ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​​ឈប់​ស៊ើប​អង្កេត​​សោកនាដកម្ម​​ស្ពាន​ពេជ្រ តែ​សង្គម​ស៊ីវិល​ចាប់​ផ្តើម


ស្ពាន​​ពេជ្រ​ត្រូវ​បើក​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​ហើយ​ ខណៈ​ពេល​ដែល​​មជ្ឈដ្ឋាន​ខ្លះ រូម​មាន​ពលរដ្ឋ​និង​សង្គល​ស៊ីវិល​ជា​ដើម មិន​ទាន់​ទុក​ចិត្ត​​ការ​រក​ឃើញ​ក្នុង​ការ​ស៊ើប​អង្កេត​របស់​រដ្ឋាភិបាល។
ស្ពាន​​ពេជ្រ​ត្រូវ​បើក​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​ហើយ​ ខណៈ​ពេល​ដែល​​មជ្ឈដ្ឋាន​ខ្លះ រូម​មាន​ពលរដ្ឋ​និង​សង្គល​ស៊ីវិល​ជា​ដើម មិន​ទាន់​ទុក​ចិត្ត​​ការ​រក​ឃើញ​ក្នុង​ការ​ស៊ើប​អង្កេត​របស់​រដ្ឋាភិបាល។

បើ​ទោះបី​ជារដ្ឋាភិបាល​បាន​បិទ​បញ្ចប់​ការ​ស៊ើបអង្កេត​លើ​សោកនាដកម្ម​នៅ​កោះពេជ្រ​ទៅ​ហើយក្ដី​ ​ក៏​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​មួយ​បាន​ចាប់ផ្ដើម​ការ​ស៊ើបអង្កេត​ឯករាជ្យ​របស់​ខ្លួន​លើ​ករណី​នេះ។ ​លទ្ធផល​ជំហាន​ដំបូង​បាន​បង្ហាញ​ពី​ការ​រកឃើញ​មិន​ស្របគ្នា​ទៅនឹង​របាយការណ៍​របស់​រដ្ឋាភិបាល។

របាយ​ការណ៍​បឋម​របស់​អង្គការ​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​មួយ​បាន​បង្ហាញ​ថា​ ​មាន​ហេតុផល​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​បាន​ហ៊ុមព័ទ្ធ​ក្នុង​ព្រឹត្តិ​ការណ៍​ដ៏​ប្រល័យ​នៅលើ​ស្ពាន​កោះពេជ្រ​ ​ក៏​ប៉ុន្ដែ​រដ្ឋាភិបាល​មិនបាន​លើក​មក​បង្ហាញ​នោះ​ទេ។

លោក​អ៊ូ វីរៈ ​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ​មាន​ប្រសាសន៍​ថា​ ​នៅតែ​មាន​ការ​លើកឡើង​ពី​គ្រោះ​ថ្នាក់​ដោយសារ​ចរន្ដ​អគ្គិសនី ​និង​ការឆ្លៀត​កេង​យក​ទ្រព្យសម្បត្តិ​ពី​ជនរងគ្រោះ​ដោយ​ក្រុម​សមត្ថ​កិច្ច។

“សាក្សី​ថា​ ​មាន​ម៉ូតូ​ ​ មាន​ការឆក់ ​(ខ្សែភ្លើង)។​ ​មុន​កើតហេតុ​ហ្នឹង​មាន​របាយ​ការណ៍​ថា​ ​ក្មេងស្ទាវ​វ៉ៃគ្នា។ ​យើង​អត់​ដឹង​ថា​ ​តើ​វា​ពាក់ព័ន្ធ​នឹង​អ្វី​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​បែបហ្នឹង​ទេ។​ ​ហើយ​មាន​របាយការណ៍​ថា​ ​មាន​ប៉េអឹម​លួច​ទ្រព្យ​សម្បត្តិ​របស់​អ្នករបួស ​និង​អ្នក​ស្លាប់។ ​ដូច្នេះ​ជារឿង​មួយ​ដែល​យើង​ត្រូវការ​ស៊ើប​អង្កេត​ទាំងអស់​គ្នា"។

ពីរ​សប្ដាហ៍​មក​ហើយ​ ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន ​និង​កំពុង​ធ្វើការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ ​ដោយ​ខ្លួនឯង។​ លោក​អ៊ូ វីរៈបញ្ជាក់​ថា​ ​ មជ្ឈមណ្ឌល​របស់​លោក​បាន​សាកសួរ​ប្រជា​ពលរដ្ឋ​ជាង​៤០​នាក់​ ​មក​ពី​ខេត្ត​កំពង់ចាម​ ​តាកែវ​ ​ខេត្តកណ្ដាល​ និង​ទីក្រុង​ភ្នំពេញ។

កាល​ពី​រាត្រី​ថ្ងៃទី២២​ ​ខែវិច្ឆិកា ​គឺ​នៅ​ចំ​ថ្ងៃ​ទីបី​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ដ៏​មាន​មនុស្ស​ណែនដូច​ស្រមោច​ ​ឧបទ្ទវ​ហេតុ​នៃ​ការ​ប្រជ្រៀត​ជាន់​លើគ្នា​លើ​ស្ពាន​ពេជ្រ​បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​រហូត​៣៥៣​នាក់​ និង​របួស​ជាង​ ៣៩០​នាក់។ ​រដ្ឋាភិបាល​បាន​បង្កើត​អនុ​គណៈកម្មការ​ចំនួន​បី​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ស្វែងរក​ដើម​ហេតុ​នៃ​គ្រោះថ្នាក់​ដ៏​សាហាវនេះ។​ ប៉ុន្ដែ​ការ​ស៊ើប​អង្កេត​ដែល​បាន​ដំណើរការ​អស់​រយៈ​ពេល​ត្រឹម​មួយ​សប្ដាហ៍​ ​បាន​បិទ​បញ្ចប់​យ៉ាង​ប្រញាប់​ប្រញាល់។

របាយការណ៍​របស់​រដ្ឋាភិបាល​បាន​សន្និដ្ឋាន​ថា​ ​គ្រោះថ្នាក់​ដែល​ផ្ដាច់ផ្ដិល​ជីវិត​នេះ​មិនមែន​បង្កើត​ឡើង​ដោយ​ការ​រៀបចំ ​ឬ​ដោយ​ភេរវកម្ម​ទេ។ ​ប៉ុន្ដែ​វា​កើត​ចេញ​ពីការ​ប្រជ្រៀត​គ្នា​យ៉ាង​អាក្រក់​ ដោយ​មាន​ការ​ឃោសនា​ពី​ការបាក់​ស្ពាន ​តំណាល​គ្នា​នោះ​ដែរ។ ​ហើយ​វា​ក៏​មិនមែន​ជា​គ្រោះថ្នាក់​ដែល​កើត​ ឡើង​ដោយ​ការឆក់​ចរន្ដអគ្គិសនី​ដែរ។

លោក​អ៊ូ វីរៈ ​រិះគន់​ថា​ ​ការ​ស៊ើប​អង្កេត​ទៅលើ​ការស្លាប់​បែបនេះ​គួរតែ​មាន​ភាព​ល្អិតល្អន់​ជាង​នេះ។

“អ្នក​ដែល​ស៊ើបអង្កេត​គឺ​មិនចង់​បន្ទោស​គ្នា​ឯង។ តាម​ពិត​ ​ការស៊ើប​អង្កេត​នេះ​គ្រាន់តែ​ជា​រឿងមួយ​ គ្រាន់តែ​ជាការ​ឧបកិច្ចទេ​ ​ដោយសារ​ពួកគាត់​បាន​ដឹង​ចម្លើយ​មុន​ធ្វើការ​ស៊ើបអង្កេត​ទៅ​ទៀត។​ ហើយ​ជាទូទៅ​ ​ការ​ស៊ើប​អង្កេត​មិន​អាច​បញ្ចប់​ក្នុង​ពេល​មួយ​សប្ដាហ៍​អញ្ចឹងទ។ គេ​ត្រូវតែ​ធ្វើការ​ស៊ើបអង្កេត​លម្អិត​ ​ហើយ​ការស៊ើបអង្កេត​លម្អិត​មិន​អាច​ធ្វើ​ដូចបច្ចុប្បន្ន​អញ្ចឹង​ទេ"។

លោក​អះអាង​ថា​ ​ការ​ស៊ើបអង្កេត​ដែល​ធ្វើ​ឡើង​ដោយ​មជ្ឈមណ្ឌល​របស់​លោកនឹង​ត្រូវ​ស៊ីពេល​យ៉ាងតិច​ចំនួន​ប្រាំមួយ​ខែ។ ​ហើយ​លទ្ធផល​នៃ​ការ​ស៊ើប​នោះ​ក៏​នឹង​ត្រូវ​ដាក់​ជូន​រដ្ឋាភិបាល​ និងរដ្ឋ​សភា​ផង​ដែរ។

លោក​ចាន់ សាវ៉េត​ ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​របស់​អង្គការ​អាដហុក​និយាយថា ​លទ្ធផល​ស៊ើប​អង្កេត​របស់​រដ្ឋាភិបាល​នៅ​មិនទាន់​គួរ​ឲ្យ​ជឿជាក់​នៅ​ឡើយ។

“យើង​គិតថា​ ​ការ​ស៊ើបអង្កេត​របស់​រាជ​រដ្ឋាភិបាល​យើង​មិនទាន់​បាន​គ្រប់គ្រាន់​ ​និង​បង្ហាញ​អំពី​ការ​ជឿជាក់​របស់សង្គមស៊ីវិល ​ក៏ដូចជា​ការ​ជឿជាក់​របស់​ពលរដ្ឋ​មួយ​ចំនួន​ដែល​បាន​ឃើញ​ឧបទ្ទវហេតុ​នោះទេ"។

គណបក្ស​ជំទាស់​ដ៏មាន​ឥទ្ធិពល​នៅ​ក្នុង​ប្រទេស​កម្ពុជា ​គឺ​គណបក្ស​សម រង្ស៊ី ​បាន​ស្នើ​ឲ្យ​រដ្ឋ​សភា​ជាតិ​បង្កើត​គណៈកម្មការ​ពិសេស​មួយ​សម្រាប់​ស៊ើប​អង្កេត​សោកនាដ​កម្ម​លើ​ស្ពាន​ពេជ្រ​នោះ​ ​ក៏​ប៉ុន្ដែ​លោក​ហេង សំរិន​ ​ប្រធាន​រដ្ឋសភា​ ​បាន​ទាត់ចោល​សំណើ​នោះ។

លោកសុន ឆៃ ​ប្រធាន​ក្រុម​តំណាង​រាស្ដ្រ​របស់​គណបក្ស​សម រង្ស៊ី​ ​បាន​ឲ្យ​ដឹង​ថា​ ​គណបក្ស​របស់​លោក​អាច​នឹង​បើក​កិច្ច​ប្រជុំ​មួយ​នៅចុង​សប្ដាហ៍​នេះ​ ​ដោយ​មាន​ការពិនិត្យ​ឡើងវិញ​អំពី​លទ្ធភាព​នៃការ​ស៊ើបអង្កេត​ដែល​ពុំមាន​ការ​គាំទ្រ​នេះ។

“ឥឡូវ​ប្រទេស​ជាច្រើន​ ​អ្នកមាន​តួនាទី​ទទួល​ខុសត្រូវ​ ​គេ​ចិត្ត​សឿង។​ ​គេ​លាលែង​ដើម្បី​កុំ​ឲ្យ​រំខានដ​ល់​ការ​ស៊ើប​អង្កេត។ ​ហើយ​គេ​សុខចិត្ត​ទទួល​ទោស​ ​បើសិន​ណា​ជា​រកឃើញ​ថា​ ​មាន​កំហុស។ ​យើង​ទៅ​ជា​អ្នក​ទទួល​ខុសត្រូវ​ស៊ើបអង្កេត​ខ្លួនឯង​ ​ហើយ​អត់​ចេញ​ជា​លទ្ធផល​អ្វី។​ ​រឿង​ទាំងអស់​នេះ​ហើយដែល​ជា​មូលដ្ឋាន​ដែល​យើង​ត្រូវតែ​មាន​ការស៊ើប​អង្កេត​ចាំបាច់​មួយ"។

វីអូអេ​បាន​ទាក់ទងលោក​ព្រហ្ម សុខា​ ​រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ ​និង​ជា​ប្រធាន​អនុគណៈកម្មការ​ស៊ើបអង្កេត​ពី​មូល​ហេតុ​នៃ​គ្រោះថ្នាក់​នៅលើ​ស្ពានពេជ្រ និងលោក​ខៀវ កាញារិទ្ធ ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ​ហើយនិង​លោក​ផៃ​ ស៊ីផាន ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ ​តែមិន​អាច​ជួប​ទេ។

កាសែត​ប្រចាំថ្ងៃ​ ​ភ្នំពេញ​ប៉ុស្ដិ៍​បាន​បង្ហាញ​សាក្សី​ដែល​ផ្ដល់​អត្តសញ្ញាណ​មួយ​ចំនួន​ដែល​បាន​អះអាង​ថា​ ​ពួកគេ​នៅតែ​ជឿ​ថា​ ​ព្រឹត្តិ​ការណ៍​ដ៏​រន្ធត់​ដែល​បណ្ដាល​ឲ្យ​មាន​ការស្លាប់​គរ​លើគ្នា​រាប់រយ​នាក់​នោះ​ ​មួយ​ផ្នែក​បណ្ដាល​មក​ពី​ការឆក់ចរន្ដ​អគ្គិសនី។ ​ប៉ុន្ដែ​រដ្ឋាភិបាល​នៅតែ​រក្សា​ជំហរ​ច្រាន​ចោល​មូល​ហេតុ​នេះ។ ​ជន​រងគ្រោះ​ និង​ក្រុម​គ្រួសារ​ជន​រងគ្រោះ​មួយ​ចំនួន​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ធ្វើការ​ស៊ើប​អង្កេត​ស៊ី​ជម្រៅ​បន្ថែម​ទៀត។

ស្ពាន​ពេជ្រ​ ​ដែល​មាន​គ្រោះ​កំណាច​នោះ​ ​ត្រូវបាន​បើក​ឲ្យ​ប្រើប្រាស់​ឡើង​វិញ​កាលពី​ថ្ងៃទី៨​ ខែធ្នូ។​ ក៏ប៉ុន្ដែ​រហូត​មក​ទល់​ពេលនេះ​ ​មណ្ឌល​កម្សាន្ត​ដែល​ធ្លាប់​មាន​ប្រជាប្រិយភាព​នេះ​នៅតែ​ស្ថិតនៅ​ក្រោម​ការក្រែង​រអា​ពីអ្នក​ដើរ​កម្សាន្ត​នៅ​ឡើយ។​ ក្រៅពី​បទ​ភ្លេង​ដែល​គេចាក់​លាន់ឮ​ទ្រហឹង​នៅតាម​ស្ដង់​ដែល​គេរៀបចំ​នៅក្បែរស្ពាន​ ​មាន​អ្នក​មក​លំហែ​នៅ​ទីនេះ​តិចតួច​ទៅ​មក​ឆ្លាស់គ្នា​ ​ហើយ​អ្នកខ្លះ​បាន​ព្យាយាម​មិន​ឆ្លងកាត់​ស្ពាន​ដែល​ជា​ទីលាន​នៃ​ការបាត់បង់​ជីវិត​នោះ​ទេ។

លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន​បាន​ប្រកាស​ថា​ នឹង​មិនមាន​អ្នក​ទទួល​ខុស​ត្រូវ​ណាម្នាក់​ត្រូវ​ផ្ដន្ទា​ទោស​ដោយសារ​តែ​ឧបទ្ទវ​ហេតុ​នេះ​ទេ។

លោក​អ៊ូ វីរៈ​ ​នាយក​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ​លោក​សុន ឆៃ​ ​តំណាង​រាស្រ្ដ​គណបក្ស​សម រង្ស៊ី​ និង​លោក​ចាន់ សាវ៉េត​ ​ប្រធាន​ស៊ើប​អង្កេត​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​អង្គការអាដហុក ​នៅ​តែ​ទទូច​ឲ្យ​មាន​ការ​ទទួល​ខុសត្រូវ​ ​ដោយ​ចាត់ទុកថា​ ​ការ​អត់ឱន​ទោស​សម្រាប់​ការ​ទទួល​ខុសត្រូវ​ក្នុង​បញ្ហា​នេះ​ គឺជា​ប្រពៃណី​អាក្រក់។

លោក​ព្រហ្ម សុខា​ធ្លាប់​មាន​ប្រសាសន៍​ក្រោយ​ពី​ការ​បិទ​បញ្ចប់​ការ​ស៊ើប​អង្កេត​នេះ​ថា​ ​គ្រោះថ្នាក់​គឺ​បណ្ដាល​មកពី​ការ​វាយ​តម្លៃ​សភាព​ការណ៍​ខុស។

“គឺ​យើង​នឹកស្មាន​មិនដល់​ថា​ ​វាកើត​ឧបទ្ទវហេតុ​ផ្អើល​ឆោរឡោ​ប្រជ្រៀត​ជាន់​គ្នា​បែបនេះ​ទេ។ ​យើង​មាន​សមត្ថភាព ​ ​ប៉ុន្ដែ​ឧបទ្ទវហេតុ​នេះ​បាន​ទៅ​លើស​មួយ​កម្រិត​ពី​សមត្ថភាព​ដែល​យើង​បាន​ត្រៀម​រៀបចំ"។

ម្យ៉ាង​វិញ​ទៀត​ ​លោក​សុខ អាន​ ​ឧប​នាយក​រដ្ឋមន្ដ្រី ​និង​ជា​រដ្ឋមន្ដ្រី​ទទួល​បន្ទុក​ទី​ស្ដីការ​គណៈ​រដ្ឋមន្ដ្រី​ ​ចាត់​ទុក​ថា​ ​គ្រោះ​ថា្នក់​នោះ​គឺ​ជា​ការ​រៀន​សូត្រ។

“សោក​នាដ​កម្ម​ជា​បទ​ពិសោធន៍​ដែល​ធ្វើ​ឲ្យ​យើង​រៀនសូត្រ​ថែម​មួយ​ជំហាន​ទៀត​ឲ្យ​កាន់តែ​ស៊ី​ជម្រៅ"។

សូម​បញ្ជាក់ថា​ ​រហូត​មក​ដល់​ពេល​នេះ​មាន​អ្នក​ជំងឺ​មួយ​ចំនួន​កំពុង​បន្ដ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នៅ​ឡើយ។ ​រដ្ឋាភិបាល​បាន​ចេញ​សោហ៊ុយ​ព្យាបាល​ពួកគេ​ ​ហើយ​ពួក​គេ​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​ជា​ទឹកប្រាក់​មួយ​ចំនួន​ពី​សប្បុរស​ជន។ ​ដោយ​ឡែក​ជនរងគ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​ ទទួល​បាន​ប្រាក់​ជំនួយ​ពី​មជ្ឈដា្ឋន​នានា​ចំនួន​ជាង​១០.០០០​ដុល្លារ​អាមេរិក។​ ការ​ឧបត្ថម្ភ​ទាំងនេះទំនង​ជា​ទឹក​ប្រាក់​ដ៏​ធំធេង​សម្រាប់​ប្រជាពលរដ្ឋ​គ្រួសារ​ជន​រងគ្រោះ​ដ៏​ក្រីក្រ​ ដែល​អាច​លួង​ចិត្ត​ពួកគេ​ឲ្យ​ធូរ​ស្បើយ​បានខ្លះ​ ​ក៏ប៉ុន្ដែ​សោកនាដកម្ម​នេះ​ទំនង​ជា​ត្រូវការ​ការ​ព្យាបាល​ច្រើន​ជាង​នេះ៕

XS
SM
MD
LG