ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សវនាការ​លោក​ កឹម សុខា នៅ​ថ្ងៃសុក្រ​នេះ​មិនគួរ​បង្ក​ឲ្យមាន​បញ្ហា​អ្វីទេ


រូបឯកសារ៖ លោក ​កឹម សុខា ​ប្រធាន​ស្តីទី​គណបក្សសង្គ្រោះ​ជាតិ ថ្លែង​ទៅកាន់​​ក្រុមអ្នក​តំណាង​ស្រ្តី​​គណបក្សសង្គ្រោះ​ជាតិ​នៅ​ទី​ស្នាក់ការ​បក្ស​សង្រ្គោះជាតិ​ នៅរាជធានី​ភ្នំពេញ នៅថ្ងៃ​ពុធ ទី​១០ ខែ​សីហា ឆ្នាំ​២០១៦។ (ឡេង ឡែន/VOA)​​
រូបឯកសារ៖ លោក ​កឹម សុខា ​ប្រធាន​ស្តីទី​គណបក្សសង្គ្រោះ​ជាតិ ថ្លែង​ទៅកាន់​​ក្រុមអ្នក​តំណាង​ស្រ្តី​​គណបក្សសង្គ្រោះ​ជាតិ​នៅ​ទី​ស្នាក់ការ​បក្ស​សង្រ្គោះជាតិ​ នៅរាជធានី​ភ្នំពេញ នៅថ្ងៃ​ពុធ ទី​១០ ខែ​សីហា ឆ្នាំ​២០១៦។ (ឡេង ឡែន/VOA)​​

សាលា​ដំបូង​រាជធានី​ភ្នំពេញ​​នឹង​ធ្វើការ​ជំនុំ​ជម្រះ​​លោក​​កឹម​ សុខា​​ពីបទ​​ «បដិសេធ​មិន​ចូល​ខ្លួន»​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ស្នេហា​លួច​លាក់​របស់​លោក​ ដែល​គេ​នៅ​មាន​មន្ទិល​សង្ស័យ​ថា​ ​លោក​មាន​ជា​មួយ​​អតីត​អ្នក​កាត់​សក់​ម្នាក់​ គឺ​នាង​«ខុម​ ចាន់តារ៉ាទី»​ ហៅ​ស្រីមុំ។​

ក្តី​ក្តាំ​ស្នេហា​លួច​លាក់​របស់​លោក​ កឹម សុខា​ ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នឹងត្រូវតុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​លើក​យក​មក​ជំនុំជម្រះ​ នៅថ្ងៃ​សុក្រ​នេះ។​ មេធាវី​ការពារ​ក្តី​លោក​កឹម សុខា ​ជឿថា​ ការ​ចាប់​ខ្លួន​មិន​អាច​កើត​ឡើង​បាន​ទេ។​ ក្រុម​អ្នក​វិភាគ​មើល​ឃើញ​ថា​ ​គណបក្ស​ទាំងពីរ​នឹង​ខាត​ប្រយោជន៍​នយោបាយ​ច្រើន​បន្ថែមទៀត​ ​ហើយ​ជាតិ​ក៏​មិន​បាន​ចំណេញ​អ្វីផង​ដែរ ​ប្រសិនបើ​អ្នក​នយោបាយ​គណបក្ស​ទាំង​ពីរ​មិន​បញ្ឈប់​ទំនាស់​នេះ​ឲ្យបាន​ឆាប់​នោះ។​ យ៉ាង​ណា​ ពួក​គេជឿ​ថា ទំ​នាស់​ចប់​ឬ​យ៉ាងនោះ​ ​អាស្រ័យ​លើ​គណបក្ស​កាន់​អំណាច។​

នៅ​ថ្ងៃ​សុក្រនេះ​លោក​កឹម​ សុខា​ ​ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ចូល​ខ្លួនជំនុំ​ជម្រះ​ទោស​ នៅ​សាលាដំបូងរាជ​ធានី​ភ្នំពេញ​ បន្ទាប់​ពី​អនុ​ប្រធាន​គណ​បក្ស​ប្រឆាំង​រូប​នេះ​ ​បាន​គេចមិនចូលខ្លួន​មក​បំភ្លឺ​តាម​ដីកាកោះ​ហៅ​របស់​តុលាការ​ជាន់​ទាប​ និង​ជាន់​ខ្ពស់​ជាច្រើន​ដង​មក​នោះ។

សាលា​ដំបូង​រាជធានី​ភ្នំពេញនឹង​ធ្វើការ​ជំនុំ​ជម្រះលោកកឹម​ សុខាពីបទ «បដិសេធ​មិន​ចូល​ខ្លួន»​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ស្នេហា​លួច​លាក់​របស់​លោក​ ដែល​គេ​នៅ​មាន​មន្ទិល​សង្ស័យ​ថា​ ​លោក​មាន​ជា​មួយអតីត​អ្នក​កាត់​សក់​ម្នាក់​ គឺ​នាង​«ខុម​ ចាន់តារ៉ាទី»​ ហៅ​ស្រីមុំ។​ បទ​ចោទ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​តាម​មាត្រា​៥៣៨​នៃ​ក្រម​ព្រហ្មទណ្ឌ​ព្រះ​រាជាណាចក្រ​កម្ពុជា។​

លោក​ស្រី​ម៉េង​ សុភារី​ ​មេធាវី​តំណាង​លោក ​កឹម​ សុខា បាន​ប្រាប់​ VOA ​នាថ្ងៃ​អង្គារថា​ ​កូនក្តី​លោក​ស្រី​នឹង​មិន​ចូលរួម​ក្នុង​សវនាការ​ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៩​ ខែ​កញ្ញា​ ​ខាង​មុខ​នេះ​ទេ។​

ក្រុម​អ្នកវិភាគ​យល់​ស្រប​ថា​ ​ការ​ចាប់​ខ្លួន​នឹង​មិន​អាច​កើត​ឡើងនោះ​ទេ​ ហើយ​ថា ​ការ​ព្រមាន​ចាប់​ខ្លួន​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង ពី​សំណាក់​មន្ត្រី​យោធា​ជាន់​ខ្ពស់​កម្ពុជា​ គ្រាន់​តែ​ជា​សារ​គំរាម​ និង​ជា​ការ​ស្ទាប​ស្ទង់​ទឹកចិត្ត​ទប់​ទល់​ពី​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​តែ​ប៉ុណ្ណោះ។​

ប៉ុន្តែ​ពួក​គេ​បន្ត​ថា​ ​ប្រសិនបើ​អ្នក​នយោ​បាយ​គណបក្ស​ទាំង​ពីរ​តម្កល់​ប្រយោជន៍​ជាតិ​ជា​ធំ​ ជំនួប​បញ្ចប់ជម្លោះនយោបាយ​មួយ​នេះ​ ​ត្រូវ​តែ​ផ្តើម​ឡើង​ ដើម្បី​បញ្ចៀស​អរិភាព​ដែល​អាច​មាន​សក្តានុពល​បំផ្លាញសង្គម។​

លោកស្រីម៉េង​ សុភារី​ពន្យល់​ថា​ បទចោទ​ប្រកាន់​មក​លើលោល​កឹម សុខា​ មិន​អាច​បើក​ផ្លូវ​ឲ្យ​ក្រុម​អាជ្ញាធរ​ចាត់​វិធាន​ការចាប់​ខ្លួន​កូនក្តី​លោក​ស្រីបាន​ទេ។​ ជាង​នេះ​ទៅ​ទៀត​ លោកស្រី​និយាយ​ថា​ កូនក្តី​លោក​ស្រី​បាន​បំពេញ​ទៅ​តាម​នីតិវិធី ​ជម្រាប​ជូន​ទៅ​តុលាការ​អំពី​ការ​ខកខាន​មិនបាន​ទៅ​បង្ហាញ​ខ្លួនតាម​ការ​កោះហៅ​របស់​តុលាការ។​

លោកស្រី​បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ថា​ តុលាការ​មិន​ទាន់​ចេញ​ដីកាចាប់​ខ្លួន​លោក​កឹម សុខា​ទេ។​ លោកស្រី​ឲ្យ​ដឹង​ថា​ ​ការ​ចាប់​ខ្លួន​ក៏មិន​អាច​ធ្វើ​បាន​នោះ​ដែរ​ ​ប្រសិន​បើ​សាលក្រម​មិន​ចូល​ជាស្ថាពរ​ បន្ទាប់​ពី​ការ​កាត់​ក្តី​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ស្អែក​នេះ។​

«រហូត​មក​ដល់ពេលនេះ​ ពុំមាន​ដីកា​ចាប់​ខ្លួន​ទេ​ ដោយសារ​តែ​នេះ​ជា​បទ​ល្មើស​ដែលមាន​កម្រិត​ គឺ​បទល្មើស​ដែលមាន​ការ​ផ្តន្ទាទោស​ត្រឹមតែ​មួយ​ខែ​ ទៅប្រាំ​មួយ​ខែ​ហ្នឹង​ គឺ​ទាប​ហើយ។​ ដូច្នេះ​ហើយ​តាម​នីតិ​វិធី​ ​គឺមិន​ត្រូវមាន​ការ​ឃុំ​ខ្លួន​ ហើយ​ក៏មិនត្រូវ​ចាប់​ខ្លួន​ដែរ​ បន្ទាប់​ពី​សាលក្រម​មិន​ទាន់​ចូល​ជា​ស្ថាពរ​ បើ​សិន​មានការ​កាត់​ក្តី​ហើយ​នោះ​ច៎ា»។​

លោកស្រីបន្តថា​ សហគមន៍​អន្តរជាតិ​ និង​ប្រជារាស្ត្រ​ខ្មែរ​នឹង​មើល​ឃើញ​កាន់​តែ​ច្បាស់​ពី​ការ​រំលោភ​បំពាន​លើនីតិវិធី​តុលាការ​យ៉ា​ង​ធ្ងន់ធ្ងរ​ពី​សំណាក់​ក្រុម​អាជ្ញាធរ​រដ្ឋាភិបាល​ ប្រសិន​បើ​មាន​ការ​ចាប់​ខ្លួន​លោក​កឹម សុខានោះ។​ លោក​ស្រី​បន្ថែម​ថា​ អាជ្ញាធរ​ក៏មិន​ទាន់​បាន​ផ្តល់​ភ័ស្តុតាង​នៃ​អ្នក​ដែល​ផ្សព្វផ្សាយ​ខ្សែ​អាត់​សំឡេងសាសង​ដែលគេ​នៅ​សង្ស័យ​ថា​ តើ​សំឡេងនោះ​ពិត​ជា​សំឡេង​របស់​លោក​កឹម សុខា​ និង​នាង​ខុម ចាន់តារ៉ាទី ហើយ​មាន​ការកាត់​តឬ​យ៉ាងណា។

មាត្រា​៥៣៨​នៃ​ក្រម​ព្រហ្មទណ្ឌ​ព្រះ​រាជាណាចក្រ​កម្ពុជា​បាន​ចែង​ថា៖​

«រាល់​បុគ្គល​ណា​ ដែលត្រូវ​បាន​កោះហៅ​ឲ្យ​មក​ឆ្លើយ​ជា​សាក្សី​នៅមុខ​អយ្យការ​ ឬ​ចៅក្រម​ស៊ើបសួរ​ ឬ​មុខ​តុលាការ​ព្រហ្មទណ្ឌ​ ​ហើយ​មិន​ព្រម​ចូល​ខ្លួន​តាម​ដីកា​កោះ​ហៅនោះ​ដោយ​គ្មាន​មូល​ហេតុ​សម​ស្រប​ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ខែ​ទៅ​៦​ខែ​ និង​ពិន័យ​ជាប្រាក់​ពី១០០០០០​ រៀល​ទៅ​១០០០០០០រៀល។​

ផ្តើម​ចេញ​ពី​រឿង​អាស្រូវ​ស្នេហា​នេះ​ ​លោក​កឹ​ម សុខា​បាន​ដាក់​បម្រាម​ខ្លួន​ឯង​មិន​ចេញ​ពី​ទីស្នាក់​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ខណ្ឌ​មានជ័យ​ អស់​ប្រមាណ​ជាង​៣​ខែ។​ លោក​បាន​យក​ទីស្នាក់​កណ្តាល​គណបក្ស​ធ្វើ​ជា​ទីកន្លែង​ទទួល​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ ពិភាក្សា​ការ​ងារ​ផង​ដែរ។​

នៅ​គ្រា​លោក​កឹម សុខា​សម្ងំ​ស្នាក់​នៅ​ក្នុង​ទីស្នាក់ការ​កណ្តាល​គណបក្ស​នេះ​ ក្រុម​កម្លាំង​មាន​សមត្ថ​កិច្ច​ប្រដាប់អាវុធ​បាន​តាម​ស្វែង​រក​លោក​កឹម សុខា​ កាល​ពីខែ​ឧសភា។​ ការ​តាម​ស្វែង​រក​នោះ​ត្រូវគេជឿ​ថា​ ជា​ការ​តាមចាប់​ខ្លួន។

បន្ថែម​លើ​នោះ​ មេ​បញ្ជាការ​យោធា​ជាន់​ខ្ពស់​កម្ពុជា​មួយ​រូប​ក៏​បាន​ព្រមាន​កាលពី​ខែ​សីហា​ថា​ ការ​ចាប់​ខ្លួន​លោក​កឹម សុខា​នឹង​ធ្វើ​ឡើង​ ប្រសិនបើ​មាន​បទបញ្ជា​ និង​សំណូមពរ​ពី​តុលាការ។​ ក្រោយ​ពីមាន​ការ​ព្រមាន​នោះ ក្រុម​យោធា​ក៏​ធ្វើ​ប្រតិបត្តិការ​ហោះ​ហើរឧទ្ធម្ភាគ​ចក្រ​ជាច្រើន​គ្រឿង​ និង​ការ​ចល័ត​ទ័ព​ជើង​គោក​ ជើង​ទឹក​ ក្បែរ​ស្នាក់ការ​កណ្តាល​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​អ្នក​ការពារ​សិទ្ធិ​មនុស្សជាតិ​ និង​អន្តរ​ជាតិ​ថា ​ជា​ការ​បំភិត​បំភ័យ​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង។​

លោក​អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត​ ដែល​ជា​មជ្ឈមណ្ឌល​សិក្សា​ស្រាវ​ជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​ប្រាប់​ VOA ​កាល​ពី​ពុធ​ថា​ ការ​ចាប់​ឃុំខ្លួន​លោក​ កឹម សុខានឹង​មិន​អាច​កើត​មាន​នោះ​ទេ។​ លោក​អះអាង​ថា​ ការ​គំរាម​ដែល​ធ្វើ​ឡើង​ជាបន្ត​បន្ទាប់​តាំងពីប្រមុខ​រដ្ឋាភិបាល​ និង​មេដឹកនាំ​យោធាគ្រាន់​ជា​សារ​នយោបាយ​ព្រមាន​តែ​ប៉ុណ្ណោះ។

លោក​បន្តថា​ គណបក្ស​ទាំង​ពីរនឹង​ជួប​ចរចា​គ្នាក្នុង​កាលៈទេសៈ​ដែល​ស្ថានភាព​នយោបាយ​កាន់​តែ​តាន​តឹង​ ដោយ​លោក​ជឿ​ថា​ គណបក្ស​ទាំង​ពីរ​ដឹង​ជាមុន​ថា​ អ្វីដែល​ខ្លួន​កំពុង​ធ្វើ​គឺ​មិន​ចំណេញ​ដល់​ប្រជារាស្ត្រ​ ហើយវាប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់​ខ្លួន។

«​ដល់​ពេល​តានតឹង​ខ្លាំង​មែន​ទែន​ ខ្ញុំមើល​ទៅ​ពួកគាត់​នឹង​ព្រួយ​បារម្ភ​ហើយ​ ​ ហើយ​ព្រួយ​បារម្ភ​មែន​ទែន​ ទាំង​សង​ខាង​ព្រួយបារម្ភ​ គឺ​នឹង​អាច​ឈាន​ទៅ​ដល់​ការ​ចរចា​ ព្រោះអី​បើមិន​ចរចា​ទេ​ ខ្ញុំមើល​ទៅ​ខាត​ទាំង​សង​ខាង ​ហើយ​ចុង​បញ្ចប់​ខាត​ជាតិ។​ អញ្ចឹ​ង​បើ​ខាត​ទាំង​សង​ខាង​ហ្នឹង វា​អស្ថិរភាព។​ អស្ថិរ​ភាព​ គឺ​ខាត​ជាង​គេ​ អ្នក​រក​ស៊ី​ អ្នកមានដី អ្នកមាន​ផ្ទះ​ អ្នក​រក​ស៊ី​អីហ្នឹង​ គឺ​ខាត​ធ្ងន់​ជាង​គេ។​ ​ហើយ​គណបក្ស​ប្រឆាំង​ក៏ខាត​ច្រើនណាស់​ដែរ។​ គាត់​មាន​អី​ គាត់​មាន​អំណាច​អី​អញ្ចឹងអ្នក​ដែល​រងគ្រោះ​គឺ​អ្នកចូល​ពន្ធនាគារ​នៅ​ពេល​បច្ចុប្បន្ន​ អញ្ចឹងគឺ​គាត់​ខាត​ច្រើន។​ គាត់​មិន​មាន​អី​ចំណេញ​ទេ»។​

លោក​អ៊ូ វីរៈ​បន្ថែម​ថា​ ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ធ្វើ​ឲ្យ​ប្រជាប្រិយ​ភាព​របស់​ខ្លួន​ធ្លាក់​ចុះនៅ​គ្រា​គណបក្ស​នេះចំណាយ​ពេល​ច្រើន​លើ​រឿង​របស់​បុគ្គល​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​នេះ​ ​ហើយ​បន្ធូរ​ដៃ​ក្នុង​ការ​កែ​ទម្រង់។​

លោក​និយាយ​ថា បើ​ជម្លោះ​នេះ​អូស​បន្លាយ​ទៅ​ទៀត​នោះ​ អ្នក​ចំណេញ​គឺ​គណបក្ស​ប្រឆាំង ​ឯ​អ្នក​ខឹង​ខ្លាំង​នឹង​រដ្ឋា​ភិបាល​គឺ​ប្រជា​ពល​រដ្ឋ​ម្ចាស់​ឆ្នោត​តែ​ម្តង។​

ការ​កើន​ឡើង​កម្តៅ​នយោបាយ​ជាថ្មី​ម្តង​ទៀត​ក្រោយ​ការ​បោះឆ្នោត​នេះត្រូវ​អ្នក​សង្កេត​ការណ៍​នយោបាយ​មើល​ឃើញ​ថា​ បណ្តាល​មក​ពី​ការ​សើរើ​ចំណាត់​ការ​ច្បាប់​របស់​តុលាការប្រឆាំង​នឹង​ក្រុម​សកម្មជន​ និង​សមាជិក​គណបក្ស​ប្រឆាំង​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​បាតុកម្ម​ទាមទារ​ឲ្យ​បើក​ទីលាន​ប្រជា​ធិបតេយ្យ​ឡើង​វិញ​ នា​ឆ្នាំ​២០១៤។

កំដៅ​កាន់​តែកើន​ខ្លាំង​ទៀត​ នៅ​ពេល​តុលាការចាត់​វិធាន​ការ​ច្បាប់​លើ​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ ដែល​សកម្ម​ក្នុង​ការ​រិះគន់​ និង​ការ​តវ៉ា​បញ្ហា​ផែនទី​ព្រំដែន​វៀតណាម​កម្ពុជា ​និង​ចុង​ក្រោយ​នេះគឺ​ករណី​រឿង​អាស្រូវ​ស្នេហា​លោក​កឹម សុខា។​

លោក​មាស​ នី​ អ្នក​សិក្សាស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ ប្រាប់​ VOA ​កាល​ពី​ថ្ងៃពុធ​ថា​ ទោះបី​ការ​ចាប់​ខ្លួន​លោក​កឹម សុខា​ ដែល​លោក​យល់​ថា​ មិន​អាច​កើតមាន​នៅ​ថ្ងៃ​ស្អែក​នេះ​ ក៏​វោហាស័ព្ទ​នៃ​ការ​ព្រមាន​ចាប់​ខ្លួន​នឹង​អាច​កើត​មាន​ទៅថ្ងៃ​ខាងមុខ​ផង​ដែរ។​ លោក​មាស​ នី​បន្ត​ថា ​ការ​ស្ទាក់​ស្ទើរ​របស់​អាជ្ញាធរ​រដ្ឋាភិបាល​ក្នុង​កា​រចាប់​ខ្លួន​លោក​កឹម សុខា​នេះ​ អាច​ជា​ចេតនា​របស់​រដ្ឋាភិបាល​ ដែល​ចង់​ស្ទង់​មើល​ទឹកចិត្ត​មហាជន​ដែល​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង។​

«ខ្ញុំមើល​ពីមុន​មក​ដល់​ឥឡូវនេះ​ រដ្ឋាភិបាល​ហាក់​ដូចជា​ស្ថិត​ក្នុង​ស្ថានភាព​ស្ទង់​ស្ទាប​ ចង់​ដឹងមើល​ថា ​តើ​បើសិន​ជា​មាន​ការ​ចាប់​ពិតមែន​ហ្នឹង​ វា​អាច​មាន​កម្លាំង​គាំទ្រ​ធំធេង​ប៉ុណ្ណា​ ឬក៏​មាន​បញ្ហា​អី​កើត​ឡើង​ ដែល​ហួស​ពី​ការ​គិត។​ ខ្ញុំគិត​ថា​ រឿង​ហ្នឹង​ បើសិន​ជាមិន​ចាប់​ថ្ងៃ​ទី៩​ហ្នឹង​ ក៏​នឹង​មានការ​ផ្ញើ​ពាក្យ​ពេចន៍​មក​ថា ​នឹង​ចាប់​ថ្ងៃ​ក្រោយ​ទៀត។​ អញ្ចឹងរឿង​ហ្នឹង​វា​នៅ​ជា​ប្រធាន​បទ​មួយ​នៃ​ភាព​តាន​តឹង​របស់​អ្នក​នយោបាយ​ខ្មែរ​ហ្នឹង​បាទ»។​

លោក​ថ្លែង​បន្ត​ថា​ គណបក្ស​កាន់​អំណាច​ មក​ទល់​ពេល​នេះ​ ល្មម​ដល់​ពេល​បន្ទន់​ជំហរ​ភាពខ្លាំង​របស់​ខ្លួន​ ទទួល​យក​សំណើការ​ចរចា​ពី​គណបក្ស​ប្រឆាំង​ដើម្បី​បញ្ចប់​ទំនាស់​ ដែល​បាន​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​កិច្ចការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ ទាំង​វិស័យ​ច្បាប់​ និង​សង្គមកិច្ច។​

យ៉ាង​ណាក៏ដោយ​ ​លោកសុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ប្រសាសន៍​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​អនុវត្តវប្បធម៌​សន្ទនា​ជា​និច្ច​ តែ​ការ​ចរចា​ជាមួយ​ភាគី​ដែល​កំពុង​ជាប់​រឿងក្តី​ក្តាំ​នេះនឹង​មិន​អាច​ធ្វើ​ឡើង​នោះ​ទេ។​

«ការ​ជួប​ក្នុង​សភាព​ការណ៍​ដែល​តុលាការ​បន្ត​នីតិ​វិធី​របស់​ខ្លួន​លើ​រឿងក្តី​ របស់​អ្នក​ប្រព្រឹត្ត​ខុស​មួយ​ចំនួន​នៅ​ក្នុង​ជួរ​គណបក្ស​សង្គ្រោះជាតិ​ហ្នឹង​ ​មិន​ទាន់​អាច​ជួប​បាន​ទេ​ បាទ។ ក៏ប៉ុន្តែ​ យើង​មិន​ប្រកាស​បិទ​ទ្វារ​វប្បធម៌​សន្ទនា​នោះ​ទេ»។​

លោក​បន្តថា​ វប្បធម៌​សន្ទនា​ ឬ​ការ​ចរចា​អាច​នឹង​កើត​មាន​សារជាថ្មី​ ក្រោយ​តុលាការ​បញ្ចប់​នីតិវិធី​ច្បាប់​របស់​ខ្លួន​កាត់​ទោសក្រុម​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​ដែល​បាន​ប្រព្រឹត្ត​បទ​លើ្មស។​

«យើង ពេលណា​តុលាការ​គេ​ចប់​នីតិ​វិធី​របស់​គេ​ អា​ហ្នឹង​យើង​នឹង​ពិនិត្យ​លទ្ធភាពឡើង​វិញ​ ដើម្បី​នឹង​ដំណើរការ​វប្បធម៌​សន្ទនា​ឡើង​វិញ»។​

VOA ​មិន​ទាន់​អាច​ទាក់​ទង​មន្ត្រី​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ដើម្បី​ផ្តល់​ការ​ពន្យល់​ថា​ តើ​គណបក្ស​នឹង​វិធានការបែប​ណា​ប្រឆាំង​នឹងការ​ចាប់​ខ្លួន​លោក​ កឹម សុខាដែល​អាច​កើត​មាន​នោះទេ។​ ប៉ុន្តែ​លោក​ម៉ន ផល្លា​ ប្រធាន​គណៈ​កម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ ​បាន​ឲ្យ​ VOA ​ដឹង កាលពី​ថ្ងៃ​ពុធ​ថា​ គណបក្ស​ប្រឆាំង​នឹង​ជួប​ប្រជុំ​សមាជិក ​និង​អ្នក​គាំទ្រ​របស់​ខ្លួន​ជាង​១​ពាន់​នាក់​នៅ​ទី​ស្នាក់​ការ​គណបក្ស​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ។​

មុន​មួយថ្ងៃ​នៃ​ការ​បើកសវនាការ​ជំនុំ​ជម្រះ​លោក​កឹម សុខា គណបក្ស​សង្គ្រោះ​ជាតិបាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ស្នើ​ឲ្យបញ្ឈប់ការ​ជំនុំ​ជម្រះ​ក្តីដោយ​ខុស​ច្បាប់​ប្រឆាំង​នឹងសមាជិក​សភា។​ សេចក្តី​ថ្លែង​ការណ៍​នោះ​ បាន​ចាត់​ទុក​សវនាការ​កាត់​ទោស​លោកកឹម សុខា​ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម​ថា​ ជា​ទង្វើ​ខុសច្បាប់​ដែល​បំពាន​ទាំង​នីតិវិធី​ច្បាប់​ និង​រំលោភយ៉ាង​ធ្ងន់ធ្ងរ​លើ​គោល​ការណ៍​រដ្ឋធម្មនុញ្ញ​ស្តីពី​អភ័យ​ឯកសិទ្ធិ​សភា៕​

XS
SM
MD
LG