ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​ឧទ្ធរណ៍​ត្បូងឃ្មុំ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​អតីត​អ្នក​កាសែត The Cambodia Daily


រូបឯកសារ៖ លោក អូន ភាព អតីត​អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត​ The Cambodia Daily​ ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​បិទទ្វារ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៧ បាន​ភៀស​ខ្លួន​ទៅ​សហរដ្ឋអាមេរិក។ (រូបថតដោយ​ The Cambodia Daily)
រូបឯកសារ៖ លោក អូន ភាព អតីត​អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត​ The Cambodia Daily​ ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​បិទទ្វារ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៧ បាន​ភៀស​ខ្លួន​ទៅ​សហរដ្ឋអាមេរិក។ (រូបថតដោយ​ The Cambodia Daily)

សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូង​ឃ្មុំ​បាន​ចេញ​សេចក្តី​សម្រេច​ជា​ស្ថាពរ​មួយ ដោយ​ទម្លាក់​ចោលការ​ចោទ​ប្រកាន់​លើ​អតីត​អ្នក​កាសែត​ ឌឹខេម​បូឌា ដេលី​ (The Cambodia Daily)​ពីរ​នាក់ ដែល​ត្រូវ​ចោទ​ថា​បាន​ប្រព្រឹត្ត​អំពើ​ញុះ​ញង់​ក្នុង​ពេល​ពួក​គេ​សម្ភាស​ពលរដ្ឋ ដើម្បី​ដឹង​ពី​ទស្សនៈ​នៃ​ការ​គាំទ្រ​របស់​ពួក​គេ​ចំពោះ​គណ​បក្ស​នយោ​បាយ​ដែល​ឈរ​ឈ្មោះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ ​កាល​ពី​ឆ្នាំ​២០១៧។

នេះ​ជា​ការ​សម្រេច​ចុង​ក្រោយ​របស់​សាលា​ឧទ្ធរណ៍ ក្រោយ​មាន​បណ្តឹង​ទាស់​នឹង​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​ខេត្ត​រតន​គិរី ដែល​បាន​សម្រេច​ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​អ្នក​កាសែត​ទាំង​ពីរ កាល​ពី​ចុង​ឆ្នាំ​២០២០។

រូបឯកសារ៖ លោក Zsombor Peter (ឆ្វេង) និងលោក អូន ភាព គឺជាអតីតអ្នកយកព័ត៌មានឲ្យកាសែត the Cambodia Daily ដែលត្រូវបានចោទប្រកាន់ពីបទញុះញង់ ដោយតុលាការខេត្តរតនគីរី។ (រូបថតដោយ៖ Ben Woods)
រូបឯកសារ៖ លោក Zsombor Peter (ឆ្វេង) និងលោក អូន ភាព គឺជាអតីតអ្នកយកព័ត៌មានឲ្យកាសែត the Cambodia Daily ដែលត្រូវបានចោទប្រកាន់ពីបទញុះញង់ ដោយតុលាការខេត្តរតនគីរី។ (រូបថតដោយ៖ Ben Woods)

លោក សេក សោភ័ណ មេធាវី​ការ​ពារក្តី​ឲ្យ​អ្នក​កាសែត​ទាំង​ពីរ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​តុលាការ​បាន​សម្រេច​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​តាំង​ពី​ដើម​ឆ្នាំ​២០​២២ ប៉ុន្តែ​សាលដីកា​ទើប​ចូល​ជា​ស្ថាព័រ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០២២ ដោយ​សារ​នេះ​ជា​នីតិវិធី​របស់​តុលាការ។

លោក​បញ្ជាក់​ថា៖ «គ្មាន​អី​ក្រៅ​ពី​សប្បាយ​ចិត្ត​ទេ ហើយ​នីតិវិធី​កន្លង​មក ផ្តល់​យុត្តិធម៌​ដល់​កូន​ក្តី​ខ្ញុំ»។

លោក​មេធាវី​ធ្លាប់​បាន​លើក​ឡើង​ថាបើ​តាម​ច្បាប់​ស្តីពី​របប​សារ​ព័ត៌​មាន​ កូន​ក្តី​របស់​លោក​ទាំង​ពីរ​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​ណា​មួយ​ដែល​នាំ​ឲ្យ​រង​ការ​ចោទ​ប្រកាន់​នោះ​ទេ។

លោក ទុំ សោភ័ណ អ្នកនាំពាក្យ​សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូង​ឃ្មុំ មិន​ទាន់​អាច​បញ្ជាក់​ប្រាប់​វីអូអេ​នៅ​ឡើយ​ទេ ដោយ​លោក​ថា​លោក​ត្រូវ​ការ​ពេល​វេលា ដើម្បី​ពិនិត្យ​មើល​ឯកសារ​តុលាការ​ជា​មុន​សិន។

គួរ​បញ្ជាក់​ថា​លោក ​អូន ភាព បាន​ភៀស​ខ្លួន​ទៅសហរដ្ឋ​អាមេរិក ក្រោយ​ប្រឈម​នឹង​ក្តីក្តាំ​នេះ។ ចំណែក​លោក Zsombor Peter ជា​ជន​ជាតិ​កាណាដា ក៏​មិន​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​ដែរ៕

XS
SM
MD
LG