អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Barack Obama បានប្រាប់សន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅទីក្រុង Glasgow ប្រទេសស្កុតលែន កាលពីថ្ងៃចន្ទថា មេដឹកនាំពិភពលោកនៅក្នុងកិច្ចប្រជុំកំពូលនេះ«មិនទាន់បានធ្វើការគ្រប់គ្រាន់ទេ»ដើម្បីដោះស្រាយវិបត្តិអាកាសធាតុ។
ថ្លែងក្នុងអំឡុងសប្តាហ៍ទីពីរនៃកិច្ចពិភាក្សាអំពីអាកាសធាតុ(COP26) លោក Obama បាននិយាយថា ប្រទេសភាគច្រើនមិនបានធ្វើតាមការប្តេជ្ញាចិត្តដែលបានធ្វើនៅក្នុងកិច្ចព្រមព្រៀងសន្និសីទអំពីអាកាសធាតុនៅទីក្រុងប៉ារីសឆ្នាំ ២០១៥ទេ ហើយថា ពិភពលោកនៅយឺតយ៉ាវខ្លាំងក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។
លោកបាននិយាយថា រឿងដែលធ្វើឱ្យ«ធ្លាក់ទឹកចិត្តជាពិសេស»នោះគឺមេដឹកនាំប្រទេសចិន និងរុស្ស៊ី ដែលជាប្រទេសបញ្ចេញឧស្ម័នបង្កើនកម្តៅផែនដ៏ច្រើនបំផុត បានបដិសេធមិនចូលរួមក្នុងសន្និសីទនៅទីក្រុងGlasgow ដោយលោកនិយាយថា ប្រទេសទាំងពីរបានបង្ហាញអ្វីដែល«ហាក់ដូចជាខ្វះការត្រៀមទល់ទល់គ្រោះថ្នាក់» ពីការប្រែប្រួលអាកាសធាតុ។
ចិនគឺជាប្រទេសបញ្ចេញកាបូនដ៏ច្រើនបំផុតក្នុងពិភពលោក។ នៅក្នុងសេចក្តីថ្លែងការណ៍ទៅកាន់សន្និសីទកាលពីសប្តាហ៍មុន ប្រធានាធិបតីចិនលោក Xi Jinping បានអំពាវនាវឱ្យប្រទេសផ្សេងទៀត«បង្កើនកិច្ចសហប្រតិបត្តិការ» និងធ្វើសកម្មភាពលើបញ្ហាអាកាសធាតុ។ ទោះជាយ៉ាងណាលោក Xi Jinping មិនបានធ្វើការសន្យាថ្មីទេ។
លោក Obama បាននិយាយថា ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ដូចជាសហរដ្ឋអាមេរិក និងប្រទេសនៅអឺរ៉ុប ចាំបាច់ត្រូវតែដឹកនាំគេលើបញ្ហានេះ ហើយប្រទេសចិនរុស្ស៊ី និងឥណ្ឌាក៏គួរធ្វើដូចគ្នាដែរ។ លោកបានថ្លែងថា៖ «យើងមិនអាចទុកចិត្តអ្នកមិនចូលរួមនោះទេ»។
លោកក៏បានអះអាងដែរថា ជាការចាំបាច់ណាស់ស្តាប់មតិអ្នកដែលជំទាស់នឹងវិធានការរហ័សទប់ទល់ការប្រែប្រួលអាកាសធាតុ។
លោក Obama បានថ្លែងថា៖«យើងពិតជាត្រូវស្តាប់មតិជំទាស់របស់ពួកគេ និងយល់ពីភាពស្ទាក់ស្ទើររបស់ពលរដ្ឋសាមញ្ញមួយចំនួនដែលថា ប្រទេសរបស់ពួកគេកែប្រែលឿនពេកអំពីការប្រែប្រួលអាកាសធាតុ។ យើងត្រូវយល់អំពីពួកគេ ហើយធ្វើការជាមួយពួកគេដើម្បីកុំឱ្យវិធានការធ្ងន់ធ្ងរអំពីការប្រែប្រួលអាកាសធាតុប៉ះពាល់ពួកគេ»។
លោកបានបន្ថែមថា «យើងត្រូវបញ្ចុះបញ្ចូលអ្នកដែលបើកឡានទៅធ្វើការនៅរោងចក្ររាល់ថ្ងៃ ដែលមិនអាចទិញរថយន្ត Tesla ហើយប្រហែលមិនអាចបង់ថ្លៃជួលផ្ទះ ឬចិញ្ចឹមគ្រួសារបាន ប្រសិនបើសាំងឡើងថ្លៃ»។
សហរដ្ឋអាមេរិកជាប្រទេសបញ្ចេញឧស្ម័នបំផ្លាញស្រទាប់អូហ្សូនរបស់ផែនដីច្រើនទី២បន្ទាប់ពីប្រទេសចិន។ សកម្មជនការពារអាកាសធាតុជាង១សែននាក់មកពីជុំវិញពិភពលោកបានដើរតាមផ្លូវនៃទីក្រុង Glasgow កាលពីថ្ងៃសៅរ៍បង្ហាញការខកចិត្តចំពោះលទ្ធផលនៅឯកិច្ចពិភាក្សាស្តីពីអាកាសធាតុ (COP26)រហូតដល់ពេលនេះ៕
(ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារព័ត៌មានThe Associated Press Reuters និង Agence France-Presse)