គណបក្សប្រឆាំងបានប្រកាសជំហរធ្វើមហាបាតុកម្មទាមទារឲ្យមានដំណោះស្រាយនយោបាយ បើទោះបីជាបក្សកាន់អំណាចបដិសេធការចរចា និងបន្តចល័តកងកម្លាំងប្រដាប់អាវុធដើម្បីគំរាមការធ្វើបាតុកម្មនោះ។
គណបក្សសង្គ្រោះជាតិប្តេជ្ញាបន្តគម្រោងធ្វើមហាបាតុកម្ម បើទោះមានការចល័តកងកម្លាំងប្រដាប់អាវុធជាថ្មីទៀតនៅខាងមុខ និងក្រោយស្នាក់ការបក្សរបស់ខ្លួន ហើយថាសកម្មភាពនៃការចល័តកងកម្លាំងទាំងនេះគឺជាការគំរាមកំហែង និងបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋទូទៅ ពិសេសប៉ះពាល់ដល់ដំណើរការនៃការបោះឆ្នោតខាងមុខ។
កាលពីយប់ថ្ងៃទី១២ ខែកញ្ញា គេឃើញកងកម្លាំងប្រដាប់អាវុធជាច្រើនត្រូវបានដឹកជញ្ជូនឲ្យចល័តចុះឡើងចាប់ពីមុនពាក់កណ្តាលយប់ ដល់ម៉ោង៤ទៀបភ្លឺ។ ការចល័តទ័ពនេះកើតឡើងតែប៉ុន្មានម៉ោងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានបង្ក្រាបការប៉ុនប៉ងធ្វើបាតុកម្មរបស់មេដឹកនាំគណបក្សប្រឆាំងដែលដឹកនាំដោយលោក សម រង្ស៊ី និង លោក កឹម សុខាក្នុងការទាមទារឲ្យមានបរិយាកាសនយោបាយប្រក្រតីឡើងវិញ ដើម្បីធានាឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងស្មើភាព។
លោក ហ៊ុន សែន កាលពីល្ងាចម្សិលមិញបានបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកពីការប្រកាសបិទផ្លូវចរចាដោយទុកឲ្យតុលាការចាត់ការតាមនិតិវិធី និងព្រមានកំចាត់សកម្មភាពដែលបង្កអស្ថិរភាពដល់ពលរដ្ឋ និងប្រទេស។
លោកបញ្ជាក់ថា៖ «ពីរថ្ងៃជាប់គ្នារួចមកហើយ ដែលមេដឹកនាំបក្សប្រឆាំងបានគំរាមដល់ស្ថិរភាពជាតិ តាមរយៈការរៀបចំធ្វើមហាបាតុកម្ម ដើម្បីទាមទាររបស់ដែលហៅថាដំណោះស្រាយនយោបាយ។ ខ្ញុំសុំប្រាប់ទៅវិញថាទេ! មិនមានដំណោះស្រាយនយោបាយណាដែលអាចរកឃើញតាមរយៈបក្សនយោបាយនោះឡើយ ព្រោះវាជាសមត្ថកិច្ចរបស់តុលាការ។ បុគ្គលដែលធ្វើខុស កុំយកប្រទេសជាតិធ្វើជាចំណាប់ខ្មាំង កុំយកបក្សនយោបាយធ្វើជាជម្រកបិទបាំងនូវកំហុសរបស់ខ្លួន»។
សេចក្តីថ្លែងការណ៍របស់គណបក្សប្រឆាំងចេញនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា នេះបញ្ជាក់ថា គណបក្សសង្គ្រោះជាតិថ្កោលទោស ចំពោះសកម្មភាពនៃការចល័តកងកម្លាំងប្រដាប់អាវុធតាមរថយន្ត និងកាណូតនៅលើផ្លូវជាតិលេខ២ ខាងមុខ និងតាមដងទន្លេខាងក្រោយទីស្នាក់ការគណបក្សសង្គ្រោះជាតិ ហើយថាសកម្មភាពនោះគឺជាការគំរាមកំហែង និងបំភិតបំភ័យដល់ថ្នាក់ដឹកនាំ សមាជិក និងសកម្មជនគណបក្សសង្គ្រោះជាតិ។ សេចក្តីថ្លែងការណ៍ដដែលបន្តថា គណបក្សសង្គ្រោះជាតិអំពាវនាវដល់រដ្ឋាភិបាលបញ្ឈប់ជាបន្ទាន់នូវសកម្មភាពគំរាមកំហែង ដោយបែរមកសហការគ្នារកដំណោះស្រាយរួម ដើម្បីធានាស្ថិរភាព សន្តិសុខរបស់ប្រជាពលរដ្ឋ និងធានាបរិយាកាសល្អសម្រាប់ការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតខាងមុខ។
នៅព្រឹកនេះ ក្រុមមេដឹកនាំកងកម្លាំងប្រដាប់អាវុធ និងកងអង្គរក្សលោក ហ៊ុន សែន បានប្រកាសតាមអង្គភាពព័ត៌មានមួយដែលស្និទ្ធនឹងរដ្ឋាភិបាលថា ពួកគេត្រៀមខ្លួនក្នុងការអនុវត្តតាមបទបញ្ជារបស់លោក ហ៊ុន សែន ឲ្យមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់សកម្មភាពទាំងឡាយណាដែលបង្កអសន្តិសុខដល់ប្រទេសជាតិ ស្របពេលគណបក្សប្រឆាំងប្រកាសពីគម្រោងធ្វើបាតុកម្ម។ អ្នកនាំពាក្យក្រសួងការពារជាតិបានចេញសេចក្តីប្រកាសព័ត៌មានមួយបង្ហាញថា កងយោធពលខេមរភូមិន្ទប្ដេជ្ញាអនុវត្តតាមបទបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក ជាម ចាន់នី លើកឡើងថា រដ្ឋាភិបាលកំពុងបង្ហាញពី ការបារម្ភដោយសារឃើញប្រជាពលរដ្ឋគាំទ្រគណបក្សប្រឆាំងច្រើន។ លោកបន្ថែមថា គណបក្សសង្គ្រោះជាតិនៅតែបន្តគម្រោងធ្វើបាតុកម្មអហិង្សារបស់ខ្លួន ដោយមិនខ្វល់ពីការចល័តទ័ពរបស់បក្សកាន់អំណាច។
លោកបញ្ជាក់ថា៖ «មកទល់ពេលនេះគណបក្សសង្គ្រោះជាតិដូចជាមិនទាន់មានអីប្រែប្រួលទេ ហើយខ្ញុំគិតថាគេមិនគួរខ្លាចអីដល់ប៉ុណ្ណឹងទេ ម្នាក់ៗខ្ញុំឃើញហើយក្នុងបណ្តាញសង្គម ខ្ញុំឃើញបញ្ចេញយោបល់ ជាការគំរាមកំហែងទៅចុះ ខ្ញុំមើលក្នុងនោះណា ហើយខ្ញុំគិតថាគណបក្សសង្គ្រោះជាតិគ្មានអីផងហ្នឹង គេមិនគួរខ្លាចគណបក្សសង្គ្រោះជាតិអីអញ្ចឹងពេកទេ គណបក្សសង្គ្រោះជាតិគ្មានអីទេ មានតែឆន្ទៈប្រជាពលរដ្ឋ មានតែធម៌អហិង្សាហ្នឹងឯង»។
លោកបន្ថែមថា សកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធដែលបានគំរាមកំហែងគណបក្សប្រឆាំង និងគំរាមកំហែងអ្នកទាមទារសិទ្ធិមនុស្សកន្លងមក គឺជាបញ្ជារបស់អ្នកនយោបាយនៃបក្សកាន់អំណាច មិនមែនជាកំហុសកងកម្លាំងទាំងនោះទេ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ការប្រកាសធ្វើមហាបាតុកម្មរបស់គណបក្សប្រឆាំងគឺជាការគំរាមកំហែងដល់គណបក្សកាន់អំណាច ដូច្នេះរដ្ឋាភិបាលត្រូវបញ្ចេញសកម្មភាពដើម្បីឆ្លើយតប។
លោកបន្ថែមថា៖ «ជាការឆ្លើយតបអាហ្នឹងត្រូវតែប្រមុខរដ្ឋាភិបាលដែលលោកមានតួនាទី និងភារកិច្ចទទួលខុសត្រូវចំពោះសន្តិភាព ស្ថិរភាពនយោបាយ ក៏ដូចជាសណ្តាប់ធ្នាប់សាធារណៈសង្គម លោកត្រូវឆ្លើយតបទៅវិញហើយ អាហ្នឹងជៀសមិនរួចទេ គាត់ក៏អាចមានមតិដើម្បីគំរាមរដ្ឋាភិបាល រាជរដ្ឋាភិបាលក៏អាចមានមតិទប់ស្កាត់គាត់ដែរ អាហ្នឹងមិនមែនជាការគំរាមទេ គ្រាន់តែថាបើគាត់គំរាមរដ្ឋាភិបាលដោយមហាបាតុកម្ម អាហ្នឹងរដ្ឋាភិបាលក៏បង្រ្កាបបាតុកម្មដើម្បីគំរាមគាត់វិញដែរ»។
អ្នកវិភាគការអភិវឌ្ឍសង្គមលោក មាស នី យល់ថា ការចល័តកងកម្លាំងប្រដាប់អាវុធ និងការប្រកាសពីការបង្ក្រាបគម្រោងមហាបាតុកម្មរបស់គណបក្សប្រឆាំង ដែលមិនទាន់មានរូបរាងនេះ ហាក់បង្ហាញពីការគំរាមកំហែង និងចរិតរបស់អ្នកដឹកនាំរដ្ឋាភិបាលដែលតែងប្រើកម្លាំងទ័ពក្នុងការដោះស្រាយបញ្ហា។ ទោះបីជាយ៉ាងណាលោកថា ទាំងបក្សកាន់អំណាច និងបក្សប្រឆាំងគួរស្វែងរកដំណោះស្រាយសន្តិភាពដើម្បីរក្សាសន្តិសុខ ជៀសវាងធ្វើឲ្យខាតបង់ទាំងអស់គ្នា។
លោកមានប្រសាសន៍ថា៖ «សំខាន់គឺឲ្យអ្នកទាំងសង្ខាងហ្នឹងទទួលស្គាល់រៀងខ្លួនថាច្រកសម្រាប់ខ្លួនឯងទាំងសង្ខាងដើរហ្នឹងគឺលែងមានច្រើនទៀតហើយ បើយើងមើលពីវិធានការរបស់អ្នកទាំងពីរហ្នឹង គឺអត់មានអីក្រៅពីរឿងនាំសង្គមជាតិហ្នឹងចូលទៅរកការបង្ហូរឈាមទេ ហើយបើសិនជាមានការប្រឈមមែន ឧបមាថាគណបក្សប្រឆាំងនឹងនាំមនុស្សរាប់ម៉ឺននាក់មកភ្នំពេញមែន ហើយគណបក្សកាន់អំណាចហ្នឹងបញ្ចេញទាហានរាប់ពាន់នាក់មក ខ្ញុំគិតថានឹងមានការបង្ហូរឈាមនៅតាមដងផ្លូវនៅទីក្រុងភ្នំពេញ»។
លោក មាស នី បន្ថែមថា៖ «ក្នុងហ្នឹងក៏វាមិនអាចទស្សន៍ទាយថា អ្នកដែលមានកម្លាំងប្រដាប់អាវុធហ្នឹង វាហ្នឹងឈ្នះគេ១០០% ជួនកាលមិនដឹងថាតើមានព្រឹត្តិការណ៍អីផ្សេងទៀតកើតឡើងដែលធ្វើឲ្យវាជ្រុលទៅ ជូនកាលវាធ្វើឲ្យអ្នកដែលមានកម្លាំងប្រដាប់អាវុធហ្នឹងចាញ់កម្លាំងមហាជនដូចនៅប្រទេសដទៃ ឥចឹងបានជារដ្ឋាភិបាលភ័យដូចអារឿងបដិវត្តន៍ពណ៌អីហ្នឹងណា»។
បើទោះជាគណបក្សសង្គ្រោះជាតិមិនទាន់កំណត់ពីពេលវេលាជាក់លាក់នៃការធ្វើមហាបាតុកម្ម ប៉ុន្តែកាលពីថ្ងៃទី១១ ខែកញ្ញា លោក សម រង្ស៊ី ដែលជាប្រធានគណបក្សប្រឆាំងកំពុងនិរទេស បានថ្លែងទៅកាន់អ្នកគាំទ្រខ្លួននៅទីក្រុងប៉ារីសថា គណបក្សសង្គ្រោះជាតិគ្រោងនឹងបង្កើតព្រឹត្តិការណ៍មួយចំខួបនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅថ្ងៃទី ២៣ ខែតុលា ខាងមុខ ប៉ុន្តែលោក សម រង្ស៊ី មិនបានបញ្ជា្កក់ថាព្រឹត្តិការណ៍នោះគឺជាអ្វីនោះទេ៕