ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ការអនុញ្ញាតិ​ដ៏តឹងរឹង​ឲ្យ​ធ្វើការ​ជួប​ប្រជុំ​ទ្រង់ទ្រាយ​ធំ


រូបឯកសារ៖ ក្រុម​ស្រ្តី​នៃ​ក្រុម​ប្រឹក្សា​ឃុំ​នៃ​គណបក្ស​សង្រ្គោះជាតិ​មកពី​ខេត្ត​នានា​​ចូលរួមរួម​សិក្ខាសាលា​ចលនា​ស្រ្តី​នៅ​ទីស្នាក់ការ​បក្ស​សង្រ្គោះជាតិ​ ក្នុង​រាជធានី​ភ្នំពេញ នៅថ្ងៃ​ពុធ ទី​១០ ខែ​សីហា ឆ្នាំ​២០១៦។ (ឡេង ឡែន/VOA)
រូបឯកសារ៖ ក្រុម​ស្រ្តី​នៃ​ក្រុម​ប្រឹក្សា​ឃុំ​នៃ​គណបក្ស​សង្រ្គោះជាតិ​មកពី​ខេត្ត​នានា​​ចូលរួមរួម​សិក្ខាសាលា​ចលនា​ស្រ្តី​នៅ​ទីស្នាក់ការ​បក្ស​សង្រ្គោះជាតិ​ ក្នុង​រាជធានី​ភ្នំពេញ នៅថ្ងៃ​ពុធ ទី​១០ ខែ​សីហា ឆ្នាំ​២០១៦។ (ឡេង ឡែន/VOA)

គណបក្ស​ប្រឆាំង​នឹង​ជួប​ប្រជុំ​សមាជិក ​និង​អ្នកគាំទ្រ​របស់​ខ្លួន​ជាង​១​ពាន់​នាក់​នៅ​ទី​ស្នាក់​ការ​គណបក្ស​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ​ គឺ​ចំ​ថ្ងៃ​ដែល​​លោក​កឹម សុខា​ត្រូវ​ចូល​សវនាការ​នៅ​តុលាការ​ភ្នំពេញ។

ក្រោយ​ពី​បានដាក់​លិខិត​ទៅ​សាលា​រាជធានី​ដើម្បីជូន​ដំណឹង​អំពីការ​ជួប​ប្រជុំទ្រង់ទ្រាយ​ធំ​របស់​គណបក្ស​សង្គ្រោះជាតិនៅ​ថ្ងៃដែល​លោក​កឹម សុខា​ ត្រូវ​ចូល​សវនាការ​នោះ​ ​នា​រសៀលថ្ងៃ​ពុធម្សិល​មិញ​នេះ​ ​សាលា​រាជធានី​បានសម្រេច​អនុញ្ញាត​ឲ្យ​គណបក្ស​នេះ​ជួបជុំ​តាម​ការស្នើ​ ប៉ុន្តែ​ការ​ជួបជុំ​នេះ​ត្រូវ​គោរព​តាម​លក្ខខណ្ឌ ​ទើប​អាច​ធានា​ថា​ ​អាច​នឹងប្រព្រឹត្ត​ទៅ​ដោយ​រលូន។

គណបក្ស​ប្រឆាំង​នឹង​ជួប​ប្រជុំ​សមាជិក ​និង​អ្នកគាំទ្រ​របស់​ខ្លួន​ជាង​១​ពាន់​នាក់​នៅ​ទី​ស្នាក់​ការ​គណបក្ស​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ​ គឺ​ចំ​ថ្ងៃ​ដែលលោក​កឹម សុខា​ត្រូវ​ចូល​សវនាការ​នៅ​តុលាការ​ភ្នំពេញ។

នា​រសៀល​ថ្ងៃ​ពុធ ​ទី​៧ ​ខែ​កញ្ញា​នេះ​ តំណាង​គណបក្ស​ប្រឆាំង​ និង​មន្រ្តី​សាលា​រាជធានី​ភ្នំពេញបាន​ជួប​ប្រជុំ​គ្នា​ដើម្បី​ពិភាក្សា​លើ​ការ​ជូន​ដំណឹង​អំពី​ការ​រៀបចំ​ពិធី​ជួប​សំណេះ​សំណាល​រវាង​ថ្នាក់​ដឹកនាំ​គណបក្សសង្គ្រោះ​ជាតិ​ ជាមួយ​រចនា​សម្ព័ន្ធ​ និង​មហាជន​រាប់​រយ​នាក់​ ​នៅ​ទី​ស្នាក់​ការ​កណ្តាល​គណបក្ស​នៅ​សង្កាត់​ចាក់​អង្រែ​លើ។​

លោកម៉ន ផល្លា​ ប្រធាន​គណៈ​កម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ​ ដែល​បាន​ចូល​រួម​ប្រជុំ​ ​បានប្រាប់​ VOA​ ថា ​សាលា​រាជធានី​ភ្នំពេញ​បាន​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ជួបជុំ​តាម​ការ​ស្នើ​សុំ។​ លោក​ថ្លែង​ថា ​សាលា​រាជធានី​បាន​ដាក់​លក្ខខណ្ឌ​ចំនួន​២​ មុន​នឹង​អនុញ្ញាត។ ​ ទី១គឺ​ការ​ជួបជុំ​មិនត្រូវ​ធ្វើ​ឲ្យ​មាន​ការ​កក​ស្ទះ ​និង​ទី២ ​មិន​ត្រូវ​មាន​ការ​ជេរ​ប្រមាថ​មន្រ្តី​ដែល​នឹង​ចុះ​បំពេញ​ការងារ​ក្នុង​ការ​រៀបចំ​សណ្តាប់​ធ្នាប់។​

លោក​បន្ថែម​ថា ​សមាជិក ​និង​អ្នក​គាំទ្រ​គណបក្សសង្គ្រោះ​ជាតិ​ជាង​១​ពាន់​នាក់​គ្រោង​នឹង​ជួប​ជុំ​គ្នា ​នៅព្រឹក​ថ្ងៃ​ទី៩​ ខែ​កញ្ញា​នេះ ​ដើម្បី​ផ្តល់​ព័ត៌មាន​អំពី​ការ​វិវត្ត​នៃ​ស្ថាន​ការណ៍​នយោបាយ ​ផ្សព្វ​ផ្សាយ​អំពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ​ ជាពិសេស​ដើម្បី​ឲ្យ​អ្នក​ចូលរួម​អាច​ឃ្លាំ​មើល​ចំណាត់​ការ​របស់​តុលាការ​លើ​ការ​កាត់ក្តី​លោក​កឹម សុខា ​ដែល​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ។​ លោក​បញ្ជាក់​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធានា​ពី​ការ​សហការ​របស់​អ្នក​ចូល​រួម​ដើម្បី​ការ​ពារ​សន្តិសុខ​ក្នុង​ការ​ជួប​ជុំ​នោះ។​

លោក​បញ្ជាក់​ថា៖​

«យើង​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​ជួយ​សហការ​ផង​ដែរ​ អញ្ចឹង​ដោយ​សារ​ផ្លូវ​វា​តូច​ចង្អៀត​ ហើយអ្នកធ្វើ​ដំណើរ​ច្រើន​ ក៏​ដូចជាអ្នកចូល​រួម​ច្រើន ​ដូច្នោះ​វា​នឹង​មាន​ការ​កក​ស្ទះ​បន្តិច​បន្តួច។​ ក៏​ប៉ុន្តែ​វា​មិន​បណ្តាល​ឲ្យ​ជាប់​គាំង​ជិត​ឈឹង​តែ​ម្តងទេ។​ យើង​នឹង​ព្យាយាម​ធ្វើ​យ៉ាង​ណាឲ្យ​ការរៀបចំពិធីនេះ​មាន​ដំណើរ​ការ​ល្អ ​បូក​រួម​នឹង​អាច​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​ផង​ដែរ»។​

លោក​មាន ចាន់យ៉ាដា ​អ្នកនាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​ មាន​ប្រសាសន៍​ថា ​គណបក្ស​សង្គ្រោះ​ជាតិត្រូវ​ជួប​ជុំ​ត្រឹម​បរិវេណ​ស្នាក់​ការ​គណបក្ស​ ដោយ​មិន​ត្រូវ​យក​ចិញ្ចើម​ផ្លូវ ​និង​ផ្លូវ​ធ្វើ​ជា​កន្លែង​ឈរ​ជួប​ជុំ​ និង​មិនត្រូវ​ប្រើ​សម្តី​ប្រមាថ​សន្តិសុខ​ដែល​នឹង​ចុះ​បំពេញ​ការងារ​ឃ្លាំ​មើល​សន្តិសុខ។​ លោក​បន្ថែម​ថា ​ប្រសិន​ជា​ការ​ជួបជុំ​នោះ​ខុសពី​ការ​សន្យា ​អាជ្ញាធរ​នឹង​ចាត់​វិធាន​ការ​រដ្ឋបាល ​និង​វិធាន​ការ​ច្បាប់។​

លោក​បញ្ជាក់​ថា៖​

«ចំនួន​ប៉ុន្មាន​ចំនួន​ចុះ​ ក៏​ប៉ុន្តែកុំ​ឲ្យ​ប៉ះពាល់​ចិញ្ចើម​ផ្លូវ​ ហើយ​និង​ផ្លូវជា​សាធារណៈ​ដែល​រំខានប្រជា​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​ហ្នឹង»។​

លោក​អំ សំអាត អ្នក​គ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ ​ប្រាប់​ថា ​ច្បាប់​មិន​បាន​កំណត់​អំពី​ចំនួន​មនុស្ស​ក្នុង​ការ​ជួបជុំ​របស់គណបក្ស​ណាមួយ​នៅ​ទីស្នាក់​ការ​ឯក​ជន​នោះ​ទេ ​ប៉ុន្តែ​លោក​បន្ត​ថា ​គណបក្ស​នយោបាយ​ត្រូវ​ចៀស​វាង​ការ​ជួប​ជុំ​ដែល​បណ្តាល​ឲ្យ​មាន​ការកក​ស្ទះចរាចរណ៍ដល់អ្នកដទៃ។​ លោក​បន្ថែម​ថា ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​ត្រៀមដើម្បី​ការពារ​ការ​ជួបជុំ ​និង​សម្រួល​ចរាចរណ៍​ នៅ​ពេល​ដែល​ការ​ជួប​ជុំ​នោះ​បានជូន​ដំណឹង​ត្រឹម​ត្រូវ។​

លោក​មាន​ប្រសាសន៍​ថា៖​

«អ្វី​ដែល​ជា​ការ​កកស្ទះ​ចរាចរណ៍​ខ្លាំង​មែន​ទែន​នោះ ​វា​មិនមែន​លើ​ការ​ជួបជុំ​ហ្នឹង​ទេ។​ កន្លង​មកការ​កក​ស្ទះ​ចរាចរណ៍​គឺ​មកពី​ការ​បិទ​ផ្លូវ​ទាំង​មូល​តែ​ម្តង​របស់​អាជ្ញាធរ។​ អាហ្នឹង​ដែលយើង​ឃើញ​ថា​ ជា​ការ​កកស្ទះ​ ដូចជា​ថ្ងៃទី​៥​អី​ហ្នឹង»។​

នៅ​ថ្ងៃទី​៩ ​ខែ​កញ្ញា​ខាង​មុខ​នេះ ​សាលា​ដំបូង​រាជធានី​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​ក្តី​លើ​លោកកឹម សុខា ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ពី​បទ«មិន​ព្រម​ចូល​ខ្លួន​តាម​ដីកា​កោះ​ហៅ​របស់​តុលាការ» ​ដោយ​គ្មាន​មូល​ហេតុ​ត្រឹម​ត្រូវ។ តុលាការ​បានកោះហៅ​លោក​កឹម សុខា​ពាក់​ព័ន្ធ​នឹង​បណ្តឹងរបស់​នាង​ខុម ចាន់តារ៉ាទី ​ហៅស្រី​មុំពី​បទ​សញ្ចារ​កម្ម។​

កាលពី​ថ្ងៃទី​៥ ​ខែកញ្ញា​ ​រដ្ឋាភិបាល​បាន​ដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ច​រាប់​រយ​នាក់ ​និង​ដាក់​របាំង​បិទ​ផ្លូវ​ការ​ហែ​ញត្តិ​របស់​គណបក្ស​ជំទាស់ទៅ​កាន់​ស្ថានទូតនៃ​ប្រទេសហត្ថលេខីសន្ធិ​សញ្ញា​ទីក្រុង​ប៉ារីស​ សុំ​ឲ្យ​ជួយ​ការពារ​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា៕​

XS
SM
MD
LG