ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ៖ ពលរដ្ឋ​ខ្មែរ​ដែល​ធ្លាប់​ឆ្លងកាត់​សង្គ្រាម​​​ឆ្ងល់​អំពី​សិទ្ធិ​កាន់​កាំភ្លើង​នៅ​ស.រ.អា


រូបឯកសារ៖ អតិថិជន​ម្នាក់​មើល​កាំភ្លើង​នៅ​ហាង​លក់​កាំភ្លើង​មួយ​ក្នុង​រដ្ឋ​តិចសាស សហរដ្ឋ​អាមេរិក។
រូបឯកសារ៖ អតិថិជន​ម្នាក់​មើល​កាំភ្លើង​នៅ​ហាង​លក់​កាំភ្លើង​មួយ​ក្នុង​រដ្ឋ​តិចសាស សហរដ្ឋ​អាមេរិក។

អ្វី​ដែល​ប្រជាជន​កម្ពុជា​ពិបាក​យល់​នោះ​គឺ ​ហេតុអ្វី​បាន​ជា​សហ​រដ្ឋ​អាមេរិក ​ក្នុង​ឋានៈ​ជា​ប្រទេស​មួយ​ប្រកប​ដោយ​អំណាច ​និង​ទ្រព្យធន​ច្រើន​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក​ ​មិន​អាច​ដោះស្រាយ​បញ្ហា​កាំភ្លើង​ក្នុង​ស្រុក​ និង​ការ​បាញ់​សម្លាប់​រង្គាល​ ដែល​កើត​មាន​ជាញឹកញយ​នោះ។​

បន្ទាប់​ពី​រង​ការ​ឈឺ​ចាប់​ដោយសារជម្លោះ​រាប់​សិប​ទសវត្សរ៍​កន្លង​មក​នេះ​ ប្រជាជន​កម្ពុជា​ធ្លាប់​ឃើញការបំផ្លិច​បំផ្លាញ​សង្គម​របស់​ខ្លួន​ដោយសារ​អាវុធ​ ដូចជា ​ការ​បាញ់​សម្លាប់ ​ការ​ខូចខាត​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​ការ​បន្សល់​ទុក​ឲ្យ​ប្រទេស​ស្ថិត​នៅ​ក្នុង​ភាព​ក្រីក្រ។​

អ្វី​ដែល​ប្រជាជន​កម្ពុជា​ពិបាក​យល់​នោះ​គឺ ​ហេតុអ្វី​បាន​ជា​សហ​រដ្ឋ​អាមេរិក ​ក្នុង​ឋានៈ​ជា​ប្រទេស​មួយ​ប្រកប​ដោយ​អំណាច ​និង​ទ្រព្យធន​ច្រើន​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក​ ​មិន​អាច​ដោះស្រាយ​បញ្ហា​កាំភ្លើង​ក្នុង​ស្រុក​ និង​ការ​បាញ់​សម្លាប់​រង្គាល​ ដែល​កើត​មាន​ជាញឹកញយ​នោះ។​

អ្នកវិភាគ​ និង​និស្សិត​កម្ពុជា​មាន​ជំនឿ​ថា ​ច្បាប់គ្រប់គ្រង​កាំភ្លើង​នៅ​សហ​រដ្ឋ​អាមេរិក​ត្រូវ​តែ​រឹត​បន្តឹង​ ដើម្បី​កាត់​បន្ថយ​ការ​បាត់បង់​ជីវិត​ដោយសារ​អំពើ​ហិង្សា​ដោយ​កាំភ្លើង។​

លោក​សាស្រ្តាចារ្យ នាក់ ចិន្តារិទ្ធិ​ ប្រធាន​ដេប៉ាតឺម៉ង់​សិក្សា​អន្តរជាតិ​នៃ​វិទ្យាស្ថានភាសា​បរទេស​នៅសាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​បាន​មាន​ប្រសាសន៍​ថា ​លោក​មិន​មាន​ការ​ភ្ញាក់ផ្អើល​នឹង​ការ​បាញ់​សម្លាប់​រង្គាល​ដែល​មាន​ជា​បន្ត​បន្ទាប់​នៅ​សហ​រដ្ឋ​អាមេរិក​នោះ​ទេ។ ​លោក​គិត​ថា ​ដោយសារ​តែ​ប្រជាជន​មាន​សិទ្ធិ​កាន់​កាំភ្លើង​ ដូចនេះ​ការ​គ្រប់គ្រង​អាវុធ​គឺ​មិន​អាច​បាន​១០០​ភាគ​រយ​ទេ។​

«ខ្ញុំ​អត់​មាន​ភ្ញាក់​ផ្អើល​ផង។ ​ខ្ញុំ​អត់​មាន​ភ្ញាក់​ផ្អើល​ទេ​ចំពោះ​រឿង​បាញ់​សម្លាប់​រង្គាល​ ពី​ព្រោះ​ខ្ញុំ​រំពឹង​ថា ​នឹង​មាន​រឿង​ហ្នឹង។ ​គ្រាន់តែ​ថា ​យើង​មិន​ដឹង​ថា ​ពេល​ណា។ ​បាទ! ​ជា​ទំនោរ ​ហើយ​ដោយសារ​តែ​ទី​១ ​ប្រជាជន​មាន​សិទ្ធិ​កាន់​កាំភ្លើង។ ​អញ្ចឹង​ យើង​ដឹង​ហើយ​ កាំភ្លើង​ធ្វើ​ដើម្បី​អ្វី? ​កាំភ្លើង​ធ្វើ​ដើម្បី​បាញ់។ ​អញ្ចឹង​ ចៀស​មិន​ផុត​ ការ​គ្រប់គ្រង​អាវុធ ​គឺ​មិន​អាច​គ្រប់គ្រង​បាន​១០០​ភាគរយ​ទេ»។​

នៅ​ក្រុង​ Orlando ​រដ្ឋ​ Florida ​ មនុស្ស​៤៩នាក់​ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ក្លឹប​រាត្រី​មួយ​កាល​ពី​ថ្ងៃ​ទី​១២ ​ខែ​មិថុនា។ ​ហើយ​នេះគ្រាន់​ជាការ​បាញ់​សម្លាប់រង្គាល​ថ្មី​ថ្មោង​ជាង​គេ​បំផុត​មួយ​នៅ​អាមេរិក។ ​នៅ​ថ្ងៃ​ទី​២ ​ខែ​ធ្នូ​ ​ក្នុងក្រុង​ San Bernardino រដ្ឋ ​California មនុស្ស​១៤​នាក់​ត្រូវ​បាន​សម្លាប់​ ហើយ​២២​នាក់​ទៀត​បាន​រង​របួស​នៅ​ក្នុង​ការ​បាញ់​សម្លាប់​រង្គាល​មួយ។​

សារ​ព័ត៌មាន ​The Washington Post ​កាលពីខែ​កក្កដា​ បាន​លើក​ឡើង​ថា ​មាន​មនុស្ស​៨៧៤​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​រយៈ​ពេល​៥០ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​រង្គាល​នៅ​សហ​រដ្ឋ​អាមេរិក។​ ទោះបី​យ៉ាងណា​ក៏​ដោយ ​ចំនួន​នេះ​គឺ​គ្រាន់​តែ​មួយ​ភាគ​តូច​ប៉ុណ្ណោះ​នៃ​ចំនួន​មនុស្ស​ដែល​បាន​ស្លាប់​ដោយសារ​អំពើ​ហិង្សា​ដោយ​កាំភ្លើង​នៅ​សហ​រដ្ឋ​អាមេរិក​ ដែល​កាល​ពី​ឆ្នាំ​មុន ​មនុស្ស​ជាង​១២.០០០​នាក់​ត្រូវ​បាន​សម្លាប់​ដោយ​កាំភ្លើង។​

ដោយ​ប្រៀប​ផ្ទឹម​ច្បាប់​កាំភ្លើង​នៅ​សហ​រដ្ឋ​អាមេរិក​ទៅ​នឹង​ច្បាប់​នៅ​ប្រទេស​អូស្រ្តាលី ​ទី​ដែល​កំណែ​ទម្រង់​ធំៗ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឆ្នាំ​១៩៩៦ ​បន្ទាប់​ពី​ការ​បាញ់​សម្លាប់​រង្គាល​នៅ​ក្រុង ​Port Arthur​ ​នោះ​ ​ លោក​នាក់ ចិន្តារិទ្ធិ​ បាន​និយាយ​ថា ​ច្បាប់​តឹងរ៉ឹង​ដែល​ត្រូវ​បាន​អនុម័ត​ឡើង​នា​ឆ្នាំ​នោះ ​បាន​ការពារ​មិន​ឲ្យ​សោក​នាដកម្ម​ដូចនោះ​កើត​មាន​សារ​ជាថ្មី។ ​ប្រទេស​អូស្រ្តាលី​មិន​ធ្លាប់ជួប​ប្រទះ​ការ​បាញ់​សម្លាប់​រង្គាល​ទេ​ ចាប់​តាំង​ពី​ឆ្នាំ១៩៦៦​មក។​

លោក​នាក់ ចិន្តារិទ្ធ​បាន​ថ្លែង​ថា៖​

«ប្រទេស​អូស្រ្តាលី​ កាល​ពី​មុន​ ប្រជាជន​មាន​សិទ្ធិ​កាន់​កាំភ្លើង​បាន​ខ្លះ​ តែ​ក្រោយ​មក ​ដោយសារ​តែ​មាន​ការ​បាញ់​ប្រហារ​នៅ​ទី​ក្រុង​ Sydney ​នៅ​ទសវត្សរ៍​១៩៩០​ ប្រទេស​អូស្រ្តាលី​បានធ្វើ​ច្បាប់​មិន​ឲ្យ​ប្រជាជន​កាន់​កាំភ្លើង»។​

ជា​មធ្យម​ កុមារ​ និង​ជនវ័យ​ជំទង់ ​ក្រោយ​អាយុ​២០ឆ្នាំត្រូវ​បាន​សម្លាប់​ដោយ​កាំភ្លើង​ជា​រៀងរាល់​ថ្ងៃ​នៅ​សហ​រដ្ឋ​អាមេរិក។​ នេះ​បើ​យោង​ទៅ​តាម​យុទ្ធនាការ​ Brady Campaign to Prevent Gun Violence ​ដែល​មាន​បេសកកម្មរក្សា​សុវត្ថិភាព​ប្រសើរ​ជាង​មុន​នៅ​សហ​រដ្ឋ​អាមេរិក​ តាមរយៈ​ការ​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់​ដោយ​កាំភ្លើង​ឲ្យ​បាន​ពាក់​កណ្តាល​នៅ​ត្រឹម​ឆ្នាំ​២០២៥។​

លោក​ឈាង វណ្ណារិទ្ធិ​ ប្រធាន​ក្រុម​ប្រឹក្សា​ផ្តល់​យោបល់របស់​វិទ្យាស្ថាន​កម្ពុជា​ដើម្បី​ការ​សិក្សា​យុទ្ធសាស្រ្ត ​បាន​និយាយ​ថា ​ការ​ដាក់​បម្រាម​ទៅ​លើ​កាំភ្លើង​តែ​មួយ​មិន​មាន​អាច​បញ្ឈប់​ការ​បាញ់​សម្លាប់​រង្គាល​នោះ​ទេ។​

លោក​បាន​បន្ត​ថា ​ច្បាប់​គ្រប់គ្រង​អាវុធ​ទន់ខ្សោយ​ជា​បញ្ហា​មួយ​ ប៉ុន្តែ​លទ្ធិជ្រុល​និយម ​និង​ការ​រើសអើង​នៅ​ក្នុង​សង្គម​ជាបញ្ហា​មួយ​បន្ថែម​ទៀត។​ ដំណោះ​ស្រាយ​នឹង​តម្រូវ​ឲ្យ​មាន​ការ​ដោះស្រាយ​ទៅ​លើ​កត្តា​ចំនួន​បី​ រួម​មាន​ ច្បាប់​គ្រប់គ្រង​កាំភ្លើង ​លទ្ធិ​ជ្រុលនិយម​ និង​ការ​រើសអើង​ ដែល​បាន​បង្ក​ឲ្យ​មនុស្ស​មួយ​ចំនួន​ធំ​មាន​ការ​ខឹង​សម្បារ។​

លោក​ឈាង វណ្ណារិទ្ធិ​បាន​ថ្លែង​ថា៖​

«ទី​១​គឺ​គ្រប់គ្រង​អាវុធ។ ទី​ពីរ​គឺ​បន្ថយ​នូវ​និន្នាការ​ជ្រុល​និយម ​ឬ​ក៏​ការ​រើស​អើង​នៅ​ក្នុង​សហគមន៍​អាមេរិក»។​

លោក​បាន​បន្ថែម​ថា ​ដំណោះស្រាយ​សម្រាប់​បញ្ហា​គ្រប់គ្រង​អាវុធ​គឺ​មាន​ច្បាស់​ណាស់។​

លោក​បាន​លើក​ឡើង​ថា ​ប្រសិន​បើ​រដ្ឋាភិបាល​សហព័ន្ធ​ ឬ​រដ្ឋាភិបាល​តាម​រដ្ឋ​នានា​នៅ​សហ​រដ្ឋ​អាមេរិក​មិន​គ្រប់គ្រង​លើ​កម្មសិទ្ធិ​អាវុធ​បាន​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​នោះ​ទេ ​នោះ​គេមិន​គួរអនុញ្ញាត​ឲ្យ​ប្រជាជនកាន់​កាំភ្លើង​ឡើយ។​

លោក​បាន​និយាយ​ថា៖​

«រដ្ឋាភិបាល​ថ្មី​អាមេរិក​គួរ​តែ​ដាក់​ច្បាប់​គ្រប់គ្រង​អាវុធ​ឲ្យ​មាន​ក្រឹត្យក្រម​ខ្ពស់​ គឺ​មិន​អនុញ្ញាត​ឲ្យ​ប្រជាជន​ទិញ​ដូរ​អាវុធ​ ឬ​មាន​អាវុធ​នៅ​ក្នុង​ផ្ទះ​ ឬ​យក​តាមខ្លួន»។​

មេរៀន​ពី​ប្រទេស​កម្ពុជា៖​

ប្រទេស​កម្ពុជា​ធ្លាប់​បាន​ឆ្លង​កាត់​ការ​អនុវត្ត​ការ​គ្រប់គ្រង​កាំភ្លើង​នៅ​ក្នុង​សង្គម​ ដែល​ពោរពេញ​ទៅ​ដោយ​អាវុធ។​

បន្ទាប់​ពី​មាន​សង្រ្គាម​ស៊ីវិល​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ ​កម្ម​សិទ្ធិ​កាំភ្លើង​ ជា​ពិសេស​កាំភ្លើងប្រភេទ ​AK-47 ​គឺ​មាន​ពាសពេញ​ភូមិ ​និង​ក្រុង​តូច ​ធំ​នានា​ទូទាំង​ប្រទេស។​

រហូត​ដល់​ចុង​ទសវត្សរ៍​១៩៩០​ ​រដ្ឋាភិបាល​បាន​ចាត់​វិធានការ​ដកហូត​កាំភ្លើង​ចេញ​ពី​ជន​ស៊ីវិល​ ហើយ​ដាក់​ការ​កាន់​កាប់​កាំភ្លើង​ជាអំពើខុសច្បាប់។ ​ប្រជាជន​ត្រូវ​បាន​ស្នើ​ឲ្យ​ប្រគល់​កាំភ្លើង​គ្រប់​យ៉ាង​ មាន​កាំភ្លើង​វែង​ ខ្លី ​រ៉ូកែត​ប្រឆាំង​រថពាស​ដែក ​និង​គ្រាប់បែក​ដៃ។ ​ហើយ​រដ្ឋាភិបាល​បាន​រៀបចំ​ជា​ពិធី​ផ្សេងៗ​ ដែល​គេ​ឃើញគំនរ​អាវុធត្រូវ​បាន​បំផ្លាញ​ចោល​ក្នុង​ទី​សាធារណៈ ដូចជា​កិន​កម្ទេច​ដោយ​រ៉ូឡូកិនដី ​ឬ​ដុត​ក្នុង​ភ្លក់​ភ្លើង​ធំៗ។​

បើ​ទោះ​បី​ជាការ​រក​អាវុធ​នៅ​ប្រទេសកម្ពុជា​នៅ​តែ​មិន​សូវ​មាន​ការ​លំបាក​ខ្លាំង​ក្តី ​ ប្រទេស​នេះ​លែង​ជា​សង្គម​មួយ​ដែល​មាន​កាំភ្លើង​ច្រើន​ ដូច​ពី​មុន​ទៀត​ហើយ។​

លោក​នាយ​ឧត្តម​សេនីយ៍​ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ​បាន​បដិសេធ​មិន​ធ្វើអត្ថាធិប្បាយ​ដោយ​ផ្ទាល់​ទៅ​លើ​បញ្ហា​ការ​បាញ់​សម្លាប់​រង្គាល​នៅ​សហ​រដ្ឋ​អាមេរិក​ទេ ​ដោយ​លោក​គិត​ថា ​បញ្ហា​នេះ​ជា​បញ្ហា​ផ្ទៃ​ក្នុង​របស់​សហ​រដ្ឋ​អាមេរិក។​ ទោះ​បី​ជា​យ៉ាងណា​ក្តី ​លោក​បាន​មាន​ប្រសាសន៍​ថា ​ប្រទេស​កម្ពុជា​តែងតែចូល​រួម​រំលែក​ទុក្ខ​ កាលណា​មាន​សោកនាដ​កម្ម​ដូចនេះ​កើត​មាន​ឡើង​នៅ​សហ​រដ្ឋ​អាមេរិក។​

«អាមេរិក​សប្បាយ​គឺ​សប្បាយ...​អរ​តាម​ហ្នឹង។ ​ប៉ុន្តែ​អាមេរិក​មាន​ទុក្ខ​គឺ​អាហ្នឹង​ ចូល​រួម​ ​[រំលែក​ទុក្ខ]»។​

យុវសិស្ស​ស៊ូ បញ្ញា​ ជា​និស្សិត​ឆ្នាំ​ទីបួន​ ផ្នែក​នីតិសាស្រ្ត​នៃ​មហា​វិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្រ្ត​ និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច​ បាន​និយាយ​ថា ​ខ្លួន​មាន​ការ​ភ្ញាក់​ផ្អើលដែល​ថា​ ​ការ​បាញ់​សម្លាប់ហាក់​ដូច​ជា​រឿង​ធម្មតានៅ​សហ​រដ្ឋ​អាមេរិក​ ​ដោយ​ហេតុ​ថា ​សហ​រដ្ឋ​អាមេរិក​ជា​ប្រទេស​មួយ​ដែល​ជឿនលឿន ​និង​អភិវឌ្ឍ​ ដោយមាន​ការ​អនុវត្ត​ច្បាប់​តឹងរ៉ឹង។ ​យុវសិស្ស​រូបនេះ​បាន​បន្ត​ថា​ ហេតុ​ការណ៍​បាញ់​សម្លាប់​រង្គាល​ដូចនេះ​បង្ក​ឲ្យ​មាន​មតិ​មិន​ល្អ​ទៅ​លើ​មេ​ដឹកនាំ​រដ្ឋាភិបាល។​

លោកបាន​ថ្លែង​ថា៖​

«អញ្ចឹង ​ការ​ប្រើប្រាស់​កាំភ្លើង​ វា​មាន​លក្ខណៈ​ជា​គុណសម្បត្តិ ​និង​គុណវិបត្តិ​ ប៉ុន្តែ​ជា​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ​ជន​ស៊ីវិល​គឺ​មិនគួរ​ប្រើប្រាស់​កាំភ្លើង​បែប​នេះ​ទេ​បាទ»។​

យុវសិស្សជា ហាវ ​និស្សិតឆ្នាំ​ទី​មួយផ្នែក​សិក្សា​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​មាន​ការ​យល់ស្រប​ដូច​គ្នា។​

«ចំពោះ​ការ​បាញ់​សម្លាប់​រង្គាល​ហ្នឹង​ អាច​ភ្ញាក់​ផ្អើល​ខ្លះ ​អត់​ខ្លះ ​ព្រោះ​ការ​បាញ់​សម្លាប់​រង្គាល​ហ្នឹង ​វា​មាន​ឱកាស​កើត​ឡើង​ច្រើន​ ព្រោះ​ប្រជាជន​ភាគ​ច្រើន​មាន​សិទ្ធិ​នៅ​ក្នុង​ការ​កាន់​អាវុធ។ ​.... ខ្ញុំ​គិត​ថា ​ការ​កាន់​អាវុធ​ហ្នឹង​ចំពោះ​មនុស្ស​គ្រប់​គ្នា​ហ្នឹង​គួរណាស់​តែ​មាន​ការ​ដាក់​កម្រិត ​និង​ហាមឃាត់»។​

មន្រ្តី​មួយ​ចំនួន​នៅ​ក្នុង​រដ្ឋាភិបាល​អាមេរិក​ហាក់​ដូចជា​យល់​ស្រប​ថា ​ការ​ដាក់​កំហិតលើ​សិទ្ធិកាន់​អាវុធប្រភេទ​ខ្លះ នឹង​មាន​លក្ខណៈ​វិជ្ជមាន​សម្រាប់​សង្គម។​

បន្ទាប់​ពី​មាន​ហេតុ​ការណ៍​បាញ់​សម្លាប់​រង្គាល​នៅ​ក្រុង ​Orlando អនុ​ប្រធានាធិបតី​អាមេរិក​លោក ​Joe Biden ​បាន​បង្ហោះ​សារ​ក្នុង​វីដេអូ​មួយ​ក្នុង​គេហ​ទំព័រ​សេតវិមាន​ ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​អ្នក​ដែល​បាន​ចុះ​ហត្ថលេខា​លើ​ញ្ញត្តិ «We the People» ​ក្នុង​ការ​ដាក់​បម្រាម​មិន​ឲ្យ​ជន​ស៊ីវិល​មាន​សិទ្ធិ​កាន់​អាវុធ​ប្រភេទ​ AR15។​

លោក​បាន​ថ្លែង​ថា៖​

«យើង​បាន​ប្រើ​ឃ្លា​ផ្សេងៗ​ ដូចជា ​"នេះ​ជា​ពេលវេលា​ដែល​ត្រូវ​សម្រេច​រឿង​នេះ។ ចូរ​បញ្ឈប់​អំពើ​ហិង្សា​ដោយ​កាំភ្លើង។ ​វា​គ្រប់គ្រាន់​ឆ្អែត​ឆ្អន់​ហើយ”»។​

លោក​បាន​បន្ថែម​ថា៖

«ពិត​ណាស់​ អ្នក​ទាំងអស់​គ្នា ​វា​ល្មម​គ្រប់គ្រាន់​ហើយ។ ​អ្នក​ទាំងអស់​គ្នា​ដឹង​ច្បាស់​ណាស់»៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG