ចៅក្រមសហព័ន្ធរដ្ឋ California កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានបញ្ជាឱ្យក្រសួង៦របស់សហរដ្ឋអាមេរិកដាក់បុគ្គលិកដែលទើបជួលថ្មីៗហើយត្រូវបណ្តេញចេញនោះ ឲ្យចូលធ្វើការងារវិញក្រោយពួកគេត្រូវបានបណ្តេញពីការងារសហព័ន្ធដែលជាផ្នែកមួយនៃផែនការរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ការសម្រេចដែលធ្វើឡើងដោយចៅក្រមសហព័ន្ធសហរដ្ឋអាមេរិកលោក William Alsup ក្នុងអំឡុងនៃសវនាការក្នុងទីក្រុង San Francisco គឺអនុវត្តចំពោះក្រសួងការពារជាតិសហរដ្ឋអាមេរិក ក្រសួងកិច្ចការអតីតយុទ្ធជន ក្រសួងកសិកម្ម ក្រសួងថាមពល ក្រសួងឧទ្យានជាតិនិងក្រសួងហិរញ្ញវត្ថុ។
លោក Alsup កាលពីខែមុនបានរារាំងជាបណ្តោះអាសន្នដល់ការិយាល័យ ធនធានមនុស្សនៃក្រសួងចាត់ចែងបុគ្គលិកសហរដ្ឋអាមេរិកសម្រាប់ទីភ្នាក់ងារសហព័ន្ធកុំឱ្យក្រសួងទាំងនោះបណ្តេញបុគ្គលិកបណ្តែតចេញពីការងារ ក៏ប៉ុន្តែ បានបដិសេធនៅពេលនោះចំពោះតម្រូវការឱ្យពួកបុគ្គលិកដែលត្រូវបានបណ្តេញពីការងារទទួលបានការងាររបស់ខ្លួនមកវិញ។
បុគ្គលិកបណ្តែតជាទូទៅបានបម្រើការងារតិចជាងមួយឆ្នាំ ថ្វីបើបុគ្គលិកបណ្តែតសហព័ន្ធខ្លះបម្រើការងារយូរជាងនោះក៏ដោយ។ ពួកគេមានការការពារតិចតួចជាងបុគ្គលិករដ្ឋាភិបាលផ្សេងទៀត ក៏ប៉ុន្តែ ជាទូទៅ ពួកគេអាចត្រូវបណ្តេញចេញដោយសារតែលើបញ្ហាមិនបានបំពេញការងាររបស់ខ្លួនប៉ុណ្ណោះ។
លោកចៅក្រម Alsup បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថាក្រសួងចាត់ចែងបុគ្គលិកឬ OPM មិនមានអំណាចដើម្បីបញ្ជាឲ្យបណ្តេញបុគ្គលិកចេញពីការងារទេ ហើយមានភស្តុតាងថាខ្លួនបានបញ្ជាមិនត្រឹមត្រូវឲ្យបញ្ឈប់បុគ្គលិកនៅឯក្រសួងចំនួន៦។ លោកមិនបានបញ្ជាឱ្យក្រសួង១៦ផ្សេងទៀតដែលមានឈ្មោះនៅក្នុងបណ្តឹងរបស់សហជីពនិងអង្គការមិនយកកម្រៃ ត្រូវដាក់បុគ្គលិកចូលធ្វើការវិញទេ។
កិច្ចខំប្រឹងប្រែងយ៉ាងខ្លាំងរបស់លោកប្រធានាធិបតី Trump ដើម្បីបង្រួញរដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិក អាចដឹងកាន់តែច្បាស់ឡើងនៅថ្ងៃព្រហស្បតិ៍ ដែលជាពេលកំណត់សម្រាប់ក្រសួងរបស់រដ្ឋាភិបាលដើម្បីបញ្ជូនផែនការសម្រាប់ការបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំលើកទី២ និងដើម្បីកាត់បន្ថយថវិកា៕
វេទិកាបញ្ចេញមតិ