ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការប្រែប្រួលអាកាសធាតុ

Sorry! No content for ២ មិថុនា. See content from before

ថ្ងៃព្រហស្បតិ៍ ១១ វិច្ឆិកា ២០២១

រូបឯកសារ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​និយាយ​ទៅកាន់​អ្នកសារ​ព័ត៌មាន​ក្រោយ​បញ្ចប់​ការ​បំភ្លឺ​នៅ​វិមាន​រដ្ឋសភា នៅ​រាជធានី​ភ្នំពេញ នាថ្ងៃទី​៤ ខែ​មករា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​និយាយ​ទៅកាន់​អ្នកសារ​ព័ត៌មាន​ក្រោយ​បញ្ចប់​ការ​បំភ្លឺ​នៅ​វិមាន​រដ្ឋសភា នៅ​រាជធានី​ភ្នំពេញ នាថ្ងៃទី​៤ ខែ​មករា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថានកម្ពុជា​ លោក ​សាយ សំអាល់ ​កាលពី​ថ្ងៃពុធ បានស្នើ​សុំ​ជំនួយ​ហិរញ្ញប្បទានបន្ថែម​ពី​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ ដើម្បី​ដោះស្រាយវិបត្តិ​បម្រែបម្រួល​អាកាសធាតុ ដែល​កម្ពុជា​ជា​ប្រទេស​ងាយ​រង​គ្រោះ​បំផុត។

ប៉ុន្តែ​ការ​ថ្លែង​របស់​លោក​ត្រូវបាន​មើល​ឃើញ​ថា​ មិនបង្ហាញ​ការប្តេជ្ញាចិត្ត​ថ្មីណា​មួយ​ឡើយ​លើ​ផ្នែក​បរិស្ថាន​នោះ​ទេ។

លោក​ សាយ សំអាល់ បាន​ចូល​រួមថ្លែង​សុន្ទរក​ថា​ក្នុង​សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្តី​ការ​ប្រែប្រួល​អាកាសធាតុលើក​ទី២៦(COP26) នៅ​ក្រុង​ Glasgow ប្រទេស​ស្កុតលែន​ កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ។

នៅ​ក្នុង​សុន្ទរកថា​ជា​ភាសា​អង់គ្លេស​ និង​ត្រូវ​បាន​ប្រែសម្រួល​ជា​ភាសាខ្មែរ​ លោក​ សាយ សំអាល់ ថ្លែង​ក្នុង​សម្តី​ដើមថា៖ «ការ​ផ្តល់​ហិរញ្ញប្បទាន​អន្តរជាតិ​លើ​ការ​ប្រែប្រួល​អាកាសធាតុ​គឺ​ នៅ​ឃ្លាត​ឆ្ងាយ​ពី​ទំហំ​ត្រូវ​ការ​ចាំបាច់ ជាពិសេស​សម្រាប់​ការ​សម្រប​ខ្លួន​ និង​មាន​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​សម្រាប់​បណ្តា​ប្រទេស​ងាយ​រងគ្រោះ»។ ​

លោក​បន្ត​ថា៖ «យើង​សូម​អំពាវនាវ​ដល់​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ឲ្យ​ពង្រឹង​ការ​រួមចំណែក​នៅ​ក្នុង​យន្តការ​ហិរញ្ញវត្ថុ និង​សម្រួល​ការ​ទទួលបាន​ហិរញប្បទាន​ដោយ​ផ្ទាល់​បន្ថែម។ បើ​មិន​ដូច្នេះ​ទេ ការ​លើក​កម្ពស់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ដើម្បី​ទប់ទល់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ប្រកប​ដោយ​ចីរភាព សមត្ថភាព​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​ការ​អភិវឌ្ឍ​ក្នុង​កម្រិត​បញ្ចេញ​កាបូន​ទាប​ នៅ​តាម​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ គឺ​គ្រាន់​តែ​ជា​ការ​និយាយ​តែ​ប៉ុណ្ណោះ»។

យ៉ាង​ណា​ក្តី ក្រៅ​ពី​ការ​អំពាវនាវ​ខាង​លើ តាង​នាម​ឲ្យ​កម្ពុជា រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បានខកខាន​ក្នុង​ការ​ផ្តល់​ជា​ការ​ប្តេជ្ញា​ថ្មី​ណា​មួយ​លើ​ផ្នែក​បរិស្ថាន ដែល​ជា​ទូទៅ​មាន​ការ​ផ្តោត​ចម្បង​លើ​កិច្ចព្រៀមព្រៀង​ផ្នែក​ព្រៃឈើ ​និង​ការ​ប្រើប្រាស់​ដី។​

ស្រប​ជាមួយ​គ្នានេះ​ ក្រុម​អ្នក​ការពារ​បរិស្ថាន​បានចេញសេចក្តី​ថ្លែងការណ៍​រួម​មួយ​ ដោយ​ថា​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​គោរព​តាម​គោលការណ៍ និង​ការ​អនុវត្ត​ការ​សន្យា​របស់​ខ្លួន​ចំពោះ​សហគមន៍​អន្តរជាតិ​លើ​បញ្ហា​បរិស្ថាន​ ដោយ​បាន​លើកឡើង​ពី​ការ​កាប់ឈើ​ធ្វើ​អាជីវកម្ម និង​ការ​ទន្ទ្រាន​ដីព្រៃ​សាធារណៈ និង​ដីក្នុង​តំបន់​ការពារ​ជា​ដើម។

សេចក្តី​ថ្លែងការណ៍​រួម ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ ក្រុម​អ្នក​ការពារ​បរិស្ថាន​ អង្គការ ​និង​សមាគម​ប្រមាណ​២០ លើកឡើង​ថា​ រដ្ឋាភិបាល​កម្ពុជា​និង​ថ្នាក់​ដឹកនាំ​សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្តី​ការ​ប្រែប្រួល​អាកាសធាតុលើក​ទី២៦​ (Cop26) មិន​អាច​សម្រេច​ការ​ប្តេជ្ញាចិត្ត និង​គោលដៅ​របស់​ពួកគេ​បាន​ឡើយ ប្រសិន​បើ​ការ​ធ្លាក់ចុះ​នៃ​លម្ហ​ពលរដ្ឋ ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ក្រុម​សកម្មជន​បរិស្ថាន និង​ការ​ធានា​ដល់​សិទ្ធិ​ក្នុង​ការ​ចូលរួម​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ ​មិនត្រូវ​បាន​ធ្វើ​ឲ្យ​ប្រសើរឡើង។

​លោក​ ហេង គីមហុង ប្រធាន​ផ្នែក​កម្មវិធី​ស្រាវ​ជ្រាវ​ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា(CYN) ដែល​បាន​ចូលរួម​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នេះ បានប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហ​ស្បតិ៍ថា ការ​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ដូចជា​កម្ពុជា​ជា​រឿង​ប្រសើរ​មួយ​ ប៉ុន្តែ​គួរ​ធ្វើ​ឡើង​នៅ​ក្រោម​លក្ខខណ្ឌ​នានា​ ដូចជា​ការ​តម្រូវ​ផ្តល់​សិទ្ធិសេរីភាព​ដល់​ពលរដ្ឋ​ និង​សហគមន៍​មូលដ្ឋាន​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​នៅ​ក្នុង​តំបន់​របស់​ខ្លួន​ជា​ដើម។

លោកថ្លែង​ថា៖«យ៉ាង​ណា​មិញ​ យើង​ឃើញ​មាន​ចំណុច​ខ្វះខាត​មួយ​ចំនួនដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​ប្រព្រឹត្ត​ឡើង​នៅ​ក្នុង​បរិបទ​បរិស្ថាន​នេះ​ដូចជា ការ​រឹតត្បិត​សេរីភាព​សហគមន៍​មូលដ្ឋាន មិន​ឲ្យ​បណ្តា​សហគមន៍​មូលដ្ឋាន​ ឬ​ក៏​សកម្មជន​ ឬ​ក៏​ប្រជាពលរដ្ឋ​ដែល​គាត់​ចង់​ចូលក្នុង​នៅ​ក្នុង​ការ​ការពារ​ធម្មជាតិ​ហ្នឹង​ អាច​ចូល​ទៅ​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ​បាន​បាទ»។

កាល​ពី​ថ្ងៃ​ពុធ ឯក​អគ្គរដ្ឋទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​ អ្នកស្រី​ Tina Redshaw បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​Twitter​ ជា​ភាសា​អង់គ្លេស និង​ត្រូវ​បាន​ប្រែសម្រួល​ក្នុង​ន័យ​ដើម​ថា៖

«នៅ​ពេល​ដែល​គោលដៅ​ជាតិ​ក្នុង​ការ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ (NDC) របស់​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​ពី​ការ​ប្តេជ្ញា​ពី​មុន​មក​របស់​ខ្លួន​ កាល​ពី​ពេល​មុន​មក​ នេះ​នៅ​តែ​ជា​ការ​ខាតបង់​ឱកាស​មួយ ​ដើម្បី​បង្ហាញ​ភាព​ជា​អ្នក​ដឹកនាំ និង​មហិច្ឆតា​ នៅ​មុន​ការ​កាន់តំណែង​ជា​ប្រធាន​អាស៊ាន»។

កម្ពុជា​នឹង​ធ្វើ​ជា​ប្រធាន​អាស៊ាន​ប្តូរវេន​ ចាប់​ពីដើម​ឆ្នាំ២០២២​ខាង​មុខ។

នៅ​ក្នុង​សារ​តាម​បណ្តាញ​សង្គម​ Twitter មួយ​ទៀត​នៅ​ថ្ងៃ​ដូចគ្នា​នេះ អ្នកស្រី​ Tina Redshaw បាន​លើកឡើង​ក្នុង​សំណេរ​ដើម​ និង​ត្រូវ​បាន​ប្រែសម្រួល​ថា៖

«ខ្ញុំ​មាន​ភាព​អស់សង្ឃឹម​នឹង​កង្វះខាត​ការ​កំណត់​ការ​បញ្ចេញ​កាបូន​ក្នុង​កម្រិត​សូន្យ និង​ការ​ប្តេជ្ញា​លើ​សេចក្តី​ប្រកាស​ផ្សេងៗ​ពី​ព្រៃឈើ និង​ការ​ប្រើប្រាស់​ដី។ ប្រទេស​អភិវឌ្ឍន៍​ត្រូវ​តែ​ពង្រឹង​ការ​ផ្តល់​ហិរញ្ញប្បទាន ប៉ុន្តែ​ត្រូវ​តម្រូវ​ឲ្យ​មាន​ការ​ប្តេជ្ញា​ច្បាស់លាស់​ដើម្បី​ផ្លាស់ប្តូរ​សកម្មភាព​ផ្សេងៗ​ដែល​មិនមាន​លក្ខណៈ​ប្រកប​ដោយ​ចីរភាព»។

លោក ហែម ឧត្តម អ្នក​ជំនាញឯករាជ្យ​ផ្នែក​បរិស្ថាន ​ប្រាប់​វីអូ​អេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថាការ​ស្នើ​សុំ​ហិរញ្ញប្បទាន​បន្ថែម​ណា​មួយ ​គួរ​តែស្រប​ជាមួយ​សមិទ្ធផល​ដែល​សម្រេច​បាន។ ​ហើយ​ក្នុង​បរិបទ​នេះ លោក​ជំរុញ​ឲ្យ​កម្ពុជា​ថ្លឹង​ថ្លែង​ពី​កិច្ចប្រឹងប្រែង​កន្លង​មក ទៅ​នឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន ជាពិសេស​ពាក់ព័ន្ធ​នឹង​ការ​ការពារ​ព្រៃឈើ ​ការ​ប្រើប្រាស់​ដីធ្លី និង​ការ​សាងសង់​រោងចក្រ​ថាមពល​ធ្យូង​ថ្ម​ជា​ដើម។

លោកថ្លែង​ថា៖ «អ៊ីចឹង​វា​ឆ្លុះ​បញ្ចាំង​ពី​អ្វី​ដែល​យើង​សម្រេច​បាន​ និង​អ្វី​ដែល​យើង​ប្តេជ្ញា​ត​ទៅ​មុខ។ អ៊ីចឹង​បើ​សិន​យើង​អត់​មាន​ចូលរួម​នៅ​ក្នុង​ការ​ប្តេជ្ញាចិត្ត​ជា​សាកល​ជាមួយ​គេ​ផង​ ហើយ​យើង​ស្នើ​សុំ​ហិរញ្ញប្បទាន​បន្ថែម​ពី​គេ​ទៀត។ ខ្ញុំ​មិន​ដឹង​ថា តើ​ការ​ស្នើ​សុំ​នោះ​បាន​ ឬ​អត់​ទេ ឬ​ក៏​វា​ចំណាយ​ពេល​យូរ​ ឬ​ក៏​បាន​តាម​អ្វី​ដែល​យើង​ស្នើ​សុំ​គេ​ឬ​អត់ទេ​ណា»។

លោក​ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​ដាក់​ចេញ​និង​គោរព​តាម​គោល​នយោបាយ និង​ការ​ប្តេជ្ញាចិត្តនានា​ស្តី​ពី​បរិស្ថាន ការ​ចូលរួមជាមួយសហគមន៍​តាម​មូលដ្ឋាន និង​សង្គមស៊ីវិល​ក្នុង​កិច្ចការពារ​បរិស្ថាន​ ក៏ដូចជា​ការយក​គំរូ​តាម​ប្រទេស​ជិតខាង​ចំពោះ​វិស័យ​ថាមពល​កកើត​ឡើង​វិញ​ផងដែរ។

កាលពី​ថ្ងៃពុធ​ លោក​ សាយ សំអាល់​ ក៏បាន​លើកឡើង​ពីចំណាត់ការ​ផ្សេងៗ​ ដែល​កម្ពុជា​បាន​ធ្វើ ​ដើម្បី​ការពារ​បរិស្ថាន​ រួម​មាន​កម្ពុជា​លែង​បង្កើតរោងចក្រ​ថ្មី​ក្នុង​ការ​ផលិត​អគ្គិសនី​ពី​ធ្យូងថ្ម​ និង​ការ​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​លើ​ដង​ទន្លេ​មេគង្គ​ ដែល​ជាផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់។

ប៉ុន្តែ​កម្ពុជា​កំពុង​មាន​គម្រោង​រោងចក្រ​ធ្យូងថ្ម​ចំនួន​៣ ដែល​កំពុង​សាង​សង់​ និងអាច​ផ្គត់ផ្គង់​អគ្គិសនី​បានប្រមាណ១.៦០០មេហ្គាវ៉ាត់។

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ក៏​បានកត់សម្គាល់​ថា កម្ពុជា​បង្កើត​កញ្ចប់​ថវិកា​លើ​ការ​ប្រយុទ្ធប្រឆាំង​នឹង​បម្រែបម្រួល​អាកាស​ច្រើន​ជាង​មុន​បី​ដង​ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លង​មក​ ដោយ​សម្រេច​បាន​២%​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប។ លោក​បន្ត​ថា កម្ពុជា​ក៏​បាន​ដាក់​ប្រតិបត្តិការ​គម្រោង​ផលិត​អគ្គិសនី​ពី​ថាមពល​ព្រះអាទិត្យ​ចំនួន៤០០មេហ្គាវ៉ាត់​ផង​ដែរ ដែលអាចផ្គត់ផ្គង់​១៥%​នៃ​ថាមពល​ប្រើប្រាស់​ក្នុង​ស្រុក។

លោក សាយ សំអាល់ ​ឲ្យ​ដឹង​ទៀត​ថា ​កម្ពុជា​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​គោលដៅ​ជាតិ​ក្នុង​ការ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដោយ​ដាក់គោលដៅ​លើ​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​ឌីអុកស៊ីត៤២​%នៅ​ត្រឹមឆ្នាំ ២០៣០។ លោកបន្ថែម​ថា កម្ពុជា​កំពុង​«អភិវឌ្ឍ​យុទ្ធសាស្ត្រ​អព្យាក្រឹតភាព​កាបូន​រយៈពេល​វែង» ដែល​មាន​គោលដៅ​លើកកម្ពស់​កម្រិត​កាបូន​ទាប ការ​ងើបឡើង​វិញ​ និង​កំណើន​សេដ្ឋកិច្ច​ដែល​មាន​លក្ខណៈ​រួម​បញ្ចូល​មួយ៕

អតីត​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​ លោក​ Barack Obama​ ថ្លែង​ក្នុង​​កិច្ច​ពិភាក្សា​អំពី​អាកាសធាតុ​(COP26)របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង ​Glasgow ​ប្រទេស​ស្កុតលែន កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។ (Reuters)
អតីត​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​ លោក​ Barack Obama​ ថ្លែង​ក្នុង​​កិច្ច​ពិភាក្សា​អំពី​អាកាសធាតុ​(COP26)របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង ​Glasgow ​ប្រទេស​ស្កុតលែន កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។ (Reuters)

អតីត​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​ លោក​ Barack Obama​ បាន​ប្រាប់​សន្និសីទ​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង ​Glasgow ​ប្រទេស​ស្កុតលែន ​កាលពី​ថ្ងៃចន្ទ​ថា​ មេ​ដឹកនាំ​ពិភពលោក​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​នេះ​«មិនទាន់​បាន​ធ្វើការ​គ្រប់គ្រាន់​ទេ»​ដើម្បី​ដោះស្រាយ​វិបត្តិ​អាកាសធាតុ។​

ថ្លែង​ក្នុង​អំឡុង​សប្តាហ៍​ទីពីរ​នៃ​កិច្ច​ពិភាក្សា​អំពី​អាកាសធាតុ​(COP26) ​ លោក​ Obama បាន​និយាយ​ថា​ ប្រទេស​ភាគ​ច្រើន​មិន​បាន​ធ្វើ​តាម​ការ​ប្តេជ្ញាចិត្ត​ដែល​បាន​ធ្វើ​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​សន្និសីទ​អំពី​អាកាសធាតុ​នៅ​ទីក្រុង​ប៉ារីស​ឆ្នាំ ​២០១៥​ទេ​ ហើយ​ថា​ ពិភពលោក​នៅ​យឺតយ៉ាវ​ខ្លាំង​ក្នុង​ការ​ទប់​ទល់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។​

លោក​បាន​និយាយ​ថា​ រឿង​ដែល​ធ្វើ​ឱ្យ​«ធ្លាក់​ទឹក​ចិត្ត​ជា​ពិសេស»​នោះ​គឺ​មេដឹកនាំ​ប្រទេស​ចិន​ និង​រុស្ស៊ី​ ដែល​ជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​បង្កើន​កម្តៅ​ផែន​ដ៏​ច្រើន​បំផុត​ បាន​បដិសេធ​មិន​ចូលរួម​ក្នុង​សន្និសីទ​នៅ​ទីក្រុង​Glasgow​ ដោយ​លោក​និយាយ​ថា​ ប្រទេស​ទាំងពីរ​បាន​បង្ហាញ​អ្វី​ដែល​«ហាក់ដូច​ជា​ខ្វះ​ការ​ត្រៀម​ទល់ទល់​គ្រោះថ្នាក់»​ ពី​ការ​ប្រែប្រួល​អាកាស​ធាតុ។​

ចិន​គឺ​ជា​ប្រទេស​បញ្ចេញ​កាបូន​ដ៏​ច្រើន​បំផុត​ក្នុង​ពិភពលោក។​ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ទៅ​កាន់​សន្និសីទ​កាលពី​សប្តាហ៍​មុន​ ប្រធានាធិបតី​ចិន​លោក​ Xi Jinping ​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ផ្សេង​ទៀត​«បង្កើន​កិច្ច​សហ​ប្រតិបត្តិការ»​ និង​ធ្វើ​សកម្មភាព​លើ​បញ្ហា​អាកាសធាតុ។ ​ទោះជាយ៉ាងណា​លោក ​Xi Jinping ​មិន​បាន​ធ្វើ​ការ​សន្យា​ថ្មី​ទេ។​

លោក Obama ​បាន​និយាយ​ថា ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន ​ដូចជា​សហ​រដ្ឋ​អាមេរិក​ និង​ប្រទេស​នៅ​អឺរ៉ុប​ ចាំបាច់​ត្រូវតែ​ដឹកនាំ​គេ​លើ​បញ្ហា​នេះ ​ ហើយ​ប្រទេស​ចិន​រុស្ស៊ី ​និង​ឥណ្ឌា​ក៏​គួរ​ធ្វើ​ដូច​គ្នា​ដែរ។ លោក​បាន​ថ្លែង​ថា៖ ​«យើង​មិន​អាច​ទុក​ចិត្ត​អ្នក​មិន​ចូល​រួម​នោះ​ទេ»។

លោក​ក៏បាន​អះអាង​ដែរ​ថា​ ជា​ការ​ចាំបាច់​ណាស់​ស្តាប់​មតិ​អ្នក​ដែល​ជំទាស់​នឹង​វិធានការ​រហ័ស​ទប់ទល់​ការ​ប្រែប្រួល​អាកាសធាតុ។​

លោក​ Obama បាន​ថ្លែង​ថា៖«យើង​ពិតជា​ត្រូវ​ស្តាប់​មតិ​ជំទាស់​របស់​ពួកគេ​ និង​យល់​ពី​ភាព​ស្ទាក់ស្ទើរ​របស់​ពលរដ្ឋ​សាមញ្ញ​មួយ​ចំនួន​ដែល​ថា​ ប្រទេស​របស់​ពួកគេ​កែប្រែ​លឿន​ពេក​អំពី​ការ​ប្រែប្រួល​អាកាសធាតុ។ ​យើង​ត្រូវ​យល់​អំពី​ពួកគេ​ ហើយ​ធ្វើ​ការជាមួយ​ពួកគេ​ដើម្បី​កុំ​ឱ្យ​វិធានការ​ធ្ងន់ធ្ងរ​អំពី​ការ​ប្រែប្រួល​អាកាសធាតុ​ប៉ះពាល់​ពួកគេ»។

លោក​បាន​បន្ថែម​ថា «យើង​ត្រូវ​បញ្ចុះ​បញ្ចូល​អ្នក​ដែល​បើក​ឡាន​ទៅ​ធ្វើការ​នៅ​រោងចក្រ​រាល់ថ្ងៃ ​ដែល​មិន​អាច​ទិញ​រថយន្ត​ Tesla ​ហើយ​ប្រហែល​មិន​អាច​បង់​ថ្លៃជួល​ផ្ទះ ​ឬ​ចិញ្ចឹម​គ្រួសារបាន​ ប្រសិន​បើ​សាំង​ឡើង​ថ្លៃ»។​

សហរដ្ឋ​អាមេរិក​ជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​បំផ្លាញ​ស្រទាប់​អូហ្សូន​របស់​ផែនដី​ច្រើន​ទី២​បន្ទាប់​ពី​ប្រទេស​ចិន។​ សកម្មជន​ការពារ​អាកាសធាតុ​ជាង​១សែន​នាក់​មកពី​ជុំវិញ​ពិភពលោក​បាន​ដើរ​តាម​ផ្លូវ​នៃ​ទីក្រុង ​Glasgow​ កាលពី​ថ្ងៃសៅរ៍​បង្ហាញ​ការខកចិត្ត​ចំពោះ​លទ្ធផល​នៅ​ឯ​កិច្ច​ពិភាក្សា​ស្តីពី​អាកាសធាតុ ​(COP26)​រហូតដល់​ពេល​នេះ៕​

(ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន​The Associated Press Reuters និង Agence France-Presse)

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG