ភ្នំពេញ —
គ្រួសារកម្មកររោងចក្រកាត់ដេរមួយដែលត្រូវបានបាញ់ស្លាប់ក្នុងការបង្រ្កាបបាតុកម្មដោយហិង្សាពីសំណាក់ក្រុមយោធារបស់រដ្ឋាភិបាលនៅលើផ្លូវវេង ស្រេងក្នុងរាជធានីភ្នំពេញនោះ បានទាមទាររកយុត្តិធម៌ចំពោះការបាញ់សម្លាប់កម្មករនោះ។
ចាប់ពីពេលនេះទៅ អ្នកស្រីឈីវ ផានិតនឹងលែងបានឃើញមុខប្តីជាទីស្រឡាញ់របស់អ្នកស្រីតទៅទៀតហើយ។
ប្តីរបស់អ្នកស្រីគឺលោកសំ រ៉ាវីគឺជាកម្មកររោងចក្រកាត់ដេរម្នាក់ក្នុងចំណោមកម្មករយ៉ាងតិច៤នាក់ទៀត ដែលត្រូវបានកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលកម្ពុជាបាញ់ស្លាប់នៅក្នុងការប៉ះទង្គិចគ្នាដោយហិង្សាមួយនៅខាងមុខរោងចក្រឧស្សាហកម្មកាណាឌីយ៉ាលើផ្លូវវេងស្រេងកាលពីថ្ងៃទី៣ខែមករា។
លោកសំ រ៉ាវីត្រូវបានបាញ់ចំទ្រូងខាងឆ្វេងធ្លាយទៅក្រោយ។
«គាត់ចង់តស៊ូដើម្បីជាតិ។ ឥឡូវបានត្រឹមតែទៅចោលកូននៅតូចៗ»។
លោកសំ រ៉ាវីបានបន្សល់ទុកនូវកូនពីរនាក់គឺកូនប្រុសអាយុ២ឆ្នាំកន្លះ និងកូនស្រីទើបអាយុបាន១០ខែ។
«ខ្ញុំចង់ឲ្យគេស្វែងរកយុត្តិធម៌ឲ្យប្តីរបស់ខ្ញុំ ព្រោះអីប្តីខ្ញុំស្លាប់ដើម្បីជាតិ។ អញ្ចឹងសូមសំណូមពរឲ្យគេជួយអាណិត ចិញ្ចឹមកូនខ្ញុំ ព្រោះអីខ្ញុំអត់មានអ្នកណាជួយចិញ្ចឹមកូនទៀតទេ»។
លោកសំ រ៉ាវី រួមជាមួយកម្មកររោងចក្រកាត់ដេរជាច្រើនទៀតបាននាំគ្នាតវ៉ាទាមទារការដំឡើងប្រាក់ឈ្នួលគោលអប្បបរមាឲ្យបាន១៦០ដុល្លារក្នុងមួយខែ សម្រាប់កម្មកររោងចក្រកាត់ដេរទូទៅនៅក្នុងប្រទេសកម្ពុជា។
ប៉ុន្តែការតវ៉ារបស់ពួកគេត្រូវបានបង្រ្កាបដោយកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលដែលបានបាញ់គ្រាប់ពិតដើម្បីបំបែកហ្វូងបាតុករ។
ក្រៅពីបណ្តាលឲ្យស្លាប់កម្មករហើយនោះ ប្រតិបត្តិការរបស់អាជ្ញាធរក៏បានបណ្តាលឲ្យរងរបួស និងការចាប់ខ្លួនបាតុកររាប់សិបនាក់ផងដែរ។
លោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាងគឺជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានដឹកនាំកម្លាំងបង្រ្កាបក្រុមបាតុករ។ លោកបានមានប្រសាសន៍ថា ប្រតិបត្តិការរបស់ក្រុមលោកគឺគ្រាន់តែជាការការពារខ្លួនប៉ុណ្ណោះ។
«អ្នកណាជាអ្នកបង្កហេតុមុន? គឺសមត្ថកិច្ចអត់មានបំណងអីប៉ះពាល់ពួកគាត់ទេ តែពួកគាត់មានបំណងបង្រ្កាបពួកខ្ញុំវិញ។ អញ្ចឹងខ្ញុំត្រូវបង្ខំចិត្តការពារខ្លួនហើយ អាហ្នឹងនិយាយឲ្យអស់»។
មន្ត្រីគណបក្សប្រជាជនកម្ពុជាបានថ្លែងជាសាធារណៈថា ការស្លាប់និងធ្វើឲ្យរបួសកម្មករនៅក្នុងការប៉ះទង្គិចគ្នានោះគឺបណ្តាលមកពីការញុះញ៉ង់របស់គណបក្សសង្គ្រោះជាតិ។
លោកកែវ រ៉េមីគឺជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី។ លោកបានថ្លែងនៅក្នុងសន្និសីទកាសែតមួយនៅថ្ងៃទី៤ខែមករាថា៖
«គណបក្សនយោបាយគាត់ញុះញ៉ង់។ យើងឃើញនៅទីលានប្រជាធិបតេយ្យ ថា្នក់ដឹកនាំគណបក្សសង្គ្រោះជាតិ គាត់ស្រែកថា បើមិនបាន១៦០ដុល្លារ កុំព្រមឲ្យសោះ។ ឃើញទេ គាត់ញុះថែមទៀតហើយវាមានក្រុមញុះថែមទៀតដែលបង្កប់នូវក្នុងហ្វូងបាតុករ។ អញ្ចឹង ហើយបានមានហិង្សាកើតឡើង»។
ប៉ុន្តែនៅថ្ងៃអាទិត្យទី៥ ខែមករានេះ នៅក្នុងពិធីបង្សុកូលជូនដល់វិញ្ញាណក្ខន្ធកម្មករដែលបានស្លាប់នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាដោយហិង្សានៅលើផ្លូវវេងស្រេងនោះ មេដឹកនាំគណបក្សសង្គ្រោះជាតិបានទម្លាក់កំហុសនៃការធ្វើឲ្យស្លាប់និងរបួសកម្មករនេះទៅលើគណបក្សប្រជាជនកម្ពុជាវិញ។
លោកកឹម សុខាគឺជាអនុប្រធានគណបក្សប្រឆាំងនេះ។
«គណបក្សសង្គ្រោះជាតិ ពេលធ្វើបាតុកម្មអត់ដែលគ្រោះថ្នាក់ ឬបញ្ហាអីទេលើកលែងតែមានអាជ្ញាធររដ្ឋាភិបាលមានសមត្ថកិច្ចមកបង្ក។ អញ្ចឹងជាការទទួលខុសត្រូវទាំងស្រុងរបស់សមត្ថកិច្ចដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា»។
យ៉ាងណាក៏ដោយ នៅពេលនេះ ក្រុមគ្រួសារសពកម្មករសំ រ៉ាវីនៅតែដង្ហើយហៅរកយុត្តិធម៌មួយសម្រាប់ការស្លាប់កូន ប្តី និងឪពុកជាទីស្រឡាញ់របស់ពួកគេ៕