អ្នកនាំពាក្យអ.ស.ប នាង Eri Kaneko បានថ្លែងប្រាប់ VOA ផ្នែកខេមរភាសាតាមសារអេឡិចត្រូនិចថា លោកអគ្គលេខាធិការអ.ស.ប បន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានការណ៍វិវត្តក្នុងប្រទេសកម្ពុជា។
«លោកបានអំពាវនាវឲ្យមានការគោរពសិទ្ធិមនុស្សឲ្យបានពេញលេញនៅកម្ពុជា រួមទាំងសិទ្ធិបញ្ចេញមតិ សិទ្ធិតវ៉ាដោយអហិង្សា ហើយនឹងសិទ្ធិជួបជុំ»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៃគណបក្សគ្រប់គ្រងប្រទេសបានចល័តកងកម្លាំងប្រដាប់អាវុធហើយព្រមានកំទេចគម្រោងបាតុកម្មគណបក្សសង្គ្រោះជាតិ ដែលប្រកាសធ្វើឡើងដើម្បីទាមទារឲ្យមានការបញ្ឈប់ការធ្វើទុក្ខបុកម្នេញនយោបាយ ប្រឆាំងនឹងភាពអយុត្តិធម៌ ដែលលោកហ៊ុន សែនថា ជាការបង្កអស្ថិរភាពនយោបាយ អសន្តិសុខសង្គម និងសន្តិភាព។ លោក ហ៊ុន សែនបានបិទផ្លូវចរចា ដោយអះអាងថានោះជាចំណាត់ការតុលាការ ហើយរាំងខ្ទប់មិនឲ្យតវ៉ាលើរឿងដែលក្រុមជំទាស់ចាត់ទុកថាជាការចង់បំបាត់សម្លេងក្រុមប្រឆាំងតាមរយៈការចោទប្រកាន់ទោសនិងវិធីផ្សេងៗ។
លោក Phil Robertson នាយករងនៃអង្គការសិទ្ធិមនុស្ស Human Rights Watch ប្រចាំតំបន់អាស៊ីបានថ្លែងថា នេះជាគោលនយោបាយរបស់គណបក្សគ្រប់គ្រងប្រទេសដើម្បីកំចាត់ គណបក្សប្រឆាំងនិងសកម្មជននានា ដែលរដ្ឋាភិបាលគណបក្សគ្រប់គ្រងប្រទេស ព្យាយាមចល័តកម្លាំងប្រដាប់អាវុធ។
«ខ្ញុំគិតថាវាដល់ពេលដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ត្រូវទទួលស្គាល់ថា ជាល្បែងក្នុងការព្យាយាមកំចាត់គណបក្សប្រឆាំងតាមរយៈការប្រើប្រាស់ការគំរាមកំហែង ការគ្រប់គ្រងកម្លាំងសន្តិសុខ ការគ្រប់គ្រងតុលាការ គឺត្រូវសហគមន៍អន្តរជាតិមើល ឃើញអស់ហើយ គឺថានោះជាការធ្លាក់ចូលទៅក្នុងអំណាចផ្តាច់ការក្នុងប្រទេសកម្ពុជា»។
លោកថា តុលាការបានបង្កើតការចោទប្រកាន់តាមបែបប្រឌិតលើលោកកឹម សុខា និងក្រុមប្រឆាំង ដែលលោកថា គួរបញ្ឈប់ និងទម្លាក់ចោល ហើយអនុញាតិឲ្យពលរដ្ឋ មានសេរីភាព ក្នុងការបញ្ចេញមតិ បញ្ឈប់ការរារាំងការតវ៉ា។
លោក អំ សំអាត មន្ត្រីអង្គការសិទ្ធិមនុស្ស លីកាដូ បានថ្លែងថាដំណើរការប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ហើយនឹងសិទ្ធិបញ្ចេញមតិ ដែលត្រូវបង្ក្រាបរឿយៗនោះ នឹងធ្លាក់ចុះកាន់តែខ្លាំងបើការជាប់គាំងនយោបាយចេះតែបន្ត ដោយគ្មានដំណោះស្រាយ។
«រឿងនេះ ខ្ញុំគិតថាអនាគតទៅ សិទ្ធិសេរីភាព បញ្ចេញមតិ និងការជួបប្រជុំ ប្រមូលផ្តុំនេះ នឹងត្រូវរឹតត្បិត ឬក៏ត្រូវបាត់បង់ ដែលផ្ទុយពីរដ្ឋធម្មនុញ្ញ ដែលធានា អំពីសេរីភាព ក្នុងការបញ្ចេញមតិ ក្នុងការជួបជុំ ការប្រមូលផ្តុំ និងច្បាប់បាតុកម្ម ដោយសន្តិវិធី ក៏ដូចជាបទដ្ឋានអន្តរជាតិ ស្តីអំពីសិទ្ធិមនុស្សទាំងឡាយ ដែលរដ្ឋធម្មនុញ្ញ បានចែង ផងដែរ»។
គណបក្សទាំងពីរពុំបានចរចាគ្នាជាច្រើនខែមកហើយ ដោយសារភាគីទាំងពីរមិនអាចសម្របសម្រួលគ្នាបានឬសម្បាទាននៃការចរចាមិនអាចឈានរកចំណុចត្រូវរ៉ូវគ្នា។ គណបក្សជំទាស់ដែលបានទទួលអាសនៈ៥៥ ក្នុងរដ្ឋសភាគឺជា គណបក្សតែមួយគត់ ដែលអាចប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា ដែលទទួលបានអាសនៈ ៦៨ ក្នុងចំណោម ១២៣ នោះ។ កំណើនអាសនៈនេះ បានធ្វើឲ្យមានការបកស្រាយ ពីគណបក្សជំទាស់ថា ជាការព្រួយបារម្ភរបស់គណបក្សកាន់អំណាច ហើយជាការ ទទួលបានមកវិញ គឺការធ្វើទុក្ខបុកម្នេញនយោបាយ។
បើតាមសេចក្តីប្រកាសរួមស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចេញផ្សាយ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ដោយស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Keith Harper តំណាងសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថាប្រទេសចំនួន៣៦បានគាំទ្រលើសេចក្តីថ្លែងការណ៍មួយដែលបានបង្ហាញសេចក្តីបារម្ភលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ប្រទេសដែលគាំទ្រទាំងនោះរួមមាន ប្រទេសអាល់បានី អូស្រ្តាលី ជប៉ុន កាណាដា ម៉ាសេដូនី ណ័រវ៉េ ស្វីស ប្រទេសចំនួន២៨ ជាសមាជិកនៃសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ លោក Keith Harper បន្តក្នុងលិខិតនោះថា ប្រទេសទាំងនោះបានអំពាវនាវសុំឲ្យអាជ្ញាធរកម្ពុជាធានាឲ្យមានបរិយាកាសអនុគ្រោះ និងល្អសម្រាប់សុវត្ថិភាពសង្គមស៊ីវិល និងអ្នកការពារសិទ្ធិមនុស្ស។
សេចក្តីប្រកាសរួមដែលលោក Keith Harper ដាក់ជូនប្រធានគណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិដដែលបន្ថែមដោយលើកឡើងពីការបារម្ភទៅលើការកើនឡើងភាពតានតឹងនយោបាយនៅកម្ពុជាដូចជា ការគំរាមកំហែងដល់សកម្មភាពស្របច្បាប់របស់គណបក្សប្រឆាំង និងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការផ្នែកសិទ្ធិមនុស្ស។ លោកបន្ថែមថា លោកចង់ឲ្យរដ្ឋាភិបាលកម្ពុជាបន្តឡើងវិញនូវការសន្ទនានយោបាយ និងធានាឲ្យមានការគោរពយ៉ាងពេញលេញនូវសិទ្ធិមនុស្ស រួមទាំងសេរីភាពនៃការបញ្ចេញមតិ សេរីភាពនៃការចងក្រងជាក្រុម ជាសមាគម និងសេរីភាពក្នុងការប្រមូលផ្តុំ។
សភាស.រ.អា បានអនុម័តសេចក្តីព្រាងសេចក្តីសម្រេចដែលសមាជិកសភាទាំងពីរគណបក្ស បានប្រឹងប្រែងជាយូរឆ្នាំក្នុងការទាមទាររដ្ឋាភិបាលកម្ពុជាឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញក្រុមប្រឆាំង គោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ គោរពច្បាប់ ហើយនឹងធ្វើឲ្យមានការបោះឆ្នោត ដោយសេរីយុត្តិធម៌ត្រឹមត្រូវ។
ក្រុមអ្នកតំណាងរាស្ត្របានព្រមានថារដ្ឋាភិបាលកម្ពុជាអាចប្រឈមនឹងផលវិបាក ប្រសិនបើខ្លួនមិនបញ្ឈប់សកម្មភាពធ្វើទុក្ខបុក្ខម្នេញក្រុមជំទាស់ ហើយធ្វើឲ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ត្រឹមត្រូវ។
ការអនុម័តសេចក្តីព្រាងសេចក្តីសម្រេចនេះ បានធ្វើឡើងកាលពីថ្ងៃទី១២ ក្នុងកិច្ចប្រជុំសភាពេញអង្គ ដែលមានការបើកឲ្យមានកិច្ចពិភាក្សា ដែលទទួលបានការគាំទ្រពីសមាជិកសភា ជាឯកឆ័ន្ទនៅពេលបោះឆ្នោត។
សេចក្តីព្រាងសេចក្តីសម្រេច (H Res) លេខ ៧២៨ បានថ្កោលទោសរាល់គ្រប់ទំរង់នៃអំពើហិង្សានយោបាយ បញ្ជូនសារដល់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនឲ្យបញ្ឈប់ អំពើររំលោភសិទ្ធិមនុស្ស គោរពសិទ្ធិសេរីភាព សិទ្ធិបញ្ចេញមតិ សិទ្ធិបាតុកម្ម សិទ្ធិជួបប្រជុំ។ បន្ថែមពីលើនេះ សេចក្តីសម្រេចទាមទារឲ្យរដ្ឋាភិបាលកម្ពុជាកែទំរង់ដំណើរការបោះឆ្នោតឲ្យដំណើរការទៅដោយសេរីនិងយុត្តិធម៌ត្រឹមត្រូវសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោតជាតិឆ្នាំ២០១៨ ដោយអនុញាតិឲ្យមេដឹកនាំបក្សប្រឆាំងបានចូលរួមផងដែរ ហើយនឹងបញ្ឈប់ការចោទប្រកាន់ក្រុមជំទាស់។
សមាជិកសភាតំណាងរាស្រ្ត Alan Lowenthal ខាងគណបក្សប្រជាធិបតេយ្យមកពីរដ្ឋ កាលីហ្វ័រញ៉ាបានថ្លែងអំណរគុណដល់សមាជិកសភាទាំងឡាយដែលគាំទ្រសេចក្តី សម្រេចក្រោយពេលបញ្ចប់ការអនុម័ត ដោយបានលើកឡើងថា ការអនុម័តសេចក្តី សម្រេចនេះគឺត្រូវបញ្ជូនសារដ៏ខ្លាំងក្លាមួយថា ស.រ អា គាំទ្រការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋក្នុងប្រទេសកម្ពុជា ដែលកំពុងមានបញ្ហាធ្វើទុក្ខបុកម្នេញ ផ្នែកនយោបាយដោយរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែននោះ។
«ហេតុដូច្នេះហើយបានជារឿងនេះសំខាន់ណាស់សម្រាប់យើងក្នុងការអនុម័តសេចក្តី សម្រេចនេះ ដើម្បីបង្ហាញថា ស.រ.អានៅឈរជាមួយពលរដ្ឋកម្ពុជា។ យើងនឹងផ្ញើរសារ ជាសញ្ញាសំខាន់មួយទៅរដ្ឋាភិបាលកម្ពុជាថា អំពើហិង្សានយោបាយទំរង់ណាក៏ដោយ មិនអាចអត់ឱនឲ្យបានទេ ហើយពលរដ្ឋកម្ពុជា ត្រូវតែមានសេរីភាពក្នុងការជ្រើសរើស មេដឹកនាំរបស់ពួកគេ។ មានតែដំណើរការតាមលក្ខខណ្ឌដូច្នេះទេ ទើបអាចពិចារណា បានថា ជាការបោះឆ្នោតសេរីនិងយុត្តិធម៌ដោយសហគមន៍អន្តរជាតិ»។
ថ្លែងប្រាប់ VOA តាមទូរស័ព្ទបន្ថែម លោកសមាជិកសភា Alan Lowenthal បានបញ្ជាក់ ថា វិធានការណ៍តឹងរឹងនានា អាចនឹងមានចំពោះប្រទេសកម្ពុជាទៀត ទាក់ទងនឹងបញ្ហាសេដ្ឋកិច្ចជាដើមនោះ។
លោក Alan Lowenthal បានថ្លែងថា ការគិតគូរអំពីជំនួយស.រ.អា និងកិច្ចសហប្រតិបត្តិ ការផ្សេងៗទៀត នឹងត្រូវពិនិត្យមើលដូចដែលមានការពិភាក្សារួចមកហើយនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីឲ្យរដ្ឋាភិបាលកម្ពុជាផ្លាស់ប្តូរជំហរ និងបញ្ឈប់ការធ្វើទុក្ខ បុក្ខម្នេញក្រុមជំទាស់ ហើយធ្វើឲ្យការបោះឆ្នោតសេរីនិងយុត្តិធម៌។
លោកថា៖ «ខ្ញុំគិតថា លោក ហ៊ុន សែន៖ ឥឡូវសភាបានបោះឆ្នោតអនុម័តលើសេចក្តីសម្រេច ហើយ។ ខណៈពេលដែលមិនទាន់មានការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសកម្ពុជានៅឡើយ ហើយប្រសិនបើការបោះឆ្នោតនៅកម្ពុជាគ្មានលក្ខណៈសេរីនិងយុត្តិធម៌ទេ នោះខ្ញុំយល់ថាអាចនឹងមានចលនាក្នុងសភាស.រ.អា ដើម្បីដាក់កំហិតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយកម្ពុជា។ ខ្ញុំមិនប្រាកដថា នឹងមានអ្វីពិតប្រាកដនឹងកើតឡើងនោះទេ រហូតទល់ពិភាក្សាគ្នាលើបញ្ហានេះសិន។ យើងសង្ឃឹមថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើតាមអ្វីដែលជាកិច្ចព្រមព្រៀងរវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា។ តែបើលោក ហ៊ុន សែន មិនធ្វើតាមទេ ខ្ញុំអាចប្រាប់លោកថានឹងមានផលវិបាកហើយ»៕