ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ យក​សាលក្រម​កាត់​ទោស​លោក កឹម សុខា​ ទៅ​ដល់​ផ្ទះ ខណៈ​លោក​ស្នាក់នៅ​ទីស្នាក់ការ​បក្ស


រូបឯកសារ៖ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ថ្លែង​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​នឹង​សារព័ត៌មាន​អន្តរជាតិឈ្មោះ Reuters នៅ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​សង្គ្រោះជាតិ កាលពី​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦។
រូបឯកសារ៖ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ថ្លែង​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​នឹង​សារព័ត៌មាន​អន្តរជាតិឈ្មោះ Reuters នៅ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​សង្គ្រោះជាតិ កាលពី​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦។

​លោក​សំ​ សុខ​គង់ ​មេធាវី​ការ​ពារ​ក្ដី​លោក​ កឹម សុខា​ ប្រាប់​ VOA​ ​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា​ សាល​​ក្រម​នឹង​មិន​អាច​ចូល​ជាស្ថាពរ​នៅ​ក្នុង​រយៈពេល​មួយ​ខែ​ទៀត​បាន​ទេ​ ​គឺ​ក្នុង​ពេល​ដែល​ក្រុម​មេធាវី​ នឹង​ប្ដឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍​​ដើម្បី​ធ្វើ​មោឃភាព​នីតិវិធី​បើក​សវនា​ការ​ និង​ការ​ចេញ​សាល​ក្រម​របស់​​​​​តុលាការ។​

មន្ត្រី​ប៉ូលិស​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ បាន​ប្រគល់​សាលក្រម​កាត់​ទោស​លោក​ កឹម សុខា​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិនៅ​ឯ​គេហដ្ឋាន​របស់​លោក​ ស្ថិត​ក្នុង​ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​ ក្រោយ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​កាត់​ទោស​លោក​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ប្រាំ​ខែ​កាល​ពី​សប្ដាហ៍​មុន​ ក្រោម​បទ​ចោទ​ «បដិសេធ​មិន​ចូល​ខ្លួន» ពាក់​ព័ន្ធ​នឹង​សំណុំរឿង​អាស្រូវ​ស្នេហា​លួច​លាក់របស់​លោក។​

លោក​ កឹម​ ​សុខា​ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កំពង់​ចាម ក៏​ត្រូវ​តុលាការ​បង្គាប់​ឲ្យ​បង់​ប្រាក់ពិន័យ​ចំនួន​ ៨០០​ ០០០​ រៀល​ ឬ​ប្រមាណ​ជា​ ២០០​ដុល្លារ​អាមេរិក​ ​នៅ​ក្នុង​ការ​កាត់​ទោស​នោះ​ផង​ដែរ។​

​លោក​សំ​ សុខ​គង់ ​មេធាវី​ការ​ពារ​ក្ដី​លោក​ កឹម សុខា​ ប្រាប់​ VOA​ ​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា​ សាលក្រម​នឹង​មិន​អាច​ចូល​ជាស្ថាពរ​នៅ​ក្នុង​រយៈពេល​មួយ​ខែ​ទៀត​បាន​ទេ​ ​គឺ​ក្នុង​ពេល​ដែល​ក្រុម​មេធាវី​ នឹង​ប្ដឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍ដើម្បី​ធ្វើ​មោឃភាព​នីតិវិធី​បើក​សវនា​ការ​ និង​ការ​ចេញ​សាល​ក្រម​របស់​តុលាការ។​

«ជំហរ​របស់​ក្រុម​មេធាវី​ការពារ​ បាន​គិត​គ្នា​ហើយ​ នឹង​ដាក់​ពាក្យ​ បណ្ដឹង​ ឧទ្ធរណ៍​មួយ ហើយ​ឧទ្ធរណ៍​ពីរ​ គឺ​ទី​មួយ​ទៅ​ឧទ្ធរណ៍​ទាក់​ទង​ទៅ​នឹង​សាលក្រម​កាត់​ទោស​ ហើយ​ទី​ពីរ​ ប្ដឹង​ឧទ្ធរណ៍​នឹង​នីតិ​វិធី​នៅ​សវនាការ​ គេ​ហៅ​សុំ​មោឃភាព​នីតិ​វិធី​សវនាការ​ហ្នឹង»។

លោក​មេធាវី​បន្ថែម​ថា​ ក្រុម​មេធាវី​មិនបាន​បារម្ភ​អំពី​សម្ពាធ​ផ្លូវ​នយោបាយ​មក​លើ​កូន​ក្ដី​លោក​ តាម​ការ​បង្ហាញ​កម្លាំង​ទ័ព​ពី​រដ្ឋាភិបាល​នោះ​ដែរ​ ដោយសារ​ក្រុម​មេធាវី​នឹង​ធ្វើ​ការ​តែ​តាម​នីតិវិធី​ច្បាប់​ ហើយ​រឿង​នយោបាយ​ គឺ​ទុក​សម្រាប់​អ្នក​នយោបាយ​ដោះ​ស្រាយ​បញ្ហា។

តុលាការ​បាន​កាត់​ទោស​កំបាំងមុខ​ លោក​ កឹម​ សុខា​ ​នៅ​គ្រា​លោក​និង​ក្រុម​មេធាវី បដិសេធ​មិន​ចូល​រួម​ក្នុង​អង្គ​សវនាការ ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី៩​ ខែ​កញ្ញា​ ដោយមាន​ការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​ការ​កាត់​ក្តី​ និង​កង​សន្តិសុខ ​ ព្រម​ទាំងការ​ចាប់​ខ្លួន​នៅ​ខាង​ក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ។​

​លិខិត​របស់​ព្រះ​រាជអាជ្ញា​រ​ង​ ​សៀង​ សុខ​ ​ចុះ​ថ្ងៃ​ទី​៩​ ខែ​កញ្ញា​ ​ដែល​ ​VOA​ ទទួល​បាន​នា​ថ្ងៃ​សុក្រ​នេះ​ បាន​ឲ្យ​ដឹង​ថា​ លោក​ កឹម​ សុខា​ មាន​សិទ្ធិ​ចូល​មក​ប្ដឹង​ឧទ្ធរណ៍​ ក្នុង​រយៈពេលមួយ​ខែ​ គិត​ពី​ថ្ងៃ​បាន​ទទួល​លិខិត​ជូន​ដំណឹង​នេះ​ ​តាម​បញ្ញត្តិ​មាត្រា​ ៣៨២​ថ្មី​ នៃ​ក្រម​នីតិ​វិធី​ព្រហ្មទណ្ឌ។​

​ការ​ប្រគល់​លិខិត​ឲ្យដំណឹង​ពី​សាល​ក្រម​ដោយ​លោក សៀង សុខ កើតមាន​ឡើង​ នៅ​ចំ​ពេល​ដែល​សហគមន៍​អន្តរជាតិ​រួម​មាន​សភា​សហ​រដ្ឋ​អាមេរិក​ និង​អង្គ​ការ​សហប្រជាជាតិ​ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍ ជា​បន្ត​បន្ទាប់​សំដែង​ក្តី​បារម្ភ​ចំពោះ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​រដ្ឋាភិបាល​កម្ពុជា មក​លើ​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​ សកម្មជន​សិទ្ធិមនុស្ស​ ​និង​សកម្មជន​ដី​ធ្លី​។​

ពួកគេ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​សកម្មភាព​ទាំងអស់​នេះ​ ដែល​ពួកគេ​យល់​ថា​ ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ និង​សិទ្ធិ​នយោបាយ​ ហើយ​មានការប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា។

ការ​ចេញ​សេចក្ដីថ្លែងការណ៍ បាន​កើត​ឡើង​ផង​ដែរ​ ​នៅ​ក្រោយ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​ធ្វើការ​ដាក់​ពង្រាយ​កម្លាំង​ទ័ព​ចម្រុះ​ និង​ការ​ល្បាត​របស់​កង​ទ័ព​ស្មោះស្ម័គ្រ​របស់​លោក​ហ៊ុន សែន​ នៅ​ក្បែរ​ និង​មុខ​ទី​ស្នាក់​កណ្ដាល​គណបក្ស​សង្គ្រោះ​ ជាតិ​ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ​ ​ខណ្ឌ​មាន​ជ័យ។​

ក្រុម​អ្នកវិភាគ​នយោបាយ​ ​និយាយ​ថា​ ​ប្រទេស​កម្ពុជា​ ​កំពុង​ជួប​ភាព​ទាល់​ច្រក​នយោបាយ ដែល​ប្រហាក់​ប្រហែល​នឹង​ស្ថាន​ភាព​នយោបាយ​ឆ្នាំ​ ១៩៩៧​ ហើយ​ស្ថានភាព​នេះ​ នឹង​អាច​អាក្រក់​ជាង​ឆ្នាំ​ ១៩៩៧​ ដែល​ជា​ឆ្នាំ​មាន​រដ្ឋ​ប្រហារ​យោធា​ ​ប្រសិន​បើ​គណបក្ស​នយោបាយ​ធំៗ​ពីរ​នេះ​ មិន​អាច​រក​ច្រក​បំបែក​ស្ថាន​ការណ៍​នេះ​ ​តាម​ការ​ធ្វើ​សម្បទាន​នយោបាយ​ ឬ​ក៏​ការ​សម្រុះ​សម្រួល​គ្នា​បែប​ណា​នោះ។​

​លោក​ មាស​ នី​ អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ មាន​ប្រសាសន៍​ថា​ ក្រុម​អ្នក​នយោបាយ​ នៅដំណាក់​កាល​នេះ​ អាច​មាន​ច្រក​ពីរ​គឺបញ្ចប់​ជម្លោះ​ ឬក៏​ធ្វើ​ឲ្យ​ជម្លោះ​កាន់​តែ​អាក្រក់​ទៅ។​

លោក​ពន្យល់​ថា ច្រក​ទី​មួយ​គឺ​ ក្រុម​អ្នក​នយោបាយ​នឹង​ទុកឲ្យ​តុលាការ​បញ្ចប់​នីតិវិធី​ ហើយ​ស្វែង​រក​ការ​ជជែក​គ្នា​បញ្ចប់​ទំនាស់​តាម​ការ​សម្របសម្រួល​នយោបាយ​ រីឯ​ច្រក​ទីពីរ​នោះ​ គឺ​ជំរុញឲ្យ​ស្ថាន​ភាព​កាន់​យ៉ាប់​យឺន​ ហើយ​ប្រើ​កម្លាំង​ ដែល​អាច​ដូច​នឹង​ទំនាស់​នយោបាយ​ដ៏តាន​តឹង​ក្នុង​ឆ្នាំ​ ១៩៩៧។

លោក​ប្រាប់​ VOA​ បន្ថែម​ថា​ ប្រសិន​ស្ថានភាព​វឹកវរ​នេះ​ មិន​អាច​វិល​មក​រក​ភាព​ប្រក្រតី​នោះ​ទេ​ នោះជា​ការ​អាម៉ាស់​សម្រាប់​ប្រជា​រាស្ត្រ​ខ្មែរ​ ដែល​សហគមន៍​អន្តរជាតិ​នានា​ បាន​ជួយជ្រោមជ្រែង​ឲ្យ​បញ្ចប់​ការ​បង្ហូរ​ឈាម​នា​ឆ្នាំ​ ​១៩៩១។​

លោក​ថា កម្ពុជា​មិន​គួរ​ណា​ ឲ្យ​អន្តរជាតិ​ឈឺក្បាល​ ដូច​បណ្ដា​ប្រទេស​មួយ​ចំនួន​ដែល​កំពុង​មានទំនាស់នយោបាយ​រ៉ាំរ៉ៃ​នោះ​ទេ។

លោក​បញ្ជាក់​ទៀត​ថា ប្រសិន​បើ​អ្នកនយោបាយ​តម្កល់​ជម្លោះ​ឲ្យ​ខ្ពស់​ជាងប្រយោជន៍​ប្រទេស​នោះ​ ​ ​អ្វី​ដែល​ប្រទេស​ទទួល​បាន​ គឺ​វិបត្តិ​សង្គម​ និង​នយោបាយតាម​ការ​គាប​សង្កត់​ពី​ប្រទេស​ក្បែរ​ខាង​បន្ថែម​ទៀត។​

«យើង​ស្ដាយ​ណាស់​ដោយ​សារ​តែ​ប្រទេស​យើង​ជា​ប្រទេស​ក្រី​ក្រ​មួយ​តូច​នៅ​ក្នុង​ចន្លោះ​ ប្រទេស​ពីរ​ដែល​គេ​ សេដ្ឋកិច្ច​កំពុង​តែ​មាន​ការ​អភិវឌ្ឍ​ទៅមុខ​ណា៎ ហើយ​នៅ​ពេល​ដែល​យើង​នៅ​តែ​ជ្រំជើង​ ហើយ​បន្ត​ការ​ ទាស់​ទែង​គ្នា​ក្នុង​ចំណោម​អ្នក​ដឹកនាំ​ គឺ​ខ្ញុំ​គិត​ថា​ថ្ងៃ​ក្រោយ​ នៅ​ពេល​ដែល​ប្រទេស​ទាំង​ពីរ​សង​ខាង​ គេ​កាន់​តែ​វិវត្តន៍​ទៅមុខ​ ​កាន់​តែ​លឿន​ទៅ ​លឿន​ទៅ​ ហើយ​រវល់​តែ​ឈ្លោះ​គ្នា​ ខ្ញុំ​គិត​ថា​ គេ​នឹង​លេប​យើង​ មិនមែន​លេប​តាម​របៀបជា​ភូមិសាស្ត្រ​ ឬ​ការ​ឈ្លាន​ពាន​ទេ​ ប៉ុន្តែ​លេប​ទាំងសេដ្ឋ​កិច្ច​ ហើយ​មាន​ទាំង​សង្គម​ និង​ទាំង​នយោបាយ​ ​ឥឡូវ​នេះ​ យើង​ឃើញ​ថា​ យើង​ចាប់​ផ្ដើម​ត្រូវ​បាន​គេ​ លេប​ផ្នែក​សេដ្ឋកិច្ច​ហើយ​ ពេល​ណា​គេ​មិន​ទិញ​ គឺ​យើង​ត្រូវ​មាន​បញ្ហា​ ពេល​ណា​ដែល​គេ​មិន​នាំចូល​យើង​ត្រូវ​អត់»។​

លោក​ ​កឹម​ សុខា​ ​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​កាល​គ្រា​លោក​ នៅ​ធ្វើ​ជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ កម្ពុជា​បាន​ប្រាប់​ក្រុម​យុវជន​គាំទ្រ​គណបក្ស​ប្រឆាំងកាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ថា​ លោក​បាន​ស្នាក់​នៅ​ក្នុង​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​អស់​រយៈ​ពេល​ជាង​ បួន​ខែ​ដោយ​ក្ដី​អត់​ធ្មត់​ រង់​ចាំ​ការ​ចរចា​ជាមួយ​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា​ ប៉ុន្តែ​អ្វី​ដែល​គណបក្សប្រឆាំង​បាន​ទទួល​គឺ​ការ​វាយ​ប្រហារ​ខាង​ផ្លូវ​ច្បាប់​ជា​បន្ត​បន្ទាប់។​

អនុ​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​ ​និយាយ​ថា​ ថ្វី​ដ្បិត​តែ​មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ​ មក​លើ​លោក​យ៉ាង​ណា​ក្តី លោក​ប្ដេជ្ញា​ការពារ​លទ្ធិប្រជាធិបតេយ្យ​ ដែល​កំពុង​រង​ការ​រំលោភ​បំពាន​ដោយ​ការ​គ្រប់​គ្រង​របស់​លោក​ ​ហ៊ុន​ សែន​ ដែល​លោក​ពណ៌នា​ថា​ជា​ការ​គ្រប់​គ្រង​តាម​បែប​ផ្ដាច់​ការ​នោះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG