នៅព្រឹកថ្ងៃសុក្រនេះ តុលាការបានកាត់ទោសលោក កឹម សុខា ឲ្យជាប់ពន្ធនាគាររយៈពេលប្រាំខែ នៅគ្រាអ្នកគាំទ្រដែលតវ៉ាឲ្យទម្លាក់បទចោទលើមេដឹកនាំបក្សប្រឆាំងរូបនោះ ត្រូវបានចាប់ខ្លួននៅខាងក្រៅសវនាការ។ មេធាវីការពារក្តីឲ្យលោក កឹម សុខា ថាការសម្រេចនេះរំលោភច្បាប់ ដោយសារអភ័យឯកសិទ្ធិសភាកូនក្តីរបស់លោក គឺជាមូលហេតុត្រឹមត្រូវក្នុងការបដិសេធមិនចូលខ្លួន។
សាលាដំបូងរាជធានីភ្នំពេញកាត់ទោសលោក កឹម សុខា ឲ្យជាប់ពន្ធនាគាររយៈពេល៥ខែ និងពិន័យជាប្រាក់៨សែនរៀល ស្របពេលស្ថានការណ៍នៅខាងក្រៅសវនាការពេលជម្រះមានកាប្រទាញប្រទង់រវាងសន្តិសុខខណ័្ឌ និងអ្នកគាំទ្របក្សប្រឆាំង។
នៅព្រឹកថ្ងៃសុក្រនេះ តុលាការរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះរឿងក្តីលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ពីបទ «បដិសេធមិនចូលខ្លួន» ដោយគ្មានមូលហេតុត្រឹមត្រូវ ទាក់ទងនឹងរឿងអាស្រូវស្នេហាលួចលាក់ជាមួយអតីតនារីកាត់សក់វ័យក្មេងម្នាក់ ដែលត្រូវបានគេស្គាល់ថាឈ្មោះ ខុម ចាន់តារ៉ាទី ហៅស្រីមុំ។
លោកចៅក្រម កែវ មុនី ប្រកាសថា តុលាការរាជធានីសម្រេចដាក់ទោសលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ឲ្យជាប់ពន្ធនាគារដោយគ្មានវត្តមានរបស់ លោក កឹម សុខា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងក្រុមមេធាវីការពាររូបលោក។
គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ ក្រោយការសម្រេចសាលក្រមរបស់តុលាការដោយបដិសេធមិនទទួលយកការសម្រេចនេះ ហើយថាសាលក្រមនេះជាសាលក្រមដែលស្ថិតនៅក្រោមសម្ពាធនយោបាយនៃគណបក្សកាន់អំណាច។
លោក ចាន់ ចេង មេធាវីការពារក្តីឲ្យលោក កឹម សុខា ប្រាប់ថា ភស្តុតាងដែលតុលាការលើកឡើងក្នុងការជំនុំជម្រះ និងប្រកាសសាលក្រមលើសំណុំរឿងកូនក្តីរបស់លោក គឺជាការសម្រេចខុសនីតិវិធីច្បាប់ និងរំលោភរដ្ឋធម្មនុញ្ញ។ លោកបន្ថែមថា លោក កឹម សុខា មិនបានប្រព្រឹត្តបទល្មើសដូចការចោទរបស់តុលាការនោះទេ ដោយសារមេធាវីបានប្រាប់ពីមូលហេតុដែលកូនក្តីមិនព្រមចូលខ្លួននេះរួចហើយថា លោក កឹម សុខា មិនព្រមចូលខ្លួនតាមការកោះហៅរបស់តុលាការ ដោយសារលោកមានអភ័យឯកសិទ្ធិ។
«ចំណាត់ការរបស់តុលាការពីមួយដំណាក់កាលទៅមួយដំណាក់កាល គឹមិនបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនត្រឹមត្រូវតាមច្បាប់ចែងទេ ហើយជារួមចុងក្រោយនេះគឺថា ការសម្រេចសេចក្តីឲ្យកូនក្តីខ្ញុំជាប់ចោទដោយមានការផ្តន្ទាទោស ហើយពិន័យជាប្រាក់៨សែនរៀលនេះ គឺជាការរំលោភរដ្ឋធម្មនុញ្ញ រំលោភច្បាប់ ហើយធ្វើឲ្យប៉ះពាល់ប្រយោជន៍ដល់កូនក្តីខ្ញុំ ហើយនិងធ្វើឲ្យកូនក្តីខ្ញុំទទួលរងដោយអំពើអយុត្តិធម៌ជាទីបំផុត»។
លោក ចាន់ ចេង បន្ថែមថា លោកនឹងពិភាក្សាជាមួយកូនក្តីដើម្បីប្តឹងមិនសុខចិត្តលើការសម្រេចសាលក្រមនេះក្នុងពេលឆាប់ៗ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា លើកឡើងក្នុងសារអេឡិចត្រូនិចថា មេធាវីការពារជនជាប់ចោទមានសិទ្ធិដាក់ពាក្យស្នើសុំដោយគោរពទៅតាមនីតិវិធី ហើយចៅក្រមជំនុំជម្រះនឹងសម្រេចលើការស្នើសុំដោយយោងលើមូលដ្ឋានច្បាប់ និងនីតិវិធី។
ខណៈដែលតុលាការកំពុងសវនាការលោក កឹម សុខា នៅព្រឹកនេះ សមត្ថកិច្ចបានចាប់ខ្លួនបុរសម្នាក់នៅមុខសាលាដំបូងរាជធានីភ្នំពេញ និងបញ្ជូនទៅអធិការដ្ឋាននគរបាលខ័ណ្ឌ៧មករា គ្រាដែលមានការប្រឈមមុខដាក់គ្នារវាងក្រុមអ្នកគាំទ្រគណបក្សប្រឆាំង និងសន្តិសុខខ័ណ្ឌ៧មករា នៅពេលដែលអ្នកគាំទ្រតវ៉ាទាមទារឲ្យតុលាការទមា្លក់បទចោទលើលោក កឹម សុខា។ ក្រោយមកសមត្ថកិច្ចក៏បានដោះលែងបុរសម្នាក់នោះ បន្ទាប់ពីឃាត់ខ្លួនអស់ជាង៦ម៉ោង។
ក្រៅពីមានអ្នកគាំទ្របក្សប្រឆាំងមួយចំនួននៅមុខតុលាការ ក៏មានអ្នកគាំទ្រគណបក្សប្រឆាំងរាប់រយនាក់បានប្រមូលផ្តុំនៅមុខស្នាក់ការកណ្តាលគណបក្ស ដើម្បីឃ្លាំមើលដំណើរការនៃការជំនុំជម្រះសំណុំរឿងរបស់លោក កឹម សុខា ផងដែរ។
ថ្លែងក្នុងវេទិកាសាធារណៈជាលើកដំបូងបង្អស់ ក្រោយពីស្នាក់នៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិជាច្រើនខែដើម្បីគេចពីការចាប់ខ្លួន លោក កឹម សុខា លើកឡើងថា លោកចង់ឲ្យប្រជាពលរដ្ឋខ្មែរទទួលបានសិទ្ធិ និងសេចក្តីសុខតាមរយៈការបង្រួបបង្រួមជាតិ និងការអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។
លោកមានប្រសាសន៍ថា៖ «ខ្ញុំនៅតែប្តេជ្ញាបន្តការតស៊ូលះបង់ដើម្បីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរតទៅទៀតដោយឥតរួញរាឡើយ ទោះបីគេបាន និងកំពុងធ្វើទុក្ខបុកម្នេញខ្ញុំដោយប្រើប្រាស់គ្រប់រូបភាព ដោយប្រព័ន្ធស្ថាប័នជាតិ ជាពិសេសតុលាការក៏ដោយ ឧបករណ៍នយោបាយទាំងអស់នេះគឺគេធ្វើដើម្បីវាយប្រហារមកលើសិទ្ធិនយោបាយរបស់ខ្ញុំ ក្នុងគោលបំណងដើម្បីបញ្ចប់ជីវិតនយោបាយរបស់ខ្ញុំ»។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លើកឡើងថា អ្នកនយោបាយគួររកមធ្យោបាយដោះស្រាយបញ្ហាដែលកំពុងជាប់គាំង មិនគួរប្រើប្រាស់ប្រព័ន្ធតុលាការដែលធ្វើឲ្យមតិជាតិ និងអន្តរជាតិរិះគន់ ហើយនឹងអាចបណ្តាលឲ្យប៉ះពាល់ដល់ការបោះឆ្នោតខាងមុខដូច្នេះទេ។
«កាលណាសេរីពហុបក្សទាល់តែបក្សទាំងអស់ហ្នឹងវាឈរលើគោលការណ៍ស្មើភាពគ្នាចំពោះមុខច្បាប់ បានន័យថាវាមានសមភាព វាមានតុល្យភាព ហើយក៏មាន ស្មើភាពគ្នាចំពោះមុខច្បាប់ក្នុងការប្រកួតប្រជែង ហើយបើសិនជាមានគណបក្សនយោបាយណាមួយត្រូវរងគំនាបត្រូវរងអី នេះជាការនាំឲ្យការបោះឆ្នោតខាងក្រោយហ្នឹងគេរិះគន់ថាវាមិនបានសេរី និងយុត្តិធម៌ត្រឹមត្រូវ»។
ជុំវិញសវនាការលើលោក កឹម សុខា អ្នកគាំទ្រលោក និងសង្គមស៊ីវិលបារម្ភថានឹងមានការចាប់ខ្លួនប្រធានស្តីទីបក្សប្រឆាំងរូបនេះ ដែលធ្លាប់ជាប់ពន្ធនាគារកាលពីពេលលោកធ្វើជាប្រធានអង្គការសិទ្ធិមនុស្សដ៏ល្បីមួយនៅកម្ពុជា។
VOA មិនអាចទាក់ទងសុំអធិប្បាយពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ពាក់ព័ន្ធនឹងការបារម្ភនេះបានទេ។
ប៉ុន្តែលោក គឹម សន្តិភាព បានថ្លែងប្រាប់អង្គភាពព័ត៌មានមួយដែលស្និទ្ធនឹងរដ្ឋាភិបាលថា យោងតាមមាត្រា៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ការសម្រេចផ្តន្ទាទោសលោក កឹម សុខា រយៈពេលក្រោម១ឆ្នាំ តុលាការមិនអាចចេញនូវសេចក្តីសម្រេចពិសេសណាមួយទាក់ទងនឹងការឃុំខ្លួន ឬបង្គាប់ឲ្យចាប់ខ្លួនលោកបានទេ។ លោកបញ្ជាក់ថា តុលាការអាចអនុវត្តសេចក្តីសម្រេចនេះបានលុះត្រាតែសាលក្រមចូលជាស្ថាពរ។
លោក គឹម សន្តិភាព បន្ថែមថា តាមមាត្រា៣៨២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ក្នុងករណីមានវត្តមានជនជាប់ចោទក្នុងពេលសវនាការ សាលក្រមនោះជាសាលក្រមចំពោះមុខ ដែលទុករយៈពេល១ខែ សម្រាប់បណ្តឹងឧទ្ធរណ៍ គិតពីថ្ងៃប្រកាសសាលក្រម។ ក្នុងករណីពុំមានវត្តមានជនជាប់ចោទក្នុងពេលសវនាការ តែជនជាប់ចោទទទួលបានការជូនដំណឹងត្រឹមត្រូវតាមច្បាប់ សាលក្រមនោះជាសាលក្រមចាត់ទុកចំពោះមុខ ដែលទុករយៈពេល១ខែសម្រាប់បណ្តឹងឧទ្ធរណ៍ គិតពីពេលទទួលដំណឹងអំពីសាលក្រម៕