ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ក្រុង​ភ្នំពេញ​ត្រៀម​រំឭក​ខួប​ជនរងគ្រោះ​ស្លាប់​នៅ​កោះពេជ្រ


និស្សិត​ដាក់​កម្រង​ផ្កា​​កាល​ពី​ថ្ងៃ​ទី​២៥ វិច្ឆិកា ២០១០ ដើម្បី​ក្នុង​អំឡុង​ពិធី​រំឮក​ដល់​អ្នក​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​ដ៏​រន្ធត់​ដែល​បាន​សម្លាប់​អ្នក​ចូល​រួម​បុណ្យ​អុំ​ទូក​ប្រមាណ​៣៥៣​នាក់ កាល​បី​ប៉ុន្មាន​ថ្ងៃ​មុន​នោះ។
និស្សិត​ដាក់​កម្រង​ផ្កា​​កាល​ពី​ថ្ងៃ​ទី​២៥ វិច្ឆិកា ២០១០ ដើម្បី​ក្នុង​អំឡុង​ពិធី​រំឮក​ដល់​អ្នក​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​ដ៏​រន្ធត់​ដែល​បាន​សម្លាប់​អ្នក​ចូល​រួម​បុណ្យ​អុំ​ទូក​ប្រមាណ​៣៥៣​នាក់ កាល​បី​ប៉ុន្មាន​ថ្ងៃ​មុន​នោះ។
រយៈពេល​បី​ឆ្នាំ​ក្រោយ​ពី​ការ​រត់​ជាន់​គ្នា​នៅ​លើ​ស្ពាន​ពេជ្រ​នៃ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ​ សាលាក្រុង​ភ្នំពេញ​បាន​ប្រកាស​ថា​ គ្រោង​នឹង​និមន្ត​ព្រះ​សង្ឃ​ប្រមាណ​១០៨​អង្គ​ដើម្បី​ធ្វើ​ពិធី​តាម​បែប​ព្រះ​ពុទ្ធសាសនា​គម្រប់​ខួប​បី​ឆ្នាំ។

លោក​ ឡុង​ ឌីម៉ង់​ អ្នកនាំ​ពាក្យសាលា​ក្រុង​ភ្នំពេញ​បាន​បញ្ជាក់​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ សាលា​ក្រុង​ភ្នំពេញ​នឹង​រៀប​ចំ​ធ្វើ​ពិធី​បុណ្យ​បង្សុកូល​និង​រាប់​បាត​ព្រះ​សង្ឃ​ដើម្បី​ជា​ការ​រំឭក​ខួប​ព្រឹត្តិការណ៍​នៃ​ការ​រត់ជាន់​គ្នា​នៅ​លើ​ស្ពាន​ពេជ្រ។​

លោក​បាន​បញ្ជាក់​ថា៖ «​ដឹង​ហើយ​ថា​ព្រះពុទ្ធសាសនា​ជាសាសនា​របស់​រដ្ឋ​យើង​ប្រកាន់​ខ្ជាប់​អញ្ចឹង។​ធម្មតា​បើមាន​បញ្ហា​អ្វី​មួយ​កើត​ឡើង​រហូត​ដល់​មាន​ស្លាប់​ជាការ​ធម្មតា​ដែល​យើង​រៀប​ចំធ្វើ​ពិធី​រំឭក​ខួប​ហ្នឹង»។​

កាល​ពី​ថ្ងៃ​ទី​២២​ខែ​វិច្ឆិកា​ឆ្នាំ​២០១០​នៅ​ថ្ងៃ​បញ្ចប់​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​និង​អក​អំបុកមាន​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​ដ៏​គួរ​ឱ្យ​រន្ធត់​មួយ​នៅ​លើ​ស្ពាន​ពេជ្រ​នៃ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ។​

មាន​មនុស្ស​ប្រមាណ​៣៥៣​នាក់ដែល​ភាគ​ច្រើន​ជា​យុវជន​បាន​ស្លាប់​បាត់​បង់​ជីវិត​និង​ជិត​៤០០​នាក់​ផ្សេង​ទៀត​បាន​រង​របួស។ ​មាន​ជន​រង​គ្រោះ​ខ្លះបានធ្លាក់​ខ្លួន​ពិការ​ដល់​សព្វ​ថ្ងៃ​ដោយ​សារ​ជាន់​ពី​លើ​គ្នា។​

លោក​យ៉ែម បុញ្ញឬទ្ធិ​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា​នៅ​ល្ងាចថ្ងៃ​សុក្រនេះ​គណបក្ស​នឹង​បើ​កិច្ច​ប្រជុំ​ពិភាក្សា​ដើម្បី​សម្រេច​ធ្វើ​ពិធី​បុណ្យ​ខួប​៣ឆ្នាំ​នៃ​ការ​រត់​ជាន់​គ្នា​នៅ​លើកោះ​ពេជ្រ។​

លោក​បាន​ឱ្យ​ដឹង​ថា​ សោក​នាដកម្ម​នៅ​លើ​កោះ​ពេជ្រ​ជា​ព្រឹត្តិ​ការណ៍​មួយ​មិន​អាច​បំភ្លេច​បាន​ហើយ​អ្នក​ទទួល​ខុស​ត្រូវ​គួរ​តែ​ត្រូវ​បាន​នាំ​ខ្លួន​មក​ផ្តន្ទាទោស។​

លោក​និយាយ​ថា៖ «យើង​មាន​ការ​សោក​ស្តាយ​ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ​បន្តិច​សោះ។ ​ប្រជា​ពលរដ្ឋ​ខ្មែរ​ស្លាប់​រាប់​រយ​នាក់​ រាល់​លើក​ឱ្យ​តែ​មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​ស្លាប់​គេ​មិន​ដែល​វែក​មុខ​រក​អ្នក​ទទួល​ខុស​ត្រូវ​ពិត​ប្រាកដ​ទេ»។​

គ្មាន​មន្ត្រី​រដ្ឋាភិបាល​និង​សមត្ថកិច្ច​ណា​ម្នាក់​ទទួល​កំហុស​ទេ​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​កាល​នោះ​ចេញ​មុខ​ការពារ​ថា​ជាការ​ទទួល​ខុស​ត្រូវ​រួម ​មិន​មែន​មាន​កំហុស​ណា​ម្នាក់​ទេ។​


លោក​ សួង សោភ័ណ្ឌ​ប្រធាន​ក្រុម​យុវជន​ខាង​គណបក្ស​ប្រឆាំង​បាន​ហ៊ាន​ចេញ​មុខ​ប្តឹង​លោក​កែប ជុតិមា​ អតីត​អភិបាល​ក្រុង​ភ្នំពេញ​ លោក​ទូច ណារុថ​ ​អតីត​ស្នងការ​ក្រុង​និង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ទៅ​កាន់​តុលាការ​ក្រុង​ភ្នំពេញ​ពី​បទ​មនុស្ស​ឃាត​គិត​ទុក​ជាមុន​ពាក់​ព័ន្ធ​នឹង​សោកនាដ​កម្ម​នៅលើ​កោះ​ពេជ្រ។​

តុលាការ​ក្រុង​ក្រោយ​មក​បាន​ទម្លាក់​ចោល​ពាក្យ​បណ្តឹង​របស់​លោក​សួង​ សោភ័ណ្ឌ​ដោយ​ចាត់​ទុក​ថា​ពុំមាន​ភស្តុតាង​គ្រប់គ្រាន់​តាម​ទម្រង់​ច្បាប់។​

លោក​ សួង​ សោភ័ណ្ឌ​ក្រោយ​មក​បាន​ព្រមាន​ថា​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការ​យុត្តិធម៌អន្តរជាតិ​តែ​ក្រោយ​មក​បាន​ស្ងប់​ស្ងាត់​ទៅ​វិញ។​

លោក​បាន​បញ្ជាក់​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​លោក​មិន​នៅ​ស្ងៀមទេ​ពាក់​ព័ន្ធ​នឹង​សោកនាដ​កម្ម​នេះ​
លោក​និយាយ​ថា៖​ «សូម​បញ្ជាក់​ថា​ខ្ញុំ​អត់បាន​នៅ​ស្ងៀម​ទេ​ហើយ​ក្រោយ​ពីការ​ប្រមូល​ភស្តុតាង​យ៉ាង​លម្អិត​ហើយ​នឹង​មាន​ការ​គាំទ្រ​ពី​ក្រុម​របស់​ខ្ញុំ។ យុវជន​យើង​ច្រើន​ហើយ​ខ្ញុំ​នឹង​ដាក់​ពាក្យ​បណ្តឹង​នេះ​ទៅ​តុលាការ​អន្តរជាតិ​ជា​ដាច់​ខាត»។​

លោក​កែប ជុតិមា​ និង​លោក​ទូច ណារុថ​ ក្រោយ​មក​ប្រមាណ​ជិត​ពីរ​ឆ្នាំ​បាន​ធ្លាក់​ចេញ​ពី​មុខ​តំណែង​ក៏​ប៉ុន្តែ​គ្មាន​ប្រភព​បញ្ជាក់​ថា​អ្នក​ទាំង​ពីរ​ធ្លាក់​ពី​មុខ​តំណែង​ដោយសារ​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​នៅ​កោះពេជ្រ​ទេ៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG