អង្គការការពារសិទ្ធិពលរដ្ឋ និងសង្គមស៊ីវិល ហៅកាត់ថា CIVICUS បានវាយតម្លៃជាអវិជ្ជមានលើស្ថានភាពសារព័ត៌មាននៅកម្ពុជា ជាពិសេសគឺសារព័ត៌មានឯករាជ្យដែលនៅបន្តស្ថិតក្រោមវាយប្រហារ គ្រាអ្នកកាសែតបានប្រឈមមុខនឹងការយាយីជាច្រើនទម្រង់។
បើតាមរបាយការណ៍របស់អង្គការ CIVICUS ដែលជាសម្ព័ន្ធនៃក្រុមអង្គការសង្គមស៊ីវិលនិងសកម្មជន ដែលប្រឹងប្រែងពង្រឹងសកម្មភាពពលរដ្ឋ និងសង្គមស៊ីវិលនៅទូទាំងសកលលោកនោះ ស្ថានីយវិទ្យុនិងកាសែតជាច្រើនត្រូវបានគេបំបិទសំឡេង ខណៈអ្នកកាសែតបានរងនូវការយាយីជាច្រើន ក្នុងនោះមានអំពើហិង្សាផងដែរ។
របាយការណ៍របស់អង្គការ CIVICUS ចុះថ្ងៃទី ១៩ ខែកញ្ញា បានលើកឡើងថា៖ «សេរីភាពសារព័ត៌មាននៅបន្តរងការបំពាននៅប្រទេសកម្ពុជា... មានការបោស សម្អាតផ្ទៃក្នុងក្នុងបន្ទប់ព័ត៌មាន អ្នកកាសែតរងការធ្វើទុក្ខបុកម្នេញតាមផ្លូវច្បាប់ ធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យស្ថិតក្នុងស្ថានភាពគំរាមកំហែងយ៉ាងខ្លាំង»។
អ្នកសិក្សាស្រាវជ្រាវប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលោក Josef Benedic ត្រូវបានគេស្រង់សម្តីក្នុងរបាយការណ៍ជាភាសាអង់គ្លេសនិងត្រូវប្រែសម្រួលជាខេមរភាសាថា៖ «ទោះបីមានការចេញដំណោះស្រាយជាច្រើននៅឯក្រុមប្រឹក្សាសិទ្ធិមនុស្ស អាជ្ញាធរនៅធ្វើផ្ទុយពីដំណោះស្រាយនោះ ដោយបន្តដាក់គោលដៅលើអ្នកការពារសិទ្ធិមនុស្ស សកម្មជនសហជីព និងអ្នកកាសែតជាមួយនឹងនិទណ្ឌភាព ឬភាពគ្មានទោស។ រដ្ឋាភិបាលត្រូវតែទម្លាក់ចោលរាល់ការចោទប្រកាន់លើអ្នកទាំងអស់នោះជាបន្ទាន់ ព្រមទាំងមានវិធានការកែទម្រង់ ឬដកចេញបទប្បញ្ញត្តិជាច្រើន ក្នុងក្រមព្រហ្មទណ្ឌដែលត្រូវបានប្រើដើម្បីធ្វើឱ្យអ្នកមានមតិផ្ទុយរដ្ឋាភិបាលក្លាយជាឧក្រិដ្ឋជន»។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឬហៅកាត់ថា ខេមបូចា លោក ណុប វី យល់ស្របនឹងការលើកឡើងខាងលើ។ លោកថា សេរីភាពសារព័ត៌មាននៅកម្ពុជាកំពុងប្រឈមនឹងបញ្ហាមួយចំនួន រួមមានបញ្ហាសន្តិសុខ សុវត្ថិភាពអ្នកកាសែត និទណ្ឌភាព និងលទ្ធភាពទទួលបានព័ត៌មាន ដោយសារកង្វះច្បាប់ដែលផ្តល់សិទ្ធិឱ្យអ្នកកាសែតទទួលបានព័ត៌មានគ្រប់គ្រាន់ដើម្បីបម្រើប្រយោជន៍សាធារណៈ។
លោកប្រាប់វីអូអេថា៖ «ទាក់ទងជាមួយនឹងរឿងការមិនមានច្បាប់គាំទ្រ ដូចជាយើងកង្វះនូវច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដែលអាចជួយអ្នកព័ត៌មានមួយផ្នែកហ្នឹងក៏យើងឃើញថា កំពុងតែជួបបញ្ហាប្រឈមដែរ។ ហើយរឿងបញ្ហាប្រឈមមួយទៀតដែរហ្នឹង គឺរឿងនិទណ្ឌភាព។ និទណ្ឌភាពនេះ ក៏ជាផ្នែកមួយ ដែលរដ្ឋាភិបាលលោកគួរតែយកចិត្តទុកដាក់ឱ្យបានខ្ពស់ ហើយចាត់វិធានការជាក់លាក់ ដើម្បីឆ្លើយតបចំពោះការបញ្ចប់នូវរាល់និទណ្ឌភាពទាំងឡាយប្រឆាំងនឹងអ្នកសារព័ត៌មានផងដែរ»។
ស្រដៀងគ្នានេះដែរ នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សអង្គការលីកាដូ លោកអំ សំអាត យល់ថា ស្ថានភាពសារព័ត៌មាននៅកម្ពុជាបន្តស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភនៅឡើយ ក្រោយអង្គភាពកាសែតឯករាជ្យមួយចំនួនត្រូវបានបិទដោយសារការបាត់បង់អាជ្ញាបណ្ណ និងផ្អាកសកម្មភាពនៅក្នុងឆ្នាំ ២០១៧។ លោកឱ្យដឹងទៀតថាអាជ្ញាធរក៏មិនទាន់មានវិធានការជាក់លាក់លើករណីឃាតកម្មលើអ្នកកាសែតកន្លងមក ហើយបច្ចុប្បន្នអ្នកកាសែតក៏នៅប្រឈមនឹងការរឹតត្បិត ពេលចុះធ្វើសេចក្តីរាយការណ៍ព័ត៌មាន។
បើតាមលោក អំ សំអាត រដ្ឋាភិបាលកម្ពុជាគួរតែកែលម្អ និងលើកកម្ពស់វិស័យសារព័ត៌មាន ដើម្បីអាចឱ្យវិស័យនេះចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។
លោកថ្លែងថា៖ «បច្ចុប្បន្ននេះ យើងឃើញអ្នកសារព័ត៌មានជាច្រើន កំពុងប្រឈមដែរក្នុងការចុះយកព័ត៌មាន ដោយមានការរឹតត្បិត មានការហាមឃាត់ជាដើមហ្នឹង។ អាហ្នឹង វាធ្វើឱ្យមានការប៉ះពាល់នៃការរឹតត្បិតសេរីភាពសារព័តមាន។... វិស័យសារព័ត៌មាន គឺដើរតួនាទីសំខាន់ណាស់ក្នុងការលើកកម្ពស់បញ្ហាលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាសិទ្ធិមនុស្ស»។
ក៏ប៉ុន្តែអ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ អះអាងថា របាយការណ៍របស់អង្គការ CIVICUS មិនឆ្លុះបញ្ចាំងនឹងស្ថានភាពពិតនៃសេរីភាពសារព័ត៌មានរបស់កម្ពុជា។ លោកអះអាងថា ប្រព័ន្ធផ្សព្វផ្សាយកំពុងរីកលូតលាស់ និងមានលក្ខណៈចម្រុះ ហើយអ្នកកាសែតអាចធ្វើការដោយសេរី។
លោកបានផ្តល់ការអត្ថាធិប្បាយជាអក្សរតាមប្រព័ន្ធតេឡេក្រាម ក្នុងន័យដើមថា៖ «ខ្ញុំយល់ឃើញថា ការលើកឡើងក្នុងរបាយការណ៍នេះ គឺជាការវាយតម្លៃដោយភាពលម្អៀង និងមិនបានឆ្លុះបញ្ចាំងឱ្យបានគ្រប់ជ្រុងជ្រោយអំពីស្ថានភាពពិតប្រាកដ និងជាក់ស្តែងនៃការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន និងសិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជានោះឡើយ»។
លោកសរសេរបន្ថែមទៀតថា៖ «វាជាការវាយតម្លៃមួយ ដែលប្រមូលព័ត៌មានតែមួយផ្នែកតូច ឬតែពីមួយជ្រុង និងពុំបានធ្វើសិក្សាស្រាវជ្រាវឱ្យបានល្អិតល្អន់ពីគ្រប់ភាគីពាក់ព័ន្ធនោះទេ។ ខ្ញុំសូមបញ្ជាក់ជូនថា សិទ្ធិសេរីភាពសារព័ត៌មាន សិទ្ធិសេរីភាពខាងការបោះពុម្ពផ្សាយ និងការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន ត្រូវបានធានាដោយច្បាប់របបសារព័ត៌មាន ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ឈរលើមូលដ្ឋាននេះ អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានប្រកបដោយភាពចម្រុះ កំពុងអនុវត្តវិជ្ជាជីវៈ និងសិទ្ធិសេរីភាពរបស់ខ្លួន ដោយសេរី គ្មានការរើសអើង គ្មានការប្រកាន់ទស្សនៈនយោបាយនិងអាចបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានដោយសេរីគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា»។
ទោះជាយ៉ាងណាក្តី អ្នកកាសែត និងសកម្មជននៅតែត្រូវបានគេសង្កេតឃើញថា បានរងការយាយី នៅពេលពួកចុះបំពេញការងារ ឬធ្វើសកម្មភាពឃ្លាំមើលភាពមិនប្រក្រតីមួយចំនួនក្នុងប្រទេសកម្ពុជា។ តួយ៉ាង កាលពីថ្ងៃអង្គារ ទី ១៦ ខែសីហា ឆ្នាំ ២០២២ អាជ្ញាធរក្នុងខេត្តតាកែវ បានឃាត់ខ្លួនអ្នកសារព័ត៌មានសំឡេងប្រជាធិបតេយ្យ (VOD) ចំនួន ៥ នាក់ និងយុវជនខ្មែរថាវរៈចំនួន ៤ នាក់ ដោយឃុំពួកគេអស់ជាច្រើនម៉ោង មុននឹងដោះលែង។ ការឃាត់ខ្លួននោះបានកើតមានឡើង បន្ទាប់ពីពួកគេទៅធ្វើសេចក្តីរាយការណ៍ជុំវិញបញ្ហាឈូសឆាយដីព្រៃ និងដាំឡើងវិញ នៅដែនជម្រកសត្វព្រៃភ្នំតាម៉ៅ ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ។
គួរបញ្ជាក់ផងដែរថា កម្ពុជាស្ថិតនៅក្នុងចំណាត់ថា្នក់ទី ១៤៤ ក្នុងចំណោម ១៨០ប្រទេសនៃសន្ទស្សន៍សេរីភាពសារព័ត៌មានសកលឆ្នាំ ២០២១។ នេះបើតាមការវាយតម្លៃរបស់អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារំាង។ ប៉ុន្តែសម្រាប់ឆ្នាំ ២០២២ នេះ អង្គការនេះឱ្យដឹងថា កម្ពុជាទទួលបានចំណាត់ថ្នាក់ទី ១៤២ ក្នុងចំណោម ១៨០ ប្រទេស។ ចំណាត់ថ្នាក់នេះបន្តបង្ហាញថា សេរីភាពសារព័ត៌មាននៅកម្ពុជានៅមិនទាន់មានភាពល្អប្រសើរនៅឡើយទេ៕