លោកស្រី Hillary Clinton បានយល់ព្រមទទួលយកការតែងតាំងជាបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកមកពីគណបក្សប្រជាធិបតេយ្យកាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដោយបានថ្លែងសង្កត់ធ្ងន់ពីតម្រូវការចាំបាច់ដើម្បីបង្រួបបង្រួមពលរដ្ឋអាមេរិកាំងទាំងអស់ ដើម្បីតតាំងជាមួយនឹងបញ្ហាប្រឈមផ្សេងៗដែលសហរដ្ឋអាមេរិកជួបប្រទះ។
លោកស្រីបានថ្លែងនៅឯយប់បញ្ចប់នៃសន្និបាតជាតិគណបក្សប្រជាធិបតេយ្យដែលប្រព្រឹត្តទៅក្នុងទីក្រុង Philadelphia យ៉ាងដូច្នេះថា៖ «វាអាស្រ័យលើយើងទាំងអស់គ្នា។ យើងត្រូវសម្រេចចិត្តថាតើយើងទាំងអស់គ្នាត្រូវធ្វើការជាមួយគ្នា ឬយ៉ាងណា ដូច្នេះយើងអាចរីកចម្រើនទាំងអស់គ្នា»។
លោកស្រី Clinton វ័យ ៦៨ ឆ្នាំ រូបនេះ ជាស្ត្រីដំបូងគេបង្អស់ ដែលត្រូវបានតែងតាំងជាបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិក ដោយគណបក្សនយោបាយចម្បងមួយ។ លោកស្រីបានឈ្នះការតែងតាំងនេះ បន្ទាប់ពីលោកស្រីបានយកឈ្នះដៃគូប្រជែងចម្បងរបស់លោកស្រី គឺលោកសមាជិកព្រឹទ្ធសភា Bernie Sanders នៅក្នុងការបោះឆ្នោតបឋមនៅក្នុងរដ្ឋនីមួយៗ និងការបោះឆ្នោតក្នុងរង្វង់សមាជិកគណបក្សប្រជាធិបតេយ្យ។
ទោះបីជាលោក Sanders បានប្រកាសគាំទ្រលោកស្រីជាសាធារណៈនៅក្នុងសុន្ទរកថាផ្ទាល់របស់លោក នៅឯសន្និបាតគណបក្សក្នុងក្រុង Philadelphia នាសប្តាហ៍នេះក៏ដោយ ក៏គេសង្កេតឃើញថា ការប្រឈមចម្បងមួយរបស់លោកស្រី Clinton នៅមុនការបោះឆ្នោតនាខែវិច្ឆិកាខាងមុខនេះ គឺធ្វើយ៉ាងណាឲ្យអ្នកគាំទ្ររបស់លោក Sanders ដែលបានបានអះអាងថាពួកគេនឹងមិនបោះឆ្នោតឲ្យលោកស្រីនោះ ងាកមកគាំទ្រលោកស្រីវិញ។
លោកស្រីបានសរសើរលោក Sanders កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ចំពោះយុទ្ធនាការរបស់លោក ដែលផ្តោតលើពលរដ្ឋអាមេរិកាំងវ័យក្មេង និងកិច្ចប្រឹងប្រែងដើម្បីគាំទ្រយុត្តិធម៌សេដ្ឋកិច្ច និងយុត្តិធម៌សង្គម។
លោកស្រី Clinton សច្ចាថានឹងប្រឹងប្រែងដើម្បីបង្កើតការងារដែលផ្តល់ប្រាក់ខែខ្ពស់បន្ថែមទៀត ដោយបានលើកឡើងថា សហរដ្ឋអាមេរិកនឹងទទួលបានជោគជ័យ នៅពេលដែលពលរដ្ឋអាមេរិកាំងដែលមានជីវិភាពមធ្យមទទួលបានជោគជ័យ។ លោកស្រីក៏បានបញ្ជាក់ផងដែរថា លោកស្រីគ្មានគោលបំណងដើម្បីដកហូតកាំភ្លើងពីពលរដ្ឋអាមេរិកាំងទេ ប៉ុន្តែលោកស្រីមានគោលបំណងចង់ធ្វើកំណែទម្រង់យ៉ាងណាដើម្បីការពារប្រជាពលរដ្ឋកុំឲ្យត្រូវបានបាញ់សម្លាប់ដោយអ្នកដែលមិនគួរមានសិទ្ធិកាន់កាំភ្លើង៕