សមាគមសារព័ត៌មាន និងអង្គការសង្គមស៊ីវិលចំនួន ៤០ ស្ថាប័ន បង្ហាញការសោកស្តាយចំពោះការប្រើប្រាស់អំពើហិង្សារបស់កងអង្គរក្ស ដោយទះកំផ្លៀងអ្នកសារព័ត៌មាន យុវជនបរិស្ថាន និងការឃាត់ខ្លួនអ្នកសារព័ត៌មាន និងយុវជននៅភ្នំតាម៉ៅ ជា «ការប្រើប្រាស់អំណាចដោយខុសច្បាប់»។
កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២២ អ្នកសារព័ត៌មានវីអូឌី ៥ នាក់ និងយុវជនមួយក្រុមទៀត ដែលមានគ្នា ៤ នាក់ បានចុះទៅរាយការណ៍ព័ត៌មាន និងពិនិត្យមើលស្ថានភាពដាំដើមឈើនៅតំបន់ភ្នំតាម៉ៅ ដែលរងការឈូសឆាយព្រៃ។ ពួកគេបានប្រឈមនឹងកម្លាំងកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានវត្តមាននៅទីនោះ។
នៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលចេញផ្សាយនៅថ្ងៃសុក្រនេះ ក្រុមអង្គការសង្គមស៊ីវិលចំនួន ៤០ ស្ថាប័ន រួមមានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) សមាគមអាដហុក សមាគមកម្ពុជាការពារអ្នកកាសែត មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើម បានចាត់ទុកការប្រើប្រាស់អំពើហិង្សា និងទះកំផ្លៀងលើអ្នកសារព័ត៌មានម្នាក់ និងយុវជនម្នាក់ និងថែមទាំងឃាត់ខ្លួនពួកគេចំនួន ៩ នាក់ ជា «ការប្រើប្រាស់អំណាច ដោយខុសច្បាប់» និងជា «រឿងអយុត្តិធម៌»។ ពួកគេទាមទារឱ្យមានការស៊ើបអង្កេត និងផ្តន្ទាទោសចំពោះទង្វើបែបនេះ។
សង្គមស៊ីវិលបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងខ្ញុំសម្តែងការសោកស្តាយផងដែរ ចំពោះការប្រើប្រាស់អំណាចដោយខុសច្បាប់របស់អាជ្ញាធរ និងការប្រើអំពើហិង្សាលើរូបរាងកាយលើអ្នកសារព័ត៌មាន និងសកម្មជន ហើយយើងអំពាវនាវឱ្យមានការស៊ើបអង្កេតដោយឥតលម្អៀងលើហេតុការណ៍នេះ ក៏ដូចជាផ្តន្ទាទោសចំពោះអាជ្ញាធរណា ដែលប្រព្រឹត្តល្មើសនឹងច្បាប់និងផ្តល់យុត្តិធម៌សម្រាប់ជនរងគ្រោះ»។
បើតាមការចេញផ្សាយរបស់សារព័ត៌មានសំឡេងប្រជាធិបតេយ្យវីអូឌី អ្នកសារព័ត៌មានវីអូឌីចំនួន ៥ នាក់ និងក្រុមយុវជនខ្មែរថាវរៈ ៤ នាក់បានចូលទៅកាន់តំបន់ភ្នំតាម៉ៅ។ ក្នុងពេលកំពុងដើរយកព័ត៌មាន និងថតរូប ពួកគេត្រូវបានកងអង្គរក្សលោក ហ៊ុន សែន ចោមរោមសួរនាំ និងហាមឃាត់មិនឱ្យថត រហូតឈានដល់ប្រើហិង្សាវាយអ្នកកាសែត និងក្រុមយុវជន មុននឹងចាប់បញ្ជូនខ្លួនពួកគេទាំង ៩ នាក់ទៅសួរចម្លើយនៅអធិការដ្ឋាននគរបាលស្រុកបាទី អស់រយៈពេលជាង ៧ ម៉ោង។
លោក ហ៊ី ឆាយ អ្នកថតវីដេអូរបស់វីអូឌីដែលស្ថិតក្នុងហេតុការណ៍នោះ និងត្រូវបានគេទះមួយកំផ្លៀង ចាត់ទុកទង្វើនេះជា «រឿងព្រៃផ្សៃបំផុត» ដែលអាជ្ញាធរប្រើប្រាស់ហិង្សាលើរូបលោក។ លោកស្នើឱ្យមានការវែកមុខជនបង្កហិង្សាមកផ្តន្ទាទោស ដើម្បីផ្តល់ភាពយុត្តិធម៌ដល់រូបលោក និងក្រុមការងារ។
លោកប្រាប់វីអូអេថា៖ «កូននេនម្នាក់ គាត់ដើរមកពីកន្លែងបង្ហោះដ្រូនហ្នឹង ហើយគាត់ប្រាប់ថា មានគេចាប់អ្នកសារព័ត៌មានរបស់វីអូឌីហើយ ហើយខ្ញុំក៏រត់មក រត់មកជិតដល់ខ្ញុំរៀបថត ដល់ពេលហើយអាជ្ញាធរ គាត់ថាហ្ហែងកុំថត ហ្ហែងកុំថត។ ដល់ពេលអ៊ីចឹង ខ្ញុំប្រាប់គាត់ថា ខ្ញុំអត់បានថតទេៗ។ ពេលហើយគាត់ក៏ចង់បានទូរស័ព្ទរបស់យើង ហើយខ្ញុំក៏ព្យាយាមអត់ឱ្យ។ អត់ឱ្យនៅនិយាយចុះឡើងរៀងច្រើនដែរ គាត់ក៏ទះកំផ្លៀងមួយដៃហើយ ដើម្បីគាត់ឆក់យកទូរស័ព្ទខ្ញុំទៅបាត់ទៅ»។
លោកបន្ថែមថា៖ «ទង្វើ ឬសកម្មភាពនេះ គឺជាកត្តាព្រៃផ្សៃបំផុត ដែលគាត់ប្រើអំពើហិង្សាលើអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ ដូចពួកខ្ញុំអ៊ីចឹង ដោយសារតំបន់ហ្នឹង ជាតំបន់សាធារណៈទេ។
ហើយរាជរដ្ឋាភិបាលក៏បានលុបចោលឱ្យក្រុមហ៊ុនពីរដើម្បីយកអភិវឌ្ឍអ៊ីចឹង។ ហើយខ្ញុំគ្រាន់តែផ្តិតយករូបភាពនៅការវិវឌ្ឍបច្ចុប្បន្នភាពនៃការដាំដើមឈើតែប៉ុណ្ណោះ។ ហេតុអ្វីក៏មានកងអង្គរក្សយ៉ាងសន្ធឹកសន្ធាប់យ៉ាងបែបនេះ មកការពារដីសាធារណៈអ៊ីចឹង។ ខ្ញុំក៏អត់យល់ដែរ»។
អ្នកសារព័ត៌មានម្នាក់ទៀតរបស់សំឡេងប្រជាធិបតេយ្យវីអូឌី ដែលសុំមិនបញ្ចេញឈ្មោះ ដែលស្ថិតក្នុងហេតុការណ៍នៅតំបន់ភ្នំតាម៉ៅនោះ បានចាត់ទុកការឃាត់ខ្លួន និងប្រើប្រាស់ហិង្សានេះជាការបិទសិទ្ធិ និងរឹតត្បិតសេរីភាពសារព័ត៌មាន ដែលមិនគួរកើតមានឡើយ។ លោករៀបរាប់បន្ថែមថា ទីតាំងនោះលោកមិនបានដឹងថាជាតំបន់ហាមឃាត់ទេ ព្រោះមិនមានដាក់ផ្លាកសញ្ញាណាមួយឡើយ។
លោកប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា៖ «គេថាចាប់ពួកខ្ញុំ ដោយសារពួកខ្ញុំបង្ហោះដ្រូនក្នុងតំបន់ហាមឃាត់ ប៉ុន្តែនៅក្នុងតំបន់ហ្នឹង វាអត់មានឃើញដាក់ផ្លាកហាមប្រាមមិនឱ្យបង្ហោះដ្រូន បង្ហោះអីអ៊ីចឹង។ ហើយក៏អត់មានចេញសេចក្តីប្រកាសណាដែលថា ហាមអ្នកសារព័ត៌មានទៅតំបន់ហ្នឹងដែរ»។
លោក ហ៊ីង ប៊ុនហៀង មេអង្គរក្សលោកនាយករដ្ឋមន្រ្តី ទទួលស្គាល់ថា ពិតជាមានហេតុការណ៍នេះកើតឡើង ប៉ុន្តែលោកថា ដើមហេតុឈានដល់ការប្រើហិង្សា គឺបណ្ដាលមកពីអ្នកទាំង ៩ នាក់នោះមិនបន្ទន់ឥរិយាបថជាមួយអាជ្ញាធរ ខណៈអាជ្ញាធរគ្រាន់តែសួរនាំធម្មតាប៉ុណ្ណោះ។ នេះបើតាមសារព័ត៌មានវីអូឌីដដែលនោះ។
លោក ណុប វី នាយកប្រតិបត្តិសមាគមខេមបូចា មើលឃើញថា ការឆ្លើយតបរបស់មេអង្គរក្សរបស់លោកនាយករដ្ឋមន្រ្តី គឺលោក ហ៊ីង ប៊ុនហៀង គ្រាន់តែជាសម្តីការពារកំហុសរបស់ថ្នាក់ក្រោមខ្លួនតែប៉ុណ្ណោះ។
លោកប្រាប់វីអូអេថា៖ «ការប្រើប្រាស់អំពើហិង្សារបស់មន្ត្រី ទៅលើអ្នកសារព័ត៌មានដែលគាត់អត់មានអ្វីសោះនេះ គឺជាសញ្ញាមួយនៃការគំរាមកំហែងធ្ងន់ធ្ងរណាស់ [នេះ] ទីមួយ។ ទីពីរ វាបង្ហាញភាពមិនចាស់ទុំ ហើយការនៅតែប្រកាន់យកនូវឥរិយាបទនៃការប្រើប្រាស់អំពើហិង្សារបស់សមត្ថកិច្ច ជាពិសេសដូចកងកម្លាំងអង្គរក្សអ៊ីចឹង គឺជាកងកម្លាំងមួយដែលជានិច្ចកាល កាលណាគាត់មានការប្រើប្រាស់អំពើហិង្សា វាមិនត្រឹមតែប៉ះពាល់ ដល់កងកម្លាំងទេ ក៏ប៉ុន្តែវាប៉ះពាល់ទៅដល់កិត្តិយសរបស់សម្តេចដែលជាថ្នាក់ដឹកនាំ ទៅទៀត»។
លោកក៏ទទូចឱ្យមានការអប់រំដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីឱ្យមានការគោរពប្រជាពលរដ្ឋ និងយល់ដឹងពីសិទ្ធិរបស់អ្នកសារព័ត៌មាន។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ប្រាប់វីអូអេតាមប្រព័ន្ធតេឡេក្រាមថា ក្រសួងពិបាកក្នុងការវាយតម្លៃ និងសន្និដ្ឋាន ដោយសារតែមិនទាន់ទទួលបានព័ត៌មានពីភាគីពាក់ព័ន្ធ។
លោកបានបកស្រាយបន្ថែមថា ប្រសិនភាគីណាមួយយល់ថា សិទ្ធិ និងតួនាទីរបស់ខ្លួនត្រូវបានរំលោភបំពាន ភាគីនោះអាចប្រើយន្តការច្បាប់ទៅតាមនីតិវិធីជាធរមាន ដើម្បីការពារសិទ្ធិរបស់ខ្លួន។ លោកក៏ស្នើឱ្យភាគីពាក់ព័ន្ធត្រូវគោរពសិទ្ធិ និងតួនាទី ភារកិច្ចគ្នាទៅវិញទៅមក។
លោកបញ្ជាក់ជាសារសរសេរជាអក្សរតាមបណ្តាញតេឡេក្រាមថា៖ «កន្លងមក ក្រសួងព័ត៌មានតែងតែអំពាវនាវ និងលើកទឹកចិត្តដល់អាជ្ញាធរមានសមត្ថកិច្ច ភាគីពាក់ព័ន្ធនិងអ្នកសារព័ត៌មាន ពង្រឹងនូវកិច្ចសហការល្អជាមួយគ្នា និងគោរពនូវសិទ្ធិព្រមទាំង តួនាទីភារកិច្ចគ្នាទៅវិញទៅមក ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់»៕