ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាផ្លូវការថា មូលហេតុដែលបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងសោកសៅនៅលើស្ពានពេជ្រនៃមជ្ឈមណ្ឌលកំសាន្តកោះពេជ្រ គឺបានកើតឡើងដោយសារការស្លន់រត់ជាន់គ្នា។
លោកឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានអនុគណៈកម្មការស៊ើបអង្កេតលើឧបទ្ទវហេតុដែលកើតមានឡើងនៅតំបន់កោះពេជ្រ បានថ្លែងប្រាប់អង្គសន្និសីទកាសែត នៅថ្ងៃច័ន្ទនេះថា មូលហេតុជាផ្លូវការដែលបណ្តាលឲ្យប្រជាពលរដ្ឋស្លាប់និងរងរបួសកាលថៃ្ងទី២២ ខែវិច្ឆិកា កន្លងទៅនេះគឺដោយសារតែការជ្រួលច្របល់ និងរត់ជាន់គ្នា។
«គាត់មនុស្សបេះដូងមកលើកម្លាំងមកលើខ្លួនទៅ សាច់ដុំ ដែលត្រូវដកដង្ហើមវាកម្រើកលែងរួច អញ្ចឹងគាំងដកដង្ហើមអត់រួចធ្វើឲ្យថប់ដង្ហើម។ សាច់ដុំដែលត្រូវធ្វើឲ្យកម្រើកដកដង្ហើមនោះ ដកដង្ហើមលែងរួច។ ហើយវាប៉ះពាល់ដល់គ្រឿងក្នុង អាចថា ចេញឈាមនៅខាងក្នុងហូរហែអញ្ចឹង ដែលធ្វើឲ្យរបួសធ្ងន់របួសស្រាល»។
កាលពីថ្ងៃទី២២ ខែវិច្ឆិកាកន្លងទៅនេះ គឺនៅថ្ងៃបញ្ចប់នៃពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ មានឧបទ្ទវហេតុរត់ជាន់គ្នាមួយ ដែលបានកើតមានឡើងនៅលើស្ពានពេជ្រនៃមជ្ឈមណ្ឌលកំសាន្តកោះ ពេជ្រ ដែលរហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់ផ្លូវការបានកើនឡើងរហូតទៅដល់៣៥១នាក់ និង ៣៩៥នាក់ផ្សេងទៀត បានទទួលរងរបួស ក៏ប៉ុន្តែពុំមានចំនួនអ្នកបាត់ខ្លួននោះទេ។
ក្រោយពីឧបទ្ទវហេតុនេះ កើតឡើងរដ្ឋាភិបាលកម្ពុជា បានបង្កើតអនុគណៈកម្មការចំនួនបី គឺអនុ គណៈកម្មការដោះស្រាយបន្ទាន់ អនុគណៈកម្មការពិនិត្យ និងកោសល្យវិច័យ និងចុងក្រោយគេ គឺអនុគណៈកម្មការស្រាវជ្រាវ ពិនិត្យ និងវាយតម្លៃសាកសព។
អនុគណៈកម្មការទាំងបីនេះ បានប្រើរយៈពេលចំនួនប្រាំបីថ្ងៃ ដើម្បីធ្វើការស៊ើបអង្កេតរបស់ខ្លួនទៅលើឧបទ្ទវហេតុ ដែលកើតមានឡើងនៅលើតំបន់កោះពេជ្រនេះ។ នៅថ្ងៃច័ន្ទនេះ រដ្ឋាភិបាលកម្ពុជា បានបញ្ចប់នូវមន្ទិលសង្ស័យទាំងឡាយជុំវិញឧបទ្ទវហេតុនេះ។
លោកឧបនាយករដ្ឋមន្រ្តី សុខ អាន បានថ្លែងថា តាមការសិក្សាស្រាវជ្រាវជនរងគ្រោះបានស្លាប់ បាត់បង់ជីវិតដោយសារតែការថប់ដង្ហើមបណ្តាលមកពីមនុស្សច្រើនកុះករពេក។
លោក សុខ អាន បានច្រានចោលការសង្ស័យនានាថា ការស្លាប់បាត់បង់ជីវិតរបស់ប្រជាពលរដ្ឋ មានជាប់ពាក់ព័ន្ធនឹងការឆក់ចរន្តអគ្គិសនី ឬក៏ជាប់ពាក់ព័ន្ធ និងអំពើភេរវកម្ម។
«មិនមានរឿងឆក់ខ្សែភ្លើង ឬមិនមានរឿងប៉ះពាល់ដោយអាវុធ ឬដោយអ្វីទេ បញ្ជាក់ច្បាស់ហើយ មូលហេតុស្លាប់ គឺការជាន់គ្នា។ ហើយការជាន់គ្នាថប់ដង្ហើម ដោយសាច់ដុំវាធ្វើចលនាអត់បាន បានន័យថា សង្កត់សម្ពាធគ្នាខ្លាំងទៅគឺដោយសាច់ដុំធ្វើការមិនបានថប់ដង្ហើម មិនមែនថប់ដង្ហើមដោយ សារគេខ្ទប់ច្រមុះទេ ថប់ដង្ហើមដោយមូលហេតុសាច់ដុំដែលធ្វើការវាត្រូវកៀបសង្កត់ដកធ្វើការមិនរួច»។
លោកម៉ម ប៊ុនហេង អនុប្រធានគណៈកម្មការពិនិត្យនិងកោសល្យវិច័យ និងជារដ្ឋមន្រ្តីក្រសួង សុខាភិបាលបានមានប្រសាសន៍ថា តាមការពិនិត្យសាកសពជនរងគ្រោះបានស្លាប់បាត់បង់ជីវិត ដោយ សារតែមានស្នាមជាំយ៉ាងច្រើនកន្លែងនៅត្រង់មុខ ធ្លាយពោះ ហូរឈាមតាមមាត់ និងត្រចៀក និងបាក់ជើងជាដើម។
«មិនមានសញ្ញាណបញ្ជាក់ថាមានការរលាកដោយសារការឆក់ខ្សែភ្លើងទេ ការពិនិត្យឈាម បញ្ជាក់ថា មានការបាត់បង់ជាតិទឹក។ ដូច្នេះ គឺលទ្ធផលកោសល្យវិច័យ គឺស្ទះចង្អៀត ដួលសង្កត់ជាន់លើគ្នា ទាំងទទឹង និងលើក្រោម បណ្តាលឲ្យថប់ដង្ហើមដោយសារការកៀបសង្កត់នេះ»។
លោក ព្រំ សុខា ប្រធានអនុគណៈកម្មការស្រាវជ្រាវពិនិត្យ និងវាយតម្លៃសាកសព បានមានប្រសាសន៍ប្រាប់អង្គសន្និសីទកាសែតថា នៅថ្ងៃបញ្ចប់នៃពិធីបុណ្យអុំទូកនេះ មានមនុស្សច្រើនខុសពីថ្ងៃទីមួយ និងថ្ងៃទីពីរ។
លោកបានមានប្រសាសន៍ថា នៅយប់ថ្ងៃកើតហេតុនៅលើស្ពានពេជ្រនៃមជ្ឈមណ្ឌលកោះពេជ្រនេះ មានមនុស្សចំនួនប្រមាណពី៧.០០០នាក់ ទៅ ៨.០០០នាក់ ហើយគិតជាមធ្យមក្នុងមួយម៉ែត្រការ៉េ មានមនុស្សប្រមាណពី ១០នាក់ ទៅ១២នាក់។
«បានកកកុញ ការធ្វើចរាចរណ៍បញ្ច្រាសទិសគ្នានៅលើស្ពានតែមួយ បណ្តាលឲ្យកកស្ទះ ហើយបានរុញច្រានគ្នាទៅវិញទៅមកថប់ដង្ហើមហើយមានអ្នកខ្លះខ្យល់គរ ចំពេលនោះគឺមានការស្រែកថា ស្ពានបាក់ ដាច់ខ្សែកាប ឆក់ខ្សែភ្លើង។ល។ ដែលធ្វើឲ្យមាន យើងហៅថា ភាពឆោឡោស្លន់ស្លោប្រជ្រៀតជាន់គ្នា»។
ស្ពានពេជ្រដែលមានទីតាំងនៅក្នុងមជ្ឈមណ្ឌលកំសាន្តកោះពេជ្រនេះមានទទឹងជាងប្រាំពីរម៉ែត្របណ្តោយប្រមាណ១០១ម៉ែត្រនិងផ្ទៃក្រឡាប្រមាណ៧២៣ ម៉ែត្រការ៉េ។ ស្ពាននេះអាចផ្ទុកទម្ងន់ពី៥០០ ទៅ៦០០តោន៕