លោក Zeid Ra’ad al-Hussein ប្រធានអង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កំពុងជំរុញឲ្យសហរដ្ឋអាមេរិកអនុម័តវិធានការណ៍គ្រប់គ្រងអាវុធដើម្បីការពារពលរដ្ឋរបស់ខ្លួនពីអំពើហិង្សាដែលបានសម្លាប់មនុស្ស៤៩នាក់ហើយនឹងធ្វើមនុស្សជាង៥០នាក់ផ្សេងទៀតរងរបួសនៅក្នុងរង្គសាលមនុស្សស្រឡាញ់ភេទដូចគ្នានៅក្នុងទីក្រុង Orlandoរដ្ឋ Florida កាលពីថ្ងៃទី១២ ខែមិថុនានេះ។
លោក Zeid អគ្គស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ មានប្រសាសន៍ថា គ្មានហេតុផលណា ដែលពលរដ្ឋនៅក្នុងសហរដ្ឋអាមេរិកពិបាកទិញកាំភ្លើងបានទេ រួមទាំងកាំភ្លើងវែងផងដែរ។
លោកនិយាយទៀតថា មនុស្សស្ទើរតែទាំងអស់ សូម្បីតែមនុស្សដែលមានប្រវត្តិឧក្រិដ្ឋកម្មកាលពីមុន ដោយមានប្រវត្តិហិង្សាក្នុងគ្រួសារ និងជំងឺសរសៃប្រសាទឬមានការទាក់ទិនដោយផ្ទាល់ជាមួយពួកជ្រុលនិយមនៅក្នុងស្រុកនិងក្រៅប្រទេស មិនមានពិបាកក្នុងការទិញអាវុធដែលមានកម្លាំងខ្លាំង ដែលគេរចនាឡើងដើម្បីសម្លាប់មនុស្សទេ។
លោក Rupert Colville អ្នកនាំពាក្យរបស់លោក និយាយថា សហគមន៍ងាយទទួលរងគ្រោះស្ទើរតែទាំងអស់ កំពុងរងការខូចខាតយ៉ាងខ្លាំងចំពោះការបរាជ័យរបស់ពួកអ្នកនយោបាយក្នុងការក្រោកឈរតទល់នឹងពួកអ្នកគាំទ្រសិទ្ធិមានកាំភ្លើង។
ក្រុមបញ្ចុះបញ្ចូលឲ្យគ្រាំទ្រកាំភ្លើងសហរដ្ឋអាមេរិកដ៏មានអំណាចដែលដឹកនាំដោយសមាគមកាំភ្លើងជាតិ បានប្រយុទ្ធប្រឆាំងការខំប្រឹងប្រែងគ្រប់គ្រងកាំភ្លើងជាច្រើនលើកនៅក្នុងប្រទេស ទោះបីក្រោយការវាយប្រហារដ៏ប្រល័យ ដូចជាការសម្លាប់រង្គាលនៅក្រុង Orlando ដែលបានធ្វើឲ្យមានការចាប់អារម្មណ៍ទូទាំងប្រទេសក៏ដោយ។
«ការឃោសនាគ្មានការទទួលខុសត្រូវរបស់ក្រុមគាំទ្រកាំភ្លើង បានប្រាប់ឲ្យថា កាំភ្លើង ធ្វើឲ្យមានសុវត្ថិភាពកាន់តែខ្លាំងឡើង នៅពេលដែលភស្តុតាងទាំងអស់ ចង្អុលបង្ហាញផ្ទុយពីនេះ។
ក្នុងពាក្យសម្តីរបស់អគ្គស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិថា ការមានកាំភ្លើងនៅនឹងដៃភ្លាមៗ គ្មានការងឿងឆ្ងល់ឡើយ នឹងនាំឲ្យមានឃាតកម្មនិងសកម្មភាពដែលបណ្ដាលឲ្យមនុស្សបាត់បង់ជីវិត។
គម្លាតរវាងជំនឿដែលពោរពេញដោយការស្អប់ខ្ពើម និងឧក្រិដ្ឋកម្មដ៏ហិង្សា ដោយសារការស្អប់ខ្ពើម នឹងកើនឡើង»។
អគ្គស្នងការបាននិយាយទៀតថា វាអាចជាការគួរឲ្យស្តីបន្ទោសដែលការសម្លាប់រង្គាលក្នុងទីក្រុង Orlando បានត្រូវគេប្រើប្រាស់ដើម្បីផ្សព្វផ្សាយមនោសញ្ចេតនាឲ្យស្អប់មនុស្សស្រឡាញ់ភេទដូចគ្នា និងអ្នកស្រឡាញ់សាសនាឥស្លាម។
អ្នកនាំពាក្យ Colville បានប្រាប់ VOA ថា វាជាការមិនទទួលខុសត្រូវហើយនឹងគ្រោះថ្នាក់បំផុតសម្រាប់ពួកអ្នកនយោបាយសហរដ្ឋអាមេរិកស្ដីបន្ទោសការសម្លាប់រង្គាលលើពួកភេរវជនឥស្លាម ហើយអំពាវនាវហាមឃាត់ពួកអ្នកកាន់សាសនាឥស្លាម មិនឲ្យចូលក្នុងសហរដ្ឋអាមេរិក។
«ការកាប់សម្លាប់ជាច្រើននៅក្នុងសហរដ្ឋអាមេរិកជាខ្មាន់កាំភ្លើងប្រុសៗស្បែកស មិនមែនអ្នកកាន់សាសនាឥស្លាមនោះទេ។ ដូច្នេះ ខ្ញុំគិតថា ការចាប់យកករណីអ្នកកាន់សាសនាឥស្លាម បីឬបួនករណី ហើយធ្វើឲ្យបញ្ហានោះ ដូចជាបញ្ហាទូទៅជាការគ្រោះថ្នាក់បំផុត»។
ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បានច្រានចោលសំណើដោយអ្នកនយោបាយខ្លះថា ជនភៀសខ្លួនទំនងជាភេរវជន ហើយគេមិនត្រូវអនុញ្ញាតឲ្យតាំងទីលំនៅសារជាថ្មីនៅក្នុងសហរដ្ឋអាមេរិក។
លោក Adrian Edwards អ្នកនាំពាក្យទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បានប្រាប់ VOA ថា ជនភៀសខ្លួនទាំងអស់ នឹងត្រូវពិនិត្យពិច័្ចយយ៉ាងម៉ត់ចត់ មុនពេលពួកគេមកដល់សហរដ្ឋអាមេរិក។
លោកនិយាយបន្តទៀតថា ជនភៀសខ្លួនមិនមែនជាភេរវជនទេ ប៉ុន្តែ ជាមនុស្សដែលរត់គេចខ្លួនពីសង្គ្រាម និងជម្លោះប្រដាប់អាវុធ ហើយពួកគេត្រូវការការការពារ៕