ភ្នំពេញ —
អវត្តមានកម្ពុជាពីបញ្ជីឈ្មោះប្រទេសហត្ថលេខីជាងមួយរយ ដែលបានសម្ដែងការប្ដេជ្ញាចិត្តជាសាកលអំពីការការពារព្រៃឈើ អំឡុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំស្ដីពីអាកាសធាតុ បាននាំឱ្យមានការរិះគន់ពីក្រុមអ្នកតស៊ូមតិ និងអ្នកការពារបរិស្ថាន។
រដ្ឋចំនួនយ៉ាងហោច១២៤ ក្នុងចំណោមរដ្ឋទាំងអស់១៩៧ ដែលកំពុងចូលរួម«សន្និសីទអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ»លើកទី២៦(COP26)នៅទីក្រុង Glasgow ចក្រភពអង់គ្លេសបានចេញសេចក្តីថ្លែងការណ៍រួម ប្តេជ្ញាចិត្ត ដើម្បីបញ្ឈប់និងកែប្រែឡើងវិញនូវការធ្វើឲ្យបាត់បង់ព្រៃឈើនិងការរេចរឹលដីត្រឹមឆ្នាំ២០៣០។
លិខិតូបករណ៍ដែលមានឈ្មោះផ្លូវការថា«សេចក្ដីប្រកាសរួមទីក្រុង Glasgow របស់មេដឹកនាំស្ដីអំពីព្រៃឈើនិងបម្រើបម្រាស់ដី» បានផ្ដោតលើគម្រោងរួមគ្នា ធានាយ៉ាងណារក្សានិរន្តរភាពនៃព្រៃឈើនិងគម្របព្រៃឈើដើម្បីបន្ថយល្បឿននៃការកើនកម្ដៅភពផែនដីនិងការប្រែប្រួលអាកាសធាតុ។
មេដឹកនាំរបស់ប្រទេសទាំង១២៤ បានប្តេជ្ញាចិត្តថា៖ «ដូច្នេះហើយ យើងប្តេជ្ញាធ្វើការរួមគ្នាដើម្បីបញ្ឈប់ និងការកែប្រែឡើងវិញនូវការបាត់បង់ព្រៃឈើ និងការរេចរឹលដីត្រឹមឆ្នាំ2030 ស្របពេលផ្តល់នូវការអភិវឌ្ឍប្រកបដោយចីរភាព និងការលើកកម្ពស់ការផ្លាស់ប្តូរជនបទដោយបរិយាប័ន្ន»។
ក្នុងចំណោមរដ្ឋទាំង១២៤ ដែលរួមគ្នាចេញសេចក្ដីប្រកាសអំពីការប្ដេជ្ញាចិត្តនេះ គេមិនឃើញមានប្រទេសកម្ពុជាឡើយ គិតចាប់តាំងពីពេលដែលចេញសេចក្ដីប្រកាសដំបូងនៅថ្ងៃចន្ទ មកទល់នឹងរសៀលថ្ងៃពុធនេះ។
ប្រទេសធំៗដូចជា សហរដ្ឋអាមេរិក ចិន អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង សុទ្ធសឹងតែមានឈ្មោះក្នុងបញ្ជីរដ្ឋទាំង១២៤ ដែលរួមបញ្ចូលប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍តែបួនប៉ុណ្ណោះដូចជា ព្រុយណេ ឥណ្ឌូណេស៊ី វៀតណាម និងហ្វីលីពីន។
លោក សាន់ ម៉ាឡា មន្ត្រីតស៊ូមតិនៃគម្រោងការពារព្រៃឈើ នៅសមាគមបណ្តាញយុវជនកម្ពុជា(CYN)យល់ថា អវត្តមានកម្ពុជាពីសេចក្តីប្រកាសរួមនេះ វាបង្ហាញថា រដ្ឋាភិបាលមិនទាន់មានឆន្ទៈនៅក្នុងការអភិរក្ស និងការពារធនធានព្រៃឈើនោះទេ ជាពិសេសមិនមានឆន្ទៈពិតប្រាកដក្នុងការពង្រឹងសិទ្ធិអំណាចរបស់សហគមន៍មូលដ្ឋានដែលជាម្ចាស់ទឹកដី។
លោកមើលឃើញថា កម្ពុជាក៏មិនបានគោរពតាមការសន្យារបស់ខ្លួនក្នុងការការពារព្រៃឈើ ក្នុងសន្និសីទCOP លើកទី២១នៅទីក្រុងប៉ារីសដែរ។
លោកបញ្ជាក់ថា៖ «នៅក្នុងសន្និសីទCOPលើកទី២១នៅទីក្រុងប៉ារីស រដ្ឋាភិបាលកម្ពុជាបានដាក់របាយការណ៍មួយដែលមានឈ្មោះថា ឆន្ទៈកម្ពុជាក្នុងការរួមចំណែកក្នុងការឡើងកម្តៅផែនដី ដោយបានប្តេជ្ញាចិត្តថែរក្សាគម្របព្រៃឈើឲ្យបាន៦០ភាគរយនៅត្រឹមឆ្នាំ២០៣០។ ប៉ុន្តែជាក់ស្តែងនៅក្នុងរបាយការណ៍ជាតិស្តីពីស្ថានភាពបរិស្ថានលើកទី៨ដែលចេញផ្សាយដោយក្រសួងបរិស្ថានហ្នឹង យើងឃើញថាគិតត្រឹមឆ្នាំ២០១៨ គម្របព្រៃឈើកម្ពុជា[របស់]យើងនៅសល់ប្រមាណ៤៥ ភាគរយជាង [ឬ៤៦]ទេ។ អ៊ីចឹងវាប្រាសចាកអំពីអ្វីដែលកម្ពុជាបានប្តេជ្ញាចិត្តនៅក្នុងCOPលើកទី២១ នៃទីក្រុងប៉ារីស»។
លោក សាន់ ម៉ាឡា ស្នើរដ្ឋាភិបាលឲ្យផ្តល់សិទ្ធិសេរីភាពពេញលេញ ដោយមិនមានការគំរាមកំហែង និងការរឹតត្បិតសេរីភាព ដើម្បីឲ្យពលរដ្ឋ សកម្មជនព្រៃឈើ ក៏ដូចជាប្រជាសហគមន៍ អាចចូលរួមអភិរក្ស ការពារ និងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ពីសំណាកអ្នកមានអំណាច ឬឈ្មួញធំៗ កាប់បំផ្លាញព្រៃឈើបន្តទៀតដែលជាប្រយោជន៍សម្រាប់បរិស្ថាន និងសេដ្ឋកិច្ច។
លោកថ្លែងថា៖«យើងទាមទារឲ្យរដ្ឋាភិបាលកម្ពុជាគោរពការប្តេជ្ញាចិត្តរបស់ខ្លួនដូចបានសន្យានៅក្នុងសន្និសីទលើទី២១ នៅទីក្រុងប៉ារីសកាលឆ្នាំ២០១៥។ ហើយគោលបំណងទី២ យើងស្នើឲ្យរដ្ឋាភិបាលកម្ពុជាបង្កើតបរិយាកាសអំណោយផលដល់ការចូលរួមរបស់សហគមន៍មូលដ្ឋាន អង្គការសង្គមស៊ីវិល សកម្មជន មហាជនក្នុងកិច្ចអភិរក្ស ថែរក្សា ការពារធនធានធម្មជាតិ»។
លោក សាន់ ម៉ាឡា បានបន្តថា៖«ដោយឡែកគោលបំណងទី៣ យើងជម្រុញឲ្យសហគមន៍អន្តរជាតិពិនិត្យមើលលើការប្តេជ្ញាចិត្តនិងការអនុវត្តរបស់រដ្ឋាភិបាលកម្ពុជា ដូចដែលបានចែងនៅក្នុងរបាយការណ៍ស្តីពីឆន្ទៈកម្ពុជាក្នុងការចូលរួមចំណែកអនុវត្តអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុនេះ»។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានប្រាប់វីអូអេនៅថ្ងៃពុធនេះថា ក្រសួងបរិស្ថានគាំទ្រលើសេចក្តីថ្លែងការណ៍រួមមួយនេះ ដោយបន្តបេសកកម្ម ការប្តេជ្ញាចិត្តក្នុងការទទួលខុសត្រូវខ្ពស់ដោយវិជ្ជាជីវៈក្នុងការគ្រប់គ្រងនិងអភិរក្សតំបន់ការពារធនធានធម្មជាតិ។
លោកថ្លែងថា៖ «ក្រសួងបរិស្ថានសូមគាំទ្រចំពោះសេចក្តីថ្លែងការណ៍នេះនិងសូមគូសបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលនៅក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងការងារដាំស្តារឡើងវិញនូវគម្របព្រៃឈើ»។
ប៉ុន្តែលោក នេត្រ ភក្ត្រា មិនបានបញ្ជាក់ទេថា មូលហេតុអ្វីបានជាប្រទេសកម្ពុជាមិនឃើញមានឈ្មោះនៅក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីការប្តេជ្ញាចិត្ត ដើម្បីបញ្ឈប់ និងការកែប្រែឡើងវិញនូវការធ្វើឲ្យបាត់បង់ព្រៃឈើនិងការរេចរឹលដីត្រឹមឆ្នាំ២០៣០។
គណៈប្រតិភូតំណាងឲ្យកម្ពុជា លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពីសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ នៅប្រទេសអង់គ្លេសនេះ។ នេះបើតាមលោក នេត្រ ភក្ត្រា។
បើតាមរបាយការណ៍ដែលបានចេញផ្សាយលើគេហទំព័ររបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ការវាយតម្លៃធនធានគម្របដីព្រៃឈើឆ្នាំ២០១៨ ជាលទ្ធផលចុងក្រោយនេះបង្ហាញថា ផ្ទៃដីព្រៃឈើមានប្រមាណ ៨លាន៥សែនហិកតាស្មើនឹង៤៦,៨៦% ធៀបនឹងផ្ទៃដីសរុបទូទាំងប្រទេស ដែលលទ្ធផលនៃការវាយតម្លៃនេះរួមបញ្ចូលទាំងផ្ទៃដីចម្ការកៅស៊ូ ចម្ការដូងប្រេងនិងដំណាំហូបផ្លែដទៃទៀត។
កម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាបាត់បង់ព្រៃឈើច្រើនបំផុតលើពិភពលោក ក្នុងពីរទសវត្សរ៍ចុងក្រោយ។ ក្រុមឃ្លាំមើលព្រៃឈើសកលលោក Global Forest Watch ដែលបានអង្កេតទិន្នន័យតាមផ្កាយរណប បានឱ្យដឹងថា ពីឆ្នាំ២០០១ ដល់ឆ្នាំ២០២០ កម្ពុជាបាត់បង់ផ្ទៃដីគម្របព្រៃឈើអស់២លាន៤៦ម៉ឺនហិកតា។
នៅក្នុងសេចក្តីថ្លែងការណ៍រួមនោះ COP26 បានដាក់ចេញការពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាចំនួន៦ចំនុចដែលរួមមានការអភិរក្ស ការសម្រួលការអភិវឌ្ឍប្រកបដោយនិរន្តរភាព ការកសាងសហគមន៍ដែលធន់ ការលើកកម្ពស់ជីវភាពជនបទ កសិកម្មដែលមានមេត្រីភាពជាមួយបរិស្ថាន ការផ្ដល់ថាមពលដល់ប្រភពវិនិយោគបៃតង និងការប្រើប្រាស់ដីធ្លីប្រកបដោយនិរន្តរភាព។
សេចក្ដីប្រកាសក្រុង Glasgow ដដែលបានបន្ថែមថា ទាំងនេះជាការចាំបាច់ក្នុងការសម្រេចបាននូវគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស រួមទាំង ការកាត់បន្ថយភាពងាយរងគ្រោះចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការរក្សាការកើនឡើងនៃសីតុណ្ហភាពជាមធ្យមពិភពលោកឲ្យនៅក្រោម២អង្សាសេ និងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីកំណត់វាឲ្យនៅត្រឹម១,៥អង្សាសេ៕