សោកនាដកម្មនៅកោះពេជ្រជារឿងសំខាន់ក្នុងសារព័ត៌មានអាមេរិកខាងជើង
នៅមួយថ្ងៃក្រោយឧបទ្ទវហេតុរត់ជាន់គ្នាលើស្ពានពេជ្រទីក្រុងភ្នំពេញដែលបានសម្លាប់មនុស្សយ៉ាងតិច៣៥១នាក់ សារព័ត៌មានសំខាន់ៗនៅសហរដ្ឋអាមេរិកនិងប្រទេសកាណាដាបានចុះផ្សាយអំពីសោកនាដកម្មខ្មែរនេះនៅក្នុងទំព័រមុខរបស់ខ្លួន។ សារមន្ទីរព័ត៌មានដ៏ទំនើបក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដែលនៅមិនឆ្ងាយប៉ុន្មានពីសភាសហរដ្ឋអាមេរិកនោះ បានប្រមូលផ្តុំទំព័រមុខរបស់សារព័ត៌មានដែលផ្សាយតាមរដ្ឋនិងទូទាំងប្រទេសនៅសហរដ្ឋអាមេរិកនិងប្រទេសកាណាដា។ សារព័ត៌មានសំខាន់ៗទាំងអស់នេះ បានចុះផ្សាយអំពីព្រឹត្តិការណ៍នៅកម្ពុជានៅទំព័រមុខរបស់ខ្លួន ដែលនេះបង្ហាញឲ្យឃើញពីសារៈសំខាន់នៃរឿងនេះនៅក្នុងថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០១០ មួយថ្ងៃក្រោយពីសោកនាដកម្មដ៏ប្រល័យនេះ។ រឿងនេះនិងរូបភាពនៃការកកកុញគ្នានៅលើស្ពានពេជ្រ បានទាក់ទាញចំណាប់អ្នកថ្មើរជើងដែលដើរកាត់សារមន្ទីរនេះរហូតដល់ពេលយប់ទៀត។ (ដោយ សឹង សុផាត វីអូអេ ខ្មែរ)