មនុស្សរាប់ពាន់នាក់បានជួបជុំគ្នានៅក្បាលស្ពានកោះពេជ្រ រាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ដើម្បីរៀបចំពិធីបន់ស្រន់ដល់អ្នកស្លាប់កាលពីដើមសប្តាហ៍នេះ ដែលបណ្តាលមកពីហ្វូងមនុស្សជាច្រើនជាប់នៅលើស្ពាននៅថ្ងៃចុងក្រោយនៃពិធីបុណ្យអុំទូក។
នាយករដ្ឋមន្ត្រីហ៊ុន សែនបានចូលរួមពិធីកាន់ទុក្ខនៅស្ពានកោះពេជ្រកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១០។ ចូលរួមជាមួយលោកនាយករដ្ឋមន្ត្រីក្នុងពិធីនោះ រួមមានតំណាងរាស្ត្រ អ្នកនយោបាយ ប្រជាពលរដ្ឋ និងជនបរទេស។
ទង់ជាតិត្រូវបានបង្ហូតពាក់កណ្តាល ក្នុងពេលជាមួយគ្នានោះក៏មានកម្រងផ្កា និងផ្កាភ្ញី មានអុចធូបទៀននៅឯពិធីកាន់ទុក្ខ ដើម្បីឧទ្ទិសដល់អ្នកស្លាប់ចំនួន ៣៤៧នាក់នៅលើស្ពានកាលពីយប់ថ្ងៃច័ន្ទ។ តាមតួលេខពីរដ្ឋាភិបាលឲ្យដឹងថា មានមនុស្ស៣៩៥នាក់រងរបួស។
លោកកែប ជុតិម៉ា អភិបាលក្រុងភ្នំពេញមានប្រសាសន៍ថា បើយោងតាមអ្នកស៊ើបអង្កេត ពេលនោះ ស្ពាននេះបានផ្ទុកមនុស្សរហូតដល់ទៅ៨.០០០នាក់។ លោកថ្លែងថា៖
«ដូចអ្នកបានឃើញស្រាប់ហើយថា ស្ពាននេះមិនសម្រាប់មនុស្សរាប់ពាន់នាក់ទេ។ ហេតុនេះហើយបានជាវាកើតឡើងយ៉ាងដូចនេះ។ មហន្តរាយធ្ងន់ធ្ងរណាស់។ ក្នុងនាមខ្ញុំជាអភិបាលក្រុងភ្នំពេញ ខ្ញុំសូមសម្តែងការសោកស្តាយចំពោះប្រជាពលរដ្ឋ និងក្រុមគ្រួសាររបស់ពួកគាត់»។
រដ្ឋាភិបាលឲ្យដឹងថា ភាគច្រើនស្លាប់ដោយថប់ដង្ហើម ឬដោយធ្លាយឈាមក្នុងខ្លួននៅក្នុងភាពស្លន់ស្លោនោះ។ របាយការណ៍បណ្តោះអាសន្នមួយនៃការស៊ើបអង្កេតឲ្យដឹងថា ភាពស្លន់ស្លោរត់ជាន់គ្នាបានកើតឡើងនៅពេលស្ពានចាប់យោល។
ខណៈមានមនុស្សស្លាប់ជាច្រើន ចំនួននៃអ្នកនៅសល់ពីស្លាប់ដ៏ច្រើនគេងនៅលើកម្រាលនៅតាមច្រកដើរក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ។
ឃុត វី អាយុជាង២០ឆ្នាំ ធ្វើការនៅរោងចក្រកាត់ដេរមួយ។ គេទៅជាមួយនឹងស្រ្តីមួយចំនួនដែលជាអ្នកធ្វើការជាមួយកាលពីល្ងាចនោះ។ ពួកគេចង់ទៅលេងនៅលើកោះពជ្រ ដែលជាកន្លែងកំសាន្តដ៏មានប្រជាប្រីយ៍ភាពមួយ។
ប៉ុន្តែ នៅពេលដែលគេទៅដល់ពាក់កណ្តាលស្ពានដែលមានប្រវែង១០០ម៉ែត្រនោះ មានមនុស្សជាច្រើនមកពីម្ខាងទៀតដែលបណ្តាលឲ្យជាប់គាំង។ ឃុត វី ថ្លែងថា៖
«អត់ដឹងផង។ បែកគ្នាអស់។ ជាប់គាំង។ មនុស្សច្រើនពេក។ បែកគ្នាអស់»។
ឃុត វី សន្លប់ ហើយដឹងខ្លួនឡើងនៅមន្ទីរពេទ្យ។
រឿងស្រដៀងគ្នានេះ កើតឡើងចំពោះកម្មកររោងចក្រអាយុ១៧ឆ្នាំ ម្នាក់ទៀតឈ្មោះ ហ៊ី សុផាន ដែលបានទៅលេងបុណ្យអុំទូកជាលើកទីមួយ។ នាងនិយាយថា៖
«ខ្ញុំ គេជាន់ពេញខ្លួនទាំងអស់។ នៅសល់កបន្តិច។ ខ្ញុំរើឲ្យគេជួយ។ ពេលគេជួយ ខ្ញុំលោតពីលើស្ពានចុះមកទឹក។ គេ អ្នករបួសៗដូចគ្នាជួយខ្ញុំ ទាញខ្ញុំឡើងមក។ ពេលខ្ញុំរើរួច ខ្ញុំលោតពីលើមក»។
នាង ហ៊ី សុផាន ស្លន់ស្លោយ៉ាងខ្លាំង ដែលធ្វើឲ្យនាងលោតចុះទៅក្នុងទឹក ទោះបីជាខ្លួនមិនចេះហែលទឹកក៏ដោយ។ មនុស្សជាច្រើនលង់ទឹក ប៉ុន្តែនាងសំណាងដោយមានអ្នកជួយ។
អ្នកខ្លះអំពាវនាវឲ្យបំផ្លាញស្ពាននោះចោល។ អ្នកខ្លះស្បថថា នឹងមិនទៅលេងកោះពេជ្រនោះទៀតទេ ដោយសារតែព្រលឹងនៃអ្នកស្លាប់ជាច្រើនវិលវល់នៅទីនោះ។
រដ្ឋាភិបាលឲ្យដឹងថា ខ្លួននឹងសង់បូជនីយ៍ដ្ឋានរំលឹកវិញ្ញាណក្ខន្ធមួយនៅឯស្ពាននោះ។
លោកកែប ជុតិម៉ា អភិបាលក្រុងភ្នំពេញ មានប្រសាសន៍ថា សោកនាដកម្មនេះ គឺជាមេរៀនដ៏អាក្រក់មួយ សម្រាប់សាលាក្រុង។ ឆ្នាំក្រោយលោកសន្យាថា អាជ្ញាធរនឹងរៀបចំឲ្យបានប្រសើរជាងនេះ៕
ប្រែសម្រួលដោយអ៊ឹម សុធារិទ្ធ