អាជ្ញាធររាជធានីភ្នំពេញ បានប្រកាសដាក់ឱសានវាទចំនួនពីរសប្តាហ៍ឲ្យប្រជាពលរដ្ឋជាប់គាំងក្នុងវិវាទដីធ្លីដ៏រ៉ាំរ៉ៃជាមួយក្រុមហ៊ុនឯកជនមួយនៅសហគមន៍បុរីកីឡា ទទួលយកសំណងគោលនយោបាយ និងចាកចេញពីលំនៅដ្ឋាន។ អាជ្ញាធររាជធានីក៏នឹងត្រៀមចាត់វិធានការតាមតុលាការប្រសិនបើប្រជាពលរដ្ឋមានការតវ៉ា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ និងតំណាងពលរដ្ឋរស់នៅសហគមន៍បុរីកីឡា។
សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ធ្វើឡើង មុនពីរសប្តាហ៍ នៃការឈានដល់ខួប៦ឆ្នាំសម្រាប់ការបណ្ដេញចេញដោយបង្ខំក្នុងសហគមន៍បុរីកីឡា។ កាលពីខែមករា ឆ្នាំ២០១៧ ប្រជាពលរដ្ឋដែលត្រូវបានបណ្តេញចេញពីសហគមន៍បុរីកីឡា បានប៉ះទង្គិចគ្នាជាមួយក្រុមកងសន្តិសុខខណ្ឌ ៧មករា នៅពេលពួកគេគ្រោងចូលរស់នៅអគារសេសសល់ក្នុងសហគមន៍នេះវិញ។ ការប៉ះទង្គិចគ្នានេះ បានកើតឡើងចំថ្ងៃដែលអតីតប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ប្រារព្ធខួបប្រាំឆ្នាំនៃការបណ្តេញដោយបង្ខំ។
សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញធ្វើឡើងកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ និងចុះហត្ថលេខាដោយ អភិបាលរងរាជធានីលោក មាន ចាន់យ៉ាដា ហើយ VOA ទទួលបាននៅថ្ងៃអង្គារនេះ បានបញ្ជាក់ឲ្យដឹងថា មានប្រជាពលរដ្ឋជាង ៩០ភាគរយ ដែលពាក់ព័ន្ធនឹងជម្លោះជាមួយក្រុមហ៊ុន ផានអ៊ីម៉ិច បានព្រមទទួលយកសំណង ហើយនៅមានគ្រួសារមួយចំនួនតូចតែប៉ុណ្ណោះ ដែលមិនទាន់អញ្ជើញមកទទួលសំណង។
សាលារាជធានីភ្នំពេញ បានសរសេរក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនតាមន័យដើមថា៖
«ចំពោះមុខ ដើម្បីឈានទៅបញ្ចប់បញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងជាលើកចុងក្រោយ ដល់បងប្អូនប្រជាពលរដ្ឋដែលនៅមិនទាន់អញ្ជើញមកទទួលយកសំណងគោលនយោបាយ ទៅតាមលទ្ធផលដែលបានវាយតម្លៃ សូមមេត្តារួសរាន់ទំនាក់ទំនងជាមួយរដ្ឋបាលខណ្ឌ ៧មករា រៀងរាល់ម៉ោងធ្វើការ ដើម្បីទទួលយកសំណងគោលនយោបាយដោយទុករយៈពេល ០២ (ពីរ) សប្តាហ៍ គិតចាប់ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ជាកំហិត។ ផុតកំណត់រយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងអនុវត្តវិធានការរដ្ឋបាល និងយន្តការតុលាការ ដោយមិនទទួលខុសត្រូវចំពោះការបាត់បង់ផលប្រយោជន៍ និងបញ្ឈប់រាល់ដំណោះស្រាយ ដោយចាត់ទុកថា បងប្អូនប្រជាពលរដ្ឋដែលនៅសេសសល់បានបោះបង់សិទ្ធិក្នុងការទទួលយកសំណងគោលនយោបាយរបស់ខ្លួន»។
គោលនយោបាយសំណងសម្រាប់ទំនាស់ដីធ្លី និងផ្ទះសម្បែងរបស់ប្រជាសហគមន៍បុរីកីឡាគឺ៣.០០០ដុល្លារ ៥.០០០ដុល្លារ ឬផ្ទះល្វែងតូចមួយនៅភូមិអណ្ដូង ភ្នំបាត និងភូមិសំបុកចាប ស្ថិតនៅជាយរាជធានីភ្នំពេញ។
គ្រួសារខ្លះចាប់ឆ្នោតបានផ្ទះល្វែងនៅបុរីកីឡា ដោយតម្រូវតាមចំនួនបន្ទប់ដែលនៅសល់នៅអគារទី៨ ហើយនៅជាន់លើគេ។ក្រុមហ៊ុន ផានអ៊ីម៉ិច របស់អ្នកស្រី ស៊ុយ សុផាន បានសន្យាថា នឹងសាងសង់អគារចំនួន១០នៅនឹងកន្លែងសម្រាប់ជាសំណង ប៉ុន្តែអ្នកស្រីសង់បានតែចំនួន៨អគារប៉ុណ្ណោះ ក៏ប្រកាសក្ស័យធន។
អ្នកស្រី ស ស៊ន វ័យ ៥៨ឆ្នាំ តំណាងប្រជាពលរដ្ឋចំនួន ១១គ្រួសារ ដែលបដិសេធមិនព្រមចាកចេញពីទីកន្លែងរស់នៅចាស់ក្នុងសហគមន៍បុរីកីឡា បានប្រាប់ VOA នៅរសៀលថ្ងៃអង្គារនេះថា ក្រុមប្រជាពលរដ្ឋនៅបន្តទាមទារឲ្យបានផ្ទះសម្បែងរស់នៅក្នុងសហគមន៍បុរីកីឡានេះដដែល ដោយសារតែទីតាំងថ្មី មិនមានអំណោយផលខាងសេដ្ឋកិច្ចនិងការអប់រំ។ អ្នកស្រីបានបន្តថា ក្រុមប្រជាពលរដ្ឋមានលក្ខណៈសម្បត្តិជាច្រើនដែលអាចឲ្យពួកគេទទួលបានសំណងជាផ្ទះនៅក្នុងសហគមន៍នេះតែម្តង។
អ្នកស្រីបញ្ជាក់ថា៖
«ទីមួយយើងរស់នៅអចិន្ត្រៃយ៍ អាជ្ញាធរទទួលស្គាល់ដឹងឮ អីចឹងវាត្រូវតែបានផ្ទះ នៅបុរីកីឡា។ អីចឹងហើយបានពួកខ្ញុំ សៀវភៅសន្សំប្រាក់របស់សហគមន៍អីចឹង គាត់អត់ព្រមចេញទេ គាត់ចង់បាននៅបុរីកីឡា ទោះបីផ្ទះខ្ពស់ ពួកគាត់ចង់បានរស់នៅបុរីកីឡាដែរ គាត់សំណូមពរអីចឹង ព្រោះអីនៅបុរីកីឡា វាមានកន្លែងរកស៊ី ទោះបីគាត់ទៅលាងចាន ធ្វើអី អនាម័យឲ្យគេអីចឹង គាត់បានហូបដល់តែទៅទួលសម្បូរណ៍ ភូមិអណ្តូងហ្នឹង វាឆ្ងាយផ្សារ ហើយអត់មានកន្លែងរកស៊ីអីទេ ហើយសាលារៀនក៏ឆ្ងាយ មន្ទីរពេទ្យ ទឹកភ្លើងអី ក៏ពិបាក ឮគាត់ គាត់ត្អូញត្អែរអីចឹង»។
អ្នកស្រីបានលើកឡើងបន្តទៀតថា ក្រុមប្រជាពលរដ្ឋនឹងនៅប្រឈមជាមួយអាជ្ញាធរ បើទោះបីមានប្រជាពលរដ្ឋខ្លះបានរើរបស់របរល្អៗចេញពីលំនៅដ្ឋានរបស់ពួកគេ។
«ពួកខ្ញុំប្រហែលជានៅប្រឈមមុខជាមួយអាជ្ញាធរ ប៉ុន្តែអ្នកខ្លះ ឃើញរើឥវ៉ាន់ខ្លះរបស់ល្អៗ រើចេញខ្លះហើយ»។
អ្នកស្រីបានបញ្ជាក់ឲ្យដឹងបន្ថែមថា នាពេលបច្ចុប្បន្ននេះ មានប្រជាពលរដ្ឋជាង ២០គ្រួសារ បានបន្តរស់នៅក្នុងអគារចាស់ៗ ដែលបោះបង់ចោលដោយ អតីតប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍បុរីកីឡាដែលបានព្រមទទួលយកសំណងពីអាជ្ញាធរនិងក្រុមហ៊ុន។
អភិបាលរងរាជធានីលោក មាន ចាន់យ៉ាដា បានបដិសេធមិនផ្តល់ការអធិប្បាយដោយបានបង្វែរសំណួរទៅលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានី។ VOA មិនទាន់អាចទាក់ទងសុំការអធិប្បាយពីអ្នកនាំពាក្យរូបនេះបានទេ នៅថ្ងៃអង្គារនេះ ព្រោះទូរស័ព្ទលោករោទិ៍ តែគ្មានអ្នកលើក។ VOA ក៏មិនទាន់អាចទាក់ទងអ្នកស្រី ស៊ុយ សុផាន ប្រធានក្រុមហ៊ុន ផានអ៊ីម៉ិច បានដែរ ដោយទូរស័ព្ទរោទិ៍ តែគ្មានអ្នកទទួល។
កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១២ ក្រុមហ៊ុន ផានអ៊ីម៉ិច និងអាជ្ញាធររាជធានីភ្នំពេញ បានដាក់កម្លាំងមានសមត្ថកិច្ច និងសន្តិសុខក្រុមហ៊ុនទៅឈូសឆាយផ្ទះប្រជាពលរដ្ឋនៅតំបន់បុរីកីឡាចំនួន៣៨៧គ្រួសារ។ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួន នៅបន្តរស់នៅទីនោះ ក្នុងអគារចាស់ៗដែលគេទុកឲ្យនៅទំនេរចោល។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា ការចរចាគួរតែមានបន្តរវាងប្រជាពលរដ្ឋ អាជ្ញាធរ និងក្រុមហ៊ុន ដើម្បីបញ្ចៀសអំពើហិង្សាណាមួយ នៅពេលដែលឱសានវាទមកដល់ ហើយប្រជាពលរដ្ឋមិនព្រមចាកចេញ។
«សង្គមស៊ីវិល យើងឲ្យជជែកគ្នា ពិនិត្យទៅលើលក្ខខណ្ឌឡើងវិញនៃកិច្ចសន្យាកាលពីដើមមករវាងប្រជាពលរដ្ឋ ជាមួយនិងក្រុមហ៊ុន ក៏ដូចជាអាជ្ញាធរ ដើម្បីឲ្យការដោះស្រាយនឹងទៅវាមាន ភាពយុត្តិធម៌ និងតម្លាភាព ហើយខ្ញុំគិតថា ប្រហែលជានៅតិចដែរទេ ចំពោះអ្នកបុរីកីឡានេះ ហើយវាគួរណាស់តែមានការដោះស្រាយគ្នាដោយសន្តិវិធីទៅ។ ហើយកាលណាដាក់ឱសានវាទអីចឹង បើយើងមើលទៅវា វាធ្វើឲ្យមានការបារម្ភ ហើយវាដូចជាការ ដាក់គំនាប ឬក៏គំរាមសម្រាប់ពួកគាត់នៅក្នុងការទទួលយក ឬក៏ទៅដោះស្រាយ»។
ប្រជាពលរដ្ឋបុរីកីឡាជាច្រើនគ្រួសារដែលមិនទាន់ទទួលសំណង គឺមានមួយចំនួនកំពុងរស់នៅលើគំនរសំរាម ហាលថ្ងៃ ហាលភ្លៀង និងក្រោមជណ្ដើរអគារនៅបុរីកីឡា ដើម្បីទាមទារឲ្យក្រុមហ៊ុន ផានអ៊ីម៉ិច សង់អគារស្នាក់នៅពីរបន្ថែមទៀតទៅតាមកិច្ចសន្យាដែលក្រុមហ៊ុននេះបានព្រមព្រៀងជាមួយរដ្ឋាភិបាល។ អ្នកស្រី ស ស៊ន តំណាងប្រជាពលរដ្ឋបានឲ្យដឹងថា ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមួយចំនួននៅទីនោះ ក៏កំពុងធ្លាក់ចុះដុនដាបខ្លាំងផងដែរ៕