ក្រុមពលរដ្ឋខ្មែរ-អាមេរិកាំងក្នុងតំបន់ជុំវិញរដ្ឋធានីវ៉ាស៊ីនតោនបានជួបជុំគ្នាដើម្បីរៃអង្គាសថវិកាសម្រាប់ជួយដល់ជនរងគ្រោះពីការរត់ជាន់គ្នានៅតំបន់កោះពេជ្រ និងឧបត្ថម្ភដល់ក្រុមគ្រួសារអ្នកដែលបានស្លាប់បាត់បង់ជីវិតទៅ។
នៅក្នុងការជួបជុំកាលពីរាត្រីថ្ងៃសៅរ៍ដែលធ្វើឡើងក្នុងសណ្ឋាគារមួយនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនក្រុមអ្នករៀបចំដែលមកពីសមាគមអង្គរបានស្នើសុំអ្នកចូលរួមឱ្យបន្តជួយដល់ជនរងគ្រោះតំបន់កោះពេជ្រឱ្យបានជាប់ជាប្រចាំ។
លោក កែវ ថម អនុប្រធានសមាគម និងជាអ្នករៀបចំម្នាក់បានបញ្ជាក់ថា របៀបចាត់ចែងមូលនិធិដែលប្រមូលបាននឹងមានលក្ខណៈខុសពីការជួយឧបត្ថម្ភដែលគេបានធ្វើកន្លងមក គឺតំណាងសមាគមនឹងស្វែងរកក្រុមគ្រួសារដែលត្រូវការការឧបត្ថម្ភក្នុងការព្យាបាលនិងកូនជនរងគ្រោះដែលត្រូវការថវិកាសម្រាប់យកទៅសិក្សាជាដើម។ លោកបន្តថា៖
«ការណ៍ដែលយើងចង់ជួយអ្នករងគ្រោះ និងសមាជិកនៃក្រុមគ្រួសារជនរងគ្រោះគឺយើងចង់ជួយតាមរបៀបផ្តល់អាហារូបករណ៍ ដោយយើងចង់ឱ្យអ្នករងគ្រោះទាំងអស់បំពេញនូវពាក្យសុំ រៀបរាប់អំពីប្រវត្តិនៃក្រុមគ្រួសារដែលបាត់បង់ជីវិតឬក៏របួសយើងនឹងធ្វើការពិនិត្យពិច័យហើយយើងនឹងជួយលៃលកទៅតាមលទ្ធភាពដែលយើងអាចធ្វើទៅបាន»។
ក្នុងកម្មវិធីដែលមានការប្រគុំតន្រ្តីដើម្បីទាក់ទាញឱ្យមានអ្នកចូលរួមច្រើនក្រុមអ្នករៀបចំក៏មានបោះពុម្ពជាប្រតិទិនដាក់លក់យកថវិកាសម្រាប់ដាក់ចូលក្នុងការរៃអង្គាសនោះដែរ។
លោក កែវ ថម បានបញ្ជាក់បន្ថែមថា ការជួយឧបត្ថម្ភនេះនឹងបន្តជាប់ជារៀងរហូតមិនកំណត់ឈប់ត្រឹមតែកម្មវិធីមួយនេះទេ។
«គឺយើងបន្តរៃអង្គាសលុយដើម្បី បានបន្ថែមទៅជួយដល់អ្នករងគ្រោះនោះគឺយើងនៅតែបន្តធ្វើការរៃអង្គាសលុយដើម្បី នឹងយកលុយទាំងនោះទៅ ជួយឱ្យបានច្រើនតទៅទៀត»។
ក៏មានការដាក់លក់ម្ហូបដល់អ្នកដែលចូលរួមនិងសំបុត្រចូលផងដែរដែលថវិកាខ្លះនឹងដាក់ចូលក្នុងផ្នែកនៃការរៃអង្គាស។
មានជនរងគ្រោះដែលបាត់បង់ជីវិតពីការរត់ជាន់គ្នានៅតំបន់កោះពេជ្រដែលបានកើតឡើងកាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកាចំនួន៣៥៣នាក់និងមានអ្នករបួសជិត៤០០នាក់។ រហូតមកដល់ពេលនេះមានអ្នករបួសជិត៦០នាក់ទៀតនៅកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យមួយចំនួនក្នុងទីក្រុងភ្នំពេញនៅឡើយ។
លោក ហែម ហេង ឯកអគ្គរាជទូតខ្មែរប្រចាំនៅសហរដ្ឋអាមេរិកដែលបានចូលរួមក្នុងពិធីនោះ បានបញ្ជាក់នូវការសោកស្តាយរបស់លោកចំពោះហេតុការណ៍នោះ ហើយបានថ្លែងអំណរគុណដល់ពលរដ្ឋខ្មែរ-អាមេរិកដែលបានរួមគ្នាបន្តជួយដល់ជនរងគ្រោះទាំងនោះនិងក្រុមគ្រួសាររបស់ពួកគេ។
កម្មវិធីកាលពីរាត្រី ថ្ងៃសៅរ៍បានទាក់ទាញអ្នកចូលរួមជិត២០០នាក់ និងមានតំណាងមកពីសមាគមផ្សេងៗទៀតផងដែរ៕