ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ៖ បក្សប្រឆាំង​អាច​បន្ត​រើស​យក​ភាពអត់ធ្មត់ ហើយ​ទុក​ឲ្យ​ពលរដ្ឋ​ផ្តល់​យុត្តិធម៌


រូបឯកសារ៖ ក្រុម​ស្រ្តី​នៃ​ក្រុម​ប្រឹក្សា​ឃុំ​នៃ​គណបក្ស​សង្រ្គោះជាតិ​មកពី​ខេត្ត​នានា​​ចូលរួមរួម​សិក្ខាសាលា​ចលនា​ស្រ្តី​នៅ​ទីស្នាក់ការ​បក្ស​សង្រ្គោះជាតិ​ ក្នុង​រាជធានី​ភ្នំពេញ នៅថ្ងៃ​ពុធ ទី​១០ ខែ​សីហា ឆ្នាំ​២០១៦។ (ឡេង ឡែន/VOA)
រូបឯកសារ៖ ក្រុម​ស្រ្តី​នៃ​ក្រុម​ប្រឹក្សា​ឃុំ​នៃ​គណបក្ស​សង្រ្គោះជាតិ​មកពី​ខេត្ត​នានា​​ចូលរួមរួម​សិក្ខាសាលា​ចលនា​ស្រ្តី​នៅ​ទីស្នាក់ការ​បក្ស​សង្រ្គោះជាតិ​ ក្នុង​រាជធានី​ភ្នំពេញ នៅថ្ងៃ​ពុធ ទី​១០ ខែ​សីហា ឆ្នាំ​២០១៦។ (ឡេង ឡែន/VOA)

ពាក់ព័ន្ធ​នឹង​គម្រោង​ធ្វើ​មហា​បាតុកម្ម​របស់​បក្ស​ប្រឆាំង​នេះ​ អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ លោក ខៀវ សុភ័គ​ លើក​ឡើង​ថា​ គណបក្ស​សង្គ្រោះជាតិ​អាច​ធ្វើ​បាតុកម្ម​បាន​ក្នុង​ក្រប​ខណ្ឌ​ច្បាប់។​ លោក​បន្ថែម​​ថា ​ប្រសិន​ជា​ការ​ធ្វើ​បាតុកម្ម​នោះ​​ខុស​ច្បាប់​ ហើយធ្វើ​ឡើង​ក្នុង​​រូបភាពនៃ​ការ​ផ្តួលល​រំលំ​ណាមួយ​ នោះ​ក្រសួង​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។

ក្រុម​អ្នកវិភាគ​នយោបាយ​កម្ពុជា​លើកឡើង​ថា​ មហា​បាតុកម្ម​គួរ​តែ​ជា​ជម្រើស​ចុង​ក្រោយ​របស់​បក្ស​ជំទាស់​ក្នុង​ការ​ប្រឆាំង​ជាមួយ​បក្សកាន់​អំណាច​ ហើយ​ការ​ចរចាគឺ​ជា​ជម្រើស​ល្អ​បំផុត​ដើម្បី​រក្សា​សន្តិ​ភាព​ក្នុង​ពេល​បច្ចុប្បន្ន​។

នៅ​ថ្ងៃទី​១២ ខែ​កញ្ញា​នេះ​ គណបក្ស​សង្គ្រោះជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា បក្ស​នេះសម្រេច​រៀប​ចំ​មហា​បាតុកម្ម​អហិង្សា​នា​ពេល​ខាងមុខ​ ដោយ​មិនកំណត់​ពី​ពេល​វេលាជាក់​លាក់។ យោង​លើ​សេចក្តីប្រកាស​ព័ត៌មាន​នោះ​ មហាបាតុកម្ម​នេះធ្វើ​ឡើងក្នុង​គោល​ដៅ​ទាមទារឲ្យ​មាន​បរិយា​កាស​នយោបាយ​ប្រក្រតី​ឡើង​វិញ​ ដើម្បី​ធានា​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី​ ត្រឹម​ត្រូវ​ យុត្តិធម៌​ និង​ស្មើភាព ​តាម​រយៈ​ដំណោះ​ស្រាយ​នយោបាយ​រួម។

ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​យុវជនគាំទ្រ​គណបក្ស​មក​ពី​ខេត្ត​កណ្តាល​ នៅទី​ស្នាក់​ការ​បក្ស​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ​ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ លោក ​កឹម សុខា ​បាន​រិះគន់​ធ្ងន់ៗ​លើ​ភាព​អយុត្តិ​ធម៌​របស់ប្រព័ន្ធ​តុលាការ​ និង​បញ្ជាក់​ពីការ​ប្រើប្រាស់​សិទ្ធិ​ធ្វើ​មហា​បាតុកម្ម​ទូទាំង​ប្រទេស​របស់​គណបក្ស​សង្គ្រោះជាតិ ប្រសិនគណបក្ស​កាន់​អំណាច​មិន​ព្រម​បើក​ច្រក​ឲ្យ​មាន​ការ​ចរចា​ដោះស្រាយ​ទំនាស់​នយោបាយ។

លោក​បញ្ជាក់​ថា៖ ​«ប្រសិន​ណា​ជា​ប្រព័ន្ធ​តុលាការ​នេះ​ នៅ​តែ​ផ្តល់​ភាព​អយុត្តិធម៌​ដល់​យើង​ទាំង​អស់​គ្នា​ ដល់​សកម្មជន​ដីធ្លី​ ដល់​អ្នកការពារ​សិទ្ធិ​មនុស្ស​ ដល់​អ្នក​ការពារ​បរិស្ថាន​ ដល់​បក្ស​ប្រឆាំង​ ដល់​មេដឹកនាំ​ដែល​ត្រូវ​ប្រកួត​ដើម្បី​ការ​ផ្លាស់​ប្តូរ​នេះ​ យើង​នឹង​ពិចារណា​ប្រើ​ប្រាស់​សិទ្ធិ​របស់​យើង​ធ្វើ​មហា​បាតុកម្ម​នៅ​ទូទាំង​ប្រទេស​ និង​រាជធានី​ភ្នំពេញ​នេះ​ »។​

លោក​ កឹម សុខា ថ្លែង​បែប​នេះ​ក្រោយ​ពេលតុលាការ​រាជធានីកាត់​ទោសឲ្យ​លោក​ជាប់​ពន្ធ​នាគារ​៥​ខែ និង​ពិន័យ​ជាប្រាក់​៨​សែន​រៀល​ ពី​បទ​បដិសេធ​ក្នុង​ការ​ចូល​ខ្លួន​តាម​ការ​កោះ​ហៅ​របស់​តុលាការ​ ដោយ​គ្មាន​មូល​ហេតុ​ត្រឹម​ត្រូវ​ តាម​មាត្រា​ ៥៣៨​ នៃ​ក្រម​ព្រហ្មទណ្ឌ​ ពាក់ព័ន្ធ​នឹង​សំណុំរឿង​សញ្ចារ​កម្ម​ទាក់ទង​នឹង​ករណី​នាង​ខុម ចាន់តារ៉ាទី​ ហៅ​ស្រីមុំ​។

លោក ​កឹម សុខា ​បានបន្ថែម​ដោយ​រំពឹង​ថា​ គណបក្ស​សង្គ្រោះ​ជាតិ ​នឹង​អាច​ជួប​ចរចា​រក​ដំណោះ​ស្រាយ​ផ្នែកនយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​បញ្ចប់​ការ​ខ្វែង​គំនិត​គ្នា​ និង​ឆ្ពោះ​ទៅ​រក​លទ្ធិ​ប្រជា​ធិបតេយ្យ​ពិត​ប្រាកដ។

ប្រធាន​វេទិកា​អនាគត និង​ជា​អ្នក​វិភាគ​នយោបាយ​ឯក​រាជ្យ​ លោក​ អ៊ូ វីរៈ ​លើកឡើង​ថា​ ជាទូទៅ​ការ​ធ្វើ​បាតុកម្ម​តែង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ និង​សន្តិសុខសង្គម​ ប៉ុន្តែ​លោក​ថា​ ប្រជាពល​រដ្ឋ​នឹង​ជ្រើស​យក​ការ​ធ្វើ​បាតុកម្ម​ប្រសិន​ជា​ការរំលោភ​សិទ្ធិ​សេរីភាព​ និង​ភាព​អយុត្តិធម៌​សង្គម​នៅ​តែ​កើត​ឡើង​ច្រើន។​ លោក​បន្ថែម​ថា​ គណបក្ស​ប្រឆាំង ​គួរ​តែ​នៅ​ស្ងៀម​ហើយ​ពង្រឹងគោល​នយោបាយ​ផ្ទៃ​ក្នុង​ដើម្បី​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋទុក​ចិត្ត​ ជាជាង​ការ​វាយ​ប្រហារ​គណបក្ស​កាន់​អំណាច។

លោក​មាន​ប្រសាសន៍​ថា៖​ «ជម្រើស​មួយ​ទៀត​គឺគាត់​អាច​លួង​លោម​ ឬ​ មួយ​ក៏​គាត់​អាច​បណ្ដោយ​តាម​ទឹក​សិន​ ចាំដល់​ជិត​បោះ​ឆ្នោត២០១៨អី​ចាំគាត់​តវ៉ា​ ឬមួយ​ក៏​គាត់​ជំរុញ​កម្លាំង​ខ្លាំង​ក៏​បាន​ដែរ ប៉ុន្តែ​ចំពោះ​ខ្ញុំ​ខ្ញុំឃើញ​ថា​ពិបាក​រកជម្រើស​ អញ្ចឹង​គាត់​ព្យាយាម​រុញ​តវិញ​តាមរយៈ​ការ​ធ្វើ​បាតុកម្ម​ហ្នឹងជា​ជម្រើស​មួយ ​ប៉ុន្តែ​អាចជា​ជម្រើស​មួយ​ទៀត​គាត់​អាច​រុញ​បណ្តោយ​ទឹក​តែ​ម្តងទៅ​ ទុក​ឲ្យ​គណបក្ស​កាន់​អំណាច​គាត់​ធ្វើ​ខុសខ្លួន​ឯង​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ ហើយ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នកតវ៉ា​ ឬមួយជា​អ្នក​ចាំ​ឃ្លាំ​មើល​ជា​អ្នក​ចាំ​ចូល​រួម​ឈឺ​ចិត្ត ឬ​ក៏​ចូល​រួម​បញ្ចេញ​មតិ​អីវិញ អាហ្នឹង​ក៏​ជា​ជម្រើស​មួយ​ដែរ »។

លោក​បន្ថែម​ថា គណបក្ស​ទាំង​ពីរ​គួរ​ស្វែង​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​តាម​រយៈការ​ពង្រឹង​គោល​នយោ​បាយ​ដឹកនាំ​ប្រទេស​ និង​ផ្ទៃក្នុង​បក្ស​រៀងៗខ្លួន​ ដើម្បី​ប្រកួត​ប្រជែង​រក​ប្រយោជន៍​សម្រាប់​សង្គម​ជាតិ។

អ្នកវិភាគ​ពីការ​អភិ​វឌ្ឍសង្គម​ លោក​ មាស នី​ មាន​ប្រសាសន៍​ថា​ ការ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​របស់​មេបក្ស​ប្រឆាំង ​អាច​ជាជម្រើស​តែមួយ​គត់​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​ចរចា​ជាមួយ​គណបក្ស​កាន់​អំណាច​ ប្រសិន​ជា​គ្មាន​ដំណោះ​ស្រាយ​បញ្ហា​នយោបាយណា​មួយ​។​ លោក​បន្ថែម​ថា​ គណបក្ស​ប្រឆាំង​គួរ​តែ​មានការ​អត់​ធ្មត់​ និង​ស្វែង​រក​ការចរចា​ឲ្យ​អស់​លទ្ធភាព​ មុន​នឹង​សម្រេច​ថា​ធ្វើ​បាតុកម្ម​។

លោក​មាន​ប្រសាសន៍​ថា៖​ «គួរ​តែបន្ត​ការ​អត់​ធ្មត់​ ហើយ​នឹង​កាត់​បន្ថយ​នូវ​ហានិភ័យ​ដែល​អាច​កើត​មាន​ឡើង​តាម​រយៈការ​ប្រឈម​ដោយ​ត្រង់ៗ​រវាង​កម្លាំង​គាំទ្រគណបក្ស​ ជាមួយ​និង​កម្លាំង​ប្រដាប់​អាវុធ​ ព្រោះ​នៅ​ក្នុង​លក្ខខណ្ឌ​នេះ​វា​នឹង​អាច​ឈាន​ទៅ​រក​ការ​ប្រឈម​ហិង្សា​ ដូច​ឆ្នាំ​១៩៩៧​ចឹង ហើយ​នឹង​អាច​ហុច​ដៃ ឬ​ហុច​ដង​ដាវ​ទៅ​ឲ្យ​គណបក្ស​កាន់​អំណាច​មាន​មូល​ហេតុ​គ្រប់​គ្រាន់​ក្នុងការ​បង្ក្រាប ហើយ​និង​បន្ត​កាន់​អំណាច​ដោយ​មិនមាន​ការ​បោះ​ឆ្នោត‍»។

សេចក្តី​ថ្លែងការណ៍​ចុង​ក្រោយ​បង្អស់​ចុះ​ថ្ងៃ​ទី​៩ ខែ​កញ្ញា​ គណបក្ស​សង្គ្រោះ​ជាតិ បាន​បដិសេធ​មិន​ទទួល​យក​ដាច់​ខាត​នូវ​សាលក្រម​របស់​សាលា​ដំបូង​ និង​បាន​ប្រកាស​បន្ត​ការ​តស៊ូ​ផ្នែក​នយោបាយ​ទាមទារ​ឲ្យ​មាន​ការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក ​កឹម សុខា​ ថ្នាក់​ដឹកនាំ ​និង​សកម្មជន​ដទៃ​ទៀត ព្រម​ទាំង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក ​សុខ ឥសាន​ មាន​ប្រសាសន៍​ថា​ ការ​ប្រកាស​ធ្វើ​បាតុកម្ម​របស់​លោក​ កឹម សុខា គឺ​ជា​លេស​ ហើយ​លោក​ថា​រដ្ឋាភិបាល​មិនបាន​គាប​សង្កត់​បក្ស​ប្រឆាំង​ដូច​ការ​លើក​ឡើង​នោះ​ទេ។​ លោក​បន្ថែម​ថា​ គណបក្ស​កាន់​អំណាច​នៅ​តែ​ប្រកាន់​ជំហរ​ថា​មិន​ចរចារ​ ខណៈ​ពេល​តុលាការ​កំពុង​បន្ត​នីតិវិធី​លើ​សមាជិក ​និង​មេដឹក​នាំ​គណបក្ស​ប្រឆាំង។

លោក​បញ្ជាក់​៖ «ចរចា​តើអត់​ប្រយោជន៍​អី? ចរចាដើម្បី​ឲ្យ​លុប​ចោល​ការទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​របស់គាត់​ ឬមួយ​ក៏​លុប​ចោល​នូវ​សាល​ក្រម​ស្ថាពរ​របស់​តុលាការ​សាលាដំបូង​រាជធានី ឬ​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍​ ចំពោះ​សម រង្ស៊ី​ ដែល​ចូល​ជាស្ថាពរ​រួច​ទៅ​ហើយ​នោះ​ យើង​មិនអាច​ទៅ​រួចទេ​ អញ្ចឹងទោះ​បី​ជាចង់​ចរចារ​ចូល​ខ្លួន​ចរចា​រវាង​ភាគី​ទាំងពីរ​ហ្នឹង​ក៏​មិនអាច​ដោះ​ស្រាយ​បានដែរ ព្រោះ​យើង​មិនអាច​រំលោភ​លើ​សមត្ថកិច្ច​របស់​តុលាការ​បានទេ»។

ពាក់ព័ន្ធ​នឹង​គម្រោង​ធ្វើ​មហា​បាតុកម្ម​របស់​បក្ស​ប្រឆាំង​នេះ​ អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ លោក ខៀវ សុភ័គ​ លើក​ឡើង​ថា​ គណបក្ស​សង្គ្រោះជាតិ​អាច​ធ្វើ​បាតុកម្ម​បាន​ក្នុង​ក្រប​ខណ្ឌ​ច្បាប់។​ លោក​បន្ថែមថា ​ប្រសិន​ជា​ការ​ធ្វើ​បាតុកម្ម​នោះខុស​ច្បាប់​ ហើយធ្វើ​ឡើង​ក្នុងរូបភាពនៃ​ការ​ផ្តួលល​រំលំ​ណាមួយ​ នោះ​ក្រសួង​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។

លោក​បញ្ជាក់​ថា៖​ «កុំ​ថា​បាតុកម្ម​ចេញ​ចុះ​ឡើង​ដើរ​តាម​ផ្លូវស្រែក​តាម​ផ្លូវ​អី មិន​បាន​ទេ​ ហើយ​ប្រហែល​អត់​មាន​ ជម្រាប​ជូន​ឲ្យ​ខ្លី​ បាតុ​កម្ម​ចុង​ឆ្នាំ​២០១៣​ មិនអាច​កើត​មាននៅ​កម្ពុជា​ទៀត​ទេ​ បាតុ​កម្ម​របៀប​ផ្ដួល​រំលំ​បែប​នេះ​មិន​អាច​ទេ​ ហើយ​ក្នុង​ករណី​យ៉ាង​ម៉េច​ កឹម សុខា​ ខ្លួន​ឯង​ហ្នឹង​ត្រូវ​អនុវត្ត​ច្បាប់​ឲ្យបាន​ត្រឹមត្រូវ»។​

កាលពី​ចុង​ឆ្នាំ២០១៣​ មនុស្ស​ជា​ច្រើន​ម៉ឺន​នាក់​រួម​ទាំង​ព្រះ​សង្ឃ​ជាច្រើន​អង្គ​បាន​ចូលរួម​ធ្វើ​មហា​បាតុកម្មតាម​ការ​អំពាវនាវ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ការ​ទាមទារ​ឲ្យផ្ទៀង​ផ្ទាត់​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ ឬ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​ បន្ទាប់ពី​គណបក្សប្រឆាំង​អះអាងថា មាន​ភាព​មិន​ប្រក្រ​តី​ជា​ច្រើន​ជុំ​វិញ​ការ​បោះ​ឆ្នោត ​ការ​រាប់សន្លឹក​ឆ្នោត​ និង​ការ​ប្រកាស​លទ្ធ​ផល​ឆ្នោត។​

នៅព្រឹក​នេះ​ នាង​ ធី សុវណ្ណថា​ ដែល​ត្រូវ​បានគេ​ស្គាល់​ថា ជា​អតីត​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ ហើយ​រិះ​គន់​ លោក ​ហ៊ុន សែន ​មិន​សំចៃ​មាត់​ តែ​ពេល​នេះ​បាន​ប្តូរ​មក​គាំទ្រ​បក្ស​កាន់អំណាច​វិញ បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​នាង​ថា​ នាង​នឹងដឹកនាំ​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ ប្រឆាំង​នឹង​បាតុកម្ម​របស់​លោក​ កឹម​ សុខា​ ដើម្បី​ការពារ​សន្តិភាព ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG