ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ព្រមាន​ពី​ការ​គំរាម​កំហែង​របស់​កម្ពុជា​ទៅ​លើ​អ្នក​សារព័ត៌មាន


រូបឯកសារ៖ ក្រុម​ប៉ូលិស​បង្ក្រាប​កុបកម្ម​ហាមឃាត់​អ្នក​កាសែត​មិន​ឲ្យ​ចូល​ទៅ​កាន់​ផ្លូវ​ធំ​នៅ​ក្បែរ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ ដែល​ស្ថិត​នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។
រូបឯកសារ៖ ក្រុម​ប៉ូលិស​បង្ក្រាប​កុបកម្ម​ហាមឃាត់​អ្នក​កាសែត​មិន​ឲ្យ​ចូល​ទៅ​កាន់​ផ្លូវ​ធំ​នៅ​ក្បែរ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ ដែល​ស្ថិត​នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។

របាយការណ៍​របស់​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​ សប្តាហ៍​មុន ពណ៌នា​អំពី​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ចាប់​តាំង​ពី​ខែ​មករា ឆ្នាំ​២០១៧ រហូត​ដល់​ការ​បោះឆ្នោត​មូលដ្ឋាន​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ។ ការ​រក​ឃើញ​ទាំងនេះ​បាន​លាត​ត្រដាង​ពី​ការ​បន្ត​ធ្លាក់​ចុះ​ជា​លំដាប់​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

អ្នក​សរសេរ​របាយការណ៍​នេះ​ថ្លែង​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ ខណៈ​កម្ពុជា​កំពុង​ត្រៀម​លក្ខណៈ​សម្រាប់​ការ​បោះឆ្នោតឆ្នាំ​២០២៣។ ពួកគេ​ថ្លែងថា អ្នកសារព័ត៌មាន​ធ្វើការ​នៅ​កម្ពុជា​សព្វថ្ងៃ​ប្រឈម​នឹង​ការ​យាយី​និង​សម្ពាធ ពិសេស​តាម​រយៈ​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ។​

អ្នកសារព័ត៌មាន​៦៥​នាក់​ត្រូវ​បាន​សម្ភាស​និង​ស្ទង់​មតិ​នៅ​ក្នុង​របាយការណ៍​នេះ។ អ្នក​នាំ​ពាក្យ​ការិយាល័យ​សិទ្ធិ​មនុស្ស​លោក Jeremy Laurence​ បាន​ប្រាប់​ VOA ថា​៨០​ភាគ​រយ​នៃ​អ្នក​ដែល​ត្រូវ​បាន​ស្ទង់​មតិ​បាន​ថ្លែង​ថា ពួកគេ​ត្រូវ​បាន​ឃ្លាំ​មើល​និង​ត្រូវ​បាន​រំខាន​ក្នុង​ពេល​បំពេញ​ការងារ។

លោក Laurence ថ្លែង​ថា៖

«ជា​ច្រើន​ឆ្នាំ​មក​ហើយ​ អាជ្ញាធរ​នៅ​កម្ពុជា​បាន​អនុម័ត​យ៉ាង​សកម្ម​នូវ​ច្បាប់​ដែល​រឹតត្បិត​លំហ​ស៊ីវិល​ជាទូទៅ​នៅ​កម្ពុជា​និង​ពិសេស​សេរីភាព​សារព័ត៌មាន។ ច្បាប់​និង​ឧបករណ៍​ដទៃ​ទៀត​ត្រូវ​បាន​យក​មក​ប្រើប្រាស់​ដើម្បី​ផ្តល់​សិទ្ធិ​អំណាច​ដល់​អាជ្ញាធរ​ក្នុង​ការ​ចាប់​ពិរុទ្ធ​និង​ដាក់​អ្នក​សារព័ត៌មាន​និង​អ្នកផ្សេង​ទៀត​ក្រោម​ការ​ឃ្លាំ​មើល​និង​ដើម្បី​ពង្រីក​សមត្ថភាព​របស់​រដ្ឋាភិបាលតាមរយៈ​តុលាការ​ក្នុង​ការ​ដាក់​គោល​ដៅ​ទៅ​លើ​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ»។

ចាប់​តាំង​ពី​ខែ​មករា​ ឆ្នាំ​២០១៧ លោក Laurence ថ្លែង​ថា ការិយាល័យ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​ចងក្រង​ឯកសារ​លើ​ករណី​អ្នក​សារព័ត៌មាន​២៣​នាក់​ដែល​ប្រឈម​នឹង​បទ​ចោទ​ព្រហ្មទណ្ឌ​ពី​បទ​ផ្តល់​ព័ត៌មាន​មិន​ពិត បរិហារកេរ្តិ៍ ឬ​ញុះញង់ ដោយសារ​តែ​ការងារ​របស់​ពួកគេ។

លោក​ Laurence បាន​ថ្លែង​ថា៖

«អំណាច​ទូលំ​ទូលាយ​ក្នុង​ការ​រារាំង​ព័ត៌មាន​និង​ផ្ដន្ទាទោស​ឧក្រិដ្ឋកម្ម​ដែល​មិន​ជាក់​លាក់ អំណាច​ទាំង​នោះ​គួរ​តែ​ត្រូវ​បាន​ដក​ចេញ។ អ្វី​ដែល​ខ្ញុំ​ចង់​សំដៅ​ជាពិសេស​នោះ​គឺ​ច្បាប់​ដែល​ត្រូវ​បាន​ស្នើ​ឡើង​ជុំវិញ​ជំងឺ​កូវីដ​១៩ និង​អនុក្រឹត្យ​ដែល​ត្រូវ​បាន​ដាក់​ចេញកាល​ពី​ដើម​ឆ្នាំ​នេះ​ស្ដីពី​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​របស់​ពួកគេ»។

ច្បាប់​ស្តី​ពី​វិធានការ​កូវីដ១៩​អាច​ឱ្យ​រដ្ឋាភិបាល​ដាក់​ការ​រឹតត្បិត​ដើម្បី​ទប់​ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​ឆ្លង​នេះ។ ច្បាប់​នេះ​រួម​បញ្ចូល​ការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ​និង​ជាប់​ពន្ធនាគារ​រហូត​២០​ឆ្នាំ។ អ្នក​សារព័ត៌មាន​ដែល​ប្រឆាំង​នឹង​វិធានការ​និង​រាយការណ៍​អំពី​វិធានការ​នេះ​អាចឬ​ត្រូវ​បាន​ផាក​ពិន័យ​និង​ផ្តន្ទាទោស។​

អនុក្រឹត្យ​ស្តីពី​ច្រក​ទ្វារ​អ៊ីនធើណិត ​ប្រសិន​បើ​ត្រូវ​បាន​អនុម័ត​អាច​គ្រប់គ្រង​ចរាចរណ៍អ៊ីនធើណិត​ចេញ​ចូល​ទាំង​អស់​នៅ​កម្ពុជា។ ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ព្រមាន​ថា អនុក្រឹត្យ​នេះ​ផ្តល់​នូវ​សិទ្ធិ​អំណាច​ទូលំទូលាយ​ដល់​រដ្ឋាភិបាល​ក្នុង​ការ​បិទ​ខ្ទប់​ព័ត៌មាន​និង​ផ្តន្ទា​ទោស​លើ​បទ​ឧក្រិដ្ឋ​មិន​ជាក់លាក់។

ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​បាន​បញ្ជូន​សេចក្តី​ព្រាង​របាយការណ៍នេះ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​សុំ​ការ​បំភ្លឺ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា។​ ការិយាល័យ​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​ ដែល​ខ្លួន​ទទួល​បាន​កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​របាយការណ៍​នេះ។ អ្នក​សរសេរ​របាយការណ៍​មិន​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពី​ការ​កែប្រែ​ណាមួយស្នើ​ដោយ​អាជ្ញាធរ​កម្ពុជា​នោះ​ទេ៕​

ប្រែសម្រួល​ដោយ​អ្នកនាង ស្រេង​ លក្ខិណា

XS
SM
MD
LG