ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រតិភូ​កម្ពុជា​ប្រចាំ​អ.ស.ប.​ប្រកាស​​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា


ឯកសារ៖ ​ស្លាកសញ្ញា​​នៅ​ពី​មុខ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ប្រទេស​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​នៅ​ទី​ក្រុង​ញូវយ៉ក​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៧។ (VOA)
ឯកសារ៖ ​ស្លាកសញ្ញា​​នៅ​ពី​មុខ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ប្រទេស​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​នៅ​ទី​ក្រុង​ញូវយ៉ក​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៧។ (VOA)

ក្នុង​ប្រតិកម្ម​ប្រឆាំង​នឹង​ការ​ពិភាក្សា​​នៅ​អ.ស.ប.​​​អំពី​ដំណើរ​វិវត្ត​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ ប្រតិភូ​កម្ពុជា​ប្រចាំ​អង្គការ​ពិភពលោក​នេះ​និយាយ​ការពារ​​រដ្ឋាភិបាល​ ដោយ​លើក​ថា ​លទ្ធិ​ប្រជាធិបតេយ្យ​​មាន​នៅ​កម្ពុជា។

ឆ្លើយ​តប​នឹង​គម្រោងពិភាក្សា​របស់​សហ​រដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​នៅ​អង្គការ​សហប្រជាជាតិ​(អ.ស.ប.)អំពី​ស្ថានភាព​លទ្ធិ​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ​ ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ​នេះ ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ប្រទេស​កម្ពុជា​ប្រចាំ​អ.ស.ប.​បាន​ប្រកាស​តវ៉ា​យ៉ាង​ខ្លាំង​ក្លា​ប្រឆាំង​នឹង​ការ​ពិភាក្សា​នេះ​ ដោយ​បាន​ចោទ​ប្រកាន់​ថា ការ​ពិភាក្សា​នេះមាន​ចរិត​នយោបាយ​ និង​បង្ក​ការ​ភាន់​ច្រឡំ។​ ​នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ប្រតិភូ​កម្ពុជា​ប្រចាំ​អ.ស.ប.​ដែល​ VOA​ ​ទទួល​បាន​នៅ​ថ្ងៃ​អង្គារ​នេះ។​

ស្ថាន​បេសកកម្ម​ស.រ.អា.​និង​សហភាព​អឺរ៉ុប​ប្រចាំ​អ.ស.ប.​គ្រោង​រៀបចំ​កិច្ច​ប្រជុំ​ពិភាក្សា​អំពី​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ពេល​ដែល​គណបក្ស​ជំទាស់​ត្រូវ​រំលាយ​ ​មេ​ដឹកនាំ​ត្រូវ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ ហើយ​មន្ត្រី​មួយ​ចំនួន​កំពុង​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨។​ ​វេទិកា​នេះ​កើត​ឡើង​ចំ​ពេល​ដែល​លោក​អគ្គលេខាធិការ​អ.ស.ប.​មាន​ក្តី​បារម្ភ​ចំពោះ​ស្ថាន​ការណ៍​កម្ពុជា​ ​ជាពិសេស​ទៅ​លើ​លំហ​ប្រជាធិបតេយ្យ​មុន​ការ​បោះឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ធ្លាប់​រង​ការ​ដាក់​អាសនៈ​នៅ​អ.ស.ប.​ឲ្យ​នៅ​ទំនេរ​ ​កាលពី​ឆ្នាំ​១៩៩៧​ម្តង​ហើយ។

សេចក្តី​ថ្លែង​ការណ៍​ចុះ​ថ្ងៃ​ទី​១៨​ ​ខែ​ធ្នូរបស់​ប្រតិភូកម្ពុជា​ប្រចាំ​អ.ស.ប.​ស្ថិត​ក្នុង​ទីក្រុង​ញូវយ៉ក​សហរដ្ឋ​អាមេរិក​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ​សូម​ធ្វើ​ការ​តវ៉ា​យ៉ាង​ខ្លាំងក្លា​ប្រឆាំង​នឹង​ការ​ពិភាក្សា​បែប​នេះ​ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​ហេតុ​ផល​នយោបាយ​ ​និង​មាន​ចេតនា​យ៉ាង​ច្បាស់​ក្នុង​ការ​បំភាន់​សាធារណៈ​មតិ​អន្តរជាតិ។ ​ស្ថាន​បេសកកម្ម​ចាត់​ទុក​ថា​ អាកប្បកិរិយា​ដ៏​ក្រអឺតក្រទម​ ​និង​គ្មាន​ការ​គោរព​បែប​នេះគឺ​ជា​ការ​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​ប្រទេស​ដទៃ​ ដូច​មាន​ចែង​ក្នុង​មាត្រា​២នៃ​ធម្មនុញ្ញ​អង្គការ​សហ​ប្រជាជាតិ»។​

ឯកសារ៖ បុគ្គលិក​ឈរ​នៅ​ពី​មុខ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ប្រទេស​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​នៅ​ទី​ក្រុង​ញូវយ៉ក​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៧។ (VOA)​
ឯកសារ៖ បុគ្គលិក​ឈរ​នៅ​ពី​មុខ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ប្រទេស​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​នៅ​ទី​ក្រុង​ញូវយ៉ក​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៧។ (VOA)​

ប្រតិភូ​កម្ពុជា​ប្រចាំ​អ.ស.ប.បាន​ថ្លែងការពារ​រាល់​វិធានការ​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​កន្លង​មក​ប្រឆាំង​នឹង​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​គឺ​លោក​ កឹម សុខា​ និង​មន្ត្រី​គណបក្ស​ប្រឆាំង​ផ្សេងៗ​ទៀត​ ​ក៏​ដូចជា​លំហ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។​

ប្រតិភូកម្ពុជា​ប្រចាំ​អ.ស.ប.បាន​សរសេរ​បញ្ជាក់​បន្ថែម​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ក្នុង​ន័យ​ដើម​ថា៖​

«បច្ចុប្បន្ន​នេះ​ មាន​គណបក្ស​នយោបាយ​ប្រមាណ​៣៥​បាន​ចុះ​បញ្ជី​ចូល​រួម​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ។​ ​ដោយ​មាន​គណបក្ស​នយោបាយ​ជាច្រើន​កំពុង​ធ្វើ​សកម្មភាព​នៅ​កម្ពុជា​ ​គេ​អាច​មើល​ឃើញ​ថា​ លំហ​ប្រជាធិបតេយ្យ​ និង​ប្រព័ន្ធ​ពហុបក្ស​កំពុង​ចាក់​ឫស​យ៉ាង​ជ្រៅ​នៅ​កម្ពុជា។​ ​រាជ​រដ្ឋាភិបាល​កម្ពុជា​មាន​ការ​ប្តេជ្ញា​ចិត្ត​ជាង​ពេល​ណាៗ​ទាំង​អស់​ក្នុង​ការ​ប្រកាន់​តាម​លទ្ធិ​ប្រជាធិបតេយ្យ ​សេរី​ពហុ​បក្ស​ ស្របតាម​ការកំណត់​របស់​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ និង​ការ​រៀបចំ​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​ នៅ​ថ្ងៃ​ទី​២៥​ ខែ​កុម្ភៈ​ និង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នៅ​ថ្ងៃទី​ ២៩​ ខែកក្កដា​ ឆ្នាំ​២០១៨​ខាងមុខនេះ​ ដោយសេរី​ យុត្តិធម៌​ និង​មាន​របៀប​រៀបរយ​ ដែល​អាច​ទទួល​យក​បាន​ដោយ​គ្រប់​ភាគី​ចូលរួម​ទាំងអស់»។ ​

វេទិកា​សាធារណៈ​មួយ​ក្នុង​បុរី​ញូវយ៉ក​ដែល​រៀបចំ​ដោយ​ស្ថាន​បេសកកម្ម​អាមេរិក​ និង​អឺរ៉ុប​ប្រចាំ​អ.ស.ប.​បាន​និយាយ​ថា​ វេទិកា​នេះ​នឹង​មាន​ការ​ពិភាក្សា​អំពី​ស្ថាន​ការណ៍​បច្ចុប្បន្ន​ក្នុង​ប្រទេស​កម្ពុជា។​ ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្តី​អំពី​វេទិកា​នេះ​បាន​បញ្ជាក់​ថា​ ដោយ​សារ​ការ​បោះឆ្នោត​ជាតិ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ធ្វើ​នៅ​ក្នុង​ខែ​កក្កដា​ឆ្នាំ​២០១៨​ ​វា​ជា​រឿង​សំខាន់​ដែល​ត្រូវ​ធានា​ថា​ សិទ្ធិ​សេរីភាព​នៃ​ការ​ជួបប្រជុំ ​សិទ្ធិ​ប្រមូល​ផ្តុំ​ជា​មូលដ្ឋាន​ ហើយ​នឹង​សេរីភាព​អ្នក​សារ​ព័ត៌មាន​ត្រូវ​បាន​គោរព ​ហើយ​ការ​ប្រកួត​ប្រជែង​ដោយ​ស្មោះត្រង់​ ​តាម​គោល​ការណ៍​ប្រជាធិបតេយ្យ​ពហុបក្ស​ត្រូវ​គេ​មើល​ឃើញ​ថា​ ​គឺ​ជា​រឿង​ដ៏​ចាំបាច់​ថា ​ត្រូវ​តែ​កើត​ឡើង។​

VOA​ ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​កញ្ញា​ ​កឹម មនោវិទ្យា​ ​អគ្គនាយក​រង​ផ្នែក​ទំនាក់​ទំនង​សាធារណៈ​របស់​គណបក្ស​សង្គ្រោះជាតិបាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។​ ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ជំទាស់​រូប​នេះនឹង​ទៅ​ផ្តល់​សក្ខីកម្ម​នៅ​ក្នុង​វេទិកា​ស្តីពី«ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា»​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​សហ​រដ្ឋ​អាមេរិកប្រចាំ​អ.ស.ប.​នៅ​ទីក្រុង​ញូវយ៉ក​ ​សហរដ្ឋ​អាមេរិក។​

លោក​ មាស នី​ អ្នក​សិក្សាស្រាវជ្រាវ​កិច្ច​អភិវឌ្ឍន៍​សង្គម​ បាន​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ បញ្ហា​កម្ពុជា​ជា​បញ្ហា​ពិសេស​ ​បើ​ធៀប​នឹង​ប្រទេស​វៀតណាម​ ​និង​ថៃ ដោយ​ហេតុ​ថា​ ប្រទេស​ក្រីក្រ​នេះ​នៅ​ជាប់​ចំណង​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ដែល​បាន​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ការ​ផ្តល់​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ចលនា​នយោបាយ​ ​និង​កិច្ច​ការ​ក្រៅ​រដ្ឋាភិបាល​ ​ដែល​ជា​ឆ្អឹង​ខ្នង​នៃ​លទ្ធិ​ប្រជាធិបតេយ្យ។​ ​លោក​មាន​ប្រសាសន៍​ថា​ ​ប្រទេស​ដែល​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ដែល​បាន​បញ្ចប់​វិវាទ​បួន​ភាគី​របស់​ខ្មែរ​នេះ​ នៅ​តែ​អាច​ធ្វើ​ការ​កោះ​ប្រជុំ​បន្ទាន់​ ​ដើម្បី​សើរើ​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

«ករណី​ជាក់លាក់​មួយ​ដែល​ខ្មែរ​យើង​គឺ​ខុសគ្នា​ពី​ប្រទេស​វៀតណាម​ ខុស​គ្នា​ពី​ប្រទេស​ថៃ​ ខុសគ្នា​ពី​ប្រទេស​ដទៃ​ទៀត​ បាទ។​ អីចឹង​ នៅ​ពេល​ដែល​យើង​ធ្វើ​អី​ក៏​ដោយ​គឺ​យើង​ត្រូវតែ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ មិនមែន​បាន​ន័យ​ថា​ អ្នក​ដឹកនាំ​ខ្មែរ​បច្ចុប្បន្ន​អាច​ធ្វើ​អី​បាន​ស្រេច​តែ​តាម​ស្អី​ដែល​យើង​ចង់​បាន​ ចង់​ធ្វើ​ទេ។​ អាហ្នឹង​បើ​សិន​ជា​គេ​រុះរើ​ ឬ​ក៏​ទាញ​សន្និសីទ​ទីក្រុង​ប៉ារីស​ ឬ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​មក​វិញ​ ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​នោះ​ ​ អាហ្នឹង​យើង​នឹង​ពិបាក​នៅ​ក្នុង​ការ​ទប់ទល់​ ឬ​ក៏​ប្រតិកម្ម​អី​តបត​ជាមួយ​ហ្នឹង​ កិច្ចព្រមព្រៀង​ហ្នឹង​វិញ​បាទ។ នេះ​ជា​ករណី​មួយ​ ដែល​នៅ​ពេល​ខ្លះ​ ខ្មែរ​យើង​អត់បាន​គិត​ពី​រឿង​ថា​ យើង​ស្ថិត​នៅ​ក្នុង​លក្ខខណ្ឌ​មួយ​ដែល​អន្តរជាតិ​គេ​មិន​ទាន់​ព្រលែង​យើង​ ឲ្យ​យើង​ធ្វើ​អី​ស្រេច​ហ្នឹង​ចិត្ត​បាន»។​

លោក​មាស​ នី​បាន​បន្ថែម​ថា​ ទោះបី​កម្ពុជា​ត្រូវ​គេ​ដឹង​ថា​ បាន​ផ្តេកផ្តួល​ខ្លួនលើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ខ្លាំង​យ៉ាងណាក្តី​ ​ក៏​ប្រទេស​នេះ​ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​នូវ​អ្វី​ដែល​ខ្លួន​បាន​សន្យា​ក្នុង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ​ហើយ​ចិន​ដែល​ជា​ប្រទេស​ហត្ថលេខី​មួយ​ដែរ​នោះ​ ក៏​មិន​អាច​ទុក​ឲ្យ​កម្ពុជា​ ​ធ្វើ​អ្វី​តាម​ដែល​ខ្លួន​ចង់​ធ្វើ​បាន​នោះ​ឡើយ។

«ចិន​ក៏​ជា​ប្រទេស​សំខាន់​មួយ​ដែរ​ ដែល​ជា​អ្នក​ជា​ប្រទេស​ហត្ថលេខី​ទៅ​លើ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ដែរ​ បាទ។​ ដូច្នេះ​បើ​សិន​ជាស្ថានការណ៍​នយោបាយ​នៅ​ក្នុង​ប្រទេស​យើង​ វា​វិវត្ត​ទៅ​ យើង​ហៅថា​ រអិល​ចូល​ទៅ​ក្នុង​ផ្លូវ​មួយ​ដែល​វា​មិន​ដូច​អ្វី​ដែល​បាន​ចែង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ ហើយ​នឹង​អ្វី​ដែល​បាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​នោះ​ ខ្ញុំ​គិត​ថា​ ចិន​ក៏​គេ​មិន​ចេះ​តែ​ ធ្វើ​ការ​ជួយ​គាំទ្រ​យើង​ ដោយ​មិន​បាន​គិត​អំពី​ការ​ទទួល​ខុស​ត្រូវ​របស់​គេ​នៅ​ក្នុង​ក្រុម​ហត្ថលេខី​ នៃ​ប្រទេស​ដែល​ពាក់​ព័ន្ធ​ជាមួយ​នឹង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ បាទ។​ ជា​ការ​យល់​ឃើញ​របស់​ខ្ញុំ»។ ​

យ៉ាង​ណា​មិញ​ ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ ដែល​ពិភព​លោក​សា្គល់​លោក​ថា​ ជា​បុរស​ខ្លាំង​នោះ​ បាន​ប្រកាស​ជាច្រើន​ដង​មក​ហើយ​ថា​ កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ​លែង​មាន​ឥទ្ធិពល​មក​លើ​កម្ពុជា​ ​ហើយ​កិច្ច​ព្រមព្រៀង​លក្ខណៈ​ប្រវត្តិសាស្ត្រ​មួយ​នេះ​ក៏​បាន​បាត់​បង់​ជីវិត​ទៅ​ហើយ​ដែរ​ បើ​មើល​ទៅ​លើ​ការ​ប្រែប្រួល​ខាង​នយោបាយ​ ​ដែល​បាន​កើត​ឡើង​ក្នុង​ប្រទេស​ហត្ថលេខី​មួយ​ចំនួន​ ដូច​ជា​អតីត​សហភាព​សូវៀត​ជាដើម។

តុលាការ​កំពូល​របស់​ប្រទេស​កម្ពុជា​ដែល​គ្រប់​គ្រង​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ​កាលពី​ពាក់​កណ្តាល​ខែ​មុន​ បាន​សម្រេច​រំលាយ​គណបក្ស​ជំទាស់​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ប្រធាន​គណ​បក្ស​នេះ​កំពុង​ជាប់​ពន្ធនាគារ​ពី​បទ​ដែល​រដ្ឋាភិបាល​ចោទ​ថា​ ក្បត់ជាតិ​ និង​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល ​ដោយ​មាន​ស.រ.អា.​នៅ​ពី​ក្រោយ។​ តែ​ការ​ចោទ​ប្រកាន់​នោះ​ត្រូវ​បាន​បដិសេធ​និង​ចាត់​ទុក​ថា ​គ្មាន​ហេតុផល។​

អ្នក​នាំ​ពាក្យ​រង​របស់​អ.ស.ប.​គឺ​លោក ​Farhan Haq ​បាន​ថ្លែង​ប្រាប់​ VOA ​តាម​សារ​អេឡិចត្រូនិក​ថា ​លោក​អគ្គលេខាធិការ​អ.ស.ប.​កំពុង​តាម​ដាន​ស្ថានការណ៍​ក្នុង​ប្រទេស​កម្ពុជា​ ​ហើយ​ទទូច​ឲ្យ​ភាគី​នយោបាយ​មាន​កិច្ច​ពិភាក្សា​នយោបាយ ​ដើម្បី​ដោះស្រាយ​បញ្ហា។ ​លោក​បាន​អះអាង​ថា​ លោ​ក​អគ្គ​លេខាធិការ​អ.ស.ប​.​ ​António Guterres​ សម្តែង​កង្វល់​របស់​លោក​ចំពោះ​ការ​រឹត​បន្តឹង​លំហ​ប្រជាធិបតេយ្យ​សម្រាប់​គណបក្ស​នយោបាយ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សង្គម​ស៊ីវិល​ ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨។​

ស.រ.អា.​ដែល​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ​ត្រូវ​គេ​ដឹង​ថា​ ​ធ្លាប់​គៀងគរ​ឲ្យ​មាន​ការ​ដាក់​អាសនៈ​កម្ពុជា​ឲ្យ​នៅ​ទំនេរ​ ក្រោយ​រដ្ឋប្រហារ​កាល​ពីឆ្នាំ១៩៩៧​ និង​មាន​ការ​ផ្តាច់​ជំនួយ​រយៈ​ពេល​វែង​ផង​ដែរ​ ​ដែល​ជំនួយ​ពី​ប្រទេស​ខ្លះ​ត្រូវ​ពន្យារ​ពេល​រហូត​ទាល់​តែ​មាន​ការ​បោះ​ឆ្នោត​ ហើយ​មានរដ្ឋាភិបាល​ថ្មី​ដែលចេញ​ពី​ការ​បោះឆ្នោត៕

XS
SM
MD
LG