ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ស្នើ​អ្នក​គាំទ្រ​សិទ្ធិ​កាន់​កាំភ្លើង​កុំ​ឲ្យ​គាំទ្រ​លោកស្រី Clinton


បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump (ខាងលើ) ស្នើ​អ្នក​គាំទ្រ​សិទ្ធិ​កាន់​កាំភ្លើង​កុំ​ឲ្យ​គាំទ្រ​លោកស្រី Clinton។
បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump (ខាងលើ) ស្នើ​អ្នក​គាំទ្រ​សិទ្ធិ​កាន់​កាំភ្លើង​កុំ​ឲ្យ​គាំទ្រ​លោកស្រី Clinton។

បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump បាន​ចោទ​ប្រកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ថា​ បាន​បកស្រាយ​ខុស​អំពី​យោបល់​របស់​លោក​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ទាក់ទិន​នឹង​សិទ្ធិ​កាន់កាប់​កាំភ្លើង​របស់​ពលរដ្ឋ​អាមេរិកាំង ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ភាគ​ច្រើន​បកស្រាយ​ថា លោក​បាន​ស្នើ​ឲ្យ​មាន​អំពើ​ហិង្សា​ប្រឆាំង​នឹង​លោកស្រី Hillary Clinton បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​ប្រជាធិបតេយ្យ​ទៅ​វិញ។

ដោយសារ​តំណែង​ចៅក្រម​មួយ​នៅ​ក្នុង​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​នៅ​ទំនេរ និង​សក្ដានុពល​សម្រាប់​ប្រធានាធិបតី​អាណត្តិ​បន្ទាប់​ក្នុង​ការ​តែងតាំង​ចៅក្រម​ថ្មីៗ​បន្ថែម​ទៀត លោក Trump បាន​លើកឡើង​ថា លោកស្រី Clinton នឹង «បំផ្លាញ​នូវ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​ពីរ» ដែល​ធានា​នូវ​សិទ្ធិ​របស់​ពលរដ្ឋ​អាមេរិកាំង​ក្នុង​ការ​កាន់កាប់​កាំភ្លើង។ វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​ពីរ​នេះ​ត្រូវ​បាន​អនុម័ត​ជាង​ពីរ​រយ​ឆ្នាំ​កន្លង​មក​ហើយ គឺ​តាំង​ពី​ឆ្នាំ ១៧៩១ មក​ម្ល៉េះ។

លោក Trump បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ប្រសិន​បើ​លោកស្រី Clinton មាន​សិទ្ធិ​តែងតាំង​ចៅក្រម​នៅ​ក្នុង​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​ដោយ​ខ្លួន​លោកស្រី​ផ្ទាល់ អ្នក​រាល់​គ្នា​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ សូម្បីតែ​អ្នក​ដែល​គាំទ្រ​នូវ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​ពីរ​នេះ​ក៏ដោយ»។

លោក Trump បាន​ប្រាប់​បណ្តាញ​ព័ត៌មាន Fox News ថា លោក​ចង់​សំដៅ​ទៅ​លើ «ចលនា​នយោបាយ» ហើយ​សូម​កុំ​ឲ្យ​មាន​ការ​បកស្រាយ​ខុស​ពី​អ្វី​ដែល​លោក​បាន​លើកឡើង។

ប៉ុន្តែ​យុទ្ធនាការ​របស់​លោកស្រី Clinton បាន​ចាត់ទុក​មតិ​លើកឡើង​របស់​លោក Trump ថា​មាន​លក្ខណៈ​គំរាមកំហែង។

លោក Robby Mook ប្រធាន​គ្រប់គ្រង​យុទ្ធនាការ​ឃោសនា​របស់​លោកស្រី Clinton បាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​ថា «អ្វី​ដែល​លោក Trump និយាយ គឺ​មាន​គ្រោះថ្នាក់​ណាស់។ អ្នក​ដែល​ស្វះស្វែង​ធ្វើ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មិន​គួរ​មាន​យោបល់​ដូច្នេះ​នោះ​ទេ ទោះ​ក្នុង​រូបភាព​ណា​ក៏​ដោយ»។

សមាគម​កាំភ្លើង​ជាតិ​សហរដ្ឋ​អាមេរិក បាន​ការពារ​មតិ​របស់​លោក Trump នៅ​ក្នុង​ការ​លើកឡើង​របស់​ខ្លួន​នៅ​ក្នុង​បណ្តាញ​សង្គម Twitter និង​ថា​ការ​បោះ​ឆ្នោត​ខាង​មុខ​គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​ពលរដ្ឋ​អាមេរិកាំង​ចំពោះ​វិសោធនកម្ម​លើក​ទី​ពីរ​នេះ។

លោកស្រី Clinton បាន​និយាយ​នៅ​ក្នុង​ការ​ថ្លែង​របស់​លោកស្រី​នៅឯ​សន្និបាត​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ​កាល​ពី​ខែ​មុន​ថា លោកស្រី​គ្មាន​គោល​បំណង​លុប​បំបាត់​នូវ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​ពីរ​នេះ ឬ​ក៏​ដកហូត​កាំភ្លើង​ពី​ប្រជាពលរដ្ឋ​ទេ ប៉ុន្តែ​ចង់​ឲ្យ​មាន​ការ​កែ​ទម្រង់​ដែល​យល់ព្រម​រួម​គ្នា​មួយ។

លោកស្រី​ថា៖ «ខ្ញុំ​មិន​ចង់​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ណា​ម្នាក់​ត្រូវ​បាន​បាញ់​សម្លាប់ ដោយ​អ្នក​ដែល​មិន​គួរ​មាន​សិទ្ធិ​កាន់​កាំភ្លើង​នោះ​ទេ»៕

XS
SM
MD
LG