អាជ្ញាធរខណ្ឌ៧មករានៃរាជធានីភ្នំពេញបានទុកពេលបន្ថែមទៀតឲ្យប្រជាពលរដ្ឋ ដែលរស់នៅក្នុងសហគមន៍បុរីកីឡាហើយជាប់គាំងក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃជាមួយក្រុមហ៊ុនឯកជន រើលំនៅដ្ឋានរបស់ពួកគេ បន្ទាប់ពីឱសានវាទចាស់របស់សាលារាជធានីភ្នំពេញបានកន្លងផុតទៅបីថ្ងៃមកហើយ។ នេះបើតាមការបញ្ជាក់ពីតំណាងប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍បុរីកីឡា។
កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ អភិបាលរងរាជធានីលោក មាន ចាន់យ៉ាដា បានចេញសេចក្តីជូនដំណឹងមួយដែលបានបញ្ជាក់ឲ្យដឹងថា ប្រជាពលរដ្ឋជាង៩០ភាគរយ ដែលពាក់ព័ន្ធនឹងជម្លោះជាមួយក្រុមហ៊ុន ផានអ៊ីម៉ិច បានយល់ព្រមទទួលយកសំណងពីក្រុមហ៊ុននិងចាកចេញ ក៏ប៉ុន្តែមានគ្រួសារមួយចំនួនតូច ដែលមិនទាន់អញ្ជើញមកទទួលសំណង។ អភិបាលរងរាជធានីរូបនេះបានក្រើនរំឭកដល់ប្រជាពលរដ្ឋឲ្យចាកចេញពីលំនៅដ្ឋានរបស់ពួកគេ គឺចេញពីទីតាំងមានទំនាស់ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០១៧ ជាកំហិត ជាមួយនឹងសំណងគោលនយោបាយ។
ក្នុងសេចក្តីជូនដំណឹងដដែល លោក មាន ចាន់យ៉ាដា បានឲ្យដឹងថា បើផុតកំណត់រយៈពេលខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងអនុវត្តវិធានការរដ្ឋបាល និងយន្តការតុលាការ ដោយមិនទទួលខុសត្រូវចំពោះការបាត់បង់ផលប្រយោជន៍ និងបញ្ឈប់រាល់ដំណោះស្រាយ ដោយចាត់ទុកថា បងប្អូនប្រជាពលរដ្ឋដែលនៅសេសសល់បានបោះបង់ សិទ្ធិក្នុងការទទួលយកសំណងគោលនយោបាយរបស់ខ្លួន។
អ្នកស្រី ស ស៊ន វ័យ ៥៨ ឆ្នាំ តំណាងប្រជាពលរដ្ឋចំនួន១១គ្រួសារ ដែលបដិសេធមិនព្រមចាកចេញ ពីទីកន្លែងរស់នៅចាស់ក្នុងសហគមន៍បុរីកីឡា បានប្រាប់ VOA នៅរសៀលថ្ងៃអង្គារនេះថា អភិបាលរងខណ្ឌ៧មករាមួយរូប បានប្រាប់ក្រុមប្រជាពលរដ្ឋថា កាលកំណត់របស់សាលារាជធានីបានផុតទៅហើយ ដូច្នេះសាលាខណ្ឌទុកពេលឲ្យពីរសប្តាហ៍ទៀត ឲ្យពលរដ្ឋមកទទួលសំណងគោលនយោបាយ។ តំណាងប្រជាពលរដ្ឋរូបនេះថ្លែងថា ប្រជាពលរដ្ឋចង់បានតែផ្ទះនៅក្នុងសហគមន៍បុរីកីឡាដដែល ដូចការសន្យារបស់ក្រុមហ៊ុនផានអ៊ីម៉ិច តែអាជ្ញាធរបានលើកឡើងថា ប្រជាពលរដ្ឋត្រូវតែចាកចេញ ហើយមិនអាចនិយាយរឿងការសង់ផ្ទះទៀតបានឡើយ។
«ពួកខ្ញុំថា ចង់បានតែផ្ទះនៅបុរីកីឡាទេ ហើយក្រុមហ៊ុនសង់១០អគារ ក្រុមហ៊ុនសង់បានតែ៨អគារ។ អីចឹង ម៉េចបានជាក្រុមហ៊ុនចេះតែត្រូវរហូត ពួកខ្ញុំចេះតែឲ្យខុស? ថា ខ្វះនេះ ខ្វះនោះ លក្ខណៈសម្បតិ្តអញ្ចេះអញ្ចុះ? គាត់ថា មិនបាច់និយាយរឿង១០អគារអីទេ និយាយតែពីរឿងដែលយើងទៅយកគោលការណ៍ទៅបានហើយ។ គេលែងឲ្យនិយាយហើយ។ ហើយចេញទៅវិញ កុំឲ្យនិយាយថា គេឈូសអគារអី។ គេរំលំអគារអី។ គេអត់ទេ។ ប៉ុន្តែគេត្រូវធ្វើផ្លូវ។ បើគេធ្វើផ្លូវប៉ះអគារ គេវាយហើយ ហើយយើងកុំតវ៉ា។ បើយើងតវ៉ា គេប្តឹងពួកយើងទៅតុលាការហើយ។ ម្សិលមិញម៉ោង៣ គេចុះមកវាស់ផ្លូវមែន»។
គោលនយោបាយសំណងសម្រាប់ទំនាស់ដីធ្លី និងផ្ទះសម្បែងរបស់ប្រជាសហគមន៍បុរីកីឡាមានចាប់ពី៣.០០០ដុល្លារទៅ៥.០០០ដុល្លារ ឬផ្ទះល្វែងតូចមួយនៅភូមិអណ្ដូង ភ្នំបាត និងភូមិសំបុកចាប ស្ថិតនៅជាយរាជធានីភ្នំពេញ។
ក្រៅពីនេះ កាលពីពេលកន្លងមក មានការចាប់ឆ្នោតដើម្បីដោះស្រាយទំនាស់រវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ។ គ្រួសារខ្លះចាប់ឆ្នោតបានផ្ទះល្វែងនៅបុរីកីឡា ដោយតម្រូវតាមចំនួនបន្ទប់ដែលនៅសល់នៅអគារទី៨ ហើយនៅជាន់លើគេ។ ក្រុមហ៊ុនផានអ៊ីម៉ិចរបស់អ្នកស្រី ស៊ុយ សុផាន បានសន្យាថា នឹងសាងសង់អគារចំនួន១០នៅនឹងកន្លែងសម្រាប់ជាសំណង ប៉ុន្តែអ្នកស្រីសង់បានតែចំនួន៨អគារប៉ុណ្ណោះ ក៏ប្រកាសក្ស័យធន។
អ្នកស្រី ស ស៊ន បានបញ្ជាក់ឲ្យដឹងបន្តថា ប្រជាពលរដ្ឋ ដែលបដិសេធមិនយកផ្ទះទំហំទទឹងបួនម៉ែត្រ និងបណ្តោយ៥ម៉ែត្រនៅភូមិអណ្តូង ទទូចសុំឲ្យបានផ្ទះនៅក្នុងសហគមន៍បុរីកីឡា ដោយហេតុថា ពួកគេមិនអាចទៅរស់នៅទីតាំងដែលមិនមានអំណោយផលខាងសេដ្ឋកិច្ច និងសង្គមបានទេ។ អ្នកស្រីមានប្រសាសន៍បន្ថែមថា ប្រជាពលរដ្ឋនឹងនៅប្រឈមមុខជាមួយអាជ្ញាធរ ពេលដែលកាលកំណត់ថ្មីនៃការរើចេញពីលំនៅដ្ឋានចូលមកដល់។
«ពួកមីងប្តេជ្ញាទាំងអស់គ្នាថា នឹងប្រឈមមុខ ព្រោះអីពួកមីងអត់អាចយកអ្វីដែលជាសំណងតិចតួចហើយបង្ខិតបង្ខំពួកមីងឲ្យទៅយកអីចឹងទេ ដោយសារសំអាងលើកិច្ចសន្យារបស់រដ្ឋាភិបាលដែលថា អភិវឌ្ឍនៅនឹងកន្លែង។ អីចឹង ពួកខ្ញុំអត់ចេញទេ។ ពួកខ្ញុំប្តេជ្ញាទាំងអស់គ្នាអីចឹង។ ដូចៗគ្នាចឹងថា សុខចិត្តប្រឈមមុខជាមួយនឹងតុលាការម្តងទៀត»។
មន្ត្រីសិទ្ធិមនុស្ស ដែលបានឃ្លាំមើលជម្លោះដីធ្លីដែលមានអាយុកាលច្រើនឆ្នាំមកហើយនេះ ធ្លាប់បានលើកឡើងកាលពីពេលមុនៗថា ការចរចាគួរតែមានបន្តទៀតរវាងប្រជាពលរដ្ឋ អាជ្ញាធរ និងក្រុមហ៊ុន ដើម្បីបញ្ចៀសអំពើហិង្សាណាមួយ នៅពេលដែលឱសានវាទមកដល់ ហើយប្រជាពលរដ្ឋមិនព្រមចាកចេញ។
VOA ព្យាយាមទាក់ទងសុំការអធិប្បាយពីអភិបាលខណ្ឌ៧មករាគឺលោក លឹម មុនី និងអភិបាលរង សាលារាជធានីលោកគឺមាន ចាន់យ៉ាដា តែមិនទាន់អាចទាក់ទងបានទេ។ VOA ក៏មិនអាចទទួលបានការអធិប្បាយពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានដែរ ដោយលោកបានប្រាប់ VOA ឲ្យទាក់ទងទៅអ្នកនាំពាក្យសាលារាជធានីវិញ។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានី សុំមិនធ្វើការអធិប្បាយ ដោយលោកជាប់រវល់ក្នុងកិច្ចប្រជុំមួយ។
«ខ្ញុំនៅជាប់ប្រជុំតិចណ៎ា សុំទោស ចាំទាក់ទងគ្នានៅពេលក្រោយ»។
VOA ក៏មិនទាន់អាចទាក់ទងអ្នកស្រី ស៊ុយ សុផាន ប្រធានក្រុមហ៊ុន ផានអ៊ីម៉ិចបានដែរ ដោយអ្នកលើកទូរស័ព្ទប្រាប់ថា អ្នកស្រីកំពុងស្ថិតនៅប្រទេសអង់គ្លេស។
«គាត់ទៅអង់គ្លេស។ គាត់ទៅអង់គ្លេស»។
កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១២ ក្រុមហ៊ុនផានអ៊ីម៉ិច និងអាជ្ញាធររាជធានីភ្នំពេញ បានដាក់កម្លាំងមានសមត្ថកិច្ច និងសន្តិសុខក្រុមហ៊ុនទៅឈូសឆាយផ្ទះប្រជាពលរដ្ឋនៅតំបន់បុរីកីឡាចំនួន៣៨៧គ្រួសារ។ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួននៅបន្តរស់នៅទីនោះ ក្នុងអគារចាស់ៗដែលគេទុកឲ្យនៅទំនេរចោល។
ក្នុងចំណោមប្រជាពលរដ្ឋបុរីកីឡាជាច្រើនគ្រួសារដែលមិនទាន់ទទួលសំណងនោះ មានមួយចំនួនកំពុងរស់នៅលើគំនរសំរាម ហាលថ្ងៃ ហាលភ្លៀង និងក្រោមជណ្ដើរអគារចាស់ៗនៅបុរីកីឡា ដើម្បីទាមទារឲ្យក្រុមហ៊ុន ផានអ៊ីម៉ិច សង់អគារស្នាក់នៅពីរបន្ថែមទៀតទៅតាមកិច្ចសន្យាដែលក្រុមហ៊ុននេះបានព្រមព្រៀងជាមួយរដ្ឋាភិបាល។
អ្នកស្រី ស ស៊ន តំណាងប្រជាពលរដ្ឋបានឲ្យដឹងថា ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមួយចំនួននៅទីនោះក៏កំពុងធ្លាក់ចុះដុនដាបខ្លាំងផងដែរ៕