នៅថ្ងៃព្រហស្បតិ៍នេះ សាលារាជធានីភ្នំពេញបានចាប់ផ្តើមកសាងស្តូបរំលឹកវិញ្ញាណក្ខន្ធដល់អ្នកស្លាប់ចំនួន៣៥៤នាក់ក្នុងឧបទ្ទវហេតុរត់ជាន់គ្នានៅលើស្ពានកោះពេជ្រកាលពីប្រាំបួនខែមុននេះ។
អ្នកដើរលេងកម្សាន្តចំនួន៣៥៤នាក់បានស្លាប់ និង៣៩៣នាក់ផ្សេងទៀតបានរងរបួសនៅក្នុងឧបទ្ទវហេតុភ័យស្លន់ស្លោររត់ជាន់គ្នានៅលើស្ពានកោះពេជ្រនៅយប់ថ្ងៃទី២២ខែវិច្ចិកាឆ្នាំ២០១០ ដែលជាថ្ងៃចុងបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក។
លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថាសាលារាជធានីភ្នំពេញកសាងស្តូបរំលឹកវិញ្ញាណក្ខន្ធនេះ ដើម្បីចងចាំនូវមហាសោកនាដកម្មនេះ និងដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិតនៅក្នុងឧបទ្ទវហេតុនេះឲ្យបានទទួលនូវសេចក្តីសុខសេចក្តីចម្រើន។
«អត្ថន័យរបស់ស្តូបនេះគឺសម្រាប់រំលឹកដល់ឧបទ្ទវហេតុដែលកើតឡើង ហើយឧបទ្ទវហេតុនោះគឺបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្ររបស់រាជធានីភ្នំពេញ ហើយដែលជាមេរៀនដ៏ឈឺចាប់មួយដែលគ្មាននរណាមួយអាចបំភ្លេចបានទេ ជាពិសេសសមត្ថកិច្ចខ្លួនឯងនេះ គឺត្រូវតែគិតបញ្ហានេះឲ្យបានហ្មត់ចត់ នៅពេលដែលមានពិធីបុណ្យជាតិធំៗ និងនៅពេលដែលមានមនុស្សម្នាមកចូលរួម។ វិធានការធំ របស់យើងត្រូវធានាសុវត្ថិភាពឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើង»។
គម្រោងកសាងស្តូប បានបង្ហាញថាស្តូបរំលឹកវិញ្ញាណក្ខន្ធនេះត្រូវបានសាងសង់នៅលើដីទំហំ៣៣ម៉ែត្រគុណ៣២ម៉ែត្រជាប់គល់ស្ពានពេជ្រត្រើយខាងលិច ជាទីកន្លែងដែលឧបទ្ទវហេតុបានកើតឡើង។ ស្តូបនេះត្រូវកសាងឡើងដោយថ្មភក់ទំហំ៧០សង់ទីម៉ែត្រគុណ៧០សង់ទីម៉ែត្រនិងមានកម្ពស់៥ម៉ែត្រ។ សសរគោលព្រហ្មមុខបួន ជាការឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះទៅកាន់ឋានព្រហ្ម ឬ ឋានសុគតិភព។ អក្សរចារឹកមាននៅគ្រប់ជ្រុងទាំងបួន។ បង្គោលសីមាមានបង្កប់អំពូលភ្លើងខាងក្នុង។ បង្គោលសីមាទាំងអស់មានចំនួន២២ដើម (ម្ខាង១១ដើម) តំណាងឲ្យថ្ងៃទី២២ ខែ១១ ដែលជាថ្ងៃកើតឧបទ្ទវហេតុ។ ច្រវ៉ាក់ភ្ជាប់ពីបង្គោលមួយទៅបង្គោលមួយតំណាងឲ្យខ្សែកាបស្ពាន។
យោងតាមសេចក្តីថ្លែងការណ៍របស់សាលារាជធានីភ្នំពេញ សសរគោលព្រហ្មមុខបួននេះមានទម្រង់បែបសិល្បៈខ្មែរទំនើប ដោយផ្អែកលើមូលដ្ឋានសិល្បៈបុរាណ និងជំនឿរបស់ខ្មែរ ព្រមទាំងមានលក្ខណៈសមស្របនឹងបរិស្ថាននៅតំបន់នោះ។
លោក កែប ជុតិមា បានបញ្ជាក់ថាស្តូបនេះត្រូវចំណាយអស់ជាង១២០.០០០ដុល្លារអាមេរិក ហើយនឹងត្រូវកសាងចប់នៅមុនខួបមួយឆ្នាំនៃការកើតឧបទ្ទវហេតុ។
លោកស្រី ចឹក បូភី ម្តាយសពរបស់កញ្ញា ឌុក ស្រីមុំ ដែលបានស្លាប់នៅលើស្ពានកោះពេជ្រនេះ បាននិយាយថាអ្នកស្រីមានការពេញចិត្ត ចំពោះការកសាងស្តូបនេះសម្រាប់រំលឹកវិញ្ញាណក្ខន្ធអ្នកស្លាប់នៅលើស្ពានកោះពេជ្រនេះ។
លោកស្រី យល់ថាស្តូបនេះមិនមែនត្រឹមតែរំលឹកវិញ្ញាណក្ខន្ធអ្នកស្លាប់ប៉ុណ្ណោះទេ ថែមទាំងជាការចងចាំសម្រាប់អាជ្ញាធរ និងប្រជាពលរដ្ឋគ្រប់រូបអំពីឧបទ្ទវហេតុដ៏ប្រល័យនេះ ព្រមទាំងជាសញ្ញាព្រមានយ៉ាងសំខាន់ណាស់ដល់អាជ្ញាធរឲ្យមានការប្រុងប្រយ័ត្នក្នុងការគ្រប់គ្រងមនុស្សច្រើនរាប់ពាន់នាក់នៅពិធីបុណ្យជាតិសំខាន់នៅពេលអនាគត។
«គេធ្វើស្តូបគោរពវិញ្ញាណក្ខន្ធសពដែលស្លាប់នៅស្ពានកោះពេជ្រ ដើម្បីទុកជាប្រវត្តិសាស្ត្រឲ្យបងប្អូន ក្មួយៗ កូនចៅក្រោយ ឲ្យចងចាំ កុំឲ្យភ្លេចថាកន្លែងណាជាប្រជុំជន កន្លែងហ្នឹងមានគ្រោះថ្នាក់ហើយ»។
លោក កែប ជុតិមា បានថ្លែងថាសាលារាជធានីភ្នំពេញនឹងរៀបចំវិធានការឲ្យបានហ្មត់ចត់បំផុតសម្រាប់គ្រប់ពិធីបុណ្យជាតិ សំខាន់បំផុតវិធានការនៃការគ្រប់គ្រងមនុស្ស។
«ឥឡូវនេះ យើងកំពុងកសាងស្ពានថ្មីពីរទៀតចេញពីកោះពេជ្រ ដើម្បីសម្រួលការធ្វើចរាចរណ៍ពីកោះពេជ្រមកដីគោកនេះ។ បទពិសោធ ដែលយើងបានឆ្លងកាត់កាលពីយប់ថ្ងៃទី២២ ខែវិច្ចិកា គឺជាបទពិសោធដ៏ឈឺចាប់មួយដែលយើងត្រូវតែកត់ត្រាទុក ហើយត្រូវតែមានវិធានការចាំបាច់ក្នុងការគ្រប់គ្រងមនុស្ស»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅសោកនាដកម្មនៅលើស្ពានកោះពេជ្រនេះថាជាសោកនាដកម្មដ៏ធំធេងបំផុត ចាប់តាំងពីរបបវាលពិឃាតរបស់ពួកខ្មែរក្រហមបានដួលរលំ៕