មួយថ្ងៃក្រោយពីព្រឹទ្ធសភាអាមេរិក បានរាំងខ្ទប់វិធានការចំនួនបួនក្នុងការគ្រប់គ្រងកាំភ្លើង សំណើថ្មីមួយបានលេចចេញជារូបរាងឡើង ដែលអាចជួយបន្ថយកំហឹងទៅលើការខកខានរបស់ព្រឹទ្ធសភាក្នុងការធ្វើសកម្មភាព បន្ទាប់ពីហេតុការណ៍នៃការបាញ់សម្លាប់នៅក្នុងទីក្រុងOrlando រដ្ឋ Florida ដែលជាការបាញ់សម្លាប់ដ៏រង្គាលបំផុតនៅក្នុងសហរដ្ឋអាមេរិក។
ដោយត្រូវបង្កើតឡើងដោយក្រុមមួយដែលមានសមាជិកមកពីគណបក្សទាំងពីរ គឺគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋ ដែលរួមទាំងសមាជិកមាននិន្នាការកណ្ដាលបំផុតខ្លះរបស់ព្រឹទ្ធសភាផងនោះ សំណើថ្មីដែលត្រូវបានលាតត្រដាងកាលពីថ្ងៃអង្គារម្សិលមិញ នឹងហាមប្រាមមិនឲ្យមានការលក់អាវុធទៅឲ្យជនសង្ស័យថា ជាភេរវជន ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរតាមយន្តហោះដឹកអ្នកដំណើរ ហើយត្រូវឆ្លងកាត់ការត្រួតពិនិត្យសន្តិសុខយ៉ាងតឹងរ៉ឹងនៅតាមព្រលានយន្តហោះនានារបស់អាមេរិក។
សំណើថ្មីនេះ ក៏អនុញ្ញាតឲ្យជនទាំងឡាយណា ដែលត្រូវបានកំណត់មុខសញ្ញាថា មានចំណងទាក់ទងនឹងភេរវជន ឲ្យតទល់ជាមួយនឹងការរកឃើញរបស់រដ្ឋាភិបាល ហើយទាមទារថ្លៃសេវាផ្លូវច្បាប់ផងដែរ ប្រសិនបើចៅក្រមកំណត់ដោយខុសឆ្គងក្នុងការដាក់ជននោះ ក្នុងបញ្ជីឃ្លាំមើលក្នុងនាមជាជនសង្ស័យថាជាភេរវជននោះ។
សមាជិកព្រឹទ្ធសភាមកពីរដ្ឋMaine ពីខាងគណបក្សសាធារណរដ្ឋគឺលោកស្រី Susan Collins ដែលជាអ្នកដឹកនាំសំណើថ្មីនេះ បានមានប្រសាសន៍ថា «គោលបំណងរបស់យើង គឺសាមញ្ញនិងត្រង់ៗ គឺយើងចង់ធ្វើឲ្យសហរដ្ឋអាមេរិក មានសុវត្ថិភាពជាងនេះ»។
សមាជិកព្រឹទ្ធសភាដដែលនេះបានបន្តថា «»ពិតណាស់ ការវាយប្រហារភេរវកម្មនៅក្រុងSan Bernardino និងOrlando ដែលបានឆក់យកជីវិតមនុស្សអស់ជាច្រើននោះ គឺជាការស្រែកហៅសុំឲ្យមានការសម្រុះសម្រួល និងសកម្មភាពពីគណបក្សទាំងពីរ»។
សមាជិកព្រឹទ្ធសភា មកពីរដ្ឋហ្វ្លរីដា ពីខាងគណបក្សប្រជាធិបតេយ្យគឺលោក Bill Nelson ដែលជាសហអ្នកដឹកនាំសំណើថ្មីនេះ មានប្រសាសន៍ថា «ខ្ញុំជំពាក់ពលរដ្ឋក្នុងក្រុងOrlando ថាត្រូវតែធ្វើអ្វីមួយ »។
សមាជិកព្រឺទ្ធសភា ដែលគាំទ្រសំណើថ្មីនេះ ចំនួនប្រាំបួនរូប គឺបួនរូប ពីខាងគណបក្សសាធារណរដ្ឋ និង៤រូបទៀត ពីខាងគណបក្សប្រជាធិបតេយ្យ ហើយមួយរូបទៀត ជាសមាជិកឯករាជ្យ បានបង្ហាញមុខជុំគ្នានៅក្នុងសន្និសីទកាសែតមួយ បន្ទាប់ពីសមាជិកព្រឺទ្ធសភាមកពីគណបក្សសាធារណរដ្ឋបានរាំងខ្ទប់វិធានការរបស់គណបក្សប្រជាធិបតេយ្យក្នុងការកែទម្រង់លើបញ្ហាកាំភ្លើង ហើយសមាជិកព្រឺទ្ធសភាពីខាងគណបក្សប្រជាធបិតេយ្យបានរាំងខ្ទប់វិធានការណ៍របស់ក្រុមសាធារណរដ្ឋវិញនោះ។
ប្រធានក្រុមសមាជិកភាគតិចនៃព្រឹទ្ធសភា គឺលោក Harry Reid មកពីរដ្ឋ Nevada ពីខាងក្រុមប្រជាធិបតេយ្យ បានចោទប្រកាន់ក្រុមសាធារណរដ្ឋថា ជាអាយ៉ងរបស់ក្រុមគាំទ្រសិទ្ធិប្រើប្រាស់កាំភ្លើង ដ៏មានឥទ្ធិពលបំផុតក្នុងសហរដ្ឋអាមេរិក៕