ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិ​ធី​បុណ្យ​សព​ខ្លះ​នៃ​ជន​រងគ្រោះ​ក្នុង​ការ​បាញ់​ប្រហារ​នៅ​ Orlando​ ​មាន​ការ​ចូល​រួម​ពី​ LGBTQ


អ្នក​កាន់​ទុក្ខ​អោប​ក្រសោប​គ្នា​ដោយ​ការ​សោក​សង្រេងនៅ​ខាង​ក្រៅ​ពិ​ធី​បុណ្យ​សព​ Anthony Luis Laureano Disla ដែល​ជា​ជនរងគ្រោះ​ម្នាក់​នៃ​ការ​បាញ់​ប្រហារ​នៅ​ក្លឹប​រាត្រី​ Pulse។
អ្នក​កាន់​ទុក្ខ​អោប​ក្រសោប​គ្នា​ដោយ​ការ​សោក​សង្រេងនៅ​ខាង​ក្រៅ​ពិ​ធី​បុណ្យ​សព​ Anthony Luis Laureano Disla ដែល​ជា​ជនរងគ្រោះ​ម្នាក់​នៃ​ការ​បាញ់​ប្រហារ​នៅ​ក្លឹប​រាត្រី​ Pulse។

កាល​ពី​ថ្ងៃ​សុក្រ​ គ្រួសារ​និង​មិត្តភ័ក្តិ​របស់មនុស្ស​ខ្លះ​ក្នុង​បណ្តា​ជន​ទាំង​៤៩​នាក់​ដែលត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​សម្លាប់​រង្គាល​នៅ​ក្នុង​ក្លឹប​រាត្រី​មួយ​នៃ​ពួក​មនុស្ស​ស្រឡាញ់​មនុស្ស​មាន​ភេទ​ដូចគ្នា​នៅ​ក្នុង​ក្រុង ​Orlando ​រដ្ឋ​ Florida បាន​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ធ្វើ​បុណ្យ​សព​ពួក​ជន​ជាទី​ស្រឡាញ់​របស់​ពួក​គេ។

ពី​ធី​បុណ្យ​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃក្រោយ​ពី​លោក​ប្រធានាធិបតី​ អារ៉ាក់ អូបាម៉ា​ និង​លោក​អនុប្រធានាធិបតី Joe Biden​ បាន​ជួប​ជាមួយ​ញាតិ​សន្តាន​ដែល​កំពុង​មាន​ទុក្ខ ​អ្នក​រស់​រាន​មាន​ជីវិត​ ពួក​បុគ្គលិក​ខាង​ការ​ពង្រឹង​ច្បាប់​ និង​ពួក​អ្នក​ឆ្លើយ​តប​ដំបូង​នៅ​ពេល​មាន​អាសន្ន​នោះ។​

លោក ​Anthony Luis Laureano Disla ​ឋិតនៅ​ក្នុង​ចំណោម​ពួក​ជន​ដែល​បាន​ស្លាប់​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ពេល​ដែល​ឈ្មោះ ​Omar Mateen ​អាយុ​២៩​ឆ្នាំ​ដែល​បាន​កើត​នៅ​ក្នុង​ស.រ.អា.​ បាន​បាញ់​កាំភ្លើង​នៅ​ក្នុង​ក្លឹប​រាត្រី​ Pulse ​នៅ​ក្នុង​ការ​បាញ់ប្រហារ​ដ៏​ប្រល័យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ស.រ.អា.។​ អ្នក​នៅ​កន្លែង​រៀប​ចំ​ពីធី​បុណ្យ​សព​មួយ​ក្នុង​មូលដ្ឋាន​បាន​និយាយ​ថា​ សព​របស់​លោក​ Disla ​ដែល​មាន​អាយុ​២៥​ឆ្នាំ​ត្រូវ​បញ្ចុះ​នៅ​ក្នុង​ក្រុង​ Orlando។

លោក​ Disla ​មាន​ដើម​កំណើត​មក​ពី​ Puerto Rico ​ក៏​ប៉ុន្តែ​បាន​មក​តាំង​លំនៅដ្ឋាន​ជា​ថ្មី​ក្នុង​ក្រុង ​Orlando​ ដើម្បី​បំពេញ​ការប៉ង​ប្រាថ្នា​ចង់ក្លាយ​ទៅ​ជា​អ្នក​របាំ​និង​ជា​អ្នក​នាដសាស្ត្រ​ម្នាក់។

កាលពី​ថ្ងៃ​សុក្រ​ នៅ​ពេល​ដែល​ក្រុង​ Orlando ​កាន់​មរណទុក្ខ​ដល់​ពួក​ជន​ដែល​បាន​ស្លាប់​ អង្គការ​យុទ្ធនាការ​សិទ្ធិ​មនុស្ស​ដែល​ជា​អង្គការ​គាំទ្រ​មនុស្ស​ស្រឡាញ់់​មនុស្ស​មាន​ភេទ​ដូចគ្នា​ឈ្មោះ​ LGBTQ ​ធំ​បំផុត​របស់​ប្រទេស​អាមេរិក​ បាន​លាត​ត្រដាង​អំពី​សាច់​រឿង​៨​ ដើម្បី​ផ្តល់​កិត្តិយស​ដល់​ពួក​ជន​ដែល​បាន​បាត់​បង់​ជីវិត​ទាំង​នោះ​ នៅ​ឯទីស្នាក់ការ​ធំ​របស់​អង្គការ​នេះ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន៕

XS
SM
MD
LG