ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការប្រែប្រួលអាកាសធាតុ

អតីត​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​ លោក​ Barack Obama​ ថ្លែង​ក្នុង​​កិច្ច​ពិភាក្សា​អំពី​អាកាសធាតុ​(COP26)របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង ​Glasgow ​ប្រទេស​ស្កុតលែន កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។ (Reuters)
អតីត​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​ លោក​ Barack Obama​ ថ្លែង​ក្នុង​​កិច្ច​ពិភាក្សា​អំពី​អាកាសធាតុ​(COP26)របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង ​Glasgow ​ប្រទេស​ស្កុតលែន កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។ (Reuters)

អតីត​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​ លោក​ Barack Obama​ បាន​ប្រាប់​សន្និសីទ​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង ​Glasgow ​ប្រទេស​ស្កុតលែន ​កាលពី​ថ្ងៃចន្ទ​ថា​ មេ​ដឹកនាំ​ពិភពលោក​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​នេះ​«មិនទាន់​បាន​ធ្វើការ​គ្រប់គ្រាន់​ទេ»​ដើម្បី​ដោះស្រាយ​វិបត្តិ​អាកាសធាតុ។​

ថ្លែង​ក្នុង​អំឡុង​សប្តាហ៍​ទីពីរ​នៃ​កិច្ច​ពិភាក្សា​អំពី​អាកាសធាតុ​(COP26) ​ លោក​ Obama បាន​និយាយ​ថា​ ប្រទេស​ភាគ​ច្រើន​មិន​បាន​ធ្វើ​តាម​ការ​ប្តេជ្ញាចិត្ត​ដែល​បាន​ធ្វើ​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​សន្និសីទ​អំពី​អាកាសធាតុ​នៅ​ទីក្រុង​ប៉ារីស​ឆ្នាំ ​២០១៥​ទេ​ ហើយ​ថា​ ពិភពលោក​នៅ​យឺតយ៉ាវ​ខ្លាំង​ក្នុង​ការ​ទប់​ទល់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។​

លោក​បាន​និយាយ​ថា​ រឿង​ដែល​ធ្វើ​ឱ្យ​«ធ្លាក់​ទឹក​ចិត្ត​ជា​ពិសេស»​នោះ​គឺ​មេដឹកនាំ​ប្រទេស​ចិន​ និង​រុស្ស៊ី​ ដែល​ជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​បង្កើន​កម្តៅ​ផែន​ដ៏​ច្រើន​បំផុត​ បាន​បដិសេធ​មិន​ចូលរួម​ក្នុង​សន្និសីទ​នៅ​ទីក្រុង​Glasgow​ ដោយ​លោក​និយាយ​ថា​ ប្រទេស​ទាំងពីរ​បាន​បង្ហាញ​អ្វី​ដែល​«ហាក់ដូច​ជា​ខ្វះ​ការ​ត្រៀម​ទល់ទល់​គ្រោះថ្នាក់»​ ពី​ការ​ប្រែប្រួល​អាកាស​ធាតុ។​

ចិន​គឺ​ជា​ប្រទេស​បញ្ចេញ​កាបូន​ដ៏​ច្រើន​បំផុត​ក្នុង​ពិភពលោក។​ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ទៅ​កាន់​សន្និសីទ​កាលពី​សប្តាហ៍​មុន​ ប្រធានាធិបតី​ចិន​លោក​ Xi Jinping ​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ផ្សេង​ទៀត​«បង្កើន​កិច្ច​សហ​ប្រតិបត្តិការ»​ និង​ធ្វើ​សកម្មភាព​លើ​បញ្ហា​អាកាសធាតុ។ ​ទោះជាយ៉ាងណា​លោក ​Xi Jinping ​មិន​បាន​ធ្វើ​ការ​សន្យា​ថ្មី​ទេ។​

លោក Obama ​បាន​និយាយ​ថា ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន ​ដូចជា​សហ​រដ្ឋ​អាមេរិក​ និង​ប្រទេស​នៅ​អឺរ៉ុប​ ចាំបាច់​ត្រូវតែ​ដឹកនាំ​គេ​លើ​បញ្ហា​នេះ ​ ហើយ​ប្រទេស​ចិន​រុស្ស៊ី ​និង​ឥណ្ឌា​ក៏​គួរ​ធ្វើ​ដូច​គ្នា​ដែរ។ លោក​បាន​ថ្លែង​ថា៖ ​«យើង​មិន​អាច​ទុក​ចិត្ត​អ្នក​មិន​ចូល​រួម​នោះ​ទេ»។

លោក​ក៏បាន​អះអាង​ដែរ​ថា​ ជា​ការ​ចាំបាច់​ណាស់​ស្តាប់​មតិ​អ្នក​ដែល​ជំទាស់​នឹង​វិធានការ​រហ័ស​ទប់ទល់​ការ​ប្រែប្រួល​អាកាសធាតុ។​

លោក​ Obama បាន​ថ្លែង​ថា៖«យើង​ពិតជា​ត្រូវ​ស្តាប់​មតិ​ជំទាស់​របស់​ពួកគេ​ និង​យល់​ពី​ភាព​ស្ទាក់ស្ទើរ​របស់​ពលរដ្ឋ​សាមញ្ញ​មួយ​ចំនួន​ដែល​ថា​ ប្រទេស​របស់​ពួកគេ​កែប្រែ​លឿន​ពេក​អំពី​ការ​ប្រែប្រួល​អាកាសធាតុ។ ​យើង​ត្រូវ​យល់​អំពី​ពួកគេ​ ហើយ​ធ្វើ​ការជាមួយ​ពួកគេ​ដើម្បី​កុំ​ឱ្យ​វិធានការ​ធ្ងន់ធ្ងរ​អំពី​ការ​ប្រែប្រួល​អាកាសធាតុ​ប៉ះពាល់​ពួកគេ»។

លោក​បាន​បន្ថែម​ថា «យើង​ត្រូវ​បញ្ចុះ​បញ្ចូល​អ្នក​ដែល​បើក​ឡាន​ទៅ​ធ្វើការ​នៅ​រោងចក្រ​រាល់ថ្ងៃ ​ដែល​មិន​អាច​ទិញ​រថយន្ត​ Tesla ​ហើយ​ប្រហែល​មិន​អាច​បង់​ថ្លៃជួល​ផ្ទះ ​ឬ​ចិញ្ចឹម​គ្រួសារបាន​ ប្រសិន​បើ​សាំង​ឡើង​ថ្លៃ»។​

សហរដ្ឋ​អាមេរិក​ជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​បំផ្លាញ​ស្រទាប់​អូហ្សូន​របស់​ផែនដី​ច្រើន​ទី២​បន្ទាប់​ពី​ប្រទេស​ចិន។​ សកម្មជន​ការពារ​អាកាសធាតុ​ជាង​១សែន​នាក់​មកពី​ជុំវិញ​ពិភពលោក​បាន​ដើរ​តាម​ផ្លូវ​នៃ​ទីក្រុង ​Glasgow​ កាលពី​ថ្ងៃសៅរ៍​បង្ហាញ​ការខកចិត្ត​ចំពោះ​លទ្ធផល​នៅ​ឯ​កិច្ច​ពិភាក្សា​ស្តីពី​អាកាសធាតុ ​(COP26)​រហូតដល់​ពេល​នេះ៕​

(ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន​The Associated Press Reuters និង Agence France-Presse)

ទិដ្ឋភាព​ក្នុង​សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ»លើក​ទី២៦(COP26)នៅ​ទីក្រុង Glasgow ប្រទេសស្កុតលែន កាលពីថ្ងៃអាទិត្យ ទី៣១ ឆ្នាំ២០២១។ (AP)
ទិដ្ឋភាព​ក្នុង​សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ»លើក​ទី២៦(COP26)នៅ​ទីក្រុង Glasgow ប្រទេសស្កុតលែន កាលពីថ្ងៃអាទិត្យ ទី៣១ ឆ្នាំ២០២១។ (AP)

អវត្តមាន​កម្ពុជា​ពី​បញ្ជី​ឈ្មោះ​ប្រទេស​ហត្ថលេខី​ជាង​មួយ​រយ​ ដែល​បាន​សម្ដែង​ការ​ប្ដេជ្ញា​ចិត្ត​ជា​សាកល​អំពីការ​ការពារ​ព្រៃ​ឈើ អំឡុង​កិច្ច​ប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​ស្ដីពី​អាកាស​ធាតុ​ បាន​នាំ​ឱ្យ​មាន​ការ​រិះ​គន់​ពី​ក្រុម​អ្នក​តស៊ូ​មតិ និង​អ្នក​ការពារ​បរិស្ថាន។

រដ្ឋ​ចំនួន​យ៉ាង​ហោច​១២៤ ​ក្នុង​ចំណោម​រដ្ឋ​ទាំង​អស់១៩៧​ ដែល​កំពុង​ចូល​រួម​«សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ»លើក​ទី២៦(COP26)នៅ​ទីក្រុង Glasgow ចក្រភព​អង់គ្លេស​បាន​ចេញ​សេច​ក្តី​ថ្លែងការ​ណ៍​រួម​ ប្តេជ្ញា​ចិត្ត​ ដើម្បី​បញ្ឈប់​និង​កែប្រែ​ឡើង​វិញ​នូវ​ការ​ធ្វើ​ឲ្យ​បាត់​បង់​ព្រៃឈើ​និង​ការ​រេចរឹល​ដី​ត្រឹម​ឆ្នាំ​២០៣០។

លិខិតូបករណ៍​ដែល​មាន​ឈ្មោះ​ផ្លូវ​ការ​ថា«សេចក្ដី​ប្រកាស​រួម​ទីក្រុង Glasgow របស់​មេដឹក​នាំ​ស្ដី​អំពី​ព្រៃឈើ​និង​បម្រើ​បម្រាស់​ដី» បាន​ផ្ដោត​លើ​គម្រោង​រួម​គ្នា ធានា​យ៉ាង​ណា​រក្សា​និរន្តរភាព​នៃ​ព្រៃឈើ​និង​គម្រប​ព្រៃឈើ​ដើម្បី​បន្ថយ​ល្បឿន​នៃ​ការ​កើន​កម្ដៅ​ភព​ផែនដី​និង​ការ​ប្រែប្រួល​អាកាស​ធាតុ។

មេដឹកនាំ​របស់​ប្រទេស​ទាំង​១២៤​ បាន​ប្តេ​ជ្ញា​ចិត្ត​ថា​៖ «ដូច្នេះ​ហើយ​ យើង​ប្តេជ្ញា​ធ្វើ​ការ​រួមគ្នា​ដើម្បី​បញ្ឈប់​ និង​ការ​កែប្រែ​ឡើង​វិញ​នូវ​ការ​បាត់​បង់​ព្រៃឈើ និង​ការ​រេច​រឹល​ដី​ត្រឹម​ឆ្នាំ​20​30 ស្រប​ពេល​ផ្តល់​នូវ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរ​ភាព និង​ការ​លើក​កម្ពស់​ការ​ផ្លាស់​ប្តូរ​ជន​បទ​ដោយ​បរិយាប័ន្ន»។​

ក្នុង​ចំណោម​រដ្ឋ​ទាំង​១២៤ ​ដែល​រួម​គ្នា​ចេញ​សេចក្ដី​ប្រកាស​អំពី​ការ​ប្ដេជ្ញា​ចិត្ត​នេះ​ គេ​មិន​ឃើញ​មាន​ប្រទេស​កម្ពុជា​ឡើយ គិត​ចាប់​តាំង​ពី​ពេល​ដែល​ចេញ​សេចក្ដី​ប្រកាស​ដំបូង​នៅ​ថ្ងៃចន្ទ​ មក​ទល់​នឹង​រសៀល​ថ្ងៃ​ពុធ​នេះ។

ប្រទេស​ធំៗ​ដូច​ជា សហរដ្ឋ​អាមេរិក ​ចិន អូស្ត្រាលី​ ជប៉ុន ​កូរ៉េ​ខាង​ត្បូង ​សុទ្ធ​សឹង​តែ​មាន​ឈ្មោះ​ក្នុង​បញ្ជី​រដ្ឋ​ទាំង១២៤ ដែល​រួម​បញ្ចូល​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​តែ​បួន​ប៉ុណ្ណោះ​ដូច​ជា ព្រុយណេ ឥណ្ឌូ​ណេស៊ី វៀត​ណាម និង​ហ្វីលីពីន។

រូបឯកសារ៖ លោក ​សាន់ ម៉ាឡា សកម្មជនបរិស្ថាន​ ផ្តល់​បទសម្ភាសន៍​ដល់​អ្នកកាសែត​ ​នៅក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ថ្ងៃទី២៧ ខែ​កក្កដា​ ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ លោក ​សាន់ ម៉ាឡា សកម្មជនបរិស្ថាន​ ផ្តល់​បទសម្ភាសន៍​ដល់​អ្នកកាសែត​ ​នៅក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ថ្ងៃទី២៧ ខែ​កក្កដា​ ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)

លោក សាន់ ម៉ាឡា មន្ត្រី​តស៊ូ​មតិ​នៃ​គម្រោង​ការពារ​ព្រៃ​ឈើ​ នៅ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​(CYN)យល់​ថា អវត្តមាន​កម្ពុជា​ពី​សេច​ក្តី​ប្រកាស​រួម​នេះ​ វា​បង្ហាញ​ថា​ រដ្ឋា​ភិបាលមិន​ទាន់មានឆន្ទៈនៅ​ក្នុង​ការ​អភិរក្ស​ និង​ការ​ពារ​ធន​ធាន​ព្រៃ​ឈើ​នោះ​ទេ ជា​ពិសេស​មិន​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ពង្រឹង​សិទ្ធិ​អំណាច​របស់​សហគមន៍​មូលដ្ឋាន​ដែល​ជាម្ចាស់​ទឹក​ដី។

លោកមើល​ឃើញ​ថា ​កម្ពុជា​ក៏​មិន​បាន​គោរព​តាម​ការ​សន្យា​របស់​ខ្លួន​ក្នុង​ការ​ការពារ​ព្រៃ​ឈើ ​ក្នុង​សន្និ​សីទCOP​ លើក​ទី២១​នៅ​ទី​ក្រុង​ប៉ារីស​ដែរ។

លោក​បញ្ជាក់ថា៖ «នៅ​ក្នុង​សន្និ​សីទCOP​លើក​ទី២១​នៅ​ទី​ក្រុង​ប៉ារីស ​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​របាយ​ការណ៍​មួយ​ដែល​មា​ន​ឈ្មោះ​ថា ឆន្ទៈ​កម្ពុជា​ក្នុង​ការ​រួម​ចំណែក​ក្នុង​ការ​ឡើង​កម្តៅ​ផែន​ដី ដោយ​បាន​ប្តេជ្ញា​ចិត្ត​ថែរក្សា​គម្របព្រៃ​ឈើ​ឲ្យ​បាន​៦០​ភាគ​រយ​នៅ​ត្រឹម​ឆ្នាំ​២០៣០។ ប៉ុន្តែ​ជាក់​ស្តែង​នៅ​ក្នុង​របាយការណ៍​ជាតិ​ស្តីពី​ស្ថាន​ភាព​បរិស្ថាន​លើកទី​៨​ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​បរិស្ថាន​ហ្នឹង យើង​ឃើញ​ថា​គិត​ត្រឹម​ឆ្នាំ​២០១៨​ គម្រប​ព្រៃឈើ​កម្ពុជា​[របស់]យើង​នៅ​សល់​ប្រមាណ​៤៥ ភាគរយ​ជាង [ឬ​៤៦]ទេ។ អ៊ីចឹងវា​ប្រាសចាក​អំពី​អ្វី​ដែល​កម្ពុជា​បាន​ប្តេជ្ញា​ចិត្ត​នៅ​ក្នុង​COPលើក​ទី​២១ នៃ​ទីក្រុង​ប៉ារីស»។

លោក សាន់ ម៉ាឡា ស្នើ​រដ្ឋា​ភិបាល​ឲ្យផ្តល់​សិទ្ធិ​សេរី​ភាព​ពេញ​លេញ ដោយ​មិន​មាន​ការ​គំរាម​កំហែង​ និង​ការរឹតត្បិត​សេរី​ភាព ដើម្បី​ឲ្យ​ពល​រដ្ឋ សកម្ម​ជនព្រៃឈើ​ ក៏​ដូច​ជា​ប្រជា​សហ​គមន៍ អាច​ចូល​រួមអភិរក្ស ការ​ពារ​ និង​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ ពី​សំណាក​អ្នក​មាន​អំណាច​ ឬ​ឈ្មួញ​ធំៗ កាប់​បំផ្លាញ​ព្រៃ​ឈើ​បន្ត​ទៀត​ដែលជា​ប្រយោ​ជន៍​សម្រាប់បរិ​ស្ថាន​ និង​សេដ្ឋ​កិច្ច។ ​

លោកថ្លែង​ថា៖«យើង​ទាម​ទារ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​គោរព​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ដូចបាន​សន្យា​នៅ​ក្នុង​សន្និសីទ​លើ​ទី២១​ នៅ​ទីក្រុង​ប៉ារីស​កាល​ឆ្នាំ​២០១៥។ ហើយ​គោល​បំណង​ទី២​ យើង​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើត​បរិយាកាស​អំណោយ​ផល​ដល់​ការ​ចូល​រួមរបស់​សហគមន៍​មូលដ្ឋាន អង្គការ​សង្គម​ស៊ីវិល​ សកម្មជន មហាជន​ក្នុង​កិច្ច​អភិរក្ស​ ថែរក្សា ​ការពារ​ធន​ធាន​ធម្មជាតិ»។

លោក សាន់ ម៉ាឡា បាន​បន្ត​ថា៖«ដោយ​ឡែក​គោល​បំណង​ទី​៣ យើង​ជម្រុញ​ឲ្យ​សហគមន៍​អន្តរជាតិ​ពិនិត្យ​មើល​លើការ​ប្តេជ្ញា​ចិត្ត​និង​ការ​អនុវត្ត​របស់​រដ្ឋាភិបាល​កម្ពុជា ដូច​ដែល​បានចែង​នៅ​ក្នុង​របាយ​ការណ៍​ស្តីពី​ឆន្ទៈ​កម្ពុជា​ក្នុង​ការ​ចូល​រួមចំណែក​អនុវត្តអនុ​សញ្ញា​ក្រប​ខ័ណ្ឌ​អង្គការ​សហប្រជាជាតិស្តីពីការ​ប្រែ​ប្រួល​អាកាសធាតុ​នេះ»។

រូបឯកសារ៖ លោក នេត្រ ភក្រ្តា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី១៥ រដ្ឋមន្រ្តី​បរិស្ថាន​អាស៊ាន។ (ស៊ុន ណារិន/VOA Khmer)
រូបឯកសារ៖ លោក នេត្រ ភក្រ្តា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី១៥ រដ្ឋមន្រ្តី​បរិស្ថាន​អាស៊ាន។ (ស៊ុន ណារិន/VOA Khmer)

លោក​ នេត្រ ភក្ត្រា​ រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធនេះ​ថា ក្រសួង​បរិស្ថានគាំទ្រ​លើ​សេច​ក្តី​ថ្លែង​ការ​ណ៍​រួម​មួយ​នេះ ដោយ​បន្ត​បេសកកម្ម​ ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការទទួល​ខុស​ត្រូវ​ខ្ពស់​ដោយ​វិជ្ជា​ជីវៈ​ក្នុង​ការ​គ្រប់​គ្រង​និង​អភិរក្ស​តំបន់​ការពារ​ធន​ធាន​ធម្មជាតិ។

លោកថ្លែង​ថា៖ «ក្រសួង​បរិស្ថាន​សូម​គាំទ្រ​ចំពោះ​សេចក្តី​ថ្លែង​ការ​ណ៍​នេះ​និង​សូម​គូសបញ្ជាក់​ជាថ្មី​ នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​នៅ​ក្នុង​ការ​ការពារ​ និ​ងអភិរក្ស​ធន​ធាន​ធម្មជាតិ​ និង​ប្រព័ន្ធ​អេកូឡូស៊ី ព្រម​ទាំង​ការងារ​ដាំ​ស្តារ​ឡើង​វិញ​នូវ​គម្រប​ព្រៃ​ឈើ»។

ប៉ុន្តែ​លោក​ នេត្រ ភក្ត្រា​ មិន​បានបញ្ជាក់ទេ​ថា ​មូល​ហេតុ​អ្វីបាន​ជា​ប្រទេស​កម្ពុជា​មិន​ឃើញ​មានឈ្មោះ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​រួម​ស្តី​ពី​ការ​ប្តេជ្ញា​ចិត្ត​ ដើម្បីបញ្ឈប់​ និង​ការ​កែប្រែ​ឡើង​វិញ​នូវ​ការធ្វើ​ឲ្យ​បាត់​បង់​ព្រៃឈើនិង​ការ​រេចរឹល​ដី​ត្រឹម​ឆ្នាំ​២០៣០។

គណៈប្រតិភូ​តំណាង​ឲ្យកម្ពុជា​ លោក សាយ សំអាល់ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​ នឹង​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​ស្តី​ពី​សន្និ​សីទ​អង្គ​ការ​សហ​ប្រជា​ជាតិ​ស្តី​ពីការ​ប្រែប្រួល​អា​កាស​ធាតុ នៅ​ប្រទេស​អង់គ្លេស​នេះ។ នេះ​បើតាម​លោក​ នេត្រ ភក្ត្រា។

​បើ​តាម​របាយ​ការណ៍​ដែល​បាន​ចេញ​ផ្សាយ​លើ​គេហ​ទំព័រ​របស់​ក្រសួង​បរិស្ថាន កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា​ ឆ្នាំ២០២១​ បាន​ឲ្យ​ដឹង​ថា ​ការ​វាយ​តម្លៃ​ធន​ធាន​គម្រប​ដី​ព្រៃឈើ​ឆ្នាំ​២០១៨ ​ជា​លទ្ធផល​ចុង​ក្រោយ​នេះ​បង្ហាញ​ថា​ ផ្ទៃដី​ព្រៃ​ឈើ​មាន​ប្រមាណ ​៨លាន៥សែនហិកតា​ស្មើនឹង​៤៦,៨៦% ​ធៀប​នឹង​ផ្ទៃដី​សរុប​ទូទាំង​ប្រទេស​ ដែលលទ្ធ​ផល​នៃ​ការ​វាយ​តម្លៃ​នេះ​រួម​បញ្ចូល​ទាំង​ផ្ទៃដី​ចម្ការ​កៅស៊ូ​ ចម្ការ​ដូង​ប្រេង​និង​ដំណាំ​ហូប​ផ្លែ​ដទៃ​ទៀត​។

កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែលមាន​អត្រាបាត់​បង់​ព្រៃឈើ​ច្រើន​បំផុត​លើ​ពិភព​លោក​ ក្នុង​ពីរ​ទសវត្សរ៍​ចុង​ក្រោយ។ ក្រុម​ឃ្លាំ​មើល​ព្រៃឈើ​សកល​លោក Global Forest Watch ដែល​បាន​អង្កេត​ទិន្នន័យ​តាម​ផ្កាយរណប បាន​ឱ្យ​ដឹង​ថា ពី​ឆ្នាំ២០០១ ដល់​ឆ្នាំ២០២០ កម្ពុជា​បាត់​បង់​ផ្ទៃដី​គម្រប​ព្រៃឈើ​អស់​២លាន​៤៦ម៉ឺន​ហិកតា។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​រួម​នោះ COP26 ​បាន​ដាក់​ចេញ​ការពង្រឹង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា​ចំនួន​៦​ចំនុច​ដែល​រួម​មាន​ការ​អភិរក្ស ការ​សម្រួល​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​ ការ​កសាង​សហគមន៍​ដែល​ធន់ ការ​លើក​កម្ពស់​ជីវភាព​ជនបទ កសិកម្ម​ដែល​មាន​មេត្រីភាព​ជាមួយ​បរិស្ថាន​ ការ​ផ្ដល់​ថាម​ពល​ដល់​ប្រភព​វិនិយោគ​បៃតង និង​ការ​ប្រើ​ប្រាស់​ដីធ្លី​ប្រកប​ដោយ​និរន្តរ​ភាព។

សេចក្ដី​ប្រកាស​ក្រុង Glasgow ដដែល​បាន​បន្ថែម​ថា ទាំង​នេះ​ជា​ការ​ចាំ​បាច់​ក្នុងការ​សម្រេច​បាន​នូវ​គោល​ដៅ​នៃ​កិច្ចព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ រួម​ទាំង ការ​កាត់​បន្ថយ​ភាព​ងាយ​រង​គ្រោះ​ចំពោះ​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ និង​ការ​រក្សា​ការ​កើន​ឡើង​នៃ​សីតុណ្ហ​ភាព​ជា​មធ្យម​ពិភព​លោក​ឲ្យនៅ​ក្រោម​២អង្សាសេ និង​បន្ត​កិច្ច​ខិត​ខំប្រឹងប្រែង​ដើម្បី​កំណត់​វា​ឲ្យ​នៅ​ត្រឹម១,៥​អង្សា​សេ៕

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

វីដេអូថ្មីៗបំផុត

XS
SM
MD
LG