណុច​ទី២​ យើង​ឃើញ​ថា​ ឈូក ​បណ្ឌិត​នៅមាន​លទ្ធភាព​ច្រើន​ក្នុង​ការ​គេច​ខ្លួន»។​

លោក​អះអាង​ថា​ ការ​តាំង​ចិត្ត​របស់​រដ្ឋាភិបាល​កាលពី​៨​ឆ្នាំ​មុន​អាច​ធ្វើ​បាន​ដូចជា​រឿង​លោក​ហេង ពៅ ​អតីត​ស្នងការ​ប៉ូលិស​ ត្រូវ​គេ​តាម​ចាប់​ខ្លួន​ពី​ប្រទេស​ ម៉ាឡេស៊ី​ ដោយសារ​បទល្មើស​ឧក្រិដ្ឋកម្ម​មួយ​ចំនួន ​ហើយ​លោក​រ៉ុង ឈុន​ និង​លោក​ប៉ាង ងួនទៀង​ សកម្មជន​លេចធ្លោ​ក្នុង​ប្រទេស​ដែល​ជាប់ចោទ​ពីបទរិះគន់​រដ្ឋាភិបាល​រឿង​ព្រំដែន​កាលពី​ឆ្នាំ​២០០៥ ​ត្រូវ​ចាប់​ខ្លួន​មួយ​រយៈ​ ពី​បន្ទាយ​មានជ័យ​និង​ពី​ទល់​ដែន​ប្រទេស​ឡាវ​និង​ខេត្ត​ស្ទឹងត្រែង​ជា​ដើម។​ ហើយ​លោក​បញ្ជាក់​ថា​ ហេតុអ្វី​រដ្ឋាភិបាល​ និង​អាជ្ញាធរ​មិន​អាច​ធ្វើ​បាន​ក្នុង​ករណី​លោក​ឈូក​ បណ្ឌិត?​ នេះ​ជាការ​មួយ​ដែល​លោក​អះអាង​ថា​ ជា​ការ​ខកចិត្ត។​

លោក​នី ចរិយា​បាន​អះអាង​បន្ថែម​ថា​ រឿងនេះ​ជាការ​ដែល​វប្បធម៌​គ្មាន​ទោសពៃរ៍​ នៅ​តែ​កើត​ឡើង​បន្ត​និង​ជា​ការ​ដែល​គា្មន​ការ​ទុកចិត្ត​ថា​ កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​អាចធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជឿជាក់​បាន។​

«អ្នក​មាន​ អ្នក​មាន​អំណាច ​អ្នកមាន​ខ្នង​គឺត្រូវ​រួចខ្លួន​ ប៉ុន្តែ​អ្នក​ដែល​គ្មាន​អំណាច​ ប្រជាជន​សាមញ្ញ ​ទោះបី​ខុសក្តី ​ត្រូវក្តី​ ឲ្យតែ​មាន​ការ​ចោទប្រកាន់​ត្រូវតែ​ ជាប់​ពន្ធនាគារ​ ដូចជា​អ្នកស្រី​យ៉ោម បុប្ផា​ជាដើម»។​

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​ប្រៀប​ធៀប​សំណុំ​រឿង​លោកស្រី​យ៉ោម បុប្ផា​ អ្នកភូមិ​ បឹងកក់​ដែល​គ្រាន់តែ​តវ៉ា​រឿង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ ត្រូវ​ចាប់​ដាក់គុក​យ៉ាង​យូរ ​ដោយ​គ្មាន​ការ​ដោះលែង​ តែ​សំណុំ​រឿង​ឈូក​ បណ្ឌិត​បាញ់​កម្មករ ​ត្រូវ​ កាត់​ទោស​ឲ្យ​ជាប់​គុក១​ឆ្នាំ ​ហើយ​មិនត្រូវ​បាន​ចាប់​ខ្លួន​មក​ដាក់​គុក​ទៀត។​

លោក​អំ សំអាត ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ ថ្លែង​ថា​ ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​នេះ​មិន​បាន​ផ្តល់​យុត្តិធម៌​ពេញលេញ​ដល់​ជន​រងគ្រោះ​ទេ។​

«បើ​យើង​ពិនិត្យ​មើល​ភាព​អត្តនោម័ត ​សត្យានុម័ត​របស់​លោក​ឈូក បណ្ឌិត​គួរ​ណាស់​តែ​ចោទ​ពីបទ​ប៉ុនប៉ង​មនុស្សឃាត​ ពីព្រោះ​យើង​ឃើញ​ថា​ ជន​រងគ្រោះ​បីនាក់​នៅ​កន្លែង​ផ្សេង​គ្នា​ ហើយ​ត្រូវ​បាញ់​ឱ្យ​របួស​ធ្ងន់ធ្ងរ​ទាំងបី​ ដូច្នេះ​បើ​ថា​ ជា​ការ​បង្ក​របួសស្នាម​ដោយ​អចេតនា​ទាល់តែ​កាំភ្លើង​របស់គាត់​ នៅ​ក្នុង​ចង្កេះ​មិន​បាន​ដក​យកមក​បាញ់​ហើយ​វារៀល​កៃ ​ប៉ុន្តែនេះ​គាត់​ដក​ យកមក​បាញ់គេ ​មនុស្ស​បីនាក់​នៅ​កន្លែងផ្សេងគ្នា​ ហើយ​បាញ់​ត្រូវ​ទាំងអស់។ ​ វា​ជា​បទ​ប៉ុនប៉ង​មនុស្ស​ឃាត។ ​ដូច្នេះ​យុត្តិធម៌​មិន​ពេញលេញ​ទេ​សម្រាប់​ ជន​រងគ្រោះ​នៅ​ពេលនេះ»។​

ប្រទេស​កម្ពុជា​ប្តេជ្ញា​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ជាច្រើន​ឆ្នាំ​ហើយ ​តែក្រុម​អ្នក​ ច្បាប់​ខ្លះ​បាន​អះអាង​ថា​ ប្រសិទ្ធិភាព​នៃ​ការ​កែទម្រង់​អាច​ធ្វើ​ទៅបាន​ ទាល់តែ​តុលាការ ​ឬ​មន្ត្រី​មិន​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​គណបក្ស​នយោបាយ​ មន្ត្រី​តុលាករ​មិន​មែន​ជា​សមាជិក​គណបក្ស​ មន្ត្រី​តុលាការ​ត្រូវ​មាន​ប្រាក់ខែ​សមរម្យ​ ហើយ​ច្បាប់​សហ​លក្ខន្តិកៈ​ចៅក្រម​និង​ព្រះរាជ​អាជ្ញា​ដែល​មិនទាន់​មាន​នោះ​ ត្រូវតែ​បង្កើត​ឡើង៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG