ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​រស់នៅ​ក្នុង​អគារ​ប៊ូល​ឌិញ​បារម្ភ​ ក្រោយ​ពី​មន្ត្រី​ពិនិត្យ​អគារ


 រូបឯកសារ៖ ទិដ្ឋភាព​ជា​ទូទៅ​នៃ​អគារ​ប៊ូលឌីង​និង​អ្នក​រស់​នៅ​ក្នុង​អគារ​ប៊ូលឌីង​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​សុក្រ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៤។ (នូវ ពៅលក្ខិណា/VOA)
រូបឯកសារ៖ ទិដ្ឋភាព​ជា​ទូទៅ​នៃ​អគារ​ប៊ូលឌីង​និង​អ្នក​រស់​នៅ​ក្នុង​អគារ​ប៊ូលឌីង​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​សុក្រ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៤។ (នូវ ពៅលក្ខិណា/VOA)

ខណៈ​ដែល​ក្រុម​មន្ត្រី​នៃ​ក្រសួង​រៀបចំ​ដែន​ដី​នគរ​រូបនីយកម្ម​ និង​សំណង់​បាន​ចុះ​ទៅ​ពិនិត្យ​ អគារ​ប៊ូល​ឌីល​ ឬ​ អគារ​ស​ (White Building)​ នោះ​ ប្រជា​ពលរដ្ឋ​ប្រកាន់​ជំហរ​មិនព្រម​ចាក​ចេញ​ពី​អគារ​ដ៏​ចំណាស់​នេះ​ទេ​ ប្រសិន​បើ​មិនមាន​ការ​ផ្តល់​សំណង​សម​ស្រប។

បន្ទាប់ពី​មាន​ភាព​ស្ងប់ស្ងាត់​នៃ​ការ​ជូន​ដំណឹង​ឲ្យ​ប្រជា​ពលរដ្ឋ​ចាកចេញ​ពី​អគារ​ប៊ូលឌិញ​ជា​បណ្តោះ​អាសន្ន​ ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​បាន​ចុះ​ទៅ​ពិនិត្យ​អគារ​នេះ​ឡើង​វិញ។ អ្នក​ការពារ​សិទ្ធិ​លំនៅ​ដ្ឋាន​មាន​ទុទិដ្ឋិ​និយម​ថា​ អគារ​នេះ​នឹង​មិន​ស្ថិត​នៅ​យូរ​បាន​ទេ។​

ខណៈ​ដែល​ក្រុម​មន្ត្រី​នៃ​ក្រសួង​រៀបចំ​ដែន​ដី​នគរ​រូបនីយកម្ម​ និង​សំណង់​បាន​ចុះ​ទៅ​ពិនិត្យ​ អគារ​ប៊ូល​ឌីល​ ឬ​ អគារ​ស​ (White Building)​ នោះ​ ប្រជា​ពលរដ្ឋ​ប្រកាន់​ជំហរ​មិនព្រម​ចាក​ចេញ​ពី​អគារ​ដ៏​ចំណាស់​នេះ​ទេ​ ប្រសិន​បើ​មិនមាន​ការ​ផ្តល់​សំណង​សម​ស្រប។​

លោក ​សេង​ ឡូត​ អ្នក​នាំពាក្យ​ក្រសួង​រៀប​ចំដែន​ដី​ នគរ​រូបនីយកម្ម​ និង​សំណង់​ បាន​ប្រាប់​ VOA ​នៅ​ថ្ងៃ​សុក្រនេះ​ថា​ ក្រុម​មន្ត្រី​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និង​សំណង់​ បាន​ទៅ​ពិនិត្យ​សំណង់​អគារប៊ូល​ឌិញ​នេះ តែ​លោក​មិន​ទាន់​អាច​បញ្ជាក់​ពី​មូលហេតុ​នៅ​ពីក្រោយ​ការ​ពិនិត្យ​អគារ​នេះ​ទេ។ លោក​គ្រាន់​តែ​បញ្ជាក់ពី​ក្តី​បារម្ភ​របស់​ក្រសួង​ចំពោះ​សភាព​ចាស់​ទ្រុឌទ្រោម​នៃ​អគារ​នេះ។ លោក​និយាយ​ថា៖​

«យើង​មាន​ការ​ព្រួយ​បារម្ភ​ ទីមួយ​ទៅលើ​សុវត្ថិភាព​ ដោយសារ​ទី១ ជា​វា​អគារ​ចាស់​ដែល​ទ្រុឌទ្រោម​ ហើយ​ទី២​បញ្ហា​សោភណ្ឌ​ភាព​រាជធានី​ភ្នំពេញ​ ក៏មិន​សូវ​សមស្រប​ក្នុង​សម័យកាល​ដែល​ការ​អភិវឌ្ឍ​ឈាន​ឡើង​របស់​រាជធានី​ភ្នំពេញ​ ក៏ដូច​ជា​ប្រទេស​កម្ពុជា​យើង​ កំពុង​តែ​ងើប​ឡើង​ខ្លំាង​ ហើយ​សោភណ្ឌ​ភាព​ផ្នែក​សំណង់​ហ្នឹង​ក៏​មាន​ទំនើបៗ​ អញ្ចឹង​អគារ​ហ្នឹង​ឃើញ​ថា​ សោភណ្ឌ​ភាព​ហ្នឹង​មិន​អាច​ទទួល​យក​បាន​សមស្រប​ទេ»។​

រូបឯកសារ៖ អគារ​ប៊ូលឌិញ​មើល​ពី​ផ្នែក​ខាងក្រោយ​កាល​ពី​ថ្ងៃ​សុក្រ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៤។ (នូវ ពៅលក្ខិណា/VOA)
រូបឯកសារ៖ អគារ​ប៊ូលឌិញ​មើល​ពី​ផ្នែក​ខាងក្រោយ​កាល​ពី​ថ្ងៃ​សុក្រ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៤។ (នូវ ពៅលក្ខិណា/VOA)

លោក ​សេង​ ឡូត ​បន្ត​ថា​ រដ្ឋាភិបាល​មាន​ការ​បារម្ភ​ផងដែរ ​ចំពោះ​បញ្ហា​បរិស្ថាន​នៅ​ក្នុង​អគារ​ដែល​សង់​ឡើង​ក្រោយ​សម័យ​អាណានិគម​និយម​បារាំង​មួយ​នេះ។

«ចំណុច​ទី៣ បញ្ហា​បរិស្ថាន​នៃ​ការ​រស់នៅ​ក្នុង​ហ្នឹង។​ អនាម័យ​ បរិស្ថាន​ គ្រប់​បែប​យ៉ាង​ឃើញ​ថា​ មិន​ល្អ​ មិន​សម​ស្រប។​ ដូច្នេះ​ក្រសួង​ពិនិត្យ​ឃើញ​ ហើយ​មាន​ការ​គិត​ថា​ ត្រូវ​រៀបចំ​តាម​បែប​ណាមួយ​ ដោយ​មិន​ទាន់​កំណត់​ច្បាស់​ថា​ ធ្វើ​បែប​ណា​ទេ​ ដើម្បី​ដោះស្រាយ​ចំណុច​ខាង​លើ​អម្បាញ់​មិញ»។​

លោក​ សេង​ ឡូត មិន​ផ្តល់​ការ​អធិប្បាយ​ចំពោះ​សំណួរ​ទាក់ទិន​នឹង​ផែនការ​កែលម្អ​ ឬ​ក៏​ការ​វាយ​អគារ​នេះ​ចោល​ ឬ​យ៉ាងណា​នោះ។​

មន្ត្រី​នៃ​សាលា​រាជធានី​ភ្នំពេញ​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​អគារ​ប៊ូលឌិញ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ជាមួយ​មន្ត្រី​នៃ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់។ នេះ​ បើ​តាម​ការ​បញ្ជាក់​ពី​លោក​ ខាត់​ ណារិទ្ធ​ ចៅ​សង្កាត់​ទន្លេ​បាសាក់។ លោក​បាន​បដិសេធ​មិន​អធិប្បាយ​បន្ថែម​លើ​គោល​បំណង​នៃ​ការ​ពនិត្យ​អគារ​នេះ​ទេ។​

បើ​តាម​ការ​បញ្ជាក់​ពី​ប្រជា​ពលរដ្ឋ​ ​ការ​ចុះ​ពិនិត្យ​អគារ​នេះ​មាន​ការ​ចូលរួម​ពី​ជន​បរទេស​មួយ​ចំនួន​ផង​ដែរ។​

កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៥ អាជ្ញាធរ​ក្នុង​សង្កាត់​ទនេ្លបាសាក់​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ប្រាប់​ទៅ​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​អគារ​ដែល​បន្សល់​ទុក​តាំង​ពី​ទសវត្ស​១៩៦០​ថា​ អគារ​ប៊ូល​ឌិញ​នេះ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​គួរ​ឲ្យ​ព្រួយ​បារម្ភ។​ អាជ្ញាធរ​ក៏​បាន​ឲ្យដឹង​បន្ថែម​ថា​ ដើម្បី​ជៀស​វាង​គ្រោះ​ថ្នាក់​ជាយថាហេតុ ដែល​អាច​កើត​មាន​ដោយសារ​ការ​បាក់​ស្រុត​រលំនៃ​អគារនេះ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​អគារ​ ត្រូវ​រក្សា​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ក្នុងការ​រស់​នៅរបស់​ខ្លួន​ ឬ​ចាក​ចេញ​ពី​អគារនេះ​ជា​បណ្តោះ​អាសន្ន។​ ​

ទោះ​បី​ជាមាន​ការ​ព្រមាន​បែបនេះ​ក្តី ​ប្រជា​ពលរដ្ឋ​រស់នៅ​ទីនោះ​ភាគច្រើន​មិន​បាន​រើ​ចាក​ចេញ​ពី​អគារ​នេះ​ទេ។ ​លោក​ ឯល នី​ វ័យ​៦៣ឆ្នាំ​ រស់នៅ​ក្នុង​បន្ទប់​មួយ​នៃ​អគារ​នេះ​ បាន​ប្រាប់ VOA ​ថា​ លោក​មិន​អាច​ចាកចេញ​ ឬ​ក៏​ទទួល​ការ​ដោះ​ដូរ​ផ្ទះ​នោះ​ឡើយ ហើយ​ថា​ ប្រសិន​បើ​ចង់​ឲ្យ​មាន​ការ​ចាក​ចេញ​ រដ្ឋាភិបាល​ត្រូវ​ធ្វើ​ការ​សម្រប​សម្រួល​ផ្តល់​សំណង​ឲ្យ​សមរម្យ​សម្រាប់​ការ​រើ​ចេញ។

«ខ្ញុំ​អត់​ចង់​ឲ្យ​ដោះ​ដូរ ខ្ញុំ​ចង់​នៅតែ​កន្លែង​ហ្នឹង​តែ​ម្តង​ ព្រោះ​កន្លែង​ហ្នឹង​ខ្ញុំ​ធ្លាប់​នៅ​៣០​ឆ្នាំ​ជាង​ហើយ។​ ខ្ញុំដឹង។​ ហើយ​ម្យ៉ាង​ខ្ញុំ​ រកស៊ី​ ចិញ្ចឹម​កូន ​ចិញ្ចឹម​ចៅ​ កំប៉ិក​កំប៉ុក​នៅ​ក្បែរ​ ជិត​ផ្ទះ។​ អញ្ចឹង​បាន​ជា​ដល់​ពេល​ទៅ​ឆ្ងាយ​ទៅ​វា​ពិបាក»។​

លោក​ ឯល​ នី​ មិន​អាច​ឲ្យ​ដឹង​ពី​ហេតុផល​នៃ​ការ​ចុះ​មក​ពិនិត្យ​អគារ​ប៊ូលឌិញ ដោយ​ក្រុម​មន្ត្រី​រដ្ឋ​អំណាច​នោះ​ទេ​ តែ​ប្រជា​ពលរដ្ឋ​ និង​រូប​លោក​នឹង​សាទរ​ ប្រសិន​បើ​ការ​ចុះ​ពិនិត្យនេះ​មាន​បំណង​សិក្សា​រក​វិធី​ជួសជុល​អគារនេះ​ឡើង​វិញ​នោះ។

(ចុចមើល​កម្រង​រូបភាព​នៃ​អគារប៊ូលឌិញ និង​ប្រជាពលរដ្ឋរស់នៅ​ក្នុង​អគារ​ទាំង​នេះ)

ប្រជា​ពលរដ្ឋ​រស់នៅ​អគារស​នេះ​មួយ​រូបទៀត​គឺ​អ្នកស្រី​ ចាន់ នឿន​ វ័យ​៤៦​ឆ្នាំ​ បាន​ប្រាប់​ VOA​ ថា​ ក្រុម​គ្រួសារ​របស់អ្នកស្រី​ក៏​មិន​ចង់​បាន​ការ​ផ្លាស់​ប្តូរ​ទី​លំនៅ​ ទៅកាន់​ទីតាំង​ថ្មី​នោះ​ដែរ។​ អ្នក​ស្រី​និយាយ​ថា ​រដ្ឋាភិបាល​ត្រូវ​ពិចារណា​លើការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង។​

«ចិត្ត​ខ្ញុំ​ បើ​សិនជា​លោក ជា សុផារ៉ា​ [រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី]​ គាត់​មានការ​ចង់​អភិវឌ្ឍ​ ទឹក​ដី​ប៊ូលឌិញ​ហ្នឹង​ អគារ​ប៊ូលឌិញ​ហ្នឹង​ឲ្យ​បានល្អ​ សមរម្យ​ជាង​នេះ​ទៅ​ទៀត​ ខ្ញុំ​មាន​ការ​សប្បាយ​ចិត្ត​ច្រើន​ ព្រោះ​អី​ខ្ញុំមិនចង់​ចេញ​ទៅណា​ឆ្ងាយ​ពី​ទឹកដី​កន្លែង​ហ្នឹង​ទេ​ ព្រោះ​កន្លែង​ហ្នឹង​ ​ខ្ញុំ​ធ្លាប់​រស់​នៅ​ សាលារៀន​កូន​ក៏ជិត​ ទីផ្សារ​ក៏ជិត​អញ្ចឹង​ណ៎ា»។

លោក​ ព្រុំ​ សំខាន់​ ​អភិបាល​ខណ្ឌ​ចំការមន​ បាន​សុំ​មិន​ធ្វើការ​អធិប្បាយ​លើ​ការ​ចុះ​ទៅ​ពិនិត្យ​អគារ​នេះ​ទេ។

អ្នក​ជំនាញ​អង្គការ​យូណេស្កូ​ ធ្លាប់​បាន​បញ្ជាក់​កាល​ពីពេល​កន្លង​មក​ថា​ អង្គការ​យូណេស្កូ​បាន​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​រក្សា​ទុក​នូវ​អគារ​ដែល​មាន​លក្ខណៈ​ជា​ប្រវត្តិ​សាស្ត្រ​ដ៏​មាន​សារៈសំខាន់​មួយ​នេះ។​ អង្គការ​ការពារ​សិទ្ធិ​លំនៅដ្ឋាន​ក្នុង​ស្រុក​មួយ​ឈ្មោះ​ សមាគម​ធាង​ត្នោត​ ក៏​បាន​បើក​យុទ្ធនាការ​ដើម្បី​ជួសជុល​ និង​ថែទាំ​អគារ​នេះ​ផង​ដែរ។​

លោក​ សៀ ភារម្យ​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន បានប្រាប់​ VOA​ ថា​ លោក​មិន​ទាន់​ប្រាកដ​ថា​ ការ​ចុះ​ទៅ​ពិនិត្យ​អគារ​នេះ​នឹង​ផ្តល់​លទ្ធផល​យ៉ាង​ណា​ដល់​ប្រជា​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​ទី​នោះ​ទេ។ លោក​និយាយ​ថា​ ប្រសិន​បើ​រដ្ឋាភិបាល​មាន​បំណង​អភិ​វឌ្ឍ​តំបន់​ប៊ូលឌិញ​មែន​នោះ​ ការ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​រវាង​ពលរដ្ឋ​ និង​រដ្ឋ​អំណាច​ត្រូវ​តែ​រៀប​ចំឡើង​ ដើម្បី​បញ្ចៀ​ស​វិវាទ​ ឬ​ការ​បាត់បង់​ផ្ទះសម្បែង ​ដូច​ដែល​ធ្លាប់​កើត​មាន​ឡើង​កន្លងមក​ នៅ​ក្នុង​សហគមន៍​បុរីកីឡា​ជាដើម។

យ៉ាងណា​ក៏​ដោយ​ ​លោក​យល់​ថា​ អគារ​ប៊ូលឌិញ​នេះ​នឹង​មិនអាច​ស្ថិត​នៅ​បាន​យូរ​អង្វែង​ឡើយ​ ដោយ​ហេតុថា​ រដ្ឋាភិបាល​នឹង​ផ្តល់​តម្លៃ​លើ​ការ​អភិឌ្ឍថ្មីៗ​ ប្រសើរ​ជាង​រក្សា​ទុក​សមិទ្ធិផល​របស់​អ្នក​គ្រប់គ្រង​ប្រទេស​ជំនាន់​មុន។​

បើតាម​ការ​បញ្ជាក់​ពី​ប្រជា​ពលរដ្ឋ​ កាលពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១៦​ ​អាជ្ញាធរ​បាន​នាំ​យក​ពួក​គេ​ទៅ​ពិនិត្យ​មើល​ផ្ទះ​សង់​ថ្មី​ ដែល​ស្ថិត​នៅ​ត្រើយ​ម្ខាង​នៃ​រាជធានី​ភ្នំពេញ។ សំណង់​ផ្ទះ​ដែល​បាន​សង់​នៅ​ក្នុង​តំបន់​ជ្រោយ​ចង្វា​ ត្រូវ​ក្រុម​ប្រជា​ពលរដ្ឋ​រៀបរាប់​ថា​ មាន​លក្ខណៈ​តូច​ចង្អៀត​ និង​មិន​អាច​ប្រកប​របរ​ចិញ្ចឹម​ជីវិត​បាន​ទេ៕

XS
SM
MD
LG