ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​កឹម​ សុខា​ ប្តេជ្ញា​ថា​នឹង​ប្រឆាំង​ភាព​អយុត្តិធម៌​និង​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ


លោក​កឹម សុខា​​ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះជាតិ​ បានចេញ​មុខ​ជា​សាធារណៈ​លើក​ដំបូង​បង្អស់​ ​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៦ក្រោយ​ពី​ ស្នាក់​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ​ជា​ច្រើន​ខែ​​ ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន​។​(​ឡេង ឡែន/VOA)
លោក​កឹម សុខា​​ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះជាតិ​ បានចេញ​មុខ​ជា​សាធារណៈ​លើក​ដំបូង​បង្អស់​ ​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៦ក្រោយ​ពី​ ស្នាក់​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ​ជា​ច្រើន​ខែ​​ ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន​។​(​ឡេង ឡែន/VOA)

លោក​ កឹម សុខា​ ប្រធាន​ស្តីទី​និង​ជា​មេដឹកនាំ​កាន់​ការ​ងារ​បក្ស​ប្រឆាំង​នៅក្នុង​ប្រទេស​កម្ពុជា​ បាន​​អំពាវនាវឲ្យ​យុវជន​កសាង​យុត្តិធម៌​សម្រាប់​ប្រទេសកម្ពុជា ​នឹង​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​ស្វែង​រក​យន្តការ​ដើម្បី​ដាក់​សម្ពាធ​រដ្ឋាភិបាល​ ដើម្បី​បន្ធូរបន្ថយ​ជម្លោះ​នយោបាយ​ដែល​កំពុង​មាន​ភាព​​តាន​តឹង​ខ្លាំង។

ប៉ុន្តែ មន្ត្រី​អ្នកនាំពាក្យ​គណ​បក្ស​កាន់​អំណាច​បាន​ថ្លែងថា​ ប្រធាន​ស្តីទី​គណបក្ស​ប្រឆាំង​រូបនេះ​ ​គឺជា​អ្នក​បំពាន​ច្បាប់​និង​មិន​គោរព​ទៅ​តាមតុលាការ។​

ប្រធាន​ស្តី​ទីគណៈបក្ស​សង្គ្រោះ​ជាតិ លោក​ កឹម សុខា កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ បាន​ប្រកាស​ស្វែង​រក​យុត្តិធម៌​ជូន​ដល់​ប្រជា​រាស្ត្រ​ខ្មែរ​ ​ហើយ​បាន​ចោទប្រកាន់​ប្រព័ន្ធ​តុលាការ​ថា​ ជាឧបករណ៍​នយោបាយ​របស់​គណបក្ស​គ្រប់​គ្រង​ប្រទេស​ ដែល​ប្រើ​សម្រាប់​ខ្ទប់​អ្នក​រិៈគន់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​ ​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន។​ ​

មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ឆ្លើយតប​ភ្លាម​ៗ​ថា​ ​លោក​ កឹម សុខា កំពុង​រំលោភបំពាន​ច្បាប់ ហើយ​ថា​ លោក កឹម សុខា​ អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់​ចាម​ កំពុង​ការ​ពារ​ផលប្រយោជន៍​នយោបាយ​របស់​ខ្លួន​ ជាជាង​ផល​ប្រយោជន៍ម្ចាស់​ឆ្នោត។​

ថ្លែង​ទៅកាន់​ក្រុម​យុវជន​មក​ពី​ខេត្ត​កណ្តាល​ លោក​ កឹម សុខា​ ដែលបង្ហាញ​មុខ​ជា​សាធារណៈ​លើក​ទីបី​ ​នៅ​ទីស្នាក់​កណ្តាល​គណបក្ស​សង្គ្រោះជាតិ​ បាន​និយាយ​ថា​ រដ្ឋាភិបាល​សព្វថ្ងៃ​ដែល​ដឹកនាំ​តាម​របបផ្តាច់ការ កំពុង​យក​តុលាការ​មក​វាយ​ប្រហារ​ក្រុម​អ្នករិៈគន់​រដ្ឋាភិបាល​ រួម​មាន​អ្នកនយោបាយ​គណបក្ស​ប្រឆាំង​ សកម្មជន​សិទ្ធិ​មនុស្ស​ និង​សកម្មជន​ដីធ្លី។​

លោក​ថ្លែង​ថា៖ «គេកំពុង​តែ​វាយបំបាក់​ វាយ​កំទេច​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ តាម​ការ​រយៈ​ការ​រំលោភ​សិទ្ធិមនុស្ស​ ការ​វាយបំបាក់​ប្រព័ន្ធ​យុត្តិធម៌​ ការ​ប្រើ​ប្រាស់​តុលាការ​ជា​ឧបករណ៍​នយោបាយ​នេះ​ហើយ គឺ​ជា​មូលហេតុ​មួយ​ធ្ងន់​ធ្ងរ​ណាស់​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ ទៅដល់​ដំណើរការ​លទ្ធិ​ប្រជា​ធិបតេយ្យសេរីពហុបក្ស​ នៅ​កម្ពុជា​យើង»។​

លោក​ កឹម សុខា​បាន​ថ្លែង​ប្រាប់​យុវជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​បន្តថា​ លោក​ បាន​ចំណាយ​ពេល​ជិត​បួនខែ​ដោយ​ក្តី​អត់​ធ្មត់​នៅ​ទីស្នាក់​កណ្តាល​គណបក្ស​ក្នុង​សង្កាត់​ចាក់​អង្រែលើ​ ខ័ណ្ឌ​មាន​ជ័យ​ រង់​ចាំ​ការ​ចរចា​ តែ​អ្វីដែល​លោក​ និង​ក្រុម​អ្នកនយោបាយ​គណបក្ស​ប្រឆាំង​ទទួល​បាន​គឺ​ការ​វាយប្រហារ​តាមផ្លូវ​ច្បាប់។​

លោក​ថា​ ប្រធានគ​ណបក្ស​ប្រឆាំង​លោក​ សម រង្ស៊ី​ ដែលកំពុង​និរទេ្ទស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ និង​រូបលោក​រួម​ទាំង​អ្នកនយោបាយ​គណបក្ស​ប្រឆាំងនឹង​ពិចារណាគ្នា​ថា​ នឹង​ធ្វើ​មហាបាតុកម្ម​ប្រឆាំង​អំពើអ​យុត្តិធម៌​ ដែល​ធ្វើ​ឲ្យ​ខូច​ដល់​ការ​អនុវត្តលទ្ធិ​ប្រជាធិបតេយ្យនៅ​កម្ពុជា។​

«បើ​សិន​ណា​ជា​ប្រព័ន្ធ​តុលាការ​នេះ​ នៅ​តែ​ផ្តល់​ភាព​អយុត្តិធម៌​ដល់​យើង​ទាំង​អស់​គ្នា​ ដល់​សកម្មជន​ដីធ្លី​ ដល់​អ្នក​ការពារ​សិទ្ធិមនុស្ស​ ដល់​អ្នក​ការពារ​បរិស្ថាន​ ដល់​បក្ស​ប្រឆាំង​ ដល់​មេដឹកនាំ​ដែល​ត្រូវ​ប្រកួត​ដើម្បី​ឲ្យ​មានការ​ផ្លាស់​ប្តូរ​នេះ​ យើង​នឹងពិចារណា​ប្រើ​ប្រាស់​សិទ្ធិ​យើង​ ដើម្បី​ធ្វើ​មហាបាតុកម្ម​ នៅ​ទូទាំង​ប្រទេស​ និង​រាជធានី​ភ្នំពេញ​នេះ»។​

លោក​ កឹម សុខា​ ដែលដាក់​បម្រាម​ខ្លួន​ឯង​មិន​ចេញ​ពី​ទីស្នាក់​កណ្តាល​គណបក្ស​សង្គ្រោះជាតិ​ ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​សម្រេច​ផ្តន្ទាទោសកាលពីថ្ងៃ​សុក្រឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​រយៈពេល​ ៥​ ខែ​ និង​ពិន័យ​ជា​ប្រាក់​ ៨០០​ ០០០​ រៀល​ ពី​បទ​បដិសេធ​មិនចូលខ្លួន​ ក្នុង​សំណុំរឿង​អាស្រូវ​ស្នេហា​លួច​លាក់​ ដែល​គេ​នៅ​មាន​មន្ទិល​សង្ស័យ​ថា លោក​មាន​ ជាមួយ​អតីត​នារីកាត់​សក់​វ័យ​ក្មេង​ម្នាក់គឺ​ នាង​ ខុម​ ចាន់​តារ៉ាទី​ ហៅ​ស្រីមុំ​។​

VOA​ មិន​ទាន់​អាច​ទាក់​ទង​លោក​ លី​ សុផាណា​ ព្រះរាជអាជ្ញារង​ និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​បានទេ​កាលពី​ថ្ងៃ​អាទិត្យ។​

​យ៉ាងណាក៏ដោយ​ លោក​ សុខ ឥសាន​ អ្នកនំា​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រាប់​ VOA​ កាល​ពី​រសៀល​ថ្ងៃ​អាទិត្យថា​ សារ​នយោបាយ​របស់លោក​ កឹម សុខា​ ជាសារ​នយោបាយ​ប្រឆាំង​រដ្ឋាភិបាល​ ដែល​លោក​ បាន​ប្រើ​ជា​ច្រើនលើក​ច្រើន​សារ​មក​ហើយ។​ លោក​អះអាង​ថា​ តុលាការ​គ្រាន់តែ​អនុវត្តន៍តាម​នីតិ​វិធី​ច្បាប់​ ​ប្រឆាំង​នឹង​អ្នក​ប្រព្រឹត្តបទល្មើស​តែប៉ុណ្ណោះ​ ហេតុដូចនេះ តុលាការ​មិនមែន​ជា​ឧបករណ៍​នយោបាយ​នោះ​ឡើយ។​

លោក​ថ្លែង​ថា៖ «ជា​អ្នក​ប្រព្រឹត្ត​ល្មើស​ច្បាប់​ ហើយគាត់​មិន​ទទួល​ស្គាល់​ទង្វើ​ល្មើស​ច្បាប់​របស់​គាត់បាន​គាត់​និយាយ​អញ្ចឹង​ ហើយ​អានេះ​ ខ្ញុំ​យល់​ថា​ ជារឿង​ធម្មតា​ទេ​ អ្នកប្រព្រឹត្ត​បទ​ល្មើស​មិន​ងាយ​ ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​ទេ​ បាទ​ត្រង់​ថា​ តុលាការ​កាត់​សេចក្តី​យ៉ាងម៉េច​ អាហ្នឹង​គាត់​មិន​ទទួល​ស្គាល់​ ឬទទួល​ស្គាល់​យ៉ាង​ម៉េច​ ​អាហ្នឹង​ជា​រឿង​គាត់»។​

លោក​ សុខ​ ឥសាន​ អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជារបស់​ លោក​ នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​បន្ត​ថា​ គណបក្ស​ប្រឆាំង​នាពេល​បច្ចុប្បន្ន​នេះ​មិនបាន​បំពេញ​តួនាទី​ឲ្យ​ចំជា​គណ​បក្ស​ប្រឆាំង​ពិតប្រាកដ​ដើម្បី​បម្រើ​ប្រជារាស្ត្រ​ខ្មែរ​នោះ​ទេ​ តែជា​បក្សនយោបាយដែល​មាន​និន្នាការកសាង​ប្រយោជន៍​បុគ្គល​ ជា​ជាង​ប្រយោជន៍​ប្រជាជាតិ​ បើធៀប​នឹង​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​កាន់​ប្រជាធិប​តេយ្យ​ដទៃ​ទៀត​នោះ។

លោក​បន្ត​ថា៖ «កន្លងទៅនេះ​ គឺថា​ដើរ​គ្រប់​ប្រទេស​ ដូច​ថា​ទៅ​ជប៉ុន​ ទៅអី​ៗ​ ផ្សេងៗ​ អំពាវនាវ​គេ​កុំឲ្យ​ផ្តល់​ជំនួយ​ផ្តល់​ជំនួយ​មក​កម្ពុជា​ ក៏ប៉ុន្តែ​ពេល​លទ្ធផល​ទៅ​ វា​អត់​មាន​បាន​លទ្ធផល​អី​ ព្រោះ​គេ​អត់​តាម​គាត់​ផង​បាទ​។​ អញ្ចឹង​ទេ​ អានេះ​គ្រាន់​តែ​ឆ្លុះបញ្ចាំង​ ពី​សកម្មភាព​របស់​បក្ស​ប្រឆាំង​ នៅ​កម្ពុជា​នេះ​វា​ ផ្ទុយ​អំពីលក្ខណៈ​សម្បត្តិ​នៃ​គណបក្ស​ប្រឆាំង​បណ្តា​ប្រទេស​ដែល​គេ​ អនុវត្តន៍​ប្រជាធិបតេយ្យ​ជឿន​លឿន​នោះ​បាទ»។​

ក្រុម​អ្នកវិភាគ​នយោបាយ​កម្ពុជា​ ​និយាយ​កាល​ពី​ពេល​កន្លងមក​ថា​ ​ទាំង​គណប​ក្ស​ប្រឆាំង​ និង​គណ​បក្ស​កាន់​អំណាច​កំពុង​ ដើរ​ដល់​ចំណុច​ទាល់​ច្រក​នៃ​ការ​ប្រជែង​នយោបាយដែល​មិន​បាន​ផ្តល់​ផល​ចំណេញ​អ្វី​ដល់​ប្រជារាស្ត្រខ្មែរ​ ក្រៅតែ​ពី​ការ​បង្កើតភាពភ័យ​ខ្លាច​ តាម​រយៈ​វោហាស័ព្ទ​នយោបាយ​ពីបក្ស​ប្រឆាំង​ និង​កម្លាំង​ទ័ព​ពីគណបក្ស​កាន់​អំណាច​។​ ពួក​គេបាន​បន្ត​ថា​ ប្រសិន​បើ​ស្ថានភាព​នៅ​តែ​បន្ត​បែប​នេះ​ ​ប្រជារាស្ត្រ​ខ្មែរ​ជា​អ្នក​រង​គ្រោះ​ ​រីឯ​អ្នកចំណេញ​គឺ​អ្នកនយោបាយ​ ដែលកំពុង​វាយប្រហារ​គ្នា​ ដោយ​យក​រឿង​បុគ្គល​ផ្ទាល់​ខ្លួន​ជា​ធំ​។

លោក​ កឹម​ សុខា​ ថ្លែង​នៅក្នុង​វេទិកា​ជួប​ជាមួយ​ចលនាយុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ មកពី​ខេត្តកណ្តាល​ថា​ លោក​ នឹង​ស្នើ​ទៅ​សហគមន៍​អន្តរជាតិ​ ដើម្បី​ទទួល​បាន​ការ​ពន្យល់ថា​ តើ​ពួកគេ​នឹង​មាន​យន្តការនយោបាយជាក់លាក់​ណាមួយ​ ដើម្បី​ដោះស្រាយ​បញ្ហានយោបាយ​ ដែល​កំពុង​ស្ថិត​ក្នុង​ក្តី​បារម្ភ​របស់​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​សនិ្តភាព​ទី​ក្រុង​ប៉ារីស​ ឆ្នាំ​ ១៩៩១​ ក្នុង​នោះ​ក៏​មាន​ សហរដ្ឋ​អាមេរិក​ផងដែរ៕​

XS
SM
MD
LG