លោក អូបាម៉ា បានមាននិយាយថា៖ «យើងនៅមិនទាន់ដល់ចំណុចនោះនៅឡើយទេ។ យើងមិនទាន់ទាំងខិតជិតទៅដល់កន្លែងដែលយើងចង់ទៅនោះផង»។
លោកបានបន្តថា៖ «យើងមិនទាន់ទៅដល់ចំណុចដែលបណ្តាសហគមន៍ពណ៌សម្បុរនានា មានទំនុកចិត្តថាអង្គភាពប៉ូលិសរបស់ពួកគេ កំពុងធ្វើការបម្រើពួកគេដោយភាពថ្លៃថ្នូរ ការគោរព និងសមភាព ហើយយើងនៅមិនទាន់ដល់ចំណុចដែលបណ្តាអង្គភាពប៉ូលិសយល់ថាពួកគេទទួលបានការគាំទ្រគ្រប់គ្រាន់ពីគ្រប់កម្រិតទាំងអស់នោះដែរ»។
ក្នុងកម្មវិធីប្រជុំផ្លាស់ប្តូរមតិយោបល់នេះ មានអ្នកចូលរួមមកពីបណ្តាស្ថាប័ននានាជាច្រើន រួមមានរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោកស្រី Loretta Lynch អភិបាលរដ្ឋ Louisiana លោក John Bel Edwards ចៅហ្វាយក្រុង Los Angeles លោក Eric Garcetti ប្រធានសមាគមជាតិដើម្បីភាពរីកចម្រើនរបស់ពលរដ្ឋស្បែកខ្មៅ (NAACP) លោក Cornell Brooks មន្ត្រីជាប់ឆ្នោតនានា ប្រធានស្នងការប៉ូលិសមកពីទីក្រុងធំៗមួយចំនួន សកម្មជនតំណាងចលនាដើម្បីជីវិតពលរដ្ឋអាមេរិកាំងស្បែកខ្មៅ ដែលហៅថាភាសាអង់គ្លេសថា Black Lives Matter និងមេដឹកនាំលទ្ធិជំនឿមួយចំនួន។
លោកប្រធានាធិបតី និយាយថាលោកចង់នាំមនុស្សដែលមានទស្សនៈផ្សេងៗគ្នាមកក្នុងបន្ទប់ប្រជុំនោះ ដើម្បីស្តាប់ពីគ្នាទៅវិញទៅមក។
ការកោះហៅប្រជុំនេះ ជាការឆ្លើយតបទៅនឹងព្រឹត្តិការណ៍អាក្រក់ដែលបានកើតឡើងកាលពីសប្ដាហ៍កន្លងទៅ និងបានធ្វើឲ្យពលរដ្ឋអាមេរិកជាច្រើនមានការអន្ទះសា និងក្រៀមក្រំ។ បុរសស្បែកខ្មៅពីរនាក់ ត្រូវមន្ត្រីប៉ូលិសស្បែកសបាញ់សម្លាប់ក្នុងចម្ងាយក្បែរប៉ូលិសក្នុងរដ្ឋ Louisiana និងរដ្ឋ Minnesota។ ហើយបន្ទាប់មក មន្រ្តីប៉ូលិសស្បែកសប្រាំនាក់ ត្រូវបុរសខ្មាន់កាំភ្លើងស្បែកខ្មៅម្នាក់ បាញ់សម្លាប់ នៅក្នុងព្រឹត្តិការណ៍បាតុកម្មប្រឆាំងនឹងការបាញ់សម្លាប់នោះ នៅរដ្ឋ Texas។ បុរសស្បែកខ្មៅនោះ បាននិយាយថា ខ្លួនចង់សម្លាប់ជនជាតិស្បែកស។
បន្ទាប់ពីកិច្ចប្រជុំដែលមានរយៈពេលវែងជាងការគ្រោងទុកនៅសេតវិមាន លោកប្រធានាធិបតី អូបាម៉ា បានថ្លែងថាដំណឹងល្អនោះ គឺវិធានការនៅក្នុងអង្គភាពប៉ូលិសជាច្រើននៅទូទាំងប្រទេស កំពុងមានវឌ្ឍនភាព។ លោកមានប្រសាសន៍ថា កិច្ចពិភាក្សាកាលពីថ្ងៃពុធ នឹងកើតចេញជា «ក្រុមការងារពិសេសសម្រាប់ការរក្សាសណ្តាប់ធ្នាប់សតវត្សរ៍ទី២១» នៃរដ្ឋបាលរបស់លោក ហើយនិងចែករំលែកដំណោះស្រាយនានាពីសហគមន៍ដែលបានរកឃើញវិធីកសាងទំនុកចិត្ត និងកាត់បន្ថយភាពប្រេះឆាដោយសារជាតិសាសន៍។
ប៉ុន្តែ លោកបានថ្លែងបន្ថែមយ៉ាងម៉ឺងម៉ាត់ដូច្នេះថា៖ «ជារឿងធម្មតាទេដែលថាអង្គភាពប៉ូលិសខ្លួនឯង នៅតែមានអារម្មណ៍ប្រឈមបញ្ហា និងឧបសគ្គ និងត្រូវបានចោទប្រកាន់ដោយមិនត្រឹមត្រូវ។ ជារឿងធម្មតាទេ ដែលសហគមន៍ប្រជាពលរដ្ឋភាគតិច ដូចជាបណ្តាសហគមន៍ពណ៌សម្បុរ យល់ថា វាជាការចំណាយពេលយូរខ្លាំងពេកក្នុងការធ្វើរឿងត្រឹមត្រូវ។ អ្នកខ្លះនឹងយល់ថាជំហាននៃការផ្លាស់ប្តូរ មានលក្ខណៈឆាប់រហ័សពេក ហើយអ្នកខ្លះនឹងយល់ថាយឺតពេក»។
លោកបន្ថែមថា ដោយសារតែស.រ.អា.ជាប្រទេសធំមួយ៖ «ខ្ញុំគិតថាវាជារឿងសមហេតុផលដែលនិយាយថាយើងនឹងនៅតែឃើញមានភាពតានតឹងរវាងប៉ូលិសនិងសហគមន៍នានាច្រើនទៀត នៅខែនេះ ខែក្រោយ ឆ្នាំក្រោយ និងមួយរយៈពេលបន្តទៀត»។
លោកប្រធានាធិបតីនិយាយថា វឌ្ឍនភាពនៃការទប់ស្កាត់ការបាញ់សម្លាប់ដូចករណីដែលកើតឡើងកាលពីសប្ដាហ៍មុន នឹងមិនអាចធ្វើបានក្នុងរយៈពេលខ្លីនោះទេ ដោយសារតែដើមហេតុដែលចាក់ឫសគល់នេះ មិនមែនត្រឹមតែប៉ុន្មានទសវត្សរ៍មុននោះទេ ប៉ុន្តែជាច្រើនសតវត្សរ៍មកហើយ។ លោកបាននិយាយថា៖ «អ្វីដែលយើងអាចធ្វើបាន» គឺត្រូវបង្កើតការជួបសន្ទនាគ្នាពាក់ព័ន្ធនឹងបញ្ហានេះ ដើម្បីឲ្យប្រាកដថាយើងជាអ្នកទទួលខុសត្រូវក្នុងការធ្វើឲ្យប្រសើរឡើង។
លោក អូបាម៉ា បានថ្លែងថា៖ «ក្នុងនាមជាប្រទេសតែមួយ យើងត្រូវអង្គុយហើយរកដំណោះស្រាយនិងបំបែកបញ្ហាទាំងនោះ»។
ទោះជាយ៉ាងក៏ដោយ ក៏កិច្ចប្រជុំនោះ បានបង្កើតចេញនូវបញ្ជីការងារអាទិភាពចម្បងៗ ដែលលោកអូបាម៉ា និយាយថាជាបញ្ជីដែលអ្នកចូលរួមប្រជុំគ្រប់គ្នាបានយល់ស្របតាម។ បញ្ជីនេះក៏មានរាប់បញ្ចូលការសហការការងារជាមួយអង្គភាពប៉ូលិស ដើម្បីបង្កើនការហ្វឹកហាត់បន្ថែម និងវិធីសាស្រ្តកាត់បន្ថយការរីករាលដាលបញ្ហា រួមនឹងការបង្កើត «ប្រព័ន្ធទទួលខុសត្រូវ» ដែលអាចឲ្យពលរដ្ឋចូលទៅរកទិន្នន័យសកម្មភាពអនុវត្តច្បាប់ឲ្យបានកាន់តែច្រើន។
លោក Eric Garcetti ជាអភិបាលក្រុង Los Angeles បាននិយាយថា ការពិភាក្សាអំពីបញ្ហាពណ៌សម្បុរ ជារឿងដែលបន្ទាន់ខ្លាំង ហើយទោះបីជាមនុស្សមួយចំនួនមិនយល់ស្របលើរឿងគ្រប់យ៉ាងក៏ដោយ ក៏វត្តមានរបស់សកម្មជន មន្រ្តីប៉ូលិស និងមន្ត្រីជាប់ឆ្នោតជាច្រើន នឹងអាចស្តារឡើងវិញនូវតម្លៃរបស់មនុស្សទូទៅដែរ។
អ្នកចូលរួមមួយចំនួនក្នុងកិច្ចប្រជុំ បានចាត់ទុកកិច្ចប្រជុំនេះជាព្រឹត្តិការណ៍នាំរកភាពជោគជ័យមួយ និងបាននិយាយថា អ្នកចូលរួមទាំងអស់មានឱកាសនិយាយ ហើយអ្នកចូលរួមទាំងអស់មានអារម្មណ៍រីករាយដោយសារបានដឹងថា អ្នកដែលតែងតែជំទាស់នឹងពួកគេលើបញ្ហាប្រេះឆាដោយសារពណ៌សម្បុរ និងការអនុវត្តច្បាប់ទាំងអស់ ពិតជាបានស្តាប់ឮអ្វីដែលពួកគេបាននិយាយ។ លោកអភិបាលក្រុង Garcetti បានមានប្រសាសន៍ថាព្រឹត្តិការណ៍នាំរកភាពជោគជ័យនោះ គឺនៅពេលដែលសកម្មជនម្នាក់របស់ចលនា Black Lives Matter បានងាកមកប្រាប់មន្រ្តីប៉ូលិសថាគាត់មានការសោកស្តាយចំពោះការបាត់បង់មន្រ្តីប៉ូលិសប្រាំនាក់ដែលត្រូវខ្មាន់កាំភ្លើងម្នាក់បាញ់សម្លាប់នៅក្នុងទីក្រុង Dallasកាលពីសប្ដាហ៍មុន។
កិច្ចពិភាក្សាអំពីពូជសាសន៍ ត្រូវបានធ្វើឡើងនៅក្នុងថ្ងៃតែមួយជាមួយនឹងពិធីបុណ្យសពនៃមន្រ្តីប៉ូលិសបីនាក់ក្នុងចំណោមប្រាំនាក់ដែលត្រូវបាញ់សម្លាប់កាលពីសប្ដាហ៍មុននៅក្នុងទីក្រុង Dallas ។ នៅក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិក សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋនៃរដ្ឋ Texas លោក John Cornyn បានចេញបកស្រាយច្បាប់ដែលចែងថាការសម្លាប់មន្រ្តីប៉ូលិស នឹងក្លាយជាបទល្មើសសហព័ន្ធ។ លោក មានប្រសាសន៍នៅក្នុងការថ្លែងការណ៍មួយថា៖ «ខណៈពេលដែលប្រទេសយើងនៅបន្តសោកសៅចំពោះសោកនាដកម្មកាលពីសប្ដាហ៍មុន នៅទីក្រុង Dallas យើងក៏ត្រូវតែចូលរួមសហការគ្នាគាំទ្រអ្នកដែលប្រឈមនឹងគ្រោះថ្នាក់គ្រប់យ៉ាង ដើម្បីរក្សាសុវត្ថិភាពរបស់យើងដែរ»។
នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក លោក អូបាម៉ា ស្នើឲ្យពលរដ្ឋអាមេរិកគ្រប់លំដាប់ថ្នាក់ទាំងអស់ ចែករំលែកមតិយោបល់របស់ខ្លួនទាក់ទងនឹងការព្យាបាលដំបៅបញ្ហាពូជសាសន៍នេះ និងរក្សាសុវត្ថិភាពប្រជាជន៖ «ដើម្បីធ្វើដំណើរឆ្ពោះទៅមុខ ខ្ញុំចង់ឮគំនិតយល់ឃើញរបស់ពលរដ្ឋអាមេរិកច្រើនថែមទៀត អំពីវិធីដែលយើងអាចជម្នះដោះស្រាយឧបសគ្គទាំងនេះទាំងអស់គ្នាជាជាតិតែមួយ ជាប្រទេសមួយ។ មានន័យថា គឺអ្នកទាំងអស់គ្នា។ មិនថាអ្នកជាមន្រ្តីប៉ូលិស ធ្វើការរក្សាសុវត្ថិភាពរបស់សហគមន៍យើង ជាសកម្មជនអ្នករៀបចំធ្វើក្បួនដង្ហែនានា ឬជាអ្នកណាក៏ដោយ ក៏អ្នកអាចចែករំលែករឿងរ៉ាវ និងគំនិតយល់ឃើញរបស់អ្នកនៅត្រង់គេហទំព័រនេះ៖ go.wh.gov/VDPvKz»។
ប្រែសម្រួលដោយ៖ សើ សាយ្យាណា