ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​ត្រូវ​បាន​ប្តឹង​ពី​បទ​ទទួល​ខុស​ត្រូវ​ចំពោះ​ឧបទ្ទេវហេតុ​បុណ្យ​អុំទូក​


លោក សួង សុភណ្ឌ​ប្រធាន​ក្រុម​យុវជន​គណបក្ស​ប្រឆាំង
លោក សួង សុភណ្ឌ​ប្រធាន​ក្រុម​យុវជន​គណបក្ស​ប្រឆាំង
ភ្នំពេញ៖ បន្ទាប់​ពី​លោក​ស្រី​ មូ សុខហួរ អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ លោក សួង សុភណ្ឌ​ប្រធាន​ក្រុម​យុវជន​គណបក្ស​ប្រឆាំង​គឺជា​មនុស្ស​ទី​២​ដែល​ហ៊ាន​ចេញ​មុខ​ប្តឹង​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ដ៏​មាន​ឥទ្ឋិពល​ដែល​ក្រុម​អ្នក​វិភាគ​បាន​និយាយ​ថា ទំនង​ជា​តុលាការ​មិន​ចាត់​ការ​ចំពោះ​ករណី​នេះ​ទេ។​
នៅ​ក្នុង​ពាក្យ​បណ្តឹង​មួយ​ច្បាប់​ដែល​មាន​ស្នាម​ផ្តិតមេដៃ​របស់​លោក​សួង សុភណ្ឌ​ដែល​អះ​អាង​ថា​ជា​តំណាង​ជន​រង​គ្រោះ​នៅ​កោះពេជ្រ បាន​ប្តឹង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ពី​បទឃាតកម្ម​គិត​ទុក​ជាមុន​ដែល​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​សា្លប់​ចំនួន​៣៥៣​នាក់ និង​រង​របួស​ជាង​៤០០​នាក់​នៅ​លើ​ស្ពាន​កោះពេជ្រ។​
ពាក្យ​បណ្តឹង​នេះ​បាន​ភ្ជាប់​ជាមួយ​ខ្សែ​វីឌីអូ រូបថត និង​ការ​បង្កើត​គណៈកម្មការស៊ើប​អង្កេត​របស់​រដ្ឋាភិបាល និង​ការ​មិន​អនុញ្ញាត​ឲ្យ​អង្កការ​ជាតិ និង​អន្តរជាតិ​ចូលរួម​ស៊ើបអង្កេត។​
លោក​សួង សុភណ្ឌ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ក្រោយ​ពី​លោក​ដាក់​ពាក្យ​បណ្តឹង​នៅ​ពី​មុខ​តុលាការ​ថា​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន​ជាអ្នក​គ្រប់​គ្រង​ស្ថានការណ៍​ទាំង​អស់​នោះ​ក៏ប៉ុន្តែ​លោក​ហ៊ុន សែន​បាន​បណ្តោយ​ឲ្យមាន​មនុស្ស​ស្លាប់​ជាច្រើន​នាក់។​
លោក​បាន​បញ្ជាក់​ថា ដំបូង​លោក​ប្តឹង​លោក​ហ៊ុន សែន​ទៅ​កាន់​តុលាការ​ក្រុង​ភ្នំពេញ​សិន​ហើយ​នៅ​ក្នុង​អំឡុង​ខែ​ធ្នូ​ខាង​មុខ​លោក​នឹង​ប្តឹង​លោក​ហ៊ុន សែន​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ដែល​មាន​ឈ្មោះ​ថា​ICCនៅ​ប្រទេស​ហូ ឡង់។ លោក​មាន​ប្រសាសន៍​ថា​មាន​មន្ត្រី​បី​នាក់​ផ្សេង​ទៀត​ដែល​លោក​គ្រោង​នឹង​ដាក់​ពាក្យ​បណ្តឹង​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​ដូច​គ្នា​នេះ​ដែរ​គឺទី១​លោក​ គង់ សំអុល​រដ្ឋមន្ត្រី​ព្រះ​បរមរាជវាំង​ និង​ជា​ ប្រធាន​គណៈកម្មាធិការ​រៀបចំ​បុណ្យជាតិ លោក​កែប ជុតិមា​អភិបាល​ក្រុង​ភ្នំពេញ និង​លោក​ទូច ណារុថ​ អតីត​ស្នង​ការ​នគរបាល​ក្រុង​ភ្នំពេញ​ដែល​អ្នក​ទាំង​បួន​នាក់​នេះ​គឺ​ជា​អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​ ហើយ​សំខាន់​ជាងគេ​គឺ​លោក​ហ៊ុន សែន។​
«យើង​មាន​ការ​សោកស្តាយ​នៅ​ពេល​មាន​រឿង​កើត​ឡើងប្រមាណ​ម៉ោង​ជាង​៩​យើង​មិន​ឃើញ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន មាន​ចំណាត់​ការ​អ្វី​ទាំង​អស់​ក្រៅ​ពី​ការ​បូម​ទឹក​ ការ​បាញ់​ទឹក​ធ្វើ​ឲ្យ​ជន​រងគ្រោះ​ដក​ដង្ហើម​មិន​រួច​រិតតែ​ស្លាប់​បន្ថែម​ទៀត​ហើយ​លើស​ពី​នេះ​ទៅ​ទៀត​និយាយ​ឲ្យ​ចំទៅ​នៅ​ពេល​ដែល​កើត​ហេតុ​ក្រុម​នគរបាល និង​កង​កម្លាំង​មិនមាន​ទាល់​តែ​សោះ»។​
រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​មួយ​រូច​បាន​សន្និដ្ឋាន​ថា ជា​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​មិន​មែន​ជា​គម្រោង​សម្លាប់​គិត​ទុក​ជាមុន​ឬ​ក៏​ការ​វាយ​ប្រហារ​តាម​របៀបភេរវកម្មទេ។
ក្រោយ​មក​ស្ពាន​ពេជ្រ​ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ និង​រង​របួស​ជិត​១.០០០​នាក់​ត្រូវ​បាន​វាយកម្ទេច​ចោល។ លោក​សួង សុភណ្ឌ​ចាត់​ទុក​ថា នេះ​ជាការ​បំបិទ​ភស្តុតាង​របស់​រដ្ឋាភិបាល។​
លោក​ជីវ កេង​ ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​មិន​អាច​ទាក់​ទង​សុំ​សេចក្តី​អត្ថាធិប្បាយ​បាន​ទេ​នៅ​ថ្ងៃ​សុក្រ​នេះ។​
លោក​ ផៃ ស៊ីផាន​អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​បាន​និយាយ​ថា ការ​ដាក់ពាក្យ​បណ្តឹង​នេះ​ជា​យុទ្ឋនាការ​ឃោសនា​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​ដើម្បី​ឲ្យ​មាន​ភាព​ល្បីល្បាញ​តាម​រយៈព័ត៌មាន​តែ​ប៉ុណ្ណោះ។ លោក​បាន​អះអាង​ថា ពាក្យ​បណ្តឹង​នេះ​មិន​មាន​មូលដ្ឋាន​គ្រឹះ​គ្រប់​គ្រាន់​ក្នុង​ការ​ចោទ​ប្រកាន់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែនទេ។​
«អ្វីដែល​យុវជន​គណបក្ស​ប្រឆាំង ឬគណបក្ស​ឧទ្ទាម​គេធ្វើ​ឲ្យមាន​ចលនា​ហ្នឹង​គឺដើម្បី​ទាក់​ទាញ​សមាន​ចិត្ត​សារធារណៈ​ជន​ថា គេ​អ្នក​ក្លាហាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជន​រង​គ្រោះ​ហ្នឹង​ណាស់​ទោះ​បី​ជា​គេ​មិន​បាន​ឲ្យ​មួយ​រៀល​ដល់​ជន​រងគ្រោះ​ក៏ដោយ»។​
លោក​រស់ គង់ អ្នករស់​រាន​មាន​ជីវិត​មួយ​រូប​នៅ​ក្នុង​ហេតុការណ៍​រត់​ជាន់​គ្នា​នោះ​បាន​និយាយ​ថា​បើ​មាន​អ្នក​ដែល​ប្រព្រឹត្ត​នៅ​ពី​ក្រោយ​មែន​គួរ​តែ​ត្រូវ​ផ្តន្ទាទោស។​
«ទឹក​ចិត្ត​ខ្ញុំ ប្រសិន​បើ​មាន​រឿង​ហេតុ​ឬក៏កត្តា​ជំរុញ​បុគ្គល​នៅ​ពី​ខាង​ក្រោយ​ជំរុញ​ឲ្យ​មាន​ហេតុ​ផល​ហ្នឹង​គួរ​តែ​មាន​ការ​សិក្សា​ស្រាវ​ជ្រាវ​ឲ្យ​ច្បាស់។ ហើយ​ប្រសិន​ជា​មាន​អ្នក​ប្រព្រិត្តិ​នៅ​ពី​ក្រោយ​មែន​គួរ​តែ​ស្វែង​រក និង​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់»។​
រដ្ឋាភិបាល​កម្ពុជា​បាន​សាង​សង់​ស្តូប​អនុស្សាវនីយ៍​មួយ​នៅ​ក្បែរ​កន្លែង​ស្ពាន​ពេជ្រ​ក៏ប៉ុន្តែ​មិន​បាន​ប្រារព្វ​ខូប​នៃ​ការ​ស្លាប់​បាត់​បង់​ជិវិត​ដល់​ជន​រងគ្រោះ​ទេ​ក្នុង​រយៈ​ពេល​ពីរឆ្នាំ​កន្លង​ទៅ​នេះ៕
XS
SM
MD
LG