ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍៖ ចំនួន​សត្វ​ស្លាប​នៅ​អាមេរិក​ធ្លាក់ចុះ


រូបឯកសារ៖ សត្វបក្សី magpie នៅអាឡាស្កា។
រូបឯកសារ៖ សត្វបក្សី magpie នៅអាឡាស្កា។

ចំនួន​សត្វ​ស្លាប​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​កំពុង​ធ្លាក់ចុះ​ក្នុង​អត្រា​គួរឱ្យ​ព្រួយ​បារម្ភ។ នេះ​បើ​យោង​តាម​របាយការណ៍​មួយ​របស់​សម្ព័ន្ធភាព​អង្គការ​វិទ្យាសាស្ត្រ​និង​អភិរក្ស​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី ១៣ ខែ​មីនា​កន្លង​ទៅ​នេះ។

ការ​បាត់បង់​ជម្រក​និង​ការ​ប្រែប្រួល​អាកាសធាតុ​គឺជា​កត្តា​រួម​ចំណែក​សំខាន់ៗ​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ចំនួន​សត្វ​ស្លាប​ធ្លាក់ចុះ។ នេះ​បើ​យោង​តាម​របាយការណ៍​អំពី​ស្ថានភាព​សត្វ​ស្លាប​នៅ​សហរដ្ឋ​អាមេរិក​ឆ្នាំ ២០២៥ (2025 U.S. State of the Birds)។

សត្វ​ស្លាប​ជាង ១០០ ប្រភេទដែល​ស្ថិត​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​របស់​របាយការណ៍​នេះ បាន​ឈាន​ដល់«ចំណុច​របត់»មួយ ដោយ​មាន​ចំនួន​ធ្លាក់ចុះ​ជាង​ពាក់​កណ្ដាល​នៅ​ក្នុង​រយៈពេល ៥០ ឆ្នាំ​ចុងក្រោយ​នេះ។ របាយការណ៍​នេះ​បាន​បង្ហាញ​ថា​ចំនួន​សត្វ​ស្លាប​ទាំងនេះ​នៃ​គ្រប់​ជម្រក​រស់នៅ​ទាំងអស់​កំពុង​ធ្លាក់ចុះ ដែល​ក្នុង​នោះ​រួមមាន​ទាំង​សត្វ​ទា​ផងដែរ ដែល​ពីមុន​ត្រូវបាន​គេ​ចាត់ទុក​ថា​ជា​ជោគជ័យ​នៃ​ការ​អភិរក្ស។

លោក Michael Parr ប្រធាន​អង្គការ​អភិរក្ស​សត្វ​ស្លាប​អាមេរិក (American Bird Conservancy) បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មានReutersថា៖«ចំណុច​វិជ្ជមាន​តែ​មួយ​គត់​គឺ​សត្វ​ស្លាប​ទឹក​ដូចជា​សត្វ​ក្រសា​និង​សត្វ​កុក​ជាដើម​ដែល​មាន​ការ​កើនឡើង​ខ្លះ»។

សត្វ​ទា​បាន​ធ្លាក់ចុះ​ចំនួន​ប្រហែល ៣០%ចាប់ពី​ឆ្នាំ ២០១៧ មក ប៉ុន្តែ​ចំនួន​សត្វ​ទា​នេះ​នៅតែ​ខ្ពស់​ជាង​ចំនួន​របស់​សត្វ​នេះ​កាលពី​ឆ្នាំ ១៩៧០។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មានAPអំពី​របាយការណ៍​នេះ។

អ្នកស្រី Amanda Rodewald ប្រធាន​មជ្ឈមណ្ឌល​សិក្សា​សត្វ​ស្លាប​នៃ​មន្ទីរ​ពិសោធន៍​បសុសត្វ​របស់​សាកលវិទ្យាល័យ Cornell បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ថា៖«ប្រភេទ​សត្វ​ស្លាប​ប្រហែល​មួយ​ភាគ​បី[ក្នុង​ចំណោម​សត្វ​ស្លាប​ទាំងអស់​ចំនួន ២២៩ ប្រភេទ]នៅ​ក្នុង​សហរដ្ឋ​អាមេរិក​តម្រូវ​ឱ្យ​មាន​ការ​យកចិត្ត​ទុកដាក់​អភិរក្ស​ជា​បន្ទាន់ ហើយ​ប្រភេទ​សត្វ​ស្លាប​ទាំងនេះ​តំណាង​ឱ្យ​ជម្រក​និង​ប្រព័ន្ធ​ដ៏​សំខាន់​នៅក្នុង​សហរដ្ឋ​អាមេរិក​និង​រួម​មាន​ទាំង​ប្រភេទ​សត្វ​ស្លាប​ដែល​យើង​ធ្លាប់​ចាត់ទុក​ជា​យូរ​មក​ហើយ​ថា​សម្បូរ​ហូរហៀរ»។

ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​ថា ក្នុង​ចំណោម​សត្វ​ស្លាប​ដែល​បាត់បង់​ច្រើន​ជាង​គេ​បង្អស់​មាន​ទាកាប​ព្រៃ សត្វ​ស្លាប Allen's hummingbird ក្អែក​ទឹក​មុខ​ក្រហម និង​សត្វ​ស្លាប​ផ្សេង​ទៀត និង​ថា​សត្វ​ស្លាប​មួយ​ចំនួន​នៅ​ក្នុង​ក្រុម«ហានិភ័យ​ធ្ងន់ធ្ងរ»នេះ​ស្ថិត​ក្រោម​ការ​ការពារ​រួច​ហើយ​របស់​ច្បាប់​ស្តីពី​ប្រភេទ​សត្វ​ជិត​ផុតពូជ​របស់​សហរដ្ឋ​អាមេរិក (US Endangered Species Act)។

លោក​ជីវវិទូ Peter Marra នៃ​សាកលវិទ្យាល័យ Georgetown ដែល​មិន​ពាក់ព័ន្ធ​នឹង​របាយការណ៍​ថ្មី នេះ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មានAPថា៖«សម្រាប់​ប្រភេទ​នីមួយៗ​ដែល​យើង​ប្រឈម​នឹង​ការ​បាត់បង់ វា​ប្រៀប​ដូចជា​ការ​ទាញ​សរសៃ​មួយៗ​ចេញ​ពី​ក្រណាត់​ប៉ាក់​ដ៏​ស្មុគស្មាញ​នៃ​ជីវិត​ដូច្នេះ​ដែរ»។

លោក​បាន​បន្ថែម​ដោយ​កត់សម្គាល់​អំពី​ការ​លេច​ឡើង​វិញ​នៃ​ឥន្ទ្រី​ក្បាល​ស ថា ទោះបីជា​ទិដ្ឋភាព​ទូទៅ​មើល​ទៅ​ដូចជា​ធ្ងន់ធ្ងរ​ក៏ដោយ ក៏​វា​មិន​មែន​គ្មាន​ក្ដី​សង្ឃឹម​ដែរ៕

XS
SM
MD
LG