ភ្នំពេញ៖ ក្រុមជនរងគ្រោះដោយការបាញ់ប្រហាររបស់សមត្ថកិច្ចកម្ពុជាបានរំឭកឡើងវិញពីទិដ្ឋភាពដោយឡែកៗពីគ្នាក្នុងការបង្រ្កាបលើបាតុករ។ ជនរងគ្រោះមួយចំនួនមិនមែនជាអ្នកតវ៉ានោះទេ។ ទោះជាយ៉ាងណា ជនរងគ្រោះមិនមានការយល់ដឹងគ្រប់គ្រាន់ក្នុងការដាក់ពាក្យបណ្តឹងដើម្បីស្វែងរកយុត្តិធម៌នោះទេ។
«ខ្ញុំឃើញផ្ទាល់ភ្នែកប្អូន។ បាញ់ដួលខ្ពោក ប្រជាជន បាតុករស្ទុះមកយក វាបាញ់ទៀត វាបាញ់សម្លាប់ចោលទៀត។ បាញ់ដូចមាន់ដូចទាអញ្ចឹង។ ពួកអានេះសាហាវឃោរឃៅណាស់។»
នេះជាសម្តីរបស់លោក ព្រំ ចាត អាយុ៦២ឆ្នាំ ពោលដោយកំហឹងញ័រខ្លួននៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ លោកគឺជាសន្តិសុខរោងចក្រកាត់ដេរមួយនៃសួនឧស្សាហកម្មកាណាឌីយ៉ា និងជាសាក្សីម្នាក់ក្នុងព្រឹត្តិការណ៍នៃការបាញ់សម្លាប់បង្រ្កាបបាតុកររោងចក្រកាលពីថ្ងៃសុក្រសប្តាហ៍មុននៅលើផ្លូវវ៉េងស្រេងក្នុងក្រុងភ្នំពេញ។
ក្នុងព្រឹត្តិការណ៍នោះកងរាជអាវុធហត្ថរាប់រយនាក់បានបាញ់បង្ក្រាបដោយប្រើគ្រាប់ពិតទៅលើហ្វូងបាតុករជាកម្មករជាច្រើនពាន់នាក់។ មានមនុស្សយ៉ាងតិចណាស់៤នាក់បានស្លាប់ របួស៣៩នាក់ និងត្រូវចាប់ខ្លួន១៣នាក់។
លោកព្រំ ចាត បានមកថែទាំកូនប្រុសរបស់គាត់លោក ព្រំ ភារុណ ដែលកំពុងសម្រាកក្នុងមន្ទីរពេទ្យនេះ។
មកពីខេត្តព្រៃវែង ភារុណ អាយុ២២ឆ្នាំ ជាកម្មកររោងចក្រកាណាឌីយ៉ានិងជាបាតុករម្នាក់ដែលត្រូវបានសមត្ថកិច្ចបាញ់ឱ្យបាក់ជើងស្តាំ។
«ពួកខ្ញុំគ្រាន់តែឈរដង្ហែរជាក្បួនទៅក្រសួងការងារ ប៉ុន្តែគេមិនឱ្យពួកខ្ញុំចេញពីក្នុងរោងចក្រនោះទេ គឺបិទផ្លូវទាំងអស់។ ខ្ញុំហ៊ានចេញគឺគាត់បាញ់។ ប៉ុន្តែពេលពួកខ្ញុំចេញគាត់បាញ់មកភ្លាម បាញ់ពួកខ្ញុំបាក់ជើងហើយ រហូតដល់ស្លាប់ គាត់នៅឆ្លៀតរត់មកវៃពួកខ្ញុំទៀត ប៉ុន្តែពួកខ្ញុំរត់ទាន់ ប៉ុន្តែអ្នកដែលរត់មិនទាន់គាត់វៃហើយចាប់បោះដាក់លើឡានទៅ។»
ជនរងគ្រោះដោយការបាញ់បង្ក្រាបរបស់ក្រុមសមត្ថកិច្ចកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យសាធារណៈសំខាន់ៗចំនួនបីក្នុងក្រុងភ្នំពេញ។គឺមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យព្រះកុសមៈ។
ពួកគេបានអះអាងដូចគ្នាថា ក្រុមសមត្ថកិច្ចបាញ់រះនិងវាយមកលើពួកគេដោយមិនរើសមុខ។ អ្នកខ្លះបាក់ដៃ ខ្លះបាក់ជើង ខ្លះចំពោះ ចំត្រគៀក ស្មា និងក្បាល ហើយភាគច្រើនអះអាងថា ពួកគេមិនមែនជាបាតុករទេ។
លោក សូ ណាំង អាយុ២៧ឆ្នាំ ជាកម្មករម្នាក់ដែលត្រូវសមត្ថកិច្ចបាញ់ធ្លាយពោះវៀន។ លោកកំពុងសម្រាកលើគ្រែដោយដាក់អុកហ្ស៊ីសែនតាមច្រមុះក្នុងមន្ទីរពេទ្យលោកសង្ឃ ឬមន្ទីរពេទ្យព្រះកុសមៈ។
លោកខំប្រឹងនិយាយក្នុងសំឡេងខ្សាវៗនិងដកដង្ហើមដង្ហក់មួយៗនៅពេលដែលអ្នកជំងឺផ្សេងទៀតក្នុងបន្ទប់របស់លោកកំពុងផ្ទៀងត្រចៀកស្តាប់។
«ហេតុការណ៍ហ្នឹងខ្ញុំជិះកង់បីទៅកាណាឌីយ៉ា គាប់ជួនពេលកំពុងតែបាតុកម្ម។ ខ្ញុំក៏រត់ឡើងទៅលើផ្ទះ ហើយខ្ញុំក៏ឈរមើលគេ ឮសូរតែទូងទាំងៗ ស្រាប់តែគេបាញ់ចំខ្ញុំ។ រយៈពេលយូរណាស់ ទើបគេមកជួយសង្គ្រោះ។ ខ្ញុំយកមេដៃរុកចូលរណ្តៅដែលគេបាញ់ធ្លាយខាងមុខក្រោយ ដើម្បីឃាត់ឈាម។ សំណាងល្អស្មារតីខ្ញុំរឹង។ គេរកមកជួយដែរ តែឮសំឡេងកាំភ្លើងផ្ទុះពេក គេអត់ហ៊ានចូលមក។ គេឱ្យខ្ញុំវា តែខ្ញុំវាអត់រួច។»
លោកសូ ណាំង ជាកម្មកររោងចក្រផងនិងជាអ្នករត់រ៉ឺម៉កកង់បីផងដើម្បីប្រឹងរកប្រាក់ចិញ្ចឹមម្តាយមេម៉ាយ ប្រពន្ធនិងកូនស្រីអាយុប្រាំមួយខែម្នាក់។ គាត់គឺជាបង្គោលរបស់គ្រួសារដ៏ក្រីក្រមកពីខេត្តតាកែវ។
លោកនិងអ្នករបួសពីរនាក់ទៀត ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះត្រូវចំណាយថវិកាផ្ទាល់ខ្លួនដើម្បីបង់ថ្លៃព្យាបាល។
នៅឯមន្ទីរពេទ្យកាល់ម៉ែតឯណោះវិញ ថេត ថេន កំពុងស្ថិតស្តូកនៅលើគ្រែដោយមិនអាចនិយាយអ្វីបានបន្តិចឡើយ។
យុវជនអាយុ១៨ឆ្នាំមកពីខេត្តកំពង់ចាមរូបនេះនិងជាកម្មកររោងចក្រម្នាក់ត្រូវបានសមត្ថកិច្ចវាយនឹងព្រនង់ឱ្យរបួសក្បាលផ្នែកខាងក្រោយ ត្រូវគុម្ពត្រជៀកទាំងសងខាង ស្មា និងម្រាមដៃជាំយ៉ាងដំណំ។
អ្នកស្រី ខឿន ស្រីអែម អាយុ៣៧ឆ្នាំ ដែលត្រូវជាម្តាយក៏រៀបរាប់ដោយទឹកមុខស្រពាប់ស្រពោនថា កូនប្រុសអ្នកស្រីគ្រាន់តែបានដើរកាត់កន្លែងកើតហេតុ ចេញទៅទិញម្ហូបជាមួយបងប្អូនជីដូនមួយគេប៉ុណ្ណោះ ស្រាប់តែក្រុមសមត្ថកិច្ចដេញវាយឱ្យរបួសយ៉ាងដំណំ។ គ្រូពេទ្យបានប្រាប់អ្នកស្រី ស្រីអែម ថា របួសក្បាលធ្ងន់ធ្ងរធ្វើឱ្យគេមិនអាចនិយាយស្តីបានដូចប្រក្រតីនិងប្រឈមហ្នឹងជំងឺស្លាប់មួយចំហៀងខ្លួន។
ថេត ថេន ជាជន្ទល់សេដ្ឋកិច្ចដ៏សំខាន់សម្រាប់គ្រួសារអ្នកស្រី។ អ្នកស្រីថ្លែងប្រាប់វីអូអថា៖ «ដូចជាអស់សង្ឃឹមដែរ បើអ្នករកមានតែមួយ។ ឪពុកវាមានជំងឺដែរគេថាជំងឺប្រកាច់សរសៃប្រសាទ។ ខ្ញុំទៅបើកថ្នាំនៅកំពង់ចាមរាល់ខែ។ ឥឡូវមកកូនទៀត។ ខ្ញុំជំពាក់លុយរដ្ឋ មួយខែវាផ្ញើទៅ២០ម៉ឺន ២០ម៉ឺនជាង (រៀល) ទុកឱ្យដោះការប្រាក់គេ។ ឥឡូវវាអញ្ចឹង ខ្ញុំក៏ធ្វើការអ្វីអត់កើត។»
សំណាងល្អមន្ទីរពេទ្យមិនបង្គាប់ឲ្យអ្នកស្រីបង់ថ្លៃព្យាបាលនោះទេ។
ជនរងគ្រោះមួយចំនួនរៀបរាប់ថាពួកគេមិនបានស្ថិតក្នុងចំណោមអ្នកតវ៉ានោះទេ។
ហៀរ រ៉ាឌី អាយុ២០ឆ្នាំជាកម្មការីរោងចក្រកាណាឌីយ៉ា មានទឹកមុខស្លេកស្លាំង និងនិយាយក្នុងសំឡេងខ្សាវៗ។ សមត្ថកិច្ចបាញ់ចូលតាមចន្លោះទ្វារចំទ្រូងនិងដើមដៃខាងឆ្វេង ខណៈពេលនាងបង្ហើបទ្វារមើលការបាញ់ប្រហារលើហ្វូងបាតុករ ដែលស្ថិតនៅចម្ងាយប្រមាណ៥០ម៉ែត្រពីបន្ទប់ជួលរបស់នាង។
«អាចតបាន ប៉ុន្តែអត់អាចធ្វើការធ្ងន់បានទេ បានតែស្រាលៗ។ មានអារម្មណ៍ថាឃោរឃៅដែរ ព្រោះខ្ញុំឈរក្នុងបន្ទប់ បាញ់ដល់ខ្ញុំដែរ។»
រ៉ាឌីមានឪពុកពិការភ្នែកទាំងសងខាងនិងជីដូនចាស់ជរាក្នុងបន្ទុក។ គ្រូពេទ្យឱ្យដឹងថាទោះបីជាជាសះស្បើយក៏ដៃឆ្វេងរបស់នាងមិនអាចមាំទាំដូចមុនបានដែរ។
នៅជាន់ខាងលើនៃអគារជាមួយគ្នានៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត គេឃើញជនរងគ្រោះផ្សេងទៀតកំពុងសម្រាកតាមបណ្តោយវេរ៉ង់ដាយ៉ាងរដូករណែល។
នាង អុក ម៉ារ៉ា អាយុ១៧ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យនិងជាសិស្សរៀននៅអង្គការដើម្បីភាពញញឹមនៃកុមារ។ សមត្ថកិច្ចបាញ់ចំក្បាលរបស់នាងនៅពេលនាងជិះកង់ទៅលេងមិត្តភក្តិខ្លួននៅជិតកន្លែងកើតហេតុនោះ។
នាងរៀបរាប់ប្រាប់វីអូអេថា៖ «ខ្ញុំជិះកង់ទៅរៀន ពេលខ្ញុំជិតតាមហ្នឹងទៅសាលាអង្គការ ដល់ខ្ញុំឃើញគេបាញ់គ្នា ខ្ញុំត្រលប់មកផ្ទះវិញ ប៉ុន្តែមិនទាន់បកក្រោយបានស្រួលបួលផង គេបាញ់ចំខ្ញុំ បាញ់ចំក្បាលតែបញ្ឆិត តែខ្ញុំឱនទាន់ តែជ្រៅ។ ខ្ញុំសោកស្តាយណាស់ ព្រោះខ្ញុំអត់បានធ្វើអីផង គេបាញ់ចំខ្ញុំដែរ។»
ក្រោយពីម្តាយរបស់ខ្លួនដាក់គេចុះពីរទេះរុញឱ្យសម្រាកលើគ្រែវិញ យុវជន សៀង កុសល អាយុ១៧ឆ្នាំ ដែលត្រូវគេបាញ់ចំត្រគៀកខាងស្តាំនៅពេលគេឈរមើលបាតុករ រៀបរាប់ថា៖ «ខ្ញុំឃើញបាតុករឈរនៅទីនោះ ហើយពេលទាហានចូលមកគេបាញ់យកៗតែម្តង។ ខ្ញុំទៅមើលគេធ្វើបាតុកម្ម ដល់បាញ់រះប្រសាចមកត្រូវខ្ញុំ។ កម្មករគាត់អត់ធ្វើអីខុសទេ គ្រាន់តែតវ៉ាឡើងប្រាក់ខែបន្តិចបន្ទួចមិនសមណាមកបាញ់។»
ដោយឡែកលោក ឈៀង ថន អាយុ៤០ឆ្នាំមកពីខេត្តកំពង់ចាម និងជាបាតុករជាកម្មករម្នាក់ ដែលត្រូវបានបាញ់ចំដៃឆ្វេងធ្លាយពីម្ខាងទៅម្ខាងជាដើម។ លោកឃើញថាមានការបាញ់ពីលើអគារមកលើកម្មករ។
លោកថ្លែងថា៖ «មកមើលគេធ្វើបាតុកម្ម ស្រាប់តែគេបាញ់មកពីលើតែម្តង គេបាញ់ពីលើមក ពីជាន់ទីបីមក។ ពាក់អាវសាច់ទាហានពណ៌ខ្មៅ មានកំបាំង និងអាកាស្វ័យបត់»។
មានការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យនិងជនរងគ្រោះមិនតម្រូវឲ្យបង់ថ្លៃនោះទេនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ នេះបើតាមការអះអាងរបស់ជនរងគ្រោះ។
យូរៗម្តង គេឃើញមានអ្នកមកសួរសុខទុក្ខជនរងគ្រោះទាំងនោះរួមទាំងសប្បុរសជនផងដែរ។
អ្នកស្រី សេង ថាច អាយុ៧៧ឆ្នាំ នៅកំពង់ធំ ពេលឡើងមកចូលរួមមង្គលការចៅនៅភ្នំពេញ ក៏ឆ្លៀតមកយកលុយមកឱ្យជនរងគ្រោះ។
«ខ្ញុំមានលុយបន្តិចបន្ទួច កូនឱ្យគ្រាន់តែចាយ ក៏យកមកជួយក្មួយៗទៅធ្វើបុណ្យទៅ។ យើងធ្វើបុណ្យទាន់ភ្នែកស្រស់ណាក្មួយ។ យើងធ្វើបុណ្យនៅវត្តក៏បានដែរប៉ុន្តែឃើញអញ្ចឹង វាអាណោអាធម្មទាំងគេទាំងឯង។»
ក្រុមជនរងគ្រោះបានឱ្យដឹងថា មានអង្គការសង្គមស៊ីវិលនិងសប្បុរសជននានាបានមកសួរសុខទុកពួកគេជារឿយៗ។
ការបាញ់បង្ក្រាបដ៏ប្រល័យនេះបាននាំឱ្យមានការថ្កោលទោសជាបន្តបន្ទាប់ពីសហគមន៍អន្តរជាតិនិងអង្គការសង្គមស៊ីវិល។ ប៉ុន្តែលោក រ័ត្ន ស្រៀង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលដឹកនាំការបង្រ្កាបបាតុករធ្លាប់បាននិយាយការពារខ្លួនថា ប្រតិបត្តិការបាញ់កម្មករគឺជាការអនុវត្តសិទ្ធិការពារខ្លួននិងការពារសណ្តាប់ធ្លាប់សាធារណៈប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ ជនរងគ្រោះទាំងអស់ដែលវីអូអេបានជួបសម្ភាសន៍មិនបានដាក់ពាក្យបណ្តឹងទៅតុលាការដើម្បីវែកមុខរកជនដៃដល់នោះទេ។ ពួកគេបានផ្តល់មូលហេតុផ្សេងៗពីគ្នា។ អ្នកខ្លះនិយាយថា គេមិនស្គាល់អត្តសញ្ញាណជនដៃដល់។ ខ្លះមិនជឿលើប្រពន្ធ័តុលាការមិនឯករាជ្យ ហើយអ្នកខ្លះទៀតមិនដឹងត្រូវប្តឹងតាមវិធីណា៕