បណ្តាប្រទេសនៅតំបន់កោះប៉ាស៊ីហ្វិកកំពុងតវ៉ានៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីអំពាវនាវឱ្យមានអនុសាសន៍តុលាការទៅលើកាតព្វកិច្ចតាមផ្លូវច្បាប់របស់ប្រទេសនានាក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រែប្រួលអាកាសធាតុ។ ការណ៍នេះកើតមានឡើងបន្ទាប់ពីកិច្ចប្រជុំ COP29 ទីដែលបណ្តាប្រទេសដែលមានជាងនេះស្នើថវិកា៣០០ពាន់លានដុល្លារសម្រាប់ហិរញ្ញវត្ថុអាកាសធាតុប្រចាំឆ្នាំរហូតដល់ឆ្នាំ២០៣៥ ដែលតួលេខនេះត្រូវបានពួកអ្នករិះគន់ថាមិនគ្រប់គ្រាន់។ ដូចដែលអ្នកស្រី Jessica Stone នៃ VOA រាយការណ៍ ការខាតបង់ដោយសារតែអសកម្មភាពលើបញ្ហាអាកាសធាតុនេះគឺប៉ះពាល់ខ្លាំងបំផុតចំពោះបណ្តាប្រទេសកោះប៉ាស៊ីហ្វិកទាំងនេះ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល។
ការប្រែប្រួលអាកាសធាតុ
ថ្ងៃសៅរ៍ ២៨ ធ្នូ ២០២៤
នៅក្នុងអំឡុងចន្លោះពីឆ្នាំ២០១៦ដល់ឆ្នាំ២០២៤នេះ ផ្កាថ្មប៉ប្រះទឹក Great Barrier Reef ដែលជាប្រព័ន្ធអេកូឡូស៊ីនៃផ្កាថ្មប៉ប្រះទឹកធំជាងគេបំផុតនៅលើពិភពលោក និងដែលមានជីវចម្រុះបំផុតមួយបានទទួលរងនូវព្រឹត្តិការណ៍នៃការប្រែពណ៌ផ្កាថ្មយ៉ាងខ្លាំង។ នោះគឺជាពេលដែលសីតុណ្ហភាពទឹកឡើងក្តៅខ្លាំង ហើយផ្កាថ្មបានបណ្តេញសារាយដែលផ្តល់ពណ៌ និងអាហារដល់ពួកវាចេញ ហើយជួនកាលបានធ្វើឱ្យផ្កាថ្មងាប់។ កាលពីដើមឆ្នាំនេះ រូបថតពីលើអាកាសដែលបង្ហាញនូវផ្កាថ្មប៉ប្រះទឹកជាង៣០០ នៅក្នុងប្រព័ន្ធនៅឆ្នេរសមុទ្រភាគឦសាននៃប្រទេសអូស្ត្រាលី បានរកឃើញថា ផ្កាថ្មបានប្រែពណ៌នៅតំបន់ទឹករាក់ដែលលាតសន្ធឹងលើទំហំ២ភាគបីនៃតំបន់ថ្មប៉ប្រះទឹក។ នេះបើយោងតាមអាជ្ញាធរឧទ្យានជាតិ Great Barrier Reef Marine Park Authority។
នៅក្នុងអត្ថបទស្រាវជ្រាវមួយដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Natureកាលពីថ្ងៃទី៧ ខែសីហា បានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Melbourne និងសាកលវិទ្យាល័យផ្សេងទៀតក្នុងប្រទេសអូស្ត្រាលី អាចប្រៀបធៀបសីតុណ្ហភាពទឹកសមុទ្រនាពេលថ្មីៗនេះទៅនឹងកំណត់ត្រាក្នុងប្រវត្តិសាស្រ្តដោយប្រើគំរូគ្រោងផ្កាថ្មពីផ្កាថ្មនៅតំបន់នោះដើម្បីបង្កើតទិន្នន័យសីតុណ្ហភាពផ្ទៃទឹកសមុទ្រឡើងវិញពីឆ្នាំ១៦១៨ ដល់ឆ្នាំ១៩៩៥។ ពួកគេបានភ្ជាប់ជាមួយទិន្នន័យសីតុណ្ហភាពផ្ទៃទឹកសមុទ្រពីឆ្នាំ១៩០០ ដល់ឆ្នាំ២០២៤។
ពួកគេបានសង្កេតឃើញថា ជាទូទៅសីតុណ្ហភាពមានភាពថេរនៅមុនឆ្នាំ១៩០០ និងកម្តៅឡើងថេរពីខែមករាដល់ខែមីនាពីឆ្នាំ១៩៦០ ដល់ឆ្នាំ២០២៤។ ហើយក្នុងអំឡុងពេល ៥ ឆ្នាំនៃការប្រែពណ៌នៅក្នុងទសវត្សរ៍កន្លងទៅនេះ គឺក្នុងអំឡុងឆ្នាំ ២០១៦ ឆ្នាំ ២០១៧ ឆ្នាំ ២០២០ ឆ្នាំ ២០២២ និងឆ្នាំ ២០២៤នេះ សីតុណ្ហភាពក្នុងខែមករា និងខែមីនា គឺខ្ពស់ជាងពីឆ្នាំមុនៗដោយរាប់ចាប់ពីឆ្នាំ១៦១៨។ ពួកគេបានប្រើគំរូអាកាសធាតុដើម្បីសិក្សាមើលថាតើអត្រាឡើងកម្ដៅក្រោយឆ្នាំ១៩០០ បណ្តាលមកពីមនុស្សដែរឬទេ? ឆ្នាំតែមួយគត់ដែលក្តៅជិតដូចឆ្នាំនៃការប្រែពណ៌ផ្កាថ្មដ៏ច្រើនក្នុងមួយទសវត្សរ៍កន្លងមកនេះ គឺឆ្នាំ២០០៤។
លោក Benjamin Henley ដែលជាអ្នកនិពន្ធនាំមុខលើការស្រាវជ្រាវនេះ និងជាសាស្ត្រាចារ្យផ្នែកគ្រប់គ្រងទីក្រុងប្រកបដោយនិរន្តរភាពនៅសាកលវិទ្យាល័យ Melbourne បាននិយាយថា៖ «ផ្កាថ្មប៉ប្រះទឹកកំពុងស្ថិតក្នុងភាពគ្រោះថ្នាក់ ហើយប្រសិនបើយើងមិនផ្លាស់ប្តូរអ្វីដែលកំពុងតែកើតឡើងនៅក្នុងពេលបច្ចុប្បន្ននេះទេ មនុស្សជំនាន់យើងទំនងជានឹងបានឃើញការបាត់បង់នៃអច្ឆរិយធម្មជាតិដ៏អស្ចារ្យទាំងនោះ។ ហើយប្រសិនបើអ្នកដាក់ភ័ស្តុតាងទាំងអស់រួមគ្នា យើងនឹងឃើញថា កម្ដៅខ្លាំងកំពុងកើតឡើងញឹកញាប់ពេកដែលមិនអាចឱ្យផ្កាថ្មទាំងនោះសម្របខ្លួន និងវិវត្តប្រកបដោយប្រសិទ្ធភាពបានឡើយ»។
នៅទូទាំងពិភពលោក ផ្កាថ្មគឺជាគន្លឹះដ៏សំខាន់សម្រាប់ការផលិតអាហារសមុទ្រ និងវិស័យទេសចរណ៍។ អ្នកវិទ្យាសាស្ត្របាននិយាយជាយូរមកហើយថា ការបាត់បង់ផ្កាថ្មបន្ថែមទៀតទំនងជាកើតមានដោយសារតែការឡើងកម្ដៅនាពេលអនាគត នៅពេលដែលពិភពលោកខិតជិតដល់កម្រិតនៃការឡើងកម្តៅ ១,៥ អង្សាសេថែមទៀតដែលវាជាចំនួនដែលប្រទេសនានាបានយល់ព្រមនឹងគ្នាក្នុងការព្យាយាម និងរក្សានៅក្រោមកិច្ចព្រមព្រៀងស្តីពីអាកាសធាតុទីក្រុងប៉ារីសឆ្នាំ២០១៥។
អ្នកនិពន្ធនៃការស្រាវជ្រាវនេះបាននិយាយទៀតថា ទោះបីជាការឡើងកម្តៅផែនដីត្រូវបានរក្សានៅក្រោមគោលដៅនៃកិច្ចព្រមព្រៀងស្តីពីអាកាសធាតុទីក្រុងប៉ារីសដែលអ្នកវិទ្យាសាស្ត្រនិយាយថា ទំនងជាមិនអាចរក្សាបាននោះ ក៏ផ្កាថ្មពី៧០ភាគរយទៅ៩០ភាគរយ នៅជុំវិញពិភពលោកអាចនឹងត្រូវបានគំរាមកំហែង។ ជាលទ្ធផល ផ្កាថ្មប៉ប្រះទឹកនាពេលអនាគត ទំនងជានឹងមានភាពចម្រុះតិចជាងមុនដែលរឿងនេះកំពុងកើតឡើងរួចទៅហើយ ខណៈដែលទឹកសមុទ្រកាន់តែក្តៅ។
លោក Michael McPhaden អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់ផ្នែកអាកាសធាតុនៅរដ្ឋបាលមហាសមុទ្រនិងបរិយាកាសជាតិ បាននិយាយថា ផ្កាថ្មប៉ប្រះទឹកកំពុងវិវត្តក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះដើម្បីឆ្លើយតបទៅនឹងព្រឹត្តិការណ៍ប្រែពណ៌ដូចអ្វីដែលអ្នកនិពន្ធនៃការស្រាវជ្រាវនេះបានគូសបញ្ជាក់។ ក៏ប៉ុន្តែ សូម្បីតែផ្កាថ្មដែលរឹងមាំបំផុត ក៏ប្រហែលជាមិនអាចទប់ទល់នឹងសីតុណ្ហភាពដែលគេរំពឹងថានឹងកើនឡើងរួមជាមួយនឹង«ការកើនឡើងឥតឈប់ឈរនៃកំហាប់ឧស្ម័នផ្ទះកញ្ចក់នៅក្នុងបរិយាកាសបាននោះឡើយ»។
ផ្កាថ្មប៉ប្រះទឹក Great Barrier Reef គឺជាធនធានសេដ្ឋកិច្ចសម្រាប់តំបន់នេះ ហើយវាក៏ជួយការពារទប់ទល់នឹងព្យុះត្រូពិកដែលមានកម្លាំងខ្លាំងផងដែរ។
លោក McPhaden បាននិយាយទៀតថា ដោយសារផ្កាថ្មដែលធន់នឹងកម្ដៅកាន់តែច្រើនឡើងមកជំនួសប្រភេទសត្វដែលធន់នឹងកម្ដៅទាបនៅបាតសមុទ្រដែលមានសត្វនិងផ្កាថ្មចម្រុះពណ៌នោះ ធ្វើឱ្យមាន«ក្តីបារម្ភយ៉ាងខ្លាំង»អំពីការរំពឹងថានឹងមានការបាត់បង់ចំនួនប្រភេទសត្វដ៏ច្រើននិងការថយចុះនៃតំបន់ផ្កាថ្មប៉ប្រះទឹកដ៏ធំបំផុតនៅក្នុងពិភពលោក។
លោក McPhaden បាននិយាយទៀតថា «វាគឺជាសញ្ញាព្រមានអំពីគ្រោះថ្នាក់ទាក់ទិននឹងការប្រែប្រួលអាកាសធាតុនេះ»៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់