គ្រោះរាំងស្ងួតមិនមែនជារឿងថ្មីទេនៅទ្វីបអាហ្រ្វិក តែក្រុមអ្នកជំនាញនិយាយថាគ្រោះរាំងស្ងួតដែលមិនធ្លាប់មានពីមុនមកមួយដែលបានសម្លាប់សត្វគោក្របីនិងបំផ្លិចបំផ្លាញផលដំណាំនៅទូទាំងប្រទេសអេត្យូពី កេនយ៉ា និងសូម៉ាលី បានឆ្លុះបញ្ចាំងឱ្យឃើញពីគ្រោះរាំងស្ងួតដែលកើតឡើងកាន់តែញឹកញាប់ដោយសារការប្រែប្រួលអាកាសធាតុ។
អ្នកស្រី Hawo Abdi Wole បានឆ្លងកាត់គ្រោះរាំងស្ងួតជាច្រើនដងមកហើយក្នុងរយៈពេល ៧០ ឆ្នាំនៃដំណើរជីវិតរបស់អ្នកស្រី។ ប៉ុន្តែ អ្នកស្រីនិយាយថាទើបតែមកដល់សព្វថ្ងៃនេះទេដែលអ្នកស្រីមិនឃើញភ្លៀងធ្លាក់ ៤ រដូវជាប់ៗគ្នា។
អ្នកស្រី Wole និយាយថា អ្នកស្រីឃើញមានភាពខុសគ្នាយ៉ាងធំ។ អ្នកស្រីថា ពីដើមគេធ្លាប់ឃើញភ្លៀងធ្លាក់ច្រើនជាងនេះហើយសត្វពាហនៈក៏ផលិតទឹកដោះច្រើនជាងនេះផងដែរ។
អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិកំពុងជួយភូមិរបស់អ្នកស្រីមិនត្រឹមតែដើម្បីឱ្យរួចផុតពីវិបត្តិនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកសាងឡើងវិញសម្រាប់រយៈពេលវែងផងដែរ។
អង្គការ WFP នេះកំពុងជួយជ្រោមជ្រែងដល់ការជីករណ្តៅរាងពាក់កណ្តាលរង្វង់ប្រវែងមួយម៉ែត្រនៅលើដីស្ងួតហួតហែងដើម្បីស្តុកទឹកទុកពេលភ្លៀងធ្លាក់ ដើម្បីឱ្យស្មៅអាចដុះបានកាន់តែល្អសម្រាប់ធ្វើជាចំណីសត្វពាហនៈ។
អ្នកភូមិត្រូវការអន្តរាគមន៍ដែលសម្លឹងឆ្ពោះទៅអនាគតបែបនេះយ៉ាងខ្លាំង។ ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថាការប្រែប្រួលអាកាសធាតុគឺជាដើមចមដែលនាំឱ្យមានស្ថានភាពរាំងស្ងួតកាន់តែញឹកញាប់នេះកើតឡើង។
លោក Abubakr Salih Babiker មកពីអង្គការឧតុនិយមពិភពលោក (WMO) ក្នុងប្រទេសអេត្យូពី និយាយថា៖ «អាកាសធាតុក្នុងតំបន់នេះគឺជាលទ្ធផលនៃអ្វីដែលកំពុងកើតឡើងនៅមហាសមុទ្រជិតខាង។ មានការសិក្សាដែលបានបង្ហាញថាតំបន់នេះគឺជាផ្នែកមួយនៃប្រព័ន្ធមហាសមុទ្រត្រូពិកដែលឡើងកម្ដៅលឿនជាងគេបំផុតនៅលើពិភពលោក។ ដូច្នេះ វាឡើងកម្ដៅយ៉ាងលឿនក្នុងរយៈពេល ១០០ ឆ្នាំកន្លងមកនេះ។ ដូចដែលខ្ញុំបាននិយាយរួចហើយ ការឡើងកម្តៅនេះគឺពាក់ព័ន្ធជាមួយនឹងរដូវរាំងស្ងួតចាប់ពីខែមីនាដល់ខែមិថុនា»។
ការឡើងកម្ដៅនេះក៏បណ្ដាលឱ្យមានទឹកជំនន់ផងដែរនៅពេលដែលភ្លៀងបានចាប់ផ្តើមធ្លាក់វិញ។ ព្រឹត្តិការណ៍ទាំងនេះមិនគ្រាន់តែជាឧទាហរណ៍នៃការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឧទាហរណ៍នៃវិសមភាពផងដែរ។
លោក Habtamu Adam ដែលជាអ្នកជំនាញខាងគោលនយោបាយអាកាសធាតុនៅរដ្ឋធានីអាឌីសអាបេបា ប្រទេសអេត្យូពី បាននិយាយថា៖ «នៅពេលដែលអ្នកប្រៀបធៀបកម្រិតបញ្ចេញឧស្ម័នពីការរួមចំណែករបស់យើងនៅក្នុងបញ្ហាប្រែប្រួលអាកាសធាតុ យើងមិនអាចប្រៀបធៀបបានទេ ពីព្រោះការបញ្ចេញឧស្ម័នភាគច្រើនគឺចេញពីប្រទេសអភិវឌ្ឍន៍»។
ប៉ុន្តែ ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាអេត្យូពីជាដើមគ្មានថវិកាដើម្បីប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនេះទេ។
អង្គការឧតុនិយមពិភពលោកបានប៉ាន់ប្រមាណថា តំបន់ភាគខាងត្បូងវាលខ្សាច់សាហារ៉ានៃទ្វីបអាហ្វ្រិក (sub-Sahara) នឹងត្រូវការថវិការហូតដល់ ៥០ ពាន់លានដុល្លារក្នុងមួយឆ្នាំដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ បើគ្មានថវិកានេះទេ ចំនួនជនផ្លាស់ទីលំនៅនិងជនដែលត្រូវការជំនួយនឹងមានតែបន្តកើនឡើងតែប៉ុណ្ណោះ។
លោក Ali Hussein មកពីអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិប្រចាំតំបន់ Somali បាននិយាយថា៖ «យើងចាំបាច់ត្រូវកសាងភាពធន់របស់សហគមន៍ចំពោះបញ្ហាទាំងនេះ ហើយក្នុងន័យនេះ យើងចង់ផ្តោតសំខាន់ទៅលើសកម្មភាពដែលធ្វើឱ្យមានភាពបៃតងស្រស់បំព្រងឡើងវិញ ដូចជាការជីករណ្តៅពាក់កណ្តាលរង្វង់ជាដើម ដើម្បីធ្វើឱ្យតំបន់រាំងស្ងួតនេះក្លាយជាដីបៃតងនៅពេលអនាគត ដែលមានប្រយោជន៍សម្រាប់ទាំងសហគមន៍និងទាំងបសុសត្វ»។
គម្រោងទាំងនេះនៅជុំវិញតំបន់ Somali កំពុងបង្ហាញឱ្យឃើញនូវភាពជោគជ័យនិងអាចយកទៅធ្វើជាគំរូដើម្បីជួយប្រជាជនច្រើនថែមទៀត។
លោក Ibrahim Kurbad Farah គឺជាមនុស្សវ័យចំណាស់មួយរូបនៅក្នុងភូមិមួយដែលដីនៅក្នុងភូមិនោះត្រូវបានស្តារឡើងវិញដោយការកសាងប្រឡាយទឹកដែលមានប្រសិទ្ធភាពនៅក្នុងការបង្វែរទឹកចេញពីស្ទឹងនិងទឹកភ្លៀង។
លោកនិយាយថាអ្នកភូមិទទួលបានអត្ថប្រយោជន៍ជាច្រើន។ ឥឡូវនេះ ពួកគេអាចធ្វើកសិកម្មនិងប្រើប្រាស់ស្មៅសម្រាប់ចិញ្ចឹមសត្វ ព្រមទាំងស្បូវសម្រាប់ប្រក់ដំបូលផ្ទះជាដើម។ លោកបានបន្ថែមថាអ្នកភូមិក៏បានប្រើប្រាស់ទឹកសម្រាប់ផឹក ជាពិសេសសម្រាប់បសុសត្វផងដែរ។
ខណៈការសម្របខ្លួនមានសារៈសំខាន់ចំពោះការរស់រាននិងសុខុមាលភាពរបស់សហគមន៍ អ្នកវិទ្យាសាស្ត្រខាងអាកាសធាតុបានព្រមានថាការកាត់បន្ថយការបញ្ចេញឧស្ម័នស្រូបកម្ដៅនៅតែជាអាទិភាពនៅក្នុងការបង្ការមិនឱ្យស្ថានភាពកាន់តែអាក្រក់ជាងនេះកើតឡើងនៅពេលអនាគត៕
ប្រែសម្រួលដោយលោក សាយ មុន្នី
ការប្រែប្រួលអាកាសធាតុ
ថ្ងៃសុក្រ ១០ មិថុនា ២០២២
រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា លោក សាយ សំអាល់ កាលពីថ្ងៃពុធ បានស្នើសុំជំនួយហិរញ្ញប្បទានបន្ថែមពីបណ្តាប្រទេសអភិវឌ្ឍន៍ ដើម្បីដោះស្រាយវិបត្តិបម្រែបម្រួលអាកាសធាតុ ដែលកម្ពុជាជាប្រទេសងាយរងគ្រោះបំផុត។
ប៉ុន្តែការថ្លែងរបស់លោកត្រូវបានមើលឃើញថា មិនបង្ហាញការប្តេជ្ញាចិត្តថ្មីណាមួយឡើយលើផ្នែកបរិស្ថាននោះទេ។
លោក សាយ សំអាល់ បានចូលរួមថ្លែងសុន្ទរកថាក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីការប្រែប្រួលអាកាសធាតុលើកទី២៦(COP26) នៅក្រុង Glasgow ប្រទេសស្កុតលែន កាលពីថ្ងៃពុធកន្លងទៅនេះ។
នៅក្នុងសុន្ទរកថាជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរ លោក សាយ សំអាល់ ថ្លែងក្នុងសម្តីដើមថា៖ «ការផ្តល់ហិរញ្ញប្បទានអន្តរជាតិលើការប្រែប្រួលអាកាសធាតុគឺ នៅឃ្លាតឆ្ងាយពីទំហំត្រូវការចាំបាច់ ជាពិសេសសម្រាប់ការសម្របខ្លួន និងមានការលំបាកក្នុងការទទួលបានសម្រាប់បណ្តាប្រទេសងាយរងគ្រោះ»។
លោកបន្តថា៖ «យើងសូមអំពាវនាវដល់បណ្តាប្រទេសអភិវឌ្ឍន៍ឲ្យពង្រឹងការរួមចំណែកនៅក្នុងយន្តការហិរញ្ញវត្ថុ និងសម្រួលការទទួលបានហិរញប្បទានដោយផ្ទាល់បន្ថែម។ បើមិនដូច្នេះទេ ការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុប្រកបដោយចីរភាព សមត្ថភាពគ្រប់គ្រងគ្រោះមហន្តរាយ និងការអភិវឌ្ឍក្នុងកម្រិតបញ្ចេញកាបូនទាប នៅតាមបណ្តាប្រទេសអភិវឌ្ឍន៍ គឺគ្រាន់តែជាការនិយាយតែប៉ុណ្ណោះ»។
យ៉ាងណាក្តី ក្រៅពីការអំពាវនាវខាងលើ តាងនាមឲ្យកម្ពុជា រដ្ឋមន្ត្រីក្រសួងបរិស្ថានបានខកខានក្នុងការផ្តល់ជាការប្តេជ្ញាថ្មីណាមួយលើផ្នែកបរិស្ថាន ដែលជាទូទៅមានការផ្តោតចម្បងលើកិច្ចព្រៀមព្រៀងផ្នែកព្រៃឈើ និងការប្រើប្រាស់ដី។
ស្របជាមួយគ្នានេះ ក្រុមអ្នកការពារបរិស្ថានបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយថារដ្ឋាភិបាលកម្ពុជាមិនបានគោរពតាមគោលការណ៍ និងការអនុវត្តការសន្យារបស់ខ្លួនចំពោះសហគមន៍អន្តរជាតិលើបញ្ហាបរិស្ថាន ដោយបានលើកឡើងពីការកាប់ឈើធ្វើអាជីវកម្ម និងការទន្ទ្រានដីព្រៃសាធារណៈ និងដីក្នុងតំបន់ការពារជាដើម។
សេចក្តីថ្លែងការណ៍រួម ចេញផ្សាយកាលពីថ្ងៃពុធ ក្រុមអ្នកការពារបរិស្ថាន អង្គការ និងសមាគមប្រមាណ២០ លើកឡើងថា រដ្ឋាភិបាលកម្ពុជានិងថ្នាក់ដឹកនាំសន្និសីទអង្គការសហប្រជាជាតិស្តីការប្រែប្រួលអាកាសធាតុលើកទី២៦ (Cop26) មិនអាចសម្រេចការប្តេជ្ញាចិត្ត និងគោលដៅរបស់ពួកគេបានឡើយ ប្រសិនបើការធ្លាក់ចុះនៃលម្ហពលរដ្ឋ ការធ្វើទុក្ខបុកម្នេញក្រុមសកម្មជនបរិស្ថាន និងការធានាដល់សិទ្ធិក្នុងការចូលរួមការពារបរិស្ថាន និងធនធានធម្មជាតិ មិនត្រូវបានធ្វើឲ្យប្រសើរឡើង។
លោក ហេង គីមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា(CYN) ដែលបានចូលរួមក្នុងសេចក្តីថ្លែងការណ៍នេះ បានប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា ការផ្តល់ហិរញ្ញប្បទានសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាកម្ពុជាជារឿងប្រសើរមួយ ប៉ុន្តែគួរធ្វើឡើងនៅក្រោមលក្ខខណ្ឌនានា ដូចជាការតម្រូវផ្តល់សិទ្ធិសេរីភាពដល់ពលរដ្ឋ និងសហគមន៍មូលដ្ឋានក្នុងការការពារធនធានធម្មជាតិនៅក្នុងតំបន់របស់ខ្លួនជាដើម។
លោកថ្លែងថា៖«យ៉ាងណាមិញ យើងឃើញមានចំណុចខ្វះខាតមួយចំនួនដែលរដ្ឋាភិបាលកម្ពុជាកំពុងតែប្រព្រឹត្តឡើងនៅក្នុងបរិបទបរិស្ថាននេះដូចជា ការរឹតត្បិតសេរីភាពសហគមន៍មូលដ្ឋាន មិនឲ្យបណ្តាសហគមន៍មូលដ្ឋាន ឬក៏សកម្មជន ឬក៏ប្រជាពលរដ្ឋដែលគាត់ចង់ចូលក្នុងនៅក្នុងការការពារធម្មជាតិហ្នឹង អាចចូលទៅចូលរួមការពារធនធានធម្មជាតិបានបាទ»។
កាលពីថ្ងៃពុធ ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំកម្ពុជា អ្នកស្រី Tina Redshaw បានបង្ហោះសារនៅលើបណ្តាញសង្គមTwitter ជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលក្នុងន័យដើមថា៖
«នៅពេលដែលគោលដៅជាតិក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ (NDC) របស់កម្ពុជាមានភាពប្រសើរឡើងពីការប្តេជ្ញាពីមុនមករបស់ខ្លួន កាលពីពេលមុនមក នេះនៅតែជាការខាតបង់ឱកាសមួយ ដើម្បីបង្ហាញភាពជាអ្នកដឹកនាំ និងមហិច្ឆតា នៅមុនការកាន់តំណែងជាប្រធានអាស៊ាន»។
កម្ពុជានឹងធ្វើជាប្រធានអាស៊ានប្តូរវេន ចាប់ពីដើមឆ្នាំ២០២២ខាងមុខ។
នៅក្នុងសារតាមបណ្តាញសង្គម Twitter មួយទៀតនៅថ្ងៃដូចគ្នានេះ អ្នកស្រី Tina Redshaw បានលើកឡើងក្នុងសំណេរដើម និងត្រូវបានប្រែសម្រួលថា៖
«ខ្ញុំមានភាពអស់សង្ឃឹមនឹងកង្វះខាតការកំណត់ការបញ្ចេញកាបូនក្នុងកម្រិតសូន្យ និងការប្តេជ្ញាលើសេចក្តីប្រកាសផ្សេងៗពីព្រៃឈើ និងការប្រើប្រាស់ដី។ ប្រទេសអភិវឌ្ឍន៍ត្រូវតែពង្រឹងការផ្តល់ហិរញ្ញប្បទាន ប៉ុន្តែត្រូវតម្រូវឲ្យមានការប្តេជ្ញាច្បាស់លាស់ដើម្បីផ្លាស់ប្តូរសកម្មភាពផ្សេងៗដែលមិនមានលក្ខណៈប្រកបដោយចីរភាព»។
លោក ហែម ឧត្តម អ្នកជំនាញឯករាជ្យផ្នែកបរិស្ថាន ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថាការស្នើសុំហិរញ្ញប្បទានបន្ថែមណាមួយ គួរតែស្របជាមួយសមិទ្ធផលដែលសម្រេចបាន។ ហើយក្នុងបរិបទនេះ លោកជំរុញឲ្យកម្ពុជាថ្លឹងថ្លែងពីកិច្ចប្រឹងប្រែងកន្លងមក ទៅនឹងការប្តេជ្ញាចិត្តរបស់ខ្លួន ជាពិសេសពាក់ព័ន្ធនឹងការការពារព្រៃឈើ ការប្រើប្រាស់ដីធ្លី និងការសាងសង់រោងចក្រថាមពលធ្យូងថ្មជាដើម។
លោកថ្លែងថា៖ «អ៊ីចឹងវាឆ្លុះបញ្ចាំងពីអ្វីដែលយើងសម្រេចបាន និងអ្វីដែលយើងប្តេជ្ញាតទៅមុខ។ អ៊ីចឹងបើសិនយើងអត់មានចូលរួមនៅក្នុងការប្តេជ្ញាចិត្តជាសាកលជាមួយគេផង ហើយយើងស្នើសុំហិរញ្ញប្បទានបន្ថែមពីគេទៀត។ ខ្ញុំមិនដឹងថា តើការស្នើសុំនោះបាន ឬអត់ទេ ឬក៏វាចំណាយពេលយូរ ឬក៏បានតាមអ្វីដែលយើងស្នើសុំគេឬអត់ទេណា»។
លោកក៏បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាគោរពដាក់ចេញនិងគោរពតាមគោលនយោបាយ និងការប្តេជ្ញាចិត្តនានាស្តីពីបរិស្ថាន ការចូលរួមជាមួយសហគមន៍តាមមូលដ្ឋាន និងសង្គមស៊ីវិលក្នុងកិច្ចការពារបរិស្ថាន ក៏ដូចជាការយកគំរូតាមប្រទេសជិតខាងចំពោះវិស័យថាមពលកកើតឡើងវិញផងដែរ។
កាលពីថ្ងៃពុធ លោក សាយ សំអាល់ ក៏បានលើកឡើងពីចំណាត់ការផ្សេងៗ ដែលកម្ពុជាបានធ្វើ ដើម្បីការពារបរិស្ថាន រួមមានកម្ពុជាលែងបង្កើតរោងចក្រថ្មីក្នុងការផលិតអគ្គិសនីពីធ្យូងថ្ម និងការស្ថាបនាទំនប់វារីអគ្គិសនីលើដងទន្លេមេគង្គ ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។
ប៉ុន្តែកម្ពុជាកំពុងមានគម្រោងរោងចក្រធ្យូងថ្មចំនួន៣ ដែលកំពុងសាងសង់ និងអាចផ្គត់ផ្គង់អគ្គិសនីបានប្រមាណ១.៦០០មេហ្គាវ៉ាត់។
រដ្ឋមន្ត្រីក្រសួងបរិស្ថានក៏បានកត់សម្គាល់ថា កម្ពុជាបង្កើតកញ្ចប់ថវិកាលើការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសច្រើនជាងមុនបីដងក្នុងរយៈពេល៥ឆ្នាំកន្លងមក ដោយសម្រេចបាន២%នៃផលិតផលក្នុងស្រុកសរុប។ លោកបន្តថា កម្ពុជាក៏បានដាក់ប្រតិបត្តិការគម្រោងផលិតអគ្គិសនីពីថាមពលព្រះអាទិត្យចំនួន៤០០មេហ្គាវ៉ាត់ផងដែរ ដែលអាចផ្គត់ផ្គង់១៥%នៃថាមពលប្រើប្រាស់ក្នុងស្រុក។
លោក សាយ សំអាល់ ឲ្យដឹងទៀតថា កម្ពុជាបានធ្វើបច្ចុប្បន្នភាពគោលដៅជាតិក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដោយដាក់គោលដៅលើការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត៤២%នៅត្រឹមឆ្នាំ ២០៣០។ លោកបន្ថែមថា កម្ពុជាកំពុង«អភិវឌ្ឍយុទ្ធសាស្ត្រអព្យាក្រឹតភាពកាបូនរយៈពេលវែង» ដែលមានគោលដៅលើកកម្ពស់កម្រិតកាបូនទាប ការងើបឡើងវិញ និងកំណើនសេដ្ឋកិច្ចដែលមានលក្ខណៈរួមបញ្ចូលមួយ៕